អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

តើ​បុគ្គល​ឯកជន​អាច​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​បាន​ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ពេលខ្លះ​ត្រូវបាន​គេ​​ហៅ​ថា “តុលាការ​ក្រុងឡាអេ" ដែល​អាច​បណ្តាល​ឲ្យ​​មានការ​ច្រឡំគ្នា​ជាមួយ​នឹង​តុលាការ​អន្តរជាតិ​មួយទៀត គឺ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​មាន​ទីតាំង​នៅ​ទីក្រុងឡាអេ​ ហើយ​ត្រូវគេហៅថា “តុលាការក្រុងឡាអេ” ដែរ។ តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​មាន​សមត្ថកិច្ច​ជំនុំជម្រះ​លើ​សំណុំរឿង​អ្វីខ្លះ? តើ​អ្នកណាខ្លះ​ដែល​អាច​ប្តឹង​ទៅ​តុលាការ​នេះ​បាន?

REUTERS/Michael Kooren
ផ្សាយពាណិជ្ជកម្ម

តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ខុសគ្នា​ត្រង់ណា?

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ មាន​ទីតាំង​នៅ​ទីក្រុង​ឡាអេ​ដូចគ្នា ហើយ​ជាទូទៅ​ត្រូវ​គេហៅថា​ “តុលាការ​ក្រុងឡាអេ” ដូចគ្នា​ ក៏ប៉ុន្តែ គឺ​ជា​ស្ថាប័នពីរ​ដាច់​ពីគ្នា​ស្រឡះ។

តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ជា​ស្ថាប័ន​តុលាការ​របស់​អ.ស.ប. បង្កើតឡើង​​​តាំង​ពី​ឆ្នាំ​១៩៤៥ ពោលគឺ បង្កើត​ព្រមពេល​ជាមួយ​នឹង​ការ​បង្កើត​អ.ស.ប. ហើយ​​មាន​ចែង​នៅក្នុង​ធម្មនុញ្ញ​សហប្រជាជាតិ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​វិញ ទើប​នឹង​ត្រូវបាន​បង្កើត​ឡើង ដោយ​អនុសញ្ញា​ក្រុង​រ៉ូម ដែល​ចុះហត្ថលេខា នៅ​ឆ្នាំ​១៩៩៨ ហើយ​ចូល​ជា​ធរមាន នៅ​ឆ្នាំ​២០០២។

តុលាការ​យុត្តិធម៌​អន្តរជាតិ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​​តែ​ទៅលើ​វិវាទ​រវាង​រដ្ឋ​ និង​រដ្ឋ​ជាសមាជិក​អ.ស.ប.​ប៉ុណ្ណោះ មិន​អាច​ជំនុំជម្រះ​លើ​បុគ្គល​ ហើយ​មិនមាន​សមត្ថកិច្ច​ខាង​ផ្នែក​ព្រហ្មទណ្ឌ​ទេ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ គឺ​ជា​តុលាការ​ព្រហ្មទណ្ឌ មាន​សមត្ថកិច្ច​ស៊ើបអង្កេត​លើ​បទល្មើស​ព្រហ្មទណ្ឌ ហើយ​​អាច​​ជំនុំជម្រះ​លើ​​ជន​ជាប់ចោទ​ជា​បុគ្គល។

តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​លើ​បទល្មើស​អ្វីខ្លះ?

យោងតាម​អនុសញ្ញា​ក្រុង​រ៉ូម (មាត្រា ៥) តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​សមត្ថកិច្ច​ជំនុំជម្រះលើ​បទឧក្រិដ្ឋ​ធំៗ ចំនួន ៤ ៖

  • ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍
  • ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ
  • ឧក្រិដ្ឋកម្ម​សង្រ្គាម
  • ឧក្រិដ្ឋកម្ម​ឈ្លានពាន

ក៏ប៉ុន្តែ តុលាការ​នៅ​មិនទាន់​អាច​អនុវត្ត​សមត្ថកិច្ច​ចំពោះ​​ឧក្រិដ្ឋកម្ម​ឈ្លានពាន​បាន​នៅឡើយទេ ដោយសារ​តែ​នៅពេល​ចុះហត្ថលេខា​លើ​អនុសញ្ញា​ក្រុង​រ៉ូម គេ​មិន​ទាន់​បាន​កំណត់​​​និយមន័យ​បទល្មើស​នេះ​នៅឡើយ។ និយមន័យ​នៃ​ឧក្រិដ្ឋកម្ម​ឈ្លានពាន​នេះ ទើប​នឹង​ត្រូវ​បាន​គេ​កំណត់​​ដាក់​បញ្ចូល​ទៅ​ក្នុង​អនុសញ្ញា​ក្រុង​រ៉ូម​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១០​ កន្លងទៅថ្មីៗ​នេះ​។ គេ​ត្រូវ​រង់ចាំ​រហូតដល់​​ក្រោយ​ថ្ងៃ១ មករា ឆ្នាំ​២០១៧ ហើយ​ត្រូវ​មាន​សេចក្តីសម្រេច​របស់​ប្រទេស​ជា​សមាជិក​អនុសញ្ញា​ក្រុង​រ៉ូម​​មួយទៀត ទើប​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​អាច​ចាប់ផ្តើម​​ធ្វើការ​ជំនុំជម្រះ​លើ​​ឧក្រិដ្ឋកម្ម​ឈ្លានពាន​បាន។

ដូច្នេះ រហូតមកទល់ពេលនេះ (ហើយ​ទៅដល់​ឆ្នាំ​២០១៧) តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​លើ​បទល្មើស​តែ​៣ប៉ុណ្ណោះ គឺ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម។

ចំពោះ​បទឧក្រិដ្ឋ​ទាំង៣នេះ តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​សមត្ថកិច្ច​ជា​ស្វ័យប្រវត្តិ ឬ​ក៏​ទាល់តែ​មាន​ការ​ព្រមព្រៀង​ពី​រដ្ឋ​ជាសមាជិក​ទទួលស្គាល់​សមត្ថកិច្ច​តុលាការ​ជាមុនសិន ទើប​អាច​ជំនុំជម្រះបាន?

ឲ្យតែ​ជា​បទឧក្រិដ្ឋ ដែល​ចូល​ក្នុង​ដែន​យុត្តាធិការ​​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ តុលាការ​​អាច​ធ្វើការ​ជំនុំជម្រះ​បាន ដោយ​មិន​ចាំបាច់​​ត្រូវ​ឲ្យ​ការ​ការព្រមព្រៀង​ពី​រដ្ឋ​ជាសមាជិក​ ដូច​ជា​ករណី​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទេ។

ក៏ប៉ុន្តែ តុលាការ​អាច​អនុវត្ត​សមត្ថកិច្ច​ជំនុំជម្រះ​លើ​បទឧក្រិដ្ឋ​ទាំង៣​នេះ​បាន តែ​ក្នុងករណី​៣​ប៉ុណ្ណោះ គឺ៖

  • ករណីទី១ ​បទឧក្រិដ្ឋ​​​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​លើ​ទឹកដី​រដ្ឋ​ ដែល​ជា​សមាជិក​ (បាន​ចុះ​ហត្ថលេខា និង​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ក្រុងរ៉ូម) ឬ​រដ្ឋ​មិនមែន​ជា​សមាជិក តែ​បាន​ប្រកាស​ទទួលស្គាល់​សមត្ថកិច្ច​តុលាការ ទោះបី​ជា​ជនប្រព្រឹត្ត​ល្មើស​​ជា​ពលរដ្ឋ​របស់​ប្រទេស​ណា​ក៏ដោយ។
  • ករណីទី២ ជន​ដែល​ប្រព្រឹត្ត​បទល្មើស គឺ​ជា​ពលរដ្ឋ​របស់​រដ្ឋ​ជា​សមាជិក​ ឬ​រដ្ឋ​មិនមែន​ជា​សមាជិក តែ​បាន​ប្រកាស​ទទួលស្គាល់​សមត្ថកិច្ច​តុលាការ ទោះបី​ជា​បទល្មើស​នោះ​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​ណា​ក៏ដោយ។
  • ករណី​ទី៣ មាន​សេចក្តីសម្រេច​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ទោះបី​ជនល្មើស​ជា​ពលរដ្ឋ​ប្រទេសណា​ក៏ដោយ ហើយ​បទល្មើស​ត្រូវ​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេសណា​ក៏ដោយ។

ម្យ៉ាងទៀត តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​តែ​ទៅលើ​បទល្មើស ដែល​ប្រព្រឹត្ត​ក្រោយ​​ពេល​អនុសញ្ញា​ក្រុងរ៉ូម​ចូល​ជា​ធរមាន​ប៉ុណ្ណោះ មានន័យថា ក្រោយ​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០០២។

តើ​រហូតមកទល់ពេលនេះ មាន​ប្រទេស​ប៉ុន្មាន​ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ក្រុង​រ៉ូម?

គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១២ ប្រទេស​ដែល​បាន​ចុះហត្ថលេខា និង​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ក្រុងរ៉ូម មាន​ចំនួន ១២១​ប្រទេស។ នៅ​ក្នុង​តំបន់​អាស៊ាន មាន​តែ​ប្រទេស ២​ ប៉ុណ្ណោះ ដែល​បាន​ផ្តល់​សច្ចាប័ន គឺ កម្ពុជា និង​ហ្វ៊ីលីពីន។ កម្ពុជា​បាន​ចុះហត្ថលេខា នៅថ្ងៃទី២៣ តុលា ​ឆ្នាំ​២០០០ ហើយ​ផ្តល់​សច្ចាប័ន នៅថ្ងៃទី៧ មករា ​ឆ្នាំ​២០០២។

តើ​បុគ្គល​ឯកជន​​អាច​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បានដែរ​ឬទេ?

បើ​យើង​និយាយ​ពី​បណ្តឹង ដែល​មាន​អានុភាព​ឲ្យ​​​តុលាការ​បើក​ការ​ស៊ើបអង្កេត គឺ​មាន​តែ​រដ្ឋ​ជាសមាជិក និង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ប្តឹង​បាន (មាត្រា ១៣ នៃ​អនុសញ្ញា​ក្រុង​រ៉ូម)។ បុគ្គល​ឯកជន (ជារូបវ័ន្តបុគ្គល​ក៏ដោយ ឬ​ជា​នីតិបុគ្គល​ក៏ដោយ) មិន​អាច​ប្តឹង​បានទេ។

ក៏ប៉ុន្តែ បើ​និយាយ​ពី “ប្តឹង” ក្នុងន័យ​ជូន​ដំណឹង​អំពី​បទឧក្រិដ្ឋ អ្នកណា​ក៏​អាច​ធ្វើ​បាន​ដែរ (ទោះបី​​ជា​សមាគម ជា​អង្គការក្រៅរដ្ឋាភិបាល ជា​អង្គការ​អន្តរជាតិ​ ឬ​ជា​រូបវ័ន្ត​បុគ្គល​ឯកជន​ណាមួយ​ក៏ដោយ) ពីព្រោះ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​ចំណុច​ពិសេស​មួយ ដែល​ខុសពី​តុលាការ​អន្តរជាតិ​ផ្សេងទៀត គឺ​នៅត្រង់ថា រដ្ឋ​អាជ្ញា​តុលាការ​អាច​ផ្តួចផ្តើម​គំនិត​បើក​ការ​ស៊ើបអង្កេត​ដោយ​ខ្លួនឯងបាន ទោះបី​គ្មាន​​បណ្តឹង​ពី​រដ្ឋ​ជា​សមាជិក ឬ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ក៏ដោយ។

នៅក្នុងករណីនេះ ក្រោយ​ពី​ទទួល​ព័ត៌មាន​អំពី​បទឧក្រិដ្ឋណាមួយ រដ្ឋ​អាជ្ញា​ត្រូវ​ពិនិត្យមើល​ថា តើ​ប្រភព​ព័ត៌មាន​នោះ​គួរឲ្យ​ទុកចិត្ត​បាន​ដែរ​ឬទេ? តើ​ព័ត៌មាន​នោះ​គ្រប់គ្រាន់​អាច​​បើក​ការ​ស៊ើបអង្កេត​បាន ឬ​ត្រូវ​ស្វែងរក​ព័ត៌មាន​បន្ថែម​ពី​ប្រភពផ្សេង? ប្រសិន​បើ​រដ្ឋអាជ្ញា​មើល​ទៅ​ឃើញ​ថា អាច​មាន​ព័ត៌មាន​គួរឲ្យ​ទុកចិត្ត និង​​ជា​មូលដ្ឋាន​​គ្រប់គ្រាន់​ គួរ​ត្រូវ​បើក​ធ្វើ​ការ​ស៊ើបអង្កេត រដ្ឋអាជ្ញា​​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ឲ្យ​អង្គបុរេជំនុំជម្រះ​ជា​អ្នក​សម្រេច។ ប្រសិនបើ​​អង្គបុរេជំនុំជម្រះ​ចេញសេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ ទើប​រដ្ឋ​អាជ្ញា​អាច​បើក​ការ​ស៊ើបអង្កេត​បាន។

ប្រសិនបើ​ជនសង្ស័យ គឺ​ជាមេដឹកនាំ​កំពុង​កាន់​អំណាច ហើយ​មាន​អភ័យ​ឯកសិទ្ធិ​ជា​ប្រមុខរដ្ឋ តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អាច​យក​មក​កាត់ទោស​បានដែរ​ឬទេ?
 
អនុសញ្ញា​ក្រុង​រ៉ូម ត្រង់មាត្រា ២៧ មាន​ចែងច្បាស់​ថា អភ័យឯកសិទ្ធិ​ជា​ប្រមុខរដ្ឋ ឬ​អភ័យឯកសិទ្ធិ​ណាមួយ​ផ្សេងទៀត ដែល​មានចែង​ក្នុង​ច្បាប់​ផ្ទៃក្នុង​របស់​ប្រទេស​នីមួយៗ មិន​អាច​ជា​ឧបសគ្គ​​រារាំង​​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​មិនឲ្យ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​បាន​នោះទេ។ ដូច្នេះ មានន័យថា ទោះបីជា​ជនសង្ស័យ​ជា​មេដឹកនាំ​កំពុង​កាន់អំណាច​ ក៏​តុលាការ​អាច​នាំខ្លួន​យក​មក​កាត់ទោស​បានដែរ។ ក៏ប៉ុន្តែ នេះ​​គ្រាន់តែ​ជា​គោលការណ៍ ដែល​ចែង​ក្នុង​ច្បាប់ប៉ុណ្ណោះ។ រីឯ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែងវិញ បើ​សិន​ជា​ប្រទេសណាមួយ​បដិសេធ​មិន​ព្រម​ប្រគល់​ខ្លួន​ជនសង្ស័យ ក៏​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មិន​អាច​ធ្វើ​បានដែរ ព្រោះ​តុលាការ​មិនមាន​កម្លាំង​ប៉ូលិស​ផ្ទាល់​ខ្លួន ដើម្បី​​ទៅ​ចាប់ខ្លួន​ជនសង្ស័យបានទេ គឺ​រំពឹង​តែ​ទៅលើ​សុឆន្ទៈ​របស់​រដ្ឋ​ជាសមាជិក​ប៉ុណ្ណោះ។ ករណី​​​ឧក្រិដ្ឋកម្ម​នៅ​ Darfour ប្រទេស​ស៊ូដង់ គឺ​ជា​ភស្តុតាង​ស្រាប់។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ធ្វើការ​ចោទប្រកាន់ និង​​ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតី​ស៊ូដង់ តាំង​ពី​ឆ្នាំ​២០០៩ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ តុលាការ​នៅតែ​មិន​អាច​នាំខ្លួន​ អូម៉ា អាល់បាស្ហៀរ (Omar al-Bashir) មក​កាត់ទោស​បាន ហើយ​ អូម៉ា អាល់បាស្ហៀរ នៅតែ​បន្ត​កាន់តំណែង​ជា​ប្រធានាធិបតី​ស៊ូដង់​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ