អានតួអត្ថបទ
លីប៊ី

កូនប្រុស​កាដាហ្វ៊ី​ចង់​ប្រគល់ខ្លួន​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

កូនប្រុស​របស់​លោក​កាដាហ្វ៊ី ឈ្មោះ សាយីហ្វ អាល់ អ៊ីស្លាម (Saif al-Islam) ដែលកំពុង​រត់គេចខ្លួន​ពីការតាមប្រមាញ់​របស់​កងទ័ព​ឧទ្ទាម ចង់​ប្រគល់​ខ្លួន​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ នេះ​បើ​យោងតាម​មន្រ្តី​អាជ្ញាធរ​អន្តរកាល​លីប៊ី។ នៅញូវយ៉ក​ឯណោះ​វិញ ក្រុមប្រឹក្សា​សន្តិសុខ​​អ.ស.ប.​កំពុង​រៀបចំ​​បោះឆ្នោត​អនុម័ត​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់​អង្គការ​អូតង់ នៅ​លីប៊ី។

សាយីហ្វ អាល់ អ៊ីស្លាម (Saif al-Islam) កូនប្រុស​របស់​លោក​កាដាហ្វ៊ី អតីត​មេដឹកនាំ​លីប៊ី
សាយីហ្វ អាល់ អ៊ីស្លាម (Saif al-Islam) កូនប្រុស​របស់​លោក​កាដាហ្វ៊ី អតីត​មេដឹកនាំ​លីប៊ី Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​មន្រ្តី​អាជ្ញាធរ​លីប៊ី សាយីហ្វ អាល់ អ៊ីស្លាម កំពុង​លាក់​ខ្លួន នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​លីប៊ី​។ សាយីហ្វ អាល់ អ៊ីស្លាម ដែលកំពុង​ស្ថិត​ក្រោម​ដីកា​ចាប់ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពីបទឧក្រិដ្ឋកម្ម​សង្រ្គាម ធ្លាប់​បាន​ប្រកាស​ថា នឹង​សុខចិត្ត​តស៊ូ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេសលីប៊ី​រហូតដល់​ដំណក់​ឈាមចុងក្រោយ។ ប្រសិន​បើ សាយីហ្វ អាល់ អ៊ីស្លាម ពិត​ជា​​ចង់​ប្រគល់​ខ្លួន​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដូច​ការ​អះអាង​របស់​អាជ្ញាធរ​បណ្តោះអាសន្ន​លីប៊ី​មែន វា​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​អំពី​ការ​ប្តូរចិត្ត ១៨០​អង្សា របស់​សាយីហ្វ អាល់ អ៊ីស្លាម ដែល​ទំនង​ជា​សុខចិត្ត​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ឡាអេ ប្រសើរ​ជាជាង​ទទួល​ជោគវាសនា​ដូចជា​លោក​កាដាហ្វ៊ី ជា​ឳពុក។

ក៏ប៉ុន្តែ អ្នក​នាំពាក្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ថ្លែង​ថា រហូតមកទល់ពេលនេះ គេ​នៅមិនទាន់ទទួល​បាន​ការ​បញ្ជាក់​ណាមួយ​អំពី​ការចរចា​សុំប្រគល់​ខ្លួន​របស់​សាយីហ្វ អាល់ អ៊ីស្លាម​នោះទេ។

គួរ​បញ្ជាក់ថា កន្លងមក សាយីហ្វ អាល់ អ៊ីស្លាម ត្រូវ​បាន​គេ​​មើល​ឃើញ​ថា​ជា​អ្នក​ដែល​​ទំនងជា​ត្រូវឡើង​មក​ធ្វើ​ជា​មេដឹកនាំ​លីប៊ី ​ស្នងតំណែង​ពី​លោក​កាដាហ្វ៊ី។ ការចុះចូល​របស់​សាយីហ្វ អាល់ អ៊ីស្លាម ប្រសិន​បើ​កើតឡើង​មែន គឺ​ជា​ជំហាន​ដ៏សំខាន់​មួយ​ទៀត ឆ្ពោះ​ទៅ​បិទបញ្ចប់​អំណាច​គ្រួសារ​កាដាហ្វ៊ី​នៅលីប៊ី នៅក្នុងពេល​ដែល​អ.ស.ប.​កំពុង​​ពិភាក្សា​អំពី​ការ​បញ្ចប់​ប្រតិបត្តិការ​យោធា​អូតង់​ នៅត្រឹមថ្ងៃ​ទី៣១ តុលា សប្តាហ៍ក្រោយ។

កាលពីថ្ងៃ​ពុធ ម្សិលមិញនេះ ប្រមុខដឹកនាំ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី​បាន​ស្នើសុំ​ឲ្យ​អូតង់​បន្ត​បេសកកម្ម​នៅលីប៊ី​បន្តទៀត ដោយ​លើកឡើង​ថា ក្រុមអ្នកស្មោះស្ម័គ្រ​នឹង​លោកកាដាហ្វ៊ី​​ដែល​កំពុង​ជ្រកកោន​នៅ​ប្រទេសជិតខាងលីប៊ី នៅតែ​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជនស៊ីវិលលីប៊ី។

ក៏ប៉ុន្តែ បើយោងតាម​មន្រ្តីការទូតបារាំង សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ភាគច្រើន​នៅតែទទូច​ឲ្យ​មានការ​បោះឆ្នោត​​នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បី​អនុម័ត​បញ្ចប់​អាណត្តិ​របស់​អូតង់​​ ក្នុងការ​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរ និងការការពារជនស៊ីវិល​លីប៊ី ដែល​ក្រុមប្រឹក្សា​សន្តិសុខ​​បាន​អនុញ្ញាត កាលពី​ខែមីនា​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ