២០១៧ ជាឆ្នាំដ៏ក្តៅគគុកនៃវិបត្តិនុយក្លេអែរកូរ៉េខាងជើង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៧
ឆ្នាំ២០១៧នេះ កូរ៉េខាងជើង បានសាកល្បងមីស៊ីលអន្តរទ្វីបបានជោគជ័យ ហើយនិងបានអភិវឌ្ឍកម្ម វិធីនុយក្លេអែររីកចម្រើនខ្លាំងបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការរីកចម្រើននេះ បានបង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ គឺស្ទើរតែពេញមួយឆ្នាំ២០១៧នេះ។ សម្រាប់ឆ្នាំ២០១៨ខាងមុខ សំណុំរឿងវិបត្តិនុយក្លែអែរកូរ៉េខាងជើង ក៏ទំនងជាមិនធូរស្រាលប៉ុន្មានឡើយ។
ក្នុងឆ្នាំ២០១៧នេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអែរ បានរយៈកម្ពស់ខ្ពស់មិនធ្លាប់មានពីមុនមក។ ពោលគឺវាបានអាចហោះឡើងទៅលើបានកម្ពស់៤៤៧៥គីឡូម៉ែត្រ។ នេះបើតាមការបាញ់សាកល្បងកាលពីខែវិច្ឆិកាកន្លងទៅ។
អ្នកជំនាញជាច្រើន ប្រមើលមើលថា បើមីស៊ីលអន្តរទ្វីបនេះ រត់ទៅលើបានកម្ពស់ខ្ពស់បែបនេះ បានសេចក្តីថា ប្រសិនសិនជាបាញ់តាមខ្សែកោងវិញ គឺវាអាចរត់បានរយៈចម្ងាយ ប្រមាណដល់ទៅ១៣ ០០០គីឡូម៉ែត្រឯណោះ។ ដូច្នេះ មីស៊ីលរបស់កូរ៉េខាងជើង អាចហោះទៅបំផ្ទុះទីក្រុងធំៗ របស់អាមេរិកបាន។ លោក David Wright អ្នកជំនាញម្នាក់ នៅ Union of Concerned scientists យល់ឃើញថា ការសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបលើកទី៣ របស់កូរ៉េខាងជើងនេះ បានបង្ហាញឲ្យឃើញច្បាស់ថា កូរ៉េខាងជើង អាចបាញ់កម្ទេចរដ្ឋធានីវ៉ាស៊ីនតោនបាន។
បើទោះជាយ៉ាងនេះក្តី សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺនៅមានបញ្ហាបច្ចេកទេស។ បញ្ហានៅត្រង់ថា កូរ៉េខាងជើងនៅមិនទាន់មានសមត្ថភាពច្បាស់លាស់ ក្នុងការគ្រប់គ្របក្បាលនុយក្លេអ៊ែរ ដែលបំពាក់នឹងមីស៊ីលនោះទេ។ នេះគឺជារឿងបច្ចេកទេស ក្នុងការគ្រប់គ្រងសម្ពាធ នៅពេលក្បាលគ្រាប់ហោះចុះពីលំហអាកាស ហើយធ្លាក់ចុះមកផែនដីវិញ។ បើគ្រប់គ្រងសម្ពាធមិនបានល្អ មិនបានត្រឹមត្រូវទេ គឺអាចបណ្តាលឲ្យក្បាលគ្រាប់នោះ គ្មានដំណើរការ ឬក៏អាចផ្ទុះជាមុន នៅលើលំហអាកាស ផងក៏អាចថាបាន។
មានអ្នកជំនាញអាមេរិកខ្លះទៀត ដែលធ្វើការនៅសកលវិទ្យាល័យ Johns Hopkins នៅក្រុងវ៉ាស៊ីនតោន បានលើកឡើងថា បើតាមតែកម្លាំងគ្រាប់មីស៊ីលអន្តរទ្វីប ដែលកូរ៉េខាងជើងបាញ់សាកល្បង ជាគម្រប់លើកទី៦ នៅឆ្នាំ២០១៧នេះ គឺកូរ៉េខាងជើង ទំនងជាអាចមានលទ្ធភាពផលិតអាវុធប្រល័យលោក ដែលវាអាចមានថាមពលដល់ទៅ២៥០គីឡូតោន ឬក៏អាចមានកម្លាំងខ្លាំងជាងគ្រាប់នុយក្លេអែរ ដែលផ្ទុះនៅក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីសង្គ្រាមលោកលើកទី២ ដល់ទៅ១៣ ឬ១៦ដងឯណោះ។ ហេតុដូច្នេះហើយ ទើបបានថ្នាក់ជាប្រមុខដឹកនាំកូរ៉េខាងជើង ក៏ដូចជាបុរសខ្លាំង គីម ជុនអ៊ុន បានប្រកាសថា ប្រទេសខ្លួនគឺជាមហាអំណាចនុយក្លេអែរនឹងគេដែរ។
ប្រឈមមុខនឹងការចម្រើនជឿនលឿនឥតឈប់ឈរនៃកម្មវិធីនុយក្លេអែររបស់កូរ៉េខាងជើង ប្រទេសជិតខាង ដូចជា កូរ៉េខាងត្បួង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តអាមេរិក មានក្តីព្រួយបារម្ភជាងខ្លាំងអំពីសុវត្ថិភាពរបស់ខ្លួន។ ហើយអាមេរិក ក៏បានព្រមានជាញឹកញយជាងគេចំពោះកូរ៉េខាងជើង រហូតដល់មានការបង្ហើរសង្គ្រាមពាក្យសម្តីរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយនឹងប្រមុខរដ្ឋលោក គីម ជុងអ៊ុន។ ជម្លោះពាក្យសម្តីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ គឺបង្កឲ្យមានវិបត្តិតានតឹងជាខ្លាំងនៅក្នុងឆ្នាំ២០១៧នេះ។
ដើម្បីដាក់សំពាធទៅលើកូរ៉េខាងជើងឲ្យឈប់បន្តគម្រោងនុយក្លេអែរ ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ បានធ្លាក់មកជាបន្តបន្ទាប់។ បើគិតតាំងពីដើមឆ្នាំ២០១៧មក ទណ្ឌកម្មដែលអង្គការសហប្រជាជាតិអនុម័តកាលពីថ្ងៃទី២២ធ្នូសប្តាហ៍មុននេះ គឺជាទណ្ឌកម្មលើកទី៣ដោយគ្រាន់តែរាប់ក្នុង១ឆ្នាំ ហើយបើគិតតាំងពីឆ្នាំ២០០៦មក ទណ្ឌកម្ម ដែលដាក់ទៅលើកូរ៉េខាងជើង គឺបានកើនដល់ចំនួន ១០លើកហើយ ដែលក្រុមប្រឹក្សាសន្តិសុខ បានដាក់លើប្រទេសកុំម្មុយនីស្តមួយនេះ។
ការសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក៏មានមហាយក្សចិន ចូលរួមសម្រេចដែរ។ ចិនគឺជាសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើងផង ក៏នៅតែទ្រាំពុំបាន ចំពោះការបន្តគម្រោងនុយក្លេអែរនេះ។ តែយ៉ាងណាក៏ដោយ កូរ៉េខាងជើង នៅតែសំងំបន្តសកម្មភាពនិងអភិវឌ្ឍកម្មវិធីនុយក្លេអែររបស់ខ្លួនទៅទៀត។ ពីព្រោះថា គម្រោងផលិតអាវុធនុយក្លេអែរ សម្រាប់កូរ៉េខាងជើង គឺជាអាយុជីវិតជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតីជាតិកូរ៉េខាងជើង។ ឈរលើគោលគំនិតបែបនេះហើយ កូរ៉េខាងជើង ទំនងច្បាស់ជាពុំអាចលះបង់គំនិត ឈប់បន្តសកម្មភាពគម្រោងផលិតនុយក្លេអែរបាននោះឡើយ។
ដូច្នេះ ប្រសិនបើ កូរ៉េខាងជើងនៅតែបន្តប្រកាន់ជំហរបែបនេះ ហើយចំណែកឯអាមេរិក នៅតែមិនព្រមដកលក្ខខណ្ឌនៅក្នុងការចរចាគ្នានោះទេ នោះសំណុំរឿងនុយក្លែអែរកូរ៉េខាងជើង គឺច្បាស់ជានឹងនៅតែញាំញីដោយភាពតាតឹងបន្តទៀត នៅក្នុងឆ្នាំថ្មី ឆ្នាំ២០១៨ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ