អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុងយក្ស ការច្នៃប្រឌិត និងកំណើនសេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុងយក្ស ឬជាភាសាបរទេស​ Megacities ត្រូវអ្នក​សេដ្ឋកិច្ច​ពន្យល់ថាមាន​ន័យស្មើនឹង​ពាក្យថា ប្រភព​នៃ​ការច្នៃប្រឌិត និង​កំណើនសេដ្ឋកិច្ច​។ តើមកពីមូលហេតុអ្វី? 

គំរូនៃ​ក្រុងយក្ស
គំរូនៃ​ក្រុងយក្ស Dashlane Premium
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុងប្រវត្តិដ៏យូរអង្វែងនៃការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម, មនុស្សជាតិយើងតែងតែខ្វល់ខ្វាយ ពីការធ្វើយ៉ាងណា គ្រប់គ្រង​ប្រើប្រាស់ធនធានធម្មជាតិ ដើម្បីបំពេញសេចក្តីត្រូវការ​របស់ខ្លួនឱ្យ​បាន​ច្រើន​តាមតែអាចធ្វើទៅបាន។ ក៏ប៉ុន្តែ ដែល​ជារឿយៗ មនុស្សជាតិត្រូវប្រឈម​នឹង​បញ្ហាចម្បងមួយគឺ​ថា ធនធាន​ទាំងអស់នោះ​មានបរិមាណកំណត់​។ ក្នុងន័យនេះ នៅពេលណា​ដែល​ចំនួន​មនុស្ស​កើនឡើង ធនធាន​ទាំងអស់នោះ​មិន​បាន​កើនឡើង​ជាមួយចំនួន​មនុស្ស​ទេ ជាលទ្ធផល មនុស្សម្នាក់ៗនឹងត្រូវទទួល​បាន​ធនធាន​​តិចទៅៗ។

ទោះជាយ៉ាងណា គេអង្កេតឃើញថា ពីមួយ​ពេល​ទៅមួយ​ពេល មនុស្សជាតិ​តែងតែមានលទ្ធភាព​រកឃើញនូវវិធីសាស្ត្រថ្មី ដើម្បីប្រើប្រាស់ និង​គ្រប់គ្រងធនធាន​កម្រទាំងអស់នោះ។ ដូច្នេះហើយ លទ្ធភាពរបស់​មនុស្ស​ក្នុង​ការបន្តស្វែងរក​វិធីសាស្ត្រថ្មី​ ត្រូវគេមើលឃើញ​ថា​មិន​មាន​ដែន​កំណត់​នោះទេ។

ជាឧទាហរណ៍ នៅក្នុង​យុគសំរឹទ្ធ ពោល​គឺតាំងពី​ប្រមាណជាង ៣៣០០ឆ្នាំ ទៅ​១២០០ឆ្នាំ មុនគ្រិស្តសករាជ មនុស្សជាតិ​យើងបាន​បង្កើត​ឧបករណ៍ធ្វើពីសំរឹទ្ធ ដែល​បាន​ជំនួស​ ឧបករណ៍ប្រើប្រាស់ និង​អាវុធធ្វើពីថ្ម។ របកគំហើញថ្មីនេះបាន​ធ្វើ​ឱ្យ​ជីវិត​មនុស្ស​មាន​ភាពល្អប្រសើរណាស់ អំឡុងសម័យ​​នោះ។

ក្នុងក្របខ័ណ្ឌនេះ គំនិតបានរួមចំណែក​យ៉ាងចម្បង ដើម្បីរុញច្រាន​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច និង​ភាពរុងរឿង។ ក៏ប៉ុន្តែ តើ​គំនិត និង​ការអភិវឌ្ឍសេដ្ឋកិច្ច មាន​អ្វីពាក់ព័ន្ធ​នឹង​ទីក្រុងយក្ស?

តាំងពី​អតីតកាល និង​​បច្ចុប្បន្ន សង្គមអឺរ៉ុប និង​សហរដ្ឋអាមេរិក តែងតែជាតំបន់​នៃការច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យាចុងក្រោយ។ នៅក្នុងសង្គមទាំងនោះ គុណភាពនៃ​ប្រព័ន្ធ​ស្ថាប័ន បាន​រុញច្រានឱ្យ​មាន​លំហូរគំនិត ដែល​ជាលទ្ធផល​ សង្គមទាំងនោះទទួល​បាន​ វប្បធម៌នៃការច្នៃប្រឌិត និង​ការបង្កើតក្រុមហ៊ុនថ្មីៗ។

ប្រទេស​ចិន ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​តាមទាន់​ ការអភិវឌ្ឍបច្ចេកវិទ្យាទាំង​នេះ។ ក៏ប៉ុន្តែ ហេតុអ្វីបាន​ដំណើរនៃការអភិវឌ្ឍ នៅក្នុង​ប្រទេសចិន ​មាន​ល្បឿនលឿនយ៉ាងនេះ? ចម្លើយគឺវាពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅការអភិវឌ្ឍទីក្រុងយក្សនេះឯង។

ប្រជាជនក្នុងចំនួនកាន់តែច្រើន បាន​ផ្លាស់ទី​ចូលមករស់នៅទីក្រុង និង​បាន​នាំ​យក​មក​ជាមួយ​ពួកគេ នូវជំនាញ និង​គំនិតថ្មីៗ។ កត្តានេះហើយ​ដែល​វា​បាន​រុញច្រាន​ឱ្យ​មានកំណើនសេដ្ឋកិច្ច និង​ការច្នៃប្រឌិត។

តាមរយៈទីក្រុង​ មនុស្ស​បង្កើតទំនាក់ទំនងរវាងគ្នានិងគ្នា និង​បាន​ចែករំលែកគំនិតរបស់ពួកគេ។ មនុស្សក្លាយជា​មាន​ផលិត​ភាព​ យ៉ាង​មិន​គួរឱ្យ​ជឿ ប្រសិន​បើ​ពួកគេ​មាន​ទំនាក់ទំនងត្រឹមត្រូវ និង​ធ្វើការរួមគ្នាក្នុងក្រុមណាមួយ ដើម្បី​ផលិត​អ្វីម៉្យាងរួមគ្នា ដែល​គ្មាន​នរណាម្នាក់​ ក្នុង​ចំណោមពួកគេ​អាច​ធ្វើបាន​ ដោយ​ខ្លួនគេម្នាក់​នោះទេ។

ក្នុងលក្ខខណ្ឌខ្លះ ទីក្រុងធំៗ បាន​បង្កើតទំនាក់ទំនង​ជាមួយ​ប្រជាជាតិផ្សេង​ៗទៀត។ ឧទាហរណ៍ ទីក្រុង​យក្សរបស់​ពិភពលោក រួមមាន ទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក ទីក្រុងម៉ិកស៊ីកូ នៃប្រទេសម៉ិកស៊ិក ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ទីក្រុងប៉ារីសនៃប្រទេសបារាំង ទីក្រុងម៉ាឌ្រីដនៃប្រទេសអេស៉្បាញ ទីក្រុងមូស្គូនៃប្រទេសរុស្សី ទីក្រុងប៉េកាំងនៃប្រទេសចិន ឬទីក្រុងតូក្យូនៃប្រទេសជប៉ុន សុទ្ធតែបានបង្កើតលទ្ធភាពឱ្យ ​ពលរដ្ឋរស់នៅ​ទីក្រុងរបស់ខ្លួន ​អាច​ភ្ជាប់ទំនាក់ទំនងទៅកាន់ទីក្រុងផ្សេងៗ​ទៀត។

ជាលទ្ធផល​ ទីក្រុង​ទាំងនោះ បាន​បង្កើតឱ្យ​មាន​ក្រុមការងារ​កាន់តែធំឡើងៗ ហើយល្គឹកណា​ដែល​គេ​មានក្រុមការងារគ្រប់គ្រាន់​ហើយ លទ្ធផល​ការងារ​ដែលមនុស្ស​អាច​សម្រេចបាន​ពិត​ជាមិន​គួរឱ្យ​ជឿ។

សរុបជារួម ការពង្រីកទីក្រុងឱ្យ​កាន់តែធំ អាចជាប្រភពយ៉ាងចម្បង​នៃការច្នៃប្រឌិត និងកំណើនសេដ្ឋកិច្ច ព្រោះថាទីក្រុងជាទីតាំងនៃទំ​នាក់ទំនង ការប្រមូលផ្តុំជំនាញ និងគំនិតថ្មីៗ។ ទោះជាយ៉ាងណា ការបង្កើតបរិយាកាសទីក្រុងត្រឹមត្រូវ ដើម្បីធ្វើឱ្យ​ធាតុទាំងអស់នោះអាចសហការគ្នាបាន គឺជាបញ្ហាយ៉ាងចម្បងសម្រាប់រដ្ឋាភិបាលនីមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ