អានតួអត្ថបទ
សិង្ហបុរី

ចិន​សន្យា​ថា​នឹង​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សន្តិវិធី

ថ្លែងក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ នៅ​ក្នុង​ប្រទេស​សិង្ហបុរី រដ្ឋមន្រ្តី​ការពារជាតិ​ចិន​បាន​​​សន្យាថា ចិន​នឹង​ដោះស្រាយ​ជម្លោះ នៅ​សមុទ្រចិន​ខាង​ត្បូង ដោយ​សន្តិវិធី។ នៅ​ក្នុង​សន្និសីទ​នេះ ​ចិន​បាន​ទទួលរង​នូវ​ការ​រិះគន់​ខ្លាំងៗ ពីសំណាក់​​​វៀតណាម និង​ហ្វ៊ីលីពីន ដែល​ជា​ប្រទេស​ជាប់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​​ខាង​ត្បូង។

រដ្ឋមន្រ្តី​ការពារជាតិ​ចិន​ថ្លែង​ក្នុង​សន្និសីទ​​ស្តីពី​សន្តិសុខ​​អាស៊ី-ប៉ាស៊ីហ្វ៊ិក
រដ្ឋមន្រ្តី​ការពារជាតិ​ចិន​ថ្លែង​ក្នុង​សន្និសីទ​​ស្តីពី​សន្តិសុខ​​អាស៊ី-ប៉ាស៊ីហ្វ៊ិក REUTERS/Tim Chong
ផ្សាយពាណិជ្ជកម្ម

“ចិន​ប្តេជ្ញាថា​នឹង​រក្សា​សន្តិភាព និង​ស្ថិរភាព នៅ​សមុទ្រចិន​ខាង​ត្បូង”។ នេះ​គឺ​ជា​ការ​ថ្លែង​របស់​​រដ្ឋមន្រ្តី​ការពារជាតិចិន នៅ​ក្នុង​ឱកាស​សន្និសីទ​អន្តរជាតិ ស្តីពី​សន្តិសុខ (Shangrila Dialogue) ដែល​ប្រព្រឹត្ត​ទៅ នៅ​ក្នុ​ង​ប្រទេស​សិង្ហបុរី។

រដ្ឋមន្រ្តី​ការពារជាតិ​វៀតណាម និង​ហ្វ៊ីលីពីន​​បាន​រិះគន់​សកម្មភាព​របស់​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ក្នុង​មួយរយៈ​កាលចុងក្រោយ​នេះ ដោយ​សម្តែង​នូវ​ការ​បារម្ភ​ថា​​ វា​អាច​នឹង​នាំ​ទៅដល់​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់អាវុធ នៅថ្ងៃណាមួយ។ យោងតាម​វៀតណាម និង​ហ្វ៊ីលីពីន នៅ​ក្នុង​ចន្លោះ​ពីខែ​កុម្ភៈ ដល់​ខែ​ឧសភា នាវាចម្បាំង​របស់​ចិន​បាន​បាញ់​​ប្រហារ​ទៅលើ​ទូកនេសាទ​ហ្វ៊ីលីពីន ព្រមទាំង​បាន​ធ្វើការ​គំរាមកំហែង​ដល់​នាវា​​របស់​ហ្វ៊ីលីពីន និង​វៀតណាម ដែល​កំពុង​ធ្វើការ​រុករក​ប្រេង នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

គួរ​បញ្ជាក់ថា ចិន តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ព្រុយណេ និង​ហ្វ៊ីលីពីន​ កំពុង​ឈ្លោះ​​ដណ្តើម​កោះ និង​ដែនសមុទ្រ​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​គេ​ជឿថា​ជា​តំបន់​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ ដូចជា ប្រេង ឧស្ម័ន និង​មច្ឆជាតិ។ កាល​ពី​ឆ្នាំ​២០០២ នៅ​ក្នុង​អំឡុង​ជំនួបកំពូល​អាស៊ាន នៅ​ទីក្រុង​ភ្នំពេញ អាស៊ាន និង​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​គេ​ច្រើន​តែ​ហៅ​កាត់​តាមភាសា​អង់គ្លេស​ថា DOC (Declaration on the Conduct of Parties in the South China Sea)។ រដ្ឋមន្រ្តី​ការពារជាតិ​វៀតណាម​​បាន​ទទូច​ឲ្យ​គ្រប់​ភាគី​ជម្លោះ​​មាន​ការ​អត់ធ្មត់ ដោយ​គោរព​ទៅតាម​​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា នៅក្នុង​ DOC ។

កាល​ពីថ្ងៃ​សៅរ៍ រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​នៅ​សិង្ហបុរី​ដែរ​នោះ បាន​ថ្លែង​ថា ការប៉ះទង្គិចគ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​អាច​នឹង​កើតមាន​ឡើង ប្រសិន​បើ​ភាគី​ជម្លោះ​មិន​​បង្កើត​យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ទេ​នោះ។ ជម្លោះ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កំពុង​តែ​ក្លាយ​ទៅជា​ការ​ប្រឈមមុខ​គ្នា​រវាង​ចិន និង​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​​យ៉ាងជិតស្និទ្ធ​របស់​ហ្វ៊ីលីពីន។ ប្រឈមមុខ​នឹង​ការ​គំរាមកំហែង​ពីកម្លាំង​យោធា​របស់​ចិន វៀតណាម​ក៏​កំពុង​តែ​ស្វះស្វែង​បង្កើន​ទំនាក់ទំនង​ជាមួយ​អាមេរិក​ដែរ នៅពេលនេះ។

គួរ​បញ្ជាក់​ថា ក្រៅ​ពី​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ជា​ច្រក​នាវាចរណ៍​ដ៏​សំខាន់​មួយដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ