អានតួអត្ថបទ
ចិន

ប៉ូលិសចិន​បន្ត​ឃាត់​សកម្មជន​ដែល​គំាទ្រ​ចលនា​បះបោរ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង

ទីភ្នាក់ងារ​ព័ត៌មាន AFP ចេញ​ក្នុង​ថ្ងៃ​ចន្ទ ទី១៣ តុលា​នេះ​ឲ្យ​ដឹង​ថា ប៉ូលិស​ចិន​បាន​ឃាត់​ខ្លួន​សកម្មជន​ចិន​ចំនួន ២នាក់​នា​ពេល​ថ្មីៗ​នេះ ​ពី​បទ​បាន​ចូលរួម​នៅ​ក្នុង​ក្បួនបាតុកម្ម​គំាទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​ចិន​នៅ​ហុងកុង​កាល​ពី​ខែ​កក្កដា។ ដំណឹង​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ប៉ូលិស​ចិន​ឃាត់​ខ្លួន​នា​រយៈពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ។

ក្រុម​ប៉ូលិសហុងកុង​កំពុង​ព្យាយាម​បំបែក​ហ្វូង​បាតុករ​សិស្ស និស្សិត​ប្រឆំាង​រដ្ឋាភិបាល និង​​ហ្វូង​បាតុករ​គំាទ្រ​រដ្ឋាភិបាល
ក្រុម​ប៉ូលិសហុងកុង​កំពុង​ព្យាយាម​បំបែក​ហ្វូង​បាតុករ​សិស្ស និស្សិត​ប្រឆំាង​រដ្ឋាភិបាល និង​​ហ្វូង​បាតុករ​គំាទ្រ​រដ្ឋាភិបាល REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

 

សកម្មជន​ចិន​ទំាង​ពីរ​នាក់​ដែល​ប៉ូលិស​ទើប​បាន​ចាប់​ខ្លួន​កាល​ពី​សប្តាហ៍​មុន គឺ​ជា​ស្រ្តី​ដែល​មាន​ឈ្មោះ​ហ្សាង ស៊ីវហួរ និង​លី លីរ៉ុង។ ស្រ្តី​ទំាង​ពីរ​នាក់​ជា​ប្រជាជន​ចិន​រស់​ក្នុង​ទីក្រុង​ប៉េកំាង និង​ដែល​បាន​ជាប់ចោទ​ពី​បទ​បាន​ចូល​រួម​នៅ​ក្នុង​ក្បួន​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​ហុងកុង​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។ នៅ​ក្នុង​ពេល​ចូលរួម​ជាមួយ​ពួក​បាតុករ​ហុងកុង លោកស្រី​ហ្សាង ស៊ីវហួរ និង​លោកស្រី​លី លីរ៉ុង​ថែម​ទំាង​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​មធ្យោបាយឃោសនា​មហាជន​បរទេស​ទៀត​ផង ពិសេស​សារព័ត៌មាន​បរទេស​ដែល​បាន​គំាទ្រ​ចលនា​សាសនា​ហ្វាលុង ហ្កុង (Falun Gong) ដែល​រដ្ឋអំណាច​ចិន​ហាម​មិន​ឲ្យ​ចេញ​ផ្សាយ។ មិត្តភ័ក្តិ​របស់​ស្រ្តីចាប់ខ្លួន​ទំាង​ពីរ​រូប​បាន​និយាយ​ថា មុន​នឹង​ចាប់​ខ្លួន​អ្នក​ទំាង​ពីរ ប៉ូលិស​បាន​កោះហៅ​ពួក​គេ​ទៅ​សួរ​ដោយ​ទាក់ទង​ជា​ពិសេស​រឿង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​បរទេស។ ជា​ទូទៅ រដ្ឋអំណាច​ចិន​តែងតែ​បាន​លើក​យក​ហេតុផល​ទប់ស្កាត់​ភាព​អានាធិបតេយ្យ​ដើម្បី​ផ្តន្ទាទោស​លើ​សកម្មជន​សិទ្ធិមនុស្ស ឬ​មួយ​ក៏​បំបិទមាត់​អ្នក​ដែល​បាន​ចេញ​មុខ​រិះគន់​ទិតៀន​របប​កុម្មុយនិស្ត។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ Chinese Human Rights Defenders ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ឲ្យ​ដឹង​ថា មាន​មនុស្ស​ជាង ៤០នាក់​ត្រូវ​បាន​ប៉ូលិស​ចិន​ចាប់​ខ្លួន​ក្នុង​ទីក្រុង​ប៉េកំាង​ក្នុង​រយៈពេល ២សប្តាហ៍​កន្លង​ទៅ​ពី​បទ​បាន​ចូលរួម​ជួយ​គំាទ្រ​ចលនា​បះបោរ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង។ ក្នុង​ចំណោម​អ្នក​ចាប់​ខ្លួន​ទំាង​នោះ គេ​សង្កេត​ឃើញ​មាន​សិល្បករ សិល្បការិនី​ប្រមាណ​ជា ១០នាក់ ក្នុង​នោះ ក៏​មាន​កវី​វ៉ាង ហ្សាង​ដែល​បាន​ចុះ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីធឺណែត​នូវ​ឈុតឆាក​មួយ​បង្ហាញ​ពី​លោក​កំពុង​លើក​ឆត្រ​គ្រវី។ គឺ​ឆត្រ​នេះ​ហើយ​ដែល​ពួកបាតុករ​សិស្ស និស្សិត​នៅ​ហុងកុង​ប្រើ​ជា​និមិត្តរូប​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋអំណាច​ក្រុងប៉េកំាង​ផ្តល់​ឲ្យ​ពួក​គេ​នូវ​សិទ្ធិសេរីភាព​ទូលំទូលាយ​បន្ថែម​ទៀត។

ក្រៅ​ពី​ការ​បន្ត​ចាប់​ខ្លួន​ក្រុម​សកម្មជន​គំាទ្រ​ចលនា​បះបោរ​នៅ​ហុងកុង រដ្ឋអំណាច​ចិន​ក៏​បាន​ចាត់វិធានការ​បិទខ្ទប់​បណ្តាញ​អ៊ីធឺណែត​ដែល​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៅ​ហុងកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ