អានតួអត្ថបទ
កូរ៉េខាងត្បូង​

ក្រុម​អ្នកមុជទឹក​ស្រង់បាន​សាកសព​១៩ នាក់​ ក្នុង​​សាឡាង​​ដែល​បាន​លិច​​ថ្ងៃ​១៦មេសា​​

នៅកូរ៉េខាងត្បូង ​ថ្ងៃ​អាទិត្យ​នេះ ក្រុម​អ្នក​មុជទឹក​បាន​ស្រង់​សាកសព​​​​អ្នកដំណើរ​​១៦នាក់​ ដែល​​​​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​លិច​​សាឡាង​ នៅតាម​​ឆ្នេរ​ខាងត្បូង​​​ប្រទេស កាលពី​ថ្ងៃ​ពុធ​១៦មេសា កន្លងទៅ។ ថ្ងៃ​អាទិត្យ​នេះដែរ ​សមាជិក​ក្រុមគ្រួសារ​អ្នករងគ្រោះ​​​​​ជិត​២០០នាក់​ ​បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ភាព​យឺតយ៉ាវ​របស់​អាជ្ញាធរ​ ក្នុង​ការ​ជួយសង្គ្រោះ​អ្នកដំណើរ​ក្នុង​សាឡាង។ សកម្មភាព​តវ៉ា​បាន​បង្ក​ជាការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស។ យោងតាម​តុល្យការ​ចុងក្រោយ ​​ ​ជនរងគ្រោះ​​ស្លាប់​ក្នុង​ហេតុការណ៍​​​លិចសាឡាង​មាន​ចំនួន​៥៨នាក់ ហើយ​២៤៤នាក់ទៀត កំពុង​បាត់ខ្លួន​នៅឡើយ។

លោក Lee Ju-young រដ្ឋមន្ត្រី​ក្រសួង​នេសាទ​កូរ៉េខាងត្បូង បាន​ចុះទៅ​កោះជីនដូ ថ្ងៃ​២០មេសា​នេះ​ និងបានប្រឈម​​ជាមួយ​ក្រុមគ្រួសារ​​​ជនរងគ្រោះ។​
លោក Lee Ju-young រដ្ឋមន្ត្រី​ក្រសួង​នេសាទ​កូរ៉េខាងត្បូង បាន​ចុះទៅ​កោះជីនដូ ថ្ងៃ​២០មេសា​នេះ​ និងបានប្រឈម​​ជាមួយ​ក្រុមគ្រួសារ​​​ជនរងគ្រោះ។​ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្រុមអ្នកមុជទឹក​បាន​បំបាក់​បង្អួច​សាឡាង ដើម្បី​​យក​សាកសព​៣នាក់​ចេញ​ពី​សាឡាង ហើយ​នៅថ្ងៃ​អាទិត្យ​នេះ ពួកគេ​បាន​យក​សាកសព​​​ដែល​សេសសល់​ ​ចេញ​បន្ថែម​ទៀត។ ​ទម្រាំ​រក​បាន​ឃើញ​សាកសពទាំងនេះ​​ ក្រុម​អ្នក​​មុជទឹក៥០០នាក់ ​ត្រូវការ​ពេលវេលា​ច្រើនថ្ងៃ​ ​​ព្រោះ​ថា ចរន្តទឹក​ហូរខ្លាំង ហើយ​​​​​​ ពួកគេ​ពិបាក​នឹង​មើល​ឃើញ​ក្នុង​ទឹក​ណាស់។

គួររំលឹកថា សាឡាង​ដែល​លិច​កាលពីថ្ងៃ​ពុធ ​ដឹកមនុស្ស​៤៧៦នាក់ ក្នុង​នោះ​មាន​សិស្ស​វិទ្យាល័យ​និង​គ្រូបង្រៀន​​​៣៣៩នាក់ មកពី​សាលារៀន​​ជាយក្រុង​សេអ៊ូល​ មួយកន្លែង​ឈ្មោះថា អាន់សាន។ ម្សិលមិញ​ អាជ្ញាធរ​បាន​​ចាប់ខ្លួន​កាពីទែន​សាឡាង​ គឺ​លោក​ លី យ៉ុងសឹក និង​​ក្រុមការងារ​កាពីទែន​នេះ​ ២រូប​ទៀត​ផងដែរ។ កាពីទែនលី​ យ៉ុងសឹក​ ​ជាប់ចោទ​ពីបទ​ធ្វេស​ប្រហែស​ និងរំលោភ​ច្បាប់​សមុទ្រ​ដោយ​សារ​រត់ចោល​សាឡាង​ដែល​កំពុងរងគ្រោះ។ ​

នៅថ្ងៃ​អាទិត្យ​នេះ សមាជិក​ក្រុមគ្រួសារ​ជនរងគ្រោះ​រាប់រយ​នាក់​ បាន​នាំគ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ភាពយឺតយ៉ាវ​របស់​អាជ្ញាធរ​ក្នុង​ប្រតិបត្តិការ​ចុះទៅ​សង្គ្រោះ​អ្នកដំណើរ​ក្នុង​សាឡាង។ ​ក្នុង​សកម្មភាពតវ៉ា​នេះ ​ពួកគេ​បាន​នាំគ្នា​ដើរ​​​ចេញ​​ពី​កោះជីនដូ ​ដែល​ស្ថិត​នៅ​ក្បែរ​​កន្លែង​កើតហេតុ សំដៅ​ឆ្ពោះ​ទៅ​ក្រុងសេអ៊ូល។ ប៉ុន្តែ​ ប៉ូលិស​ទទួលបន្ទុក​ទប់ស្កាត់​​កុប្បកម្ម​ បាន​ហាមឃាត់​ក្បួន​ដង្ហែ​របស់ពួកគេ ធ្វើអោយ​​​​​មាន​ជម្លោះ​​កើតឡើង។

ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហឺ បាន​ធានាអះអាង​ថា មិន​អោយ​ម៉ាស៊ីន​ស្ទូច​ ស្ទូច​យក​បំណែក​សាឡាង​​ចេញ​ទេ ដរាបណា​​គេ​​នៅ​មិនទាន់​រុករក​សាកសព​ក្នុង​សាឡាង​អោយ​បាន​រួចរាល់ ​គ្រប់កន្លែង​នោះ។ ​គ្រួសារ​ជនរងគ្រោះ​​មានការ​យល់ផ្ទុយគ្នា​លើ​ការ​មិន​ស្ទូច​យក​បំណែក​សាឡាង​ចេញនេះ។ ​អ្នកខ្លះ​យល់ថា ដោយសារ​​ការ​រង់ចាំ​រកអោយ​ឃើញ​នូវ​គ្រប់​​សាកសព​ជនរងគ្រោះ​ ក្តីសង្ឃឹម​ថា ជន​រងគ្រោះ​មួយចំនួន​អាច​នៅ​មាន​អាយុជីវិត​នោះ នឹង​ផុតរលត់​ទៅវិញបាន។ អ្នកខ្លះ​ទៀត​យល់​ថា ការដែល​​មិនទាន់​ស្ទូច​យក​បំណែក​សាឡាងនេះ អាច​​ជួយ​មិន​​អោយ​​​​​ខូច​សាកសព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ