អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​វត្តមាន​អ៊ីរ៉ង់​នៅ​ក្នុង​សន្និសីទ​ទីក្រុងហ្សឺណែវ ២ ជា​រឿង​មួយ​ចំាបាច់ ឬ​មិន​ចំា​បាច់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទ​សន្តិភាព​ស្តីពី​ប្រទេស​ស៊ីរី​ត្រូវ​រៀបចំ​ជា​លើកទី២ នៅ​ថ្ងៃទី២២ មករា ឆ្នំា ២០១៤ នៅ​ក្នុង​ប្រទេស​ស្វីស​ដែល​គេ​នំា​គ្នា​ហៅ​ថា ហ្សឺណែវ ២។ ការ​ហៅ​ហ្សឺណែវ ២ ក៏​ដោយសារ​ថា សន្និសីទ​ដូច​គ្នា​នេះ​ធ្លាប់​បាន​រៀបចំ​ធ្វើ​ម្តង​ហើយ​កាល​ពី​ថ្ងៃទី៣០ មិថុនា ឆ្នំា ២០១២ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ដែល​គេ​នំា​គ្នា​ហៅ​កាលណោះ​ថា ហ្សឺណែវ ១។ កម្មវត្ថុ​នៃ​សន្និសីទ​ទំាង​ពីរ​មាន​គោលដៅ​តែ​មួយ គឺ​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​បិទបញ្ចប់​វិបត្តិនយោបាយ​ក្នុង​ប្រទេស​ស៊ីរី។ តែ​រឿង​ដែល​បាន និង​កំពុង​ប្រទាញប្រទង់​គ្នា​នៅ​ពេល​នេះ គឺ​ការ​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ចូលរួម ឬ​មិន​ឲ្យ​ចូលរួម​នៅ​ក្នុង​សន្និសីទ​ហ្សឺណែវ ២ នោះ។ អ្នក​ខ្លះ​យល់​ថា វត្តមាន​អ៊ីរ៉ង់ ជា​រឿង​ចំា​បាច់ តែ​អ្នកខ្លះ​ទៀត​យល់​ថា មិន​ចំា​បាច់​ទេ។

លោកអគ្គលេខាធិការ​អង្គការសហប្រជាជាតិបាន គីមូន (រូបស្តំា) និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូហានី
លោកអគ្គលេខាធិការ​អង្គការសហប្រជាជាតិបាន គីមូន (រូបស្តំា) និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូហានី REUTERS/Eric Thayer/Files
ផ្សាយពាណិជ្ជកម្ម

មិន​ខុស​អ្វី​ពី​សន្និសីទ​លើកទីមួយ​កាល​ពី​ជាង​មួយ​ឆ្នំា​មុន​ទេ សន្និសីទ​លើកទី២ នៅ​ថ្ងៃទី២២ មករា​ឆ្នំា ២០១៤ នេះ​ក៏​មាន​គោលដៅ​ស្វែង​រក​ដំណោះស្រាយ​សមស្រប​មួយ​សម្រាប់​ភាគី​ជម្លោះ​ទំាង​អស់​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែរ។ ជម្លោះ​ដែល​បាន​អូសបន្លាយ​តំាង​ពី​ជាង ២ឆ្នំា​កន្លង​ទៅ និង​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១៣ម៉ឺននាក់ ព្រម​ទំាង​បាន​បន្សល់​ទុក​ឲ្យ​មាន​ជន​ភៀសខ្លួន​រាប់សិបលាន​នាក់​ផ្សេង​ទៀត។ កម្មវត្ថុ​របស់​សន្និសីទ គឺ​ការ​ព្យាយាម​ស្វែង​រក​ផ្លូវកណ្តាល​មួយ​សម្រាប់​ភាគី​ជម្លោះ ពោល​ទំាង​របបស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ ក៏​ដូច​ជា​ក្រុមប្រឆំាង​ស៊ីរី​សព្វថ្ងៃ។ ជា​គោលការណ៍ ផ្លូវកណ្តាល​សម្រាប់​ភាគីជម្លោះ គឺ​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​អន្តរកាល​មួយ។

សន្និសីទ​ហ្សឺណែវ ២ រៀប​ចំ​ដោយ​អង្គការសហប្រជាជាតិ និង​ចូល​រួម​ដោយ​ប្រទេសលោកខាងលិច ពិសេស​សហរដ្ឋអាមេរិក និង​ប្រទេស​រុស្ស៊ី ទំាង​នេះ​មិន​ភ្លេច​ទេ បណ្តា​ប្រទេស​សំខាន់ៗ​នៅ​ក្នុង​តំបន់។ តែ​តួអង្គ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សន្និសីទ​នោះ គឺ​ភាគី​រដ្ឋាភិបាល​ស៊ីរី​សព្វថ្ងៃ និង​តំណាងក្រុមប្រឆំាង​ស៊ីរី។ ពី​ដំបូង​ឡើយ ក្រុមប្រឆំាង​ស៊ីរី​បាន​បដិសេធ​មិន​ចូលរួម​នៅ​ក្នុង​សន្និសីទ​ហ្សឺណែវ ២ នោះ​ទេ។ តែ​ដោយ​មាន​ការ​ជំរុញ​ផង និង​គំរាម​ផង​ពី​សហគមន៍​អន្តរជាតិ ទើប​ក្រុមប្រឆំាង​ស៊ីរី​បាន​សម្រេច​ចូលរួម​នៅ​នាទី​ចុង​ក្រោយ។ តែ​ឥឡូវ​នេះ ពោល​នៅ​មួយ​ថ្ងៃ​មុន​សន្និសីទ​ផ្តើម​ជា​ផ្លូវការ ស្រាប់​តែ​មាន​លេច​ឡើង​នូវ​ឈ្មោះ​ប្រទេស​មួយ​ដែល​បាន និង​កំពុង​ចូល​មក​បំពុល​បរិយាកាស​នៅ​ក្នុង​ការ​ត្រៀម​បើក​សន្និសីទ​ហ្សឺណែវ ២ នៅ​ថ្ងៃទី២២ មករា ប្រទេស​នោះ គឺ​អ៊ីរ៉ង់។

គួរ​ជម្រាប​ជូន​ថា អ៊ីរ៉ង់​ក៏​មិន​ធ្លាប់​បាន​ចូល​រួម​នៅ​ក្នុង​សន្និសីទ​ហ្សឺណែវ ១ ទេ នោះ​បើ​ទោះ​បី​ជា​មាន​ការ​អំពាវនាវ​យ៉ាង​ទទូច​ពី​សំណាក់​ប្រទេស​រុស្ស៊ី និង​ពី​រដ្ឋាភិបាល​ស៊ីរី​សព្វថ្ងៃ​ដែល​គេ​ស្គាល់​ថា ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលេច​របស់​អ៊ីរ៉ង់​ក្តី។ តំាង​តែ​ពី​អើយ​មក​ម្ល៉េះ សហរដ្ឋអាមេរិក និង​ក្រុមប្រទេស​លោកខាងលិច​ដែល​ចូលរួម​ជួយ​ដោះស្រាយ​វិបត្តិស៊ីរី ពិសេស​គឺ​ក្រុមប្រឆំាង​ស៊ីរី​តែ​ម្តង មិន​ចង់​ឲ្យ​មាន​ការ​ចូលរួម​លូកលាន់​ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់​ឡើយ។ ក្រុមប្រឆំាងស៊ីរី​ក៏​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ដែរ​ថា ខ្លួន​នឹង​មិន​ចូលរួម​ប្រជុំ​ទេ ប្រសិន​បើ​មាន​វត្តមាន​អ៊ីរ៉ង់​នោះ។ តើ​ហេតុអ្វី​ទៅ បាន​ជា​រឿង​អ៊ីរ៉ង់​បែរ​ជា​វិល​ត្រឡប់​មក​ចោទ​បញ្ហា​ជា​ថ្មី​នៅ​ពេល​នេះ?

តាម​ពិត​ទៅ សហរដ្ឋអាមេរិក ក្រុមប្រទេស​លោកខាងលិច និង​ក្រុមប្រឆំាង​ស៊ីរី នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ដដែល គឺ​មិន​ចង់​ឲ្យ​មាន​វត្តមាន​អ៊ីរ៉ង់​នៅ​ក្នុង​សន្និសីទ​សន្តិភាព​ស្តីពី​ប្រទេស​ស៊ីរី​ទេ។ តែ​នេះ មិន​មែន​ជា​ការ​យល់​ឃើញ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ឯណា។ លោក​បាន គីមូន​ដែល​បាន​អញ្ជើញ​អ៊ីរ៉ង់​ឲ្យ​ចូលរួម​ជា​ផ្លូវការ ក្រោយ​ពី​លោក​បាន​ជួប​និយាយ​យ៉ាង​ម៉ត់ចត់​ជាមួយ​លោក​ប្រមុខការទូត​អ៊ីរ៉ង់​មក។ លោក​បាន គីមូន​បាន​លើក​យក​ហេតុផល​មក​ពន្យល់​ថា ការ​ដែល​លោក​សម្រេចចិត្ត​អញ្ជើញ​អ៊ីរ៉ង់​ឲ្យ​ចូល​រួម មក​ពី​អ៊ីរ៉ង់​បាន​ធានា​ថា នឹង​ដើរ​តួនាទី​វិជ្ជមាន និង​ប្រកប​ដោយ​លក្ខណៈ​សា្ថបនា​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​ស៊ីរី។ សម្រាប់​លោក​បាន គីមូន អ៊ីរ៉ង់ ជា​ប្រទេស​គន្លឹះ​មួយ​មិន​អាច​ខ្វះ​បាន​ទេ​នៅ​ក្នុង​តំបន់។

ជាមួយ​នឹង​សំណើ​របស់​លោក​បាន គីមូន​ពេល​នេះ សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេសលោកខាងលិច​ដែល​ធ្លាប់​ប្រឆំាង បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ថា ពួក​គេ​មិន​ជំទាស់​នឹង​សំណើ​របស់​លោក​បាន គីមូន​ទេ តែ​ជា​ដំបូង អ៊ីរ៉ង់​ត្រូវ​តែ​ទទួល​យក​នូវ​លទ្ធផល​ដែល​បាន​អនុម័ត​នៅ​ក្នុង​សន្និសីទ​ហ្សឺណែវ ១ ដែល​បាន​អំពាវនាវ​ឲ្យ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​នៅ​ស៊ីរី។

តើ​វត្តមាន​អ៊ីរ៉ង់​នៅ​ក្នុង​ដំណើរការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នយោបាយ​ស៊ីរី ជា​រឿង​មួយ​ចំា​បាច់ ឬ​មិន​ចំាបាច់?

ចម្លើយ​ជាទូទៅ គឺ​ចំាបាច់​ដោយ​ខាន​មិន​បាន ប្រសិន​បើ​ដំណោះស្រាយ​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​ផ្លូវនយោបាយ។ ចូរ​កុំ​ភ្លេច​ថា តំាង​ពី​ស៊ីរី​បាន​ទទួល​ឯករាជ្យ​ក្នុង​ឆ្នំា ១៩៤៦ ភ្លាម អ៊ីរ៉ង់​ក៏​បាន​ផ្តើម​ទទួល​ស្គាល់​រដ្ឋាភិបាល​ស៊ីរី​ជា​ផ្លូវការ ហើយ​ប្រទេស​ទំាង​ពីរ​តែងតែ​បង្ហាញ​ចេញ​នូវ​ផលប្រយោជន៍​រួម​គ្នា ទំាង​នៅ​ក្នុង​វិស័យការទូត និង​នយោបាយ។ តំាង​ពី​ក្រោយ​បដិវត្តន៍​អ៊ីស្លាម​នៅ​អ៊ីរ៉ង់​ក្នុង​ឆ្នំា ១៩៧៩ មក ទីក្រុង​តេហេរ៉ង់ និង​ដាម៉ាស់​បាន​ពង្រឹង និង​បន្ត​រក្សា​ទំនាក់ទំនង​រវាង​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ។ ជានិច្ចកាល ស៊ីរី និង​អ៊ីរ៉ង់​តែងតែ​បាន​សហការ​រួម​គ្នា​ដោយ​ផ្អែក​លើ​ស្ថានការណ៍​ជាក់ស្តែង​ក្នុង​តំបន់ និង​តម្រូវការ​របស់​ខ្លួន​ម្នាក់ៗ។

ពិត​ណាស់​ថា អ៊ីរ៉ង់​ពិត​ជា​តួអង្គ​មួយ​មិន​អាច​ខ្វះ​បាន​ទេ​នៅ​ក្នុង​ដំណើរការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តស៊ីរី។ ក៏​ប៉ុន្តែ ក៏​គេ​មិន​គួរ​ចាត់ទុក​អ៊ីរ៉ង់​ថា ជា​តួឯក​ម្នាក់​មិន​អាច​ខ្វះ​បាន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ តួឯក​ចំនួន​ពីរ​នាក់​ដែល​ចំាបាច់ មិន​អាច​ខ្វះ​បាន​នោះ គឺ​រដ្ឋាភិបាល​ស៊ីរី និង​ក្រុមប្រឆំាង​ស៊ីរី​សព្វថ្ងៃ​ទៅ​វិញ​ទេ ព្រោះ​ថា នេះ​ជា​លើកទីមួយ​បង្អស់​តំាង​ពី​មាន​ការ​ងើបបះបោរ​នៅ​ស៊ីរី​ជាង ២ឆ្នំា​មក ដែល​ភាគី​ជម្លោះ​ទំាង​ពីរ​ត្រូវ​អង្គុយ​ជជែក​ទល់​មុខ​គ្នា។ តែ​ការ​ផ្សះផ្សា​រវាង​អ្នកទំាង​ពីរ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ណាស់ ព្រោះថា កម្មវត្ថុ​របស់​ក្រុមប្រឆំាង​គឺ​មិនមែន​ចរចា​ជាមួយ​លោក​អាសាដ​ទេ តែ​គឺ​កំចាត់​លោក​អាសាដ និង​បក្សពួក​របស់​លោក​ចេញ​ពី​អំណាច​តែ​ម្តង។ ដូច្នេះ ជោគជ័យ ឬ​ក៏​បរាជ័យ​នៅ​ក្នុង​សន្និសីទ​ពេល​នេះ គឺ​វា​អាស្រ័យ​ទំាង​ស្រុង​លើ​ឆន្ទៈ​របស់​ភាគី​ជម្លោះ​នីមួយៗ​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ