អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ជា​ថ្មី

សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី ១៥កក្កដា​ឆ្នាំ ២០១៤ នៅ​មិនទាន់​ចប់​នៅឡើយ​ទេ។ អ្នក​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ហើយ​ត្រូវបាន​ដោះលែង​វិញ​បន្ទាប់ពី​កិច្ច​ព្រម​ពៀង​នយោបាយ​ថ្ងៃទី ២២កក្កដា​ឆ្នាំ ២០១៤នោះ ត្រូវបាន​តុលាការ​កំពូល​កោះហៅ​ដើម្បី​ទៅ​បំភ្លឺ​លើ​សំណុំរឿង​វត្ថុ​ចាប់យក។ ប៉ុន្តែ តំណាង​រាស្ត្រ​ទាំង​នោះ​អះអាងថា ទាល់តែ​ដក​អភ័យឯកសិទ្ធិ​ទើប​អាច​ចូល​បំភ្លឺ​បាន។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ថត​រូប​អនុស្សាវរីយ៍​ពេល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ថ្ងៃ​ទី​២២​សីហា ឆ្នាំ​២០១៣
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ថត​រូប​អនុស្សាវរីយ៍​ពេល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ថ្ងៃ​ទី​២២​សីហា ឆ្នាំ​២០១៣ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង៩នាក់​ដែល​តុលាការ​បាន​រៀបរាប់​ឈ្មោះ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នោះ​មាន លោក ហូ វ៉ាន់ លោក កែវ ភី​រម្យ លោក រៀល ខេមរិន្ទ លោក នុត រំដួល លោក ឡុង រី លោកស្រី មួរ សុខ​ហួរ លោក ម៉ែន សុថា​វរិ​ន្ទ្រ លោក អឿន ណា​រិត និង​លោក ឃិន ជំរឿន។

អ្នក​ទាំងនោះ​ត្រូវបាន​អគ្គ​ព្រះរាជអាជ្ញារង​តុលាការ​កំពូល លោក ឈួន ចាន់ថា បញ្ជាក់ថា​ជាប់ចោទ​ពីបទ​ដឹកនាំ​បាតុកម្ម ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ផ្តើមគំនិត​ឲ្យ​មាន​អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០១។

ដីកា​ដែល​ផ្ញើ​ទៅកាន់​លោក កែវ ភី​រម្យ បាន​បង្គាប់​ឲ្យ​តំណាងរាស្ត្រ​រូបនេះ​ចូលខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃទី ១៩ មករា ដើម្បី​ចូលរួម​សវនាការ​សំណុំ​រឿងនេះ។ ប៉ុន្តែ គេ​មិនដឹងថា តំណាងរាស្ត្រ​ផ្សេងទៀត​នឹងត្រូវ​កោះហៅ​ទាំងអស់គ្នា ឬក៏​នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ។ លោក ស្រី មួរ សុខ ហួរ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោកស្រី​មិនបាន​ទទួល​ដីកាកោះ​ពី​តុលាការ​នៅឡើយ​ទេ។

បើតាម​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឡុង រី លោក​នុត រំដួល និង​លោក​ម៉ែន សុថា​វរិ​ន្ទ្រ ថា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​កោះហៅ​នោះ នឹងត្រូវ​ចូលទៅ​ឆ្លើយបំភ្លឺ​មុន​អង្គសេចក្តី​ទៅលើ​សំណុំរឿង​សុំ​យក​វត្ថុ​ចាប់យក ដែល​រួមមាន​ទូរស័ព្ទដៃ និង iPad ជាដើម​នោះ យកមកប្រើ​ប្រាស់​វិញ​តែប៉ុណ្ណោះ ។

ចំណែក​លោក យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​បញ្ជាក់ថា លោក បានទទួល​ដំណឹង​ពី​ការ​កោះ​នេះ​ពី​តំណាងរាស្ត្រ​ពីររូប តែ​អ្នកផ្សេង​នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ។ យ៉ាងណាក៏ដោយ លោកស្រី​មួរ សុខ​ហួរ អះអាងថា ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ តុលាការ​ត្រូវ​ផ្ញើលិខិត​កោះ​នេះ​ទៅ​ក្រសួងយុត្តិធម៌ រួចហើយ​ក្រសួងយុត្តិធម៌​ត្រូវ​បញ្ជូនទៅ​ប្រធានរដ្ឋសភា​ដើម្បី​ពិនិត្យ​និង​សម្រេច។

អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បញ្ជាក់ទៀតថា ប្រសិនបើ​មានការ​កោះ​មែន លោកស្រី​នឹងមិន​ទៅ​បំភ្លឺ​ទេ​ដរាបណា​នីតិវិធី​មិនត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ​ជាពិសេស​អ្នកតំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ។ ដូច្នេះ ការចូលទៅ​បំភ្លឺ​ក្នុង​តុលាការ​បាន​ទាល់តែ​តំណាងរាស្ត្រ​រូបនោះ​ត្រូវបាន​ដក​អភ័យឯកសិទ្ធិ​ជាមុន។ ទាក់​ទ​ទង​នឹង​សំណុំរឿង​នេះដែរ លោក មា​ជ សុវណ្ណារ៉ា មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងស្ថិត​នៅក្នុង​ពន្ធនាគារ​នៅឡើយ។
 

លោកស្រី​មួរ សុខ​ហួរ អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​បញ្ចប់​និ​ទណ្ឌ​ភាព ដែល​លោកស្រី​មើលឃើញថា​មាន​ប្រភព​មកពី​កង្វះខាត​នៃ​ការអនុវត្ត​ច្បាប់។ ប៉ុន្តែ ម្តង​ហើយ​ម្តងទៀត គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​អះអាងថា នេះ​ជាការ​អនុវត្ត​ច្បាប់​ដែល​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ