អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

៣ឆ្នាំ​ក្រោយ​របបកាដាហ្វ៊ី​ដួលរលំ​ លីប៊ី​ធ្លាក់​ក្នុង​ភាព​ជ្រួលច្របល់​ជាថ្មី​ ​​​កំហុស​អ្នកណា ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង​២សប្តាហ៍​មកនេះ ​ប្រទេស​លីប៊ី​បាន​​​ធ្លាក់​ក្នុង​វិបត្តិ​​​ហិង្សាជាថ្មី​​ បង្ក​ឡើង​ដោយ​ការ​ប្រយុទ្ធ​​រវាង​ក្រុម​ដែល​​​កំពុង​ប្រជែងគ្នា​ក្នុង​ស្រុក ក្នុង​នោះ​ក៏​មាន​កងទ័ព​ចូល​​ប្រយុទ្ធ​ផងដែរ ពិសេស​នៅ​ភាគខាងត្បូង​រដ្ឋធានី​​​ទ្រីប៉ូលីតែម្តង។ ​កាលពីថ្ងៃ​អាទិត្យ​​​ ​​​ មាន​​ការបាញ់​រ៉ុកកែត​​​ច្រើន ទៅលើ​​​តំបន់​មាន​ប្រជាជន​​រស់នៅ​មួយកន្លែង ស្ថិត​នៅ​ភាគខាងត្បូង​ក្រុង​ទ្រីប៉ូលី ធ្វើអោយ​​អ្នកបំរើការ​​​ជនជាតិ​អេហ្ស៊ីប​២៣នាក់ ​ស្លាប់។ គ្រាន់តែ​២សប្តាហ៍​ ​ការប្រយុទ្ធគ្នា​​បាន​សម្លាប់​មនុស្ស​ជាង​១០០នាក់។ ​ដោយសារ​​អសន្តិសុខ និង​ខ្លាច​មាន​ការ​ចាប់ជំរិត​ ​​ប្រទេស​អឺរ៉ុប​ជាច្រើន​​​ដូចជា​អាមេរិក ​បារាំង​ អង់គ្លេស​ អាល្លឺម៉ង់ ​បាន​​អំពាវនាវ​ រឺ​ក៏​ជម្លៀស​​​ពលរដ្ឋ​ខ្លួន​ចាកចេញ​ពី​លីប៊ី​​យ៉ាង​​បន្ទាន់។ ​​​អង្គការ​សហ​ប្រជាជាតិ​បាន​ជម្លៀស​បុគ្គលិកការងារ​ខ្លួន​ចេញពី​លីប៊ី ​តាំង​ពី​ពេល​ហិង្សា​កើតឡើង​ដំបូង​ទី​ម្ល៉េះ។

អគារ​នេះ​ខ្ទេច​ដោយ​ការ​វាយប្រហារ​រវាង​​​ក្រុម​ប្រជែង​គ្នា​នៅទ្រីប៉ូលី។
អគារ​នេះ​ខ្ទេច​ដោយ​ការ​វាយប្រហារ​រវាង​​​ក្រុម​ប្រជែង​គ្នា​នៅទ្រីប៉ូលី។ REUTERS/Hani Amara
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​លីប៊ី កើត​ចេញ​ពី​បដិវត្តផ្តួលរលំ​របប​លោក​កាដាហ្វ៊ី ​​គ្មាន​ទឹកមាត់​ប្រៃ​​បិទបញ្ចប់​ហិង្សា​ក្នុង​ស្រុក​​​ទេ សូម្បី​កងទ័ព​​ក្នុង​ស្រុកដែល​ចូលប្រយុទ្ធនឹង​​​​ក្រុមឧទ្ទាម​​​ក៏​មិនខ្ចី​ស្តាប់​រដ្ឋអំណាច​ដែរ​។ រដ្ឋាភិបាល​បាន​អំពាវនាវ​​អោយ​គ្រប់​ដៃគូ​ប្រយុទ្ធ​ បញ្ឈប់​​ការ​វាយប្រហារ​​គ្នា តែពេលនេះ ​​គ្មាន​អ្នកណា​ស្តាប់អ្នកណា​ទេ។ ​ជាង​២សប្តាហ៍​មកនេះ ក្រុម​ប្រយុទ្ធ​មកពី​ក្រុង​ហ្សិនតិន​ ​​នៅ​​ភាគ​ខាងត្បូង​​ក្រុង​ទ្រីប៉ូលី និង​ក្រុម​ប្រយុទ្ធ​មកពី​ក្រុង​​មីស្រាតា ​ជា​​ក្រុង​ស្ថិត​នៅ​​ឆ្នេរ​​ភាគ​ខាងកើត​ បាន​​បាញ់​​គ្នា​ ដណ្តើម​​កាន់កាប់​អាកាស​យានដ្ឋាន​​រដ្ឋធានី​​ទ្រីប៉ូលី។ ​​​

ក្រុង​បិនហ្កាហ្ស៊ី ជា​ក្រុង​សំខាន់​ទី២​ ក៏​រង​ហិង្សា​ប្រយុទ្ធ​រវាង​​កងទ័ព​និង​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ដែរ។ ទាហាន​ច្រើននាក់​បាន​ស្លាប់​ ក្នុង​ការ​វាយប្រហារ​នេះ។ តាំង​ពី​របប​លោកកាដាហ្វ៊ី ដួល​រលំ​នៅឆ្នាំ​២០១១ មក ក្រុង​បិនហ្កាហ្ស៊ី​ជួប​ហិង្សា​ស្ទើរ​តែ​រាល់ថ្ងៃ។ កងទ័ព​​ប្រយុទ្ធជាមួយ​​​​​ក្រុម​ជ្រុលនិយម​ជាច្រើន ក្នុង​នោះ​ក៏​មាន​ក្រុម​អាន់សា​ អាល់ស្ហារីយ៉ា ដែល​អាមេរិក​ចាត់ទុក​ជា​ក្រុម​​ភេរវជន​​ដែរ។ ​​​ដោយឡែក ​​ក្រុម​អាន់សា​នេះធ្លាប់​ជាប្រយុទ្ធនឹង​របប​​លោក​ខាដាហ្វ៊ី​​​ដែរ។

​​​​ទន្ទឹម​នេះដែរ ​ឃ្លាំងប្រេង​​ក្នុង​ស្រុក​កំពុង​រងការ​គំរាម​កំហែង​​។ កាលពី​ថ្ងៃ​អាទិត្យ ​កន្លែង​ស្តុកប្រេង​​របស់​ក្រុមហ៊ុន​ប្រេហ្កា ​នៅ​ភាគខាងត្បូង ​ដែល​មាន​បរិមាណ​ប្រេង​​ដល់​ទៅ​៦លាន​លីត្រ​នោះ បាន​រង​អគ្គិភ័យ។ ថ្វីបើ​ភ្លើង​ត្រូវបាន​ពន្លត់​​ហើយ​​ក្តី ​​ប្រទេស​លីប៊ី​ជាជង្រុក​ប្រេងកាត​​ អាច​នឹង​ជួបវិបត្តិ​ខ្វះ​ប្រេង​​នៅ​ពេល​ខាងមុខនេះ។ យោងតាម​អ្នកវិភាគ ​​​មូលហេតុ​នៃ​ការធ្លាក់ដុនដាប​​ចុងក្រោយ​​នេះ ​គឺ​បណ្តាល​មកពី​​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ ​​​មិនព្រម​​​​ទទួល​យក​បរាជ័យ​​ខ្លួន​ក្នុង​​ការបោះឆ្នោត​សភា ថ្ងៃ​២៥មិថុនា​ ​ព្រោះថា បើ​តាម​លទ្ធផល​​បោះឆ្នោត​ ​​ក្រុម​សេរីនិយម​ក្នុង​ស្រុកប្រហែល​​​ជា​អ្នកទទួលជោគជ័យ។ ប្រហែល​​​ដូច្នេះ​ហើយ​ ​​ទើប​ក្រុម​ជ្រុល​និយម​​អ៊ីស្លាម​សម្រេច​​​ប្រើ​អាវុធ​ហិង្សា ជំរុញ​អោយ​លីប៊ី​ធ្លាក់​ដុនដាប​ជាថ្មី។ ​

របប​ដឹកនាំ​​លោក​កាដាហ្វ៊ី​ ដួល​រលំ​ទៅ៣ឆ្នាំ​ទៅហើយ​ តែ​លីប៊ី​​​ងើបក្បាល​មិន​ផុត​​​​ពី​អំពើ​ហិង្សា​សោះ។ សួរថា តើ​វា​ជា​កំហុស​អ្នកណា? ​បដិវត្តន៍​ផ្តួល​របបកាដាហ្វ៊ី​ មានទិសដៅ​ជួយ​លីប៊ី​អោយ​ងើប​ផុត​ពី​របប​ផ្តាច់ការ។ កាលពី​ឆ្នាំ​២០១១ ​ក្រុម​បះបោរ​ដែល​​បាន​​​ផ្តួលរលំលោក​កាដាហ្វ៊ី​ទៀតសោត ​សុទ្ធតែ​មាន​ជំនួយ​ពី​​អង្គការ​អូតង់ ពី​​ប្រទេស​​លោក​ខាងលិចធំៗ​ ដូចជា​​អាមេរិក ​បារាំង​ រឺ​ក៏​​អង់គ្លេស​ជាដើម។ ​តែ​ពេលនេះ សុខសន្តិភាព​និង​​ប្រជាធិបតេយ្យ​ហាក់​នៅឆ្ងាយ​​ណាស់​ ព្រោះថា សូម្បីតែ​តាម​​តំបន់​មួយ​ចំនួន​ជា​តំបន់​​​ដែល​​គ្មាន​​អំពើ​ហិង្សាសោះ ក៏​មេដឹកនាំ​ក្នុង​តំបន់​​​​ប្រជែងគ្នា ដណ្តើម​អំណាច ដណ្តើ​ផលប្រយោជន៍​​គ្នា​​​​​​ឥតឈប់ដែរ។

​ក្នុង​​ការ​ប្រយុទ្ធ​នៅ​ក្រុង​ទ្រីប៉ូលី ​​ក្រុម​អ៊ីស្លាម​មកពី​ក្រុង​​ហ្សិនតិន ​ដែល​កំពុង​កាន់កាប់​អាកាស​យានដ្ឋាន​​ក្រុង​ទ្រីប៉ូលី​បច្ចុប្បន្ន និងក្រុម​មីស្រាតា សុទ្ធតែ​ជា​​ក្រុម​សំខាន់​ៗដែល​ធ្លាប់​ផ្តួល​របប​លោកកាដាហ្វ៊ី។ តែ​ក្រុម​ហ្សិនតិន​​​ត្រូវបាន​គេចោទ​ថា មាន​សមាជិក​ជា​ទាហាន​របស់​លោក​កាដាហ្វ៊ី។ ក្រុម​ហ្សិនតិន​​ប្រហែល​​​កំពុង​​ចុះចូល​ជាមួយក្រុម​​​​លោកហាហ្វតា ជា​​មេបញ្ជាការ​​កងទ័ពជាតិ​លីប៊ី នៅ​​ក្រុង​បិនហ្កាហ្ស៊ី។ ​លោក​ហាហ្វតា បានប្រកាស​បង្កើត​កងទ័ព​នេះ​ខ្លួនឯង ដើម្បីកំចាត់​ក្រុ​មអ៊ីស្លាម​ជ្រុលនិយម។ ​លោក​ហាហ្វតា​សុំអោយ​គ្រប់ក្រុម​ចូលរួម​ប្រយុទ្ធ​ក្រុម​​អ៊ីស្លាម​ជ្រុល​និយម​ជាមួយ​កងកម្លាំង​របស់​លោក។ ​​​ប៉ុន្តែ ក្រុម​មីស្រាតា ជា​សត្រូវ​ក្រុម​ហ្សិនតិន មិនទុក​ចិត្ត​លោកហា​ហ្វតា​ទេ ព្រោះថា​ ​លោក​ហាហ្វតាធ្លាប់​ជា​មិត្ត​នឹង​មេផ្តាច់ការកាដាហ្វ៊ី មុន​នឹង​​លោក​ចូល​ទៅ​ជិតស្និទ្ធ​ជាមួយ​​អាមេរិក។ ​ដូច្នេះ បើ​យើង​មើល​គូសត្រូវ​​ដែល​ស៊ីសាច់​ហុតឈាម​គ្នា​នៅ​លីប៊ី​សព្វថ្ងៃ​ បើ​មិនមែន​ជា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ក៏​ជា​​អតីត​ទាហាន​ រឺ​អតីត​មិត្ត​ភក្តិ​របប​លោក​កាដាហ្វ៊ី​ដែរ។ ​​យើងអាច​និយាយ​បាន​ថា ​ការ​ប្រយុទ្ធ​គ្នាសព្វថ្ងៃ​​ គឺ​ជា​ការ​ប្រយុទ្ធ​រវាង​​​​ក្រុម​បដិវត្តន៍​​​ផ្តួល​លោក​កាដាហ្វ៊ី​ ​និង​ក្រុម​អតីត​ទាហាន​លោកកាដាហ្វ៊ី។​

យើង​នៅចាំបានទៀត​​​ថា មេដឹកនាំ​​យោធា​​ក្រុម​បះបោរ​​ដែល​បាន​​ផ្តួល​​លោក​កាដាហ្វ៊ី​ កាលពី​ឆ្នាំ​២០១១ សុទ្ធតែ​ជា​សមាជិក​ក្រុម​ជីហាត។ ​ក្រុមបះបោរ​ក៏​​មាន​សមាជិកជិតដិត​ជាមួយ​ក្រុម​ភេរវជន​អាល់កៃដា​ដែរ។ តែ​កាលណោះ ​ អង្គការអូតង់ អាមេរិក ​បារាំង​ និង​អង់គ្លេស​ សុទ្ធតែ​នាំគ្នា​​គាំទ្រ​ជួយ​​ក្រុម​បះបោរ​អោយ​ទំលាក់​​​លោក​កាដាហ្វ៊ី​​​ពី​អំណាច។ ​​ លោកកាដាហ្វ៊ី​​ធ្លាក់​ពី​អំណាច ស្លាប់​ផុត​ពី​ផែនដី​ដូចបំណង​លោក​ខាងលិច​​ហើយ ​ទុកអោយ​​ក្រុម​មិត្តភក្តិ​​របស់​​អាល់កៃដា ឡើង​ចាង ​វ៉ៃគ្នាជាមួយ​អតីត​ទាហាន​​លោក​កាដាហ្វ៊ី​វិញម្តង។ ​​​​ពេលនេះ ​​បើ​ប្រទេស​លោក​ខាងលិច​​​​ភ័យខ្លួន ហើយ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​​លីប៊ី​ ពួកគេ​មិនគួរ​​ទំលាក់​កំហុស​លើ​​​អស្ថិរភាព​​ក្នុង​ស្រុក​​​លីប៊ី​សព្វថ្ងៃ​ទេ ព្រោះថា ពួកគេ​សុទ្ធ​តែ​ធ្លាប់​​គាំទ្រ​ពួកបះបោរ​ពាក់ព័ន្ធនឹង​​​​​ក្រុម​អាល់កៃដា​ ​អោយ​​​កំចាត់​លោក​កាដាហ្វ៊ី៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ