អានតួអត្ថបទ
កម្ពុជា

បក្ស​​ប្រជាជនកម្ពុជា និងសង្គ្រោះជាតិ នឹងជួប​គ្នានៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​​​និយាយពី​កំណែ​ទម្រង់​បោះ​ឆ្នោត

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ បាន​ជួប​គ្នា​តាម​ទូរស័ព្ទ​សា​ជា​ថ្មី​ម្តងទៀត​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ នៅក្នុង​ពេល​ដែល​​វិបត្តិ​នយោបាយ​នៅ​កម្ពុជា បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក។ ក្នុង​ជំនួប​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ បានកំណត់​ថ្ងៃ​ចរចា​សា​ជា​ថ្មី​ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ប៉ុន្តែ​មិនមែន​ជា​ជំនួប​មេកំពូល​របស់​​បក្ស​នោះទេ។

លោកហ៊ុន សែន ចាប់ដៃ លោកសុន ឆ័យ ក្នុងជំនួបកំពូលនៅវិមានរដ្ឋសភា​ ថ្ងៃទី ១៦ កញ្ញា ២០១៣​
លោកហ៊ុន សែន ចាប់ដៃ លោកសុន ឆ័យ ក្នុងជំនួបកំពូលនៅវិមានរដ្ឋសភា​ ថ្ងៃទី ១៦ កញ្ញា ២០១៣​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​អង្គា​រ​ទី​៥ វិច្ឆិកា​សប្តាហ៍​ក្រោយនេះ គឺ​ជា​ថ្ងៃ​ជួប​​គ្នា​សា​ជា​ថ្មី​ ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ។ នេះ​បើ​តាម​លទ្ធផល​នៃ​ជំនួប​គ្នា​តាម​ទូរស័ព្ទ​ រវាង​លោក ស ខេង និង​លោក សមរង្ស៊ី​ នៅ​ថ្ងៃ​នេះ។

 
លោក ស ខេង មន្ត្រីជាន់ខ្ពស់នៃ​​ការិយាល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​អ្នក​ជួប​តាម​ទូរស័ព្ទ​ផ្ទាល់ ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​នោះ បានឱ្យដឹងថា គណបក្ស​ជាប់ឆ្នោត​ក្នុង​សភា​ទាំងពីរ នឹង​បង្កើត​ក្រុមការងារ​ដែលមាន​សមាជិក​៥នាក់​ម្ខាង ជួបជុំ​គ្នា​សា​ជាថ្មី​ម្តងទៀត ​នៅ​ថ្ងៃ​អង្គារ​ទី​៥​វិច្ឆិកា ​សប្តាហ៍​ក្រោយ​នេះ នៅ​ឯ​វិមាន​រដ្ឋសភា។

តាម​​លោក សខេង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅក្នុង​ជំនួប​នោះ គេ​នឹង​ពិភាក្សាគ្នា​លើ​របៀបវារៈ​ចំនួន​បី ពោលគឺ ការកែប្រែ ​សមាសភាព​មេដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ការស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ការកែប្រែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​តាម​អនុសាសន៍​អង្គការ​សង្គម​ស៊ីវិល។

យ៉ាងណាក៏ដោយ ជំនួប​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នោះ គឺជា​ជំនួប​ថ្នាក់​អ្នក​បច្ចេកទេស​តែប៉ុណ្ណោះ។ ពោលគឺ​មិនមែនជា​ជំនួប​រវាង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ លោក​កឹម សុខា​នោះឡើយ។ ភាគី​ខាង​គណ​កប្ស​ប្រជាជន​កម្ពុជា នឹង​ដឹកនាំ​ដោយ​លោក ព្រុំ ​សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។

យ៉ាងណាក៏ដោយ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ដែលជា​អ្នកចរចា​ផ្ទាល់​បាន​ប្រាប់​វិទ្យុ​បារាំង ​នៅក្រោយ​​បញ្ចប់​ការសន្ទនា​​​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងរង់​ចាំមើល​លទ្ធផល​នៃ​ការ​ជំនួប​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ​សិន មុននឹង​សម្រេច​ថា​ចូលទៅ​កាន់តំណែង​ក្នុង​សភា​ឬ​អត់។

គួរ​រំលឹកថា នៅ​មុន​ការ​ជួបគ្នា​នៅ​ថ្ងៃ​ទី​១​វិច្ឆិការ​នេះ គណបក្ស​សង្គ្រោះជាតិ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​បន្ទន់​ជំហរ​របស់​ខ្លួន​ដើម្បី​បើកឱកាស​ឱ្យមាន​ការជួប​ចរចា​សាជាថ្មី​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា។

សម្រាប់​លោក សម រង្ស៊ី និង​លោក ស ខេង ការជួប​ចរចា​នៅ​សប្តាហ៍​ក្រោយ​រវាង​គណបក្ស​ទាំងពីរ គឺជា​ពន្លឺ​ដើម្បី​ឈានទៅ​បិទ​បញ្ចប់​វិ​ប​ត្តិ​នយោបាយ​ក្នុង​អាណត្តិ​ទី៥នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ