អានតួអត្ថបទ
កម្ពុជា

បក្ស​​ប្រឆាំង​​ប្រារព្ធ​​ទិវា​​សិទ្ធិ​​មនុស្ស​​ដើម្បី​​ទាមទារ​​សិទ្ធិ​​ពេញ​​លេញ​​ក្នុង​​ការ​​ជ្រើស​​រើស​​អ្នក​​ដឹក​​នាំ​

ដូច​ការ​គ្រោង​ទុកគណបក្ស​សង្គ្រោះ​ជាតិបាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្សថ្ងៃ​១០​ធ្នូ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ពេល​ព្រឹក ​និង​នៅ​ខេត្ត​សៀមរាប​នៅ​ពេល​រសៀល។ប្រធាន​បទ​ដែល​គណបក្ស​ប្រឆាំង​លើក​ឡើង​គឺ​ការ​ទាមទារ​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជ្រើស​រើស​មេ​ដឹក​នាំ។ នៅ​ភ្នំពេញ​ក៏ដូច​ជា​នៅ​សៀមរាប​ដែរ គណបក្ស​ប្រឆាំង​បាន​ដង្ហែ​ក្បួន​មុន​នឹង​មាន​ការ​ជួបជុំ​គ្នា​សម្តែង​មតិ។ ការ​ដង្ហែ​ក្បួន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើ​ហិង្សា​ទេ​ទោះ​បីជា​អាជ្ញាធរ​មិន​អនុញ្ញាត​ក៏​ដោយ។

លោក កឹម សុខា និង លោក សម រង្ស៊ី ក្នុង​ទិវា​សិទ្ធ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ ឆ្នាំ​២០១៣
លោក កឹម សុខា និង លោក សម រង្ស៊ី ក្នុង​ទិវា​សិទ្ធ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ ឆ្នាំ​២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០ធ្នូ​នៅ​ទីក្រុង​ភ្នំពេញ​រួចហើយ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ លោក សម រង្ស៊ី និង​លោក​កឹម សុខា ក៏បាន​ទៅ​ចូល​រួម​ប្រារព្ធ​ទិវា​ដូច​គ្នានេះ​ដែរ​នៅ​ក្នុង​ខេត្ត​សៀមរាប។ ពិធី​ជួបជុំ​របស់​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ឡើង​នៅឯ​តំបន់​អង្គរ​ឃ្យុង​យូរ​ដោយ​មាន​មនុស្ស​ចូល​រួម​ច្រើន​ម៉ឺន​នាក់។

លោក ហូ វ៉ាន់ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​បន្ទាប់ពី​ពិធី​ជួបជុំ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា​បាន​ដើរ​ហែ​ក្បួន​កាត់​តាម​ដងផ្លូវ​នានា​ក្នុង​ខេត្តសៀមរាប​ដោយមាន​មនុស្ស​ចូលរួម​យ៉ាង​កក​កុញ។ ក្បួន​ដង្ហែ​នេះ​បាន​បញ្ចប់​នៅ​ពីមុខ​ទី​សក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម។

 
កាលពី​ព្រឹក​មិញ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ប្រារព្ធ​ពិធី​ដង្ហែ​ក្បួន និង​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ភ្នំ​ពេញ​ផងដែរ។ នៅ​ភ្នំពេញ ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដល់​ទៅ​បី​ខ្សែ។ ខ្សែ​ទី១ ហែ​ចេញពី​ទី​ស្នាក់ការ​គណបក្ស​នៅ​ចាក់អង្រែ ដឹកនាំ​ដោយ​លោក សមរង្ស៊ី ។ ខ្សែ​ទី២ ហែ​ចេញពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​លោក កឹម សុខា និង​ខ្សែ​ទី៣ ហែ​ចេញ​ពីមុខ​ឃ្លាំង​សាំង ឫស្សីកែវ ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ។ ក្បួន​ទាំងបី​បាន​ទៅ​ជួបគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ទិវា​សិទ្ធិមនុស្ស របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើឡើង​ក្រោម​ប្រធាន​បទ យើង​ទាំង​អស់​គ្នា ទាមទារ​សិទ្ធិ​ពេញ​លេញ​ដើម្បី​ជ្រើស​រើស​អ្នក​ដឹក​នាំ។ តាម​រយៈ​ប្រធានបទ​នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ដោយ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត។ វេទិកា​សិទ្ធិ​មនុស្ស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ជា​ឱកាស​ដែល​អ្នក​ចូលរួម ថ្លែង​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្ត្រី​ផងដែរ។

ផ្សារ​ភ្ជាប់​ទៅនឹង​បរិបទ​ពិភព​លោក លោក សម រង្ស៊ី ក៏បាន​លើក​សរសើរ​វីរៈភាព​របស់​លោក Nelson Mandela អតីត​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង ដែល​ទើបតែ​ចូល​មរណភាព​កាលពី​ថ្ងៃ​ទី​៥​ធ្នូ ។ លោក​សម រង្ស៊ី អះ​អាង​ថា គណបក្ស​សង្គ្រោះ​ជាតិ ដើរ​តាម​គន្លង​របស់​លោក Nelson Mandela ដើម្បី​ឲ្យ​កម្ពុជា​ទទួល​បាន​លទ្ធិ​ប្រជាធិប​តេយ្យ​ប្រកបដោយ​ភាតរភាព ដូច នៅ​អាហ្វ្រិក​ខាងត្បូង​ដែរ។

បន្ទាប់​ពីនេះ​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើបាតុកម្ម​ជា​រៀងរាល់​ថ្ងៃអាទិត្យ​នៅ​ទីលាន​ប្រជាធិបតេយ្យ ទីក្រុង​ភ្នំពេញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ