អានតួអត្ថបទ
កម្ពុជា

យុទ្ធនាការ​បំពាក់​បូ​ពណ៌​ស ដល់​បុរស​ ដើម្បី​កាត់​បន្ថយ​ហិង្សា​លើ​ស្ត្រី​ ចាប់​ផ្តើម​ជា​ថ្មី​

តាំងពី​ថ្ងៃ​ទី ២៥ វិច្ឆិកា​ ម្សិលមិញ​មក យុទ្ធនាការ​១៦​ថ្ងៃ​ ដើម្បី​បំពាក់​បូ​ពណ៌​ស​ដល់​បុរស​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី បាន​ចាប់​ផ្តើម​ដំណើរការ​ទៀត​ហើយ។ យុទ្ធនាការ​នេះ​បាន​ចាប់​តាំង​ពី​ឆ្នាំ ២០០០ និង​កំពុង​តែ​មាន​ភាព​ផុសផុល​ជា​ខ្លាំង។ បុរសៗ​ចូលរួម​កាន់​តែច្រើន​ក្នុង​យុទ្ធនាការ​នេះ។ យុទ្ធនាការ​នេះ ត្រូវ​បាន​គេ​ពន្យល់​ថា បាន​ចូលរួម​ចំណែក​​យ៉ាងសកម្ម​ក្នុង​ការ​ទប់​ស្តា​ត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ជា​ពិសេស គឺ​ទប់ស្កាត់ ការ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារី។

យុទ្ធនាការ​បំពាក់បូពណ៌ស ដល់​បុរស នៅ​ទីក្រុង​ភ្នំពេញ
យុទ្ធនាការ​បំពាក់បូពណ៌ស ដល់​បុរស នៅ​ទីក្រុង​ភ្នំពេញ @RFI
ផ្សាយពាណិជ្ជកម្ម

ចាប់ពី​ថ្ងៃទី ២៥វិច្ឆិកា ដល់​ថ្ងៃទី ១០ខែធ្នូ ជា​រៀងរាល់ឆ្នាំ បណ្តាញ​បុរស​កម្ពុជា សហការ​ជាមួយ អង្គការ​ជាតិ និង​អន្តរជាតិ បាន​ផ្តួចផ្តើម​គ្នា ប្រារព្ធ​នូវ​​ទិវា​អន្តរជាតិ​មួយ ដែល​គេ​ឲ្យ​ឈ្មោះថា ជា​យុទ្ធនាការ ១៦ថ្ងៃ បំពាក់​បូ​ពណ៌​ស ដល់​បុរស ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី។ នៅក្នុង​ឆ្នាំនេះ យុទ្ធនាការ​នេះ ​ប្រព្រឹត្តទៅ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ៥ផ្សេងទៀត រួមមាន​ខេត្ត កំពង់ឆ្នាំង ពោធិ៏សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ព្រៃវែង។

លោក ឆាយ គីម​ស័​រ ប្រធាន​កម្មវិធី​ទំនាក់ទំនង​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍ​ន៏​ដើម្បី​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា យុទ្ធនាការ​នេះ បង្កើតឡើង​គឺ​ក្នុង​គោលបំណង​លើកស្ទួយ​ការចូលរួមចំណែក​​រប​ស់បុ​រស ក្នុងការ​លុបបំបាត់​អំពើហិង្សា​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​លើ​នារី។ បើតាម​លោក ឆាយ គីម​ស័រ ការស្រាវជ្រាវ​បាន​រកឃើញថា ឋានៈ​ក្នុងសង្គម​គឺជា​ហេតុ​ធ្វើ​ឲ្យ​មាន​វិ​សមភាព​​រវាង​បុរស​និង​នារី។ ជាក់ស្តែង​នៅ​កម្ពុជា គេ​តែងតែ​ឲ្យ​បុរស​មានអំណាច​ជាង​នារី នៅក្នុង​គ្រួសារ។ នៅក្នុង​សង្គម ក៏​តួនាទី​បុរស​មាន​ច្រើនជាង​នារី​ដែរ។

ម្យ៉ាងទៀត អំពើហិង្សា​ដែល​តែងតែ​កើតមានឡើង គឺ​ភាគច្រើន​ក៏​បណ្តាលមកពី​បុរស​ដែរ។ ប៉ុន្តែ បុរស​ច្រើនតែ​មិន​ទទួលខុសត្រូវ ចំពោះ​បញ្ហា​ទាំងនេះ​ទេ។ នេះ​បើ​យោងតាម​ការកត់​សម្គាល់​​របស់​ប្រធាន​កម្មវិធី​ទំនាក់ទំនង​ខាងលើ។

សូមបញ្ជាក់ថា យុទ្ធនាការ​បំពាក់​បូ​ពណ៌​ស ដល់​បុរស​នេះ មិនមែន​ត្រឹមតែ​ជាការ​យក​បូ​ពណ៌​ស ទៅ​ពាក់​លើ​អាវ របស់​បុរស​នោះទេ។ ប៉ុន្តែ​ យុទ្ធនាការ​នេះ គឺមាន​ទាំង​សកម្មភាព​មួយចំនួន​ផ្សេងទៀត រួមមាន​ការរៀបចំ​មិ​ទ្ទិញ ការដើរ​ដង្ហែ​ក្បួន​តាម​ទីសាធារណៈ កម្មវិធី​ពិភាក្សា​តាម​ទូរទស្សន៍ ការជជែក​ពិភាក្សា​តាម​វិទ្យុ និង​ការប្រគុំ​តន្ត្រី​ចល័ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ និង​តាម​កន្លែង​ផ្សេងទៀត ដើម្បី​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ បាន​យល់​កាន់តែច្បាស់​ពី​តួនាទី​របស់​បុរស​ពិត ក្នុង​ការលើក​ត​ម្កើ​ង​តំលៃ​ស្ត្រី។

តាម​ការ​ឲ្យ​ដឹង​ពី​បណ្តាញ​បុរស តាំងពី​យុទ្ធនាការ​នេះ បង្កើតឡើង គឺ​ទទួលបាន​ជោគជ័យ​ច្រើន​ក្នុងសង្គម​កម្ពុជា។ ជោគជ័យ ព្រោះថា​យុទ្ធនាការ​នេះ បាន​ជួយ​ជម្រុញ ឲ្យ​មានការ​បង្កើត​ច្បាប់​ប្រឆាំង​អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​បាន​ជម្រុញ​ឲ្យ​បុរស​ជាច្រើន​​អនុវត្ត​ច្បាប់​នេះ​ផងដែរ។​

យ៉ាងណាក៏ដោយ ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារី ហាក់​មានការ​កើនឡើង​វិញ។ យោងតាម​​​ស​ន្ទ​ស្ស​ន៍​​វិសមភាព​យេនឌ័រ​អន្តរជាតិ ប្រទេស​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​លេខ១០៣ ក្នុងចំណោម​ប្រទេស​ចំនួន ១៣៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ