អានតួអត្ថបទ
កម្ពុជា

សាលាក្រុង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​សាសនា​នៅ​ទីលាន​ប្រជាធិបតេយ្យ

សាលា​រាជធានី​ភ្នំពេញ​ បាន​ចេញ​លិខិត​មួយ​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​ដើម្បី​បញ្ជាក់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​នឹងមិន​មាន​ការ​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​ធ្វើ​ពិធី​សាសនា នៅលើ​ទីលាន​ប្រជាធិបតេយ្យ​ទេ ​ដើម្បី​រំលឹក​ដល់​ខួប​មួយឆ្នាំ​នៃ​អំពើ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង។ ការ​សម្រេច​បែបនេះ​ត្រូវ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​ ធ្វើ​ការ​ជំទាស់​ហើយ​ចោទ​ប្រកាន់​ថា​រំលោភ​លើ​កិច្ចព្រមព្រៀង​កាលពី​ម្សិលមិញ​ ហើយ​ពិធី​នឹង​បន្ត​ធ្វើ​ ខណៈ​ដែល​សាលា​រាជធានី​ព្រមាន​ពី​ការ​ទទួល​ខុសត្រូវ។

ក្រុម​សមត្ថកិច្ច​រុះ​រើ​បន្លា​លួស​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ។​​
ក្រុម​សមត្ថកិច្ច​រុះ​រើ​បន្លា​លួស​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ។​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ បាន​ចេញ​លិខិត​មួយ​ច្បាប់​ផ្ញើរ​ជូន​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ក្រុង​ភ្នំពេញ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​សមាជិក​គណបក្សប្រឆាំង​នៅ​ប្រទេស​កម្ពុជា​នេះ​ធ្វើការ​ជួបជុំគ្នា​សម្តែង​មតិ ​និង​រៀបចំ​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ត​អ្នក​បាត់បង់​ជីវិត​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​មួយ​នៅ​ផ្លូវ​វេងស្រេង​កាល​ពី​ឆ្នាំ​ទៅ។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​អភិបាល​រង​រាជធានី​ភ្នំពេញ​ម៉ក់ ​វណ្ណស៊ីថា​ បាន​ចង្អុល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្តូរ​ទៅធ្វើ​ពិធី​ជួបជុំគ្នា​តាមបែប​សាសនា​នេះ​នៅតាម​វត្ត​ណា​មួយ​ដែល​មាន​ការ​អនុញ្ញាត​ទី​តាំង​ពី​ព្រះចៅ​អធិការ​ និង​គណៈកម្មការ​វត្ត។

លោក ​ម៉ន ​ផល្លា ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ ថា​ លោក​មានការ​ភ្ញាក់ផ្អើល​ ដោយសារ​ការ​ហាម​ប្រាម​នេះ​បាន​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចប្រជុំ ​រវាង​សាលា​រាជធានី​និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​រសៀល​ថ្ងៃ​ទី​២​មករា។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​ភ្នំពេញ​រូបនេះ ​មាន​ការ​សោកស្តាយ​ ហើយ​នៅ​តែ​អះអាង​ថា​នឹង​បន្តធ្វើ​ការ​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល។​ការ​ពោល​បែប​នេះ​គឺ​ដោយសារ​តែ​ពិធី​នេះ​បាន​លើក​ពី​ផ្លូវ​វេងស្រេង​ដែល​ជា​កន្លែង​កើត​ហេតុ​ មក​ទីលាន​ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អាជ្ញាធរ​ដែល​ហាមឃាត់​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។

ក៏ប៉ុន្តែ​លោក​ ឡុង ឌីម៉ង់ ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ពន្យល់​ថា​ការ​ធ្វើ​ពិធី​បែបនេះ​គឺ​ហាក់​ដូចជា​ការ​ធ្វើ​អាជីវកម្ម​លើ​អ្នក​ស្លាប់​ និង​មាន​ចរិក​បែប​ញុះញង់។​ហើយ​ម្យ៉ាងទៀត​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ​និង​សន្តិសុខ​សង្គម។ ​លោក ​ឡុង ឌីម៉ង់​ ក៏​បាន​បដិសេធ​ផង​ដែរ​ថា​មិន​មាន​ជា​កិច្ច​ព្រមព្រៀង​គ្នា​អ្វី​ទេ​ គឺ​ជា​ការ​ជជែក​គ្នា​ធម្មតា​ ហើយ​បើតាម​ច្បាប់​បាតុកម្ម​ ត្រូវ​មាន​ការ​ដាក់​លិខិត​មុន​៧​ថ្ងៃ។

សូម​រំលឹក​ថា​កាល​ពីដើម​ខែ​មករា​ឆ្នាំ២០១៤ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ​៤នាក់​បាន​ស្លាប់​ និង​ របួស​ជាច្រើន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រឈមមុខ​ដាក់គ្នា​មួយ​រវាង​ក្រុម​អ្នក​តវ៉ា​ដែល​ភាគច្រើន​ជា​កម្មករ​ និង​សមត្ថកិច្ច​ចំរុះ​ នៅ​លើ​ផ្លូវ​វេងស្រេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ