អានតួអត្ថបទ
កម្ពុជា

កិច្ចសន្ទនា​តាម​ទូរស័ព្ទ​៖ លោក បាន គីមូន បង្ហាញ ក្តី​ព្រួយ​បារម្ភ​ជុំវិញ បញ្ហា​សិទ្ធិ​មនុស្ស និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន គីមូន បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ ក្នុង​នោះ រួម​មាន​ទាំង​សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ផង​ដែរ។ នេះ​គឺ​ជា​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា​តាម​ខ្សែ​ទូរស័ព្ទ​ដ៏​កម្រ​រវាង​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ និង​លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ ទី ៧ មិថុនា។អត្តបទដោយ @ប៉ុន សោភ័ណ៖

លោក បាន​ គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​
លោក បាន​ គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ © Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ច​សន្ទនា​តាម​ខ្សែ​ទូរស័ព្ទ​ដ៏​កម្រ រវាង​លោក​បាន គីមូន និង​លោក ប្រាក់ សុខុន ត្រូវ​បាន​ការិយាល័យ​អ្នក​នាំ​ពាក្យ របស់​អង្កការ​សហប្រជាជាតិ បាន​ដក​ស្រង់​ខឹ្លមសារ​នៃ​កិច្ច​សន្ទនា​នោះ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។ នៅ​ក្នុង​នោះ​លោក បាន គីមូន បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​របស់​លោក​ជុំវិញ​របាយការណ៍​នៃ​ការ​ចាប់​ខ្លួន​មន្រ្តី​សង្គម​ស៊ីវិល មន្ត្រី​គ.ជ.ប អ្នក​សារព័ត៌មាន និង​សមាជិក​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​ថ្មី​នេះ។ លោក​បាន​គូស​បញ្ជាក់ និង​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ពិនិត្យ​មើល​ឡើង​វិញ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​រួមមាន​ទាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ប្រមូល​ផ្តុំ និង​អភ័យ​ឯក​សិទ្ធិ​នៅ​ក្នុង​រដ្ឋសភា​ជា​ដើម។ លោក បាន គីមូន ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​ពី​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៨ មិថុនា​ម្សិល​មិញ​នេះ។  

ទាក់ទង​ទៅ​នឹង​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក បាន គីមូន និង លោក ប្រាក់ សុខុន ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា នឹង​អាច​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១០ ខែមិថុនា​នេះ។

ទន្ទឹម​នឹង​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ថា ការ​លើក​ឡើង របស់ លោក បាន គីមូន គឺ​ជា​ការ​សម្តែង​មតិ​ផ្ទាល់​ខ្លួន​របស់​លោក​តែ​ប៉ុណ្ណោះ ដែល​ជា​ការ​វាយ​តម្លៃ ដោយ​មិន​បាន​ពិនិត្យ​មើល​ពី​តថភាព​សង្គម​កម្ពុជា នា​ពេល​បច្ចុប្បន្ន។ ដោយ​ឡែក ចំពោះ​វប្បធម៌​សន្ទនា​វិញ លោក​មាន​ការ​ស្វាគមន៍ ដោយ​លោក​សង្ឃឹម​ថា​គណបក្ស​ទាំង​ពីរ​អាច​នឹង​ជួប​គ្នា​នា​ពេល​ខាង​មុខ។  លោក សុខ ឥសាន ក៏​បាន​ធ្វើ​ការ​សំណូមពរ​ទៅ​កាន់​លោក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ជួយ​ណែនាំគ​ណបក្ស​ប្រឆាំង​ផង សូម​កុំ​ឱ្យ​ប្រព្រឹត្តិ​អី្វ​ដែល​ល្មើស​ច្បាប់ ដូច្នេះ​បញ្ហា​នឹង​អាច​បញ្ចប់។

សូម​បញ្ជាក់​ថា ស្ថានការ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​ឡើង​កម្តៅ​ឥត​ឈប់ឈរ។ ឡើង​កម្តៅ ព្រោះ​មាន​ការ​ចាប់​ឃុំ​ខ្លួន សកម្មជន​គណបក្ស​ប្រឆាំង តំណាងរាស្រ្ត មន្ត្រី​អង្កការ​សង្គម​ស៊ីវិល មន្រ្តី​គ.ជ ប ហើយ មេបក្ស​ប្រឆាំង នៅ​កម្ពុជា​កំពុង​ប្រឈម នឹង​ការ​ចាប់​ខ្លួន​ផង​ដែរ។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល បាន​បរិយាយ​លើ​រឿង​រ៉ាវ​ទាំង​អស់​នោះ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ