អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​​កម្ពុជា​សោក​ស្តាយ​​ដែល​​សភា​អឺរុប មិន​​ឲ្យ​តំលៃ​ការងារ​ខ្លួន​

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃ​ទី ១២​មិថុនា ដោយ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល មាន​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​សភា​អឺរុប​។ សោកស្តាយ​ ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា យល់​ថា សភា​អឺរុប មិន​បាន​ឲ្យ​តំលៃ​ការងារ​ការពារ​ជាតិ​របស់​ខ្លួន ហើយ​ថា​រដ្ឋាភិបាល មិន​អាច​ទទួល​យក​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សភា​អឺរុប​បាន​នោះ​ទេ ព្រោះ​កម្ពុជា ពុំ​ស្ថិត​នៅ​ក្រោម​អភិបាលកិច្ច​របស់​ស្ថាប័ន​បរទេស​នោះ​ឡើយ​។ សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី ០៩​មិថុនា សភា​អឺរុប បាន​ចេញ​សេចក្តី​សម្រេច ៧​ចំនុច ដែល​មាន​ខ្លឹមសារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​បន្ធូរបន្ថយ​ភាព​តាន​តឹង​នយោបាយ ដោយ​ដោះ​លែង​សកម្មជន​នយោបាយ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ឲ្យ​បាន​មុន​ការបោះឆ្នោត​ឆ្នាំ ២០១៧ និង​២០១៨​។

សមត្ថកិច្ច​កម្ពុជា​​ឡោមព័ទ្ធ​រថយន្ត​លោក កឹម សុខា ​ថ្ងៃទី​២៦​ឧសភា​ឆ្នាំ​២០១៦ ។
សមត្ថកិច្ច​កម្ពុជា​​ឡោមព័ទ្ធ​រថយន្ត​លោក កឹម សុខា ​ថ្ងៃទី​២៦​ឧសភា​ឆ្នាំ​២០១៦ ។ @RFI
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ក្រោយ​ពី​បាន​អាន​ឯកសារ​មួយ ដែល​អនុម័ត​ដោយ​សភា​អឺរ៉ុប​។ រដ្ឋាភិបាល​ខ្មែរ បាន​ហៅ​ការ​អនុម័ត​នោះ ថា​ធ្វើ​ឡើង​ដោយ​មិន​បាន​ផ្អែក​លើ​ព័ត៌មាន​ពិត និង​បាន​ជំរុញ​ឲ្យ​សភា​អឺរុប គួរ​តែ​​សក្សា ស៊ើប​អង្កេត​ឲ្យ​បាន​ម៉ត់​ហ្មត់ ដោយ​មិន​មែន​សំអាង​លើ​ប្រភព​លំអៀង ពាក្យ​ចចាម​អារាម ឬ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​បំភ័យ​នយោបាយ​នោះ​ឡើយ​។

គួរ​រម្លឹក​ជូន​ថា កាល​ពី​ថ្ងៃ​ទី ០៩​មិថុនា សភា​អឺរុប បាន​ចេញ​សេចក្តី​សម្រេច ៧​ចំនុច ដែល​រួម​មាន​ អំពាវនាវ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​បន្ធូរបន្ថយ​កំដៅ​នយោបាយ​នា​ពេល​បច្ចុប្បន្ន ហើយ​ត្រូវ​បញ្ឈប់​ ការ​យាយី​ដោយ​ប្រព័ន្ធ​តុលាការ ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក​សម រង្ស៊ី និង​លោក​កឹម សុខា រួម​ទាំង​​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ដែល​កំពុង​ជាប់​ឃុំ​ផ្សេង​ទៀត ហើយ​ត្រូវ​ទំលាក់​រាល់​បទ​ចោទ​ប្រកាន់​ទៅ​លើ​ពួកគេ​។ ក្នុង​នោះ សភា​អឺរុប បាន​សម្រេច​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​ត្រលប់​មក​បង្កើត​វប្បធម៌​សន្ទនា​ជា​ថ្មី ដើម្បី​រក្សា​សន្តិភាព​ជាមួយ​នឹង​គណបក្ស​ប្រឆាំង មុន​ពេល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុម​សង្កាត់ នៅ​ឆ្នាំ ២០១៧​ និង​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ ២០១៨​។

សភា​អឺរុប បាន​រម្លឹក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​គោរព​ និង​ពង្រឹង​គោលការណ៍​ប្រជាធិបតេយ្យ កិច្ច​ព្រម​ព្រៀង​សហប្រត្តិបតិ្តការ និង​ច្បាប់​ស្តី​ពី​ការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​។ ហើយ​សភា​អឺរុប ក៏​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ តាមរយៈ​សកម្មភាព​ឃុំ​ខ្លួន​ជន​សង្ស័យ ហើយ​ត្រូវ​ដោះលែង​អ្នក​ទោស​នយោបាយ​មក​វិញ​ជា​បន្ទាន់ និង​ផ្តល់​សេរីភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​ជា​ថ្មី​។

ជា​ការ​ឆ្លើយ​បក​ទៅ​សភា​អឺរុប​វិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា គេ​មិន​បាន​គាប​សង្កត់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​សង្គម​ស៊ីវិល សមាជិក ឬ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ណា​ម្នាក់​នោះ​ទេ ដោយ​នេះ​គ្រាន់​តែ​ជា​ការ​អនុវត្ត​តាម​ប្រព័ន្ធ​តុលាការ ព្រោះ​ពួកគេ​ពិត​ជា​បាន​ប្រព្រឹត្តិ​កំហុស រួម​មាន​ការ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍ បង្ក​អស្ថេរភាព​ដល់​សង្គម​ជាតិ ប្រឌិត​ព័ត៌មាន បរិហាកេរ្តិ៍ និង​ជេរ​ប្រមាថ​អ្នក​ដទៃ​។​ រដ្ឋាភិបាល​កម្ពុជា បាន​ឌឺ​ទៅ​សភា​អឺរុបវិញ​ថា ការ​អនុវត្ត​នីតិវិធី​ច្បាប់​នេះ គឺ​ជា​រឿង​សាមញ្ញ​មួយ ដែល​ប្រទេស​លោក​ខាង​លិច​ទាំងអស់ ក៏​មានការ​ដាក់​ទណ្ឌកម្ម ដូច​គ្នា​ផង​ដែរ មិន​មែន​តែ​នៅ​កម្ពុជា​នោះ​ទេ​។

រដ្ឋាភិបាល​កម្ពុជា ថែម​ទាំង​ចោទ​ថា សភា​អឺរុប កំពុង​តែ​អនុវត្ត​ ស្តង់ដារ​ពីរ ប៉ុន្តែ​ព្រមាន​ថា​កម្ពុជា មិន​អាច​ទទួល​យក​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​នេះ​បាន​ទេ ត្បិត​កម្ពុជា ជា​រដ្ឋ​អធិបតេយ្យ​មួយ ដែល​ពុំ​ស្ថិត​នៅ​ក្រោម​អភិបាលកិច្ច​របស់​ស្ថាប័ន​បរទេស​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ