អានតួអត្ថបទ
កម្ពុជា

រឿងអាស្រូវ​ពុករលួយ​សុខាភិបាល៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួលស្គាល់​បញ្ហា​ប្រឈម

ជាង​មួយ​សប្តាហ៍​បន្ទាប់ពី​មូលនិធិ​ពិភពលោក( Global Fund ) បានចេញ​របាយការណ៍​ស្តីពី​ការ​កឹ​ប​កេង​ថវិកា​ ពី​សំណាក់​មន្ត្រី​សុខាភិបាល​មួយចំនួន​មក អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានចេញ​មុខការ​ពារ​អា​ជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ ​ថា​បាន​បំពេញការងារ​ត្រឹមត្រូវ​ស្របតាម​នីតិវិធី​លទ្ធកម្ម​សាធារណៈ។ ប៉ុន្តែ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ទទួលស្គាល់ថា មាន​បញ្ហា​ប្រឈម​នៅក្នុង​ការងារ​ដេញថ្លៃ​ ដូចជា​មិនបាន​សិក្សា​ពី​លក្ខណៈ​សម្បត្តិ​​របស់​ក្រុមហ៊ុន និង​ដាក់​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ជាដើម។ 

ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល​អនុម័ត​សេចក្តីព្រាងអនុក្រិត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល​អនុម័ត​សេចក្តីព្រាងអនុក្រិត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​នៅ​ស្ងៀម​ទេ​ចំពោះមុខ​រឿងអាស្រូវ​ពុករលួយ​នៅក្នុង​ប្រព័ន្ធ​សុខាភិបាល​ដែល​មូលនិធិ​ពិភពលោក​បាន​រកឃើញ។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញផ្សាយ​នៅក្នុង​គេហទំព័រ​របស់ខ្លួន អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ការពារ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​ថា ​បាន​បំពេញការងារ​ត្រឹមត្រូវ​តាម​នីតិវិធី​លទ្ធកម្ម​សាធារណៈ​ក្នុង​ដំណើរការ​ដេញថ្លៃ។

បើតាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ រាល់​ដំណើរការ​នៃ​ការធ្វើ​លទ្ធកម្ម​របស់ខ្លួន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​តែង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ​និង​បាន​អញ្ជើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឲ្យ​ចូលរួម​សង្កេតការណ៍។ ចំណែកឯ​ក្រុមហ៊ុន​ដេញថ្លៃ​ទាំងអស់​ក៏បាន​បំពេញ​បែបបទ​​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ។

យ៉ាងណាក៏ដោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួលស្គាល់ថា​មាន​ចំណុច​ប្រឈម​មួយចំនួន​នៅក្នុង​ដំណើរការ​នេះ។ ចំណុច​ប្រឈម​ទាំងនោះ​ជារួម​មាន ការផ្សព្វផ្សាយ​ព័ត៌មាន​មិនសូវមាន​ប្រសិទ្ធភាព​ដែល​នាំ​ឲ្យ​មានតែ​ក្រុមហ៊ុនដដែលៗចូលរួម​ដេញថ្លៃ។ ម្យ៉ាងទៀត ការពិនិត្យ​លក្ខណៈសម្បត្តិ​របស់​ក្រុមហ៊ុន​ដែល​បានដាក់​ពាក្យសុំ​ដេញថ្លៃ​ក៏​នៅមាន​ចន្លោះប្រហោង។ ក្រុមហ៊ុន​ខ្លះ​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ​ឡើយ។ រីឯ​តម្លៃ​ដែល​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខ្ពស់ជាង​តម្លៃ​ទីផ្សារ​ដែរ។

ប៉ុន្តែ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​និយាយ​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់​ដែល​ប្រធាន​អាជ្ញាធរ​នេះ​ទទួលរង​ការចោទប្រកាន់ថា​បានទទួល​ប្រាក់​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​ពី​ប្រទេស​ស្វ៊ីស​នោះទេ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​មិនបាន​ប្រាប់​ឲ្យ​ដឹង​ពី​វិធានការ​យ៉ាងណា​ចំពោះ​ករណី​នេះដែរ។

គួរ​បញ្ជាក់ថា មូលនិធិ​ពិភពលោក​បាន​រកឃើញ​ថា​ មាន​អំពើពុករលួយ​នៅក្នុង​ការប្រើប្រាស់​មូលនិធិ​ប្រយុទ្ធប្រឆាំង​ជំងឺ​គ្រុនចាញ់ ជំងឺអេដស៍​ និង​ជំងឺឆ្លង​ផ្សេងទៀត ​ដែល​ខ្លួន​ផ្តល់​ថវិកា។ មូលនិធិ​នេះ​ រកឃើញថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រឆាំង​ជំងឺគ្រុនចាញ់ និង​មន្ត្រី​នៃ​មជ្ឃមណ្ឌល​​ជាតិ​ប្រឆាំង​ជំងឺអេដស៍​ សើរ​ស្បែក និង​កាមរោគ​ បានទទួល​ប្រាក់​ជាង ៤០ ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​នៅក្នុង​ប្រ​ទេ​ស្វ៊ីស។ នៅ​មិនទាន់មាន​ប្រតិកម្ម​បែបណា​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ