អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អំពើ​ពុក​រលួយ​កំពុង​ប្រមូល​ផ្តុំ​​នៅ​លើ​អ្នក​រត់​ការ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា​កំពុង​ព្យាយាម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​បាន​ចាក់ឫស​យ៉ាងជ្រៅ និង​បាន​ក្លាយជា​វប្បធម៌​មួយ​ នៅក្នុង​ប្រទេស​នេះ​ទៅហើយ។ នៅពេល​ដែលមាន​វិធានការ​កំចាត់​អំពើពុករលួយ​ដែល​វា​បានបង្ហាញ​អំពី​ប្រសិទ្ធភាពខ្លះៗហើយ​នោះ រូបភាព​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ ​ក៏បាន​ផ្លាស់ប្តូរ​ពី​ការប្រព្រឹត្ត​ដោយ​ចំហរ មកជា​ការ​ត្បិតត្បៀត លាក់កំបាំង​ក្នុង​ទម្រង់ផ្សេងៗគ្នា។ ប៉ុន្តែ​រូបភាព​មួយ​ដែល​នៅ​ចំហរ​ដដែល​នោះ គឺ​ទិដ្ឋភាព​រត់ការ​ឯកសារ​ នៅតាម​ស្ថាប័នរដ្ឋ​នានា។ រូបភាព​រត់ការ ដែល​គេ​ហៅថា «ឈ្មួញកណ្តាល» នេះហើយ ​ដែល​ធ្វើអោយប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ មានភាព​អយុត្តិធម៌ និង​គ្មាន​តម្លាភាព​ ​នៅក្នុង​ការងារ​បម្រើសេវា​របស់​រដ្ឋ​នោះ។ បើ​ឈ្មួញកណ្តាល​ក្រៅផ្លូវការ​នៅតែមាន អំពើពុករលួយ​ក៏​តែមាន។ 

ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល​អនុម័ត​សេចក្តីព្រាងអនុក្រឹត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល​អនុម័ត​សេចក្តីព្រាងអនុក្រឹត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុង​បន្ត​អនុវត្ត​ន៍​បេសកកម្ម​របស់ខ្លួន។ ក្នុង​រយៈពេល​ចុងក្រោយ​​នេះ គេ​ឃើញ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ផ្សាយ​អំពី​ការកោះហៅ​មន្ត្រី​តាម​ខេត្ត​មក​សាកសួរ និង​ចាប់ខ្លួន​ក្នុង​បណ្តឹង​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ ការអនុវត្ត​ន៍​ច្បាប់​ដ៏​រសើប​មួយ​នេះ បានធ្វើអោយ​មន្ត្រី​ដែល​ធ្លាប់តែ​ប្រព្រឹត្ត​អំពើ​ពុករលួយ ខ្លាចរអា​ និយាយ​ដោយឡែក និង​បានធ្វើអោយ​ស្ថាប័នរដ្ឋ​នានា​រៀបចំ​របៀប​ធ្វើ​ការងារ​ប្រកប​ដោយ​​តម្លាភាព និង​គណនេយ្យភាព​ឡើងវិញ និយាយ​ជារួម ដោយសារតែ​វា​ជា​គោលនយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ផង។

ប៉ុន្តែ គេ​ហាក់​បាន​មើលរំលង ទិដ្ឋភាព​ពុករលួយ​ដែល​កំពុង​កើត​នៅក្បែរ​ក្លៀក ​នៅតាម​ស្ថាប័ន។ នោះ​គឺ​សេវា​ឈ្មួញកណ្តាល។ អ្នកធ្វើការងារ​នេះ ពេលខ្លះ​ជាម​ន្ត្រី​ផ្ទាល់​តែម្តង ហើយ​ពេលខ្លះ​ក៏​ជា​អ្នក​ដែល​មន្ត្រី​ស្គាល់​ស្និទ្ធ ហើយក៏​អនុញ្ញាតអោយ​នៅចាំ​រត់កា​រ​បំពេញ​ឯកសារ​នានា​សម្រាប់​ពលរដ្ឋ ដែល​សុខចិត្ត​ចំណាយ​ថវិកា។ បន្ទាប់មក ​ពួកគេ​ក៏​បែងចែក​លាភ​សក្តា​រៈ​គ្នា​ជាមួយ​មន្ត្រី។

សព្វថ្ងៃនេះ ប្រសិនបើ​ពលរដ្ឋ​ទៅធ្វើ​ស្លាក​លេខ​រថយន្ត ឬ​ស្លាក​លេខ​ម៉ូតូ​នោះ គេ​កម្រ​ឃើញ​ពលរដ្ឋ​​តម្រង់​ជួរ​ ដើម្បី​បំពេញ​ពាក្យស្នើសុំ​ដោយ​ខ្លួនឯង​ណាស់។ គ្រាន់តែ​ចុះ​ពី​រថយន្ត ឬ​ពី​ម៉ូតូ​ភ្លាម គេ​ដឹងថា​ ត្រូវ​ទៅរក​អ្នកណា​ហើយ។ ភាគច្រើន ​គឺជា​មន្ត្រី​ក្នុង​ស្ថាប័ន​នោះ​តែម្តង ដែល​រត់ការ​បំពេញ​សំណុំបែបបទ ស្នើសុំ​ធ្វើ​ស្លាក​លេខ។ ប្រសិនបើ​ពលរដ្ឋ​ចង់​ធ្វើ​សៀវភៅ​គ្រួសារ ប៉ូលិស​ប៉ុ​ស្ត៍​​នឹង​អាច​និយាយ​យ៉ាង​តឹងតែង​ថា ​ពិបាកធ្វើ មន្ត្រី​រវល់​ច្រើន។ ប៉ុន្តែ​ ប្រសិនបើ​គេ ប្រគល់អោយ​មន្ត្រី​ប៉ូលិស​​ណា​ម្នាក់​រត់ការ​តែ​ម្តងនោះ វា​ក្លាយទៅជា​រឿង​ផ្សេង ហើយ​ងាយស្រួល​​ទៅវិញ។

នៅ​កន្លែង​ធ្វើលិខិត​ឆ្លងដែន​វិញ មិនមែន​ថា​គ្មាន​ច្រកចេញចូល​របស់​រដ្ឋ​នោះទេ។ ពលករ​ដែលមាន​ប្រាក់​ត្រឹមតែ​ធ្វើលិខិត​ឆ្លងដែន ត្រូវបំពេញ​ឯកសារ​ខ្លួនឯង​យ៉ាងច្រើន និង​ត្រូវ​តម្រង់​ជួរ​ចាំ​គ្នា​ជា​បន្តបន្ទាប់ ​យ៉ាងយូរ។ ប៉ុន្តែ​សម្រាប់​អ្នកមាន​ប្រាក់កាស​វិញ គេ​គ្រាន់តែ​ដើរ​តម្រង់​ការិយាល័យ​របស់​មន្ត្រី​ណា​ម្នាក់ មន្ត្រី​នោះ​នឹង​បំពេញ​ឯកសារ​ជូន ហើយ​ធ្វើតាម​នីតិវិធី​យ៉ាង​លឿន​​ទៀតផង។ គ្រាន់តែ​ថា គេ​ត្រូវ​បង់​ថវិកា​ថ្លៃ​ជាង​តម្លៃ​ធម្មតា​ប៉ុណ្ណោះ។ សេវា​រត់ការ មាន​នៅ​​ច្រើន​​កន្លែង​ទៀត ក្នុង​ទ្រង់ទ្រាយ​តូច ឬ​ធំ​តែប៉ុណ្ណោះ។

តើ​សេវា​រត់ការ ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​ផង​នោះ ផ្តល់​ផលវិបាក​អ្វីខ្លះ?

ទី១- ការដែល​អនុញ្ញាតអោយ​មាន​សេវា​ក្រៅផ្លូវការ​យ៉ាងនេះ វា​មិន​ខុស​អ្វី​ពី​ការបង្កើត​អោយ​មាន​​ស្តង់ដារ​ការងារ​ពីរ ហើយ​វា​បាន​បង្កើតអោយមាន​ភាព​អយុត្តិធម៌ ​រវាង​អ្នក​ទៅរក​សេវា​នោះ។ បានន័យថា អ្នកមាន​ប្រាក់​នៅតែមាន​អាទិភាព ជាង​អ្នក​គ្មាន​ប្រាក់ ហើយ​ទីបំផុត​ទៅ ការរិះគន់​នឹង​ធ្លាក់​ទៅលើ​រដ្ឋ។

ទី២- ដោយសារតែ​ការ​យកលុយ​ពី​អតិថិជន​នេះហើយ​បានជា​មន្ត្រី​ត្រូវ​ខំធ្វើការ​ងារ​ ដើម្បី​អោយ​​អតិថិជន​ផ្តល់​លុយ​អោយ​ពួកគេ ហើយ​ពួកគេ​ក៏​ទុកចោល​ការងារ​របស់​ព​ល​រដ្ឋ​ធម្មតា។ តើ​ប្រសិទ្ធភាព​ការងារ​នៅត្រង់ណា?

ទី៣- ការអនុញ្ញាត​អោយមាន​មន្ត្រី​រត់ការ​បែបនេះ វា​ក៏​ជាការ​ផ្តល់ឱកាស​អោយ​មន្ត្រី​ប្រព្រឹត្ត​​អំពើ​ពុករលួយ​នេះឯង។

កន្លងមក ​ក៏​ធ្លាប់មាន​មន្ត្រី​និយាយ​បន្ទោស​ពលរដ្ឋ​វិញ​​ថា​ មិនចេះ​ធ្វើ​ការងារ​ដោយ​ខ្លួន ហើយក៏​ចង់តែ​ប្រញាប់​ទើប​ជួល​មន្ត្រី​អោយ​រត់ការ។ តាមពិតទៅ​ អ្វីដែល​ត្រូវ​និយាយ​គ្នា​ត្រង់នេះ​ គឺថា តើ​រដ្ឋ​ឬ​មន្ត្រី​ចង់​បញ្ចប់​សេវា​ឈ្មួញកណ្តាល​រត់ការ​ឯកសា​រ ដែលជា​ជម្រក​នៃ​អំពើពុករលួយ ឬ​មិន​ចង់​​បញ្ចប់​ទេ? បន្ទាប់មកទៀត ដើម្បី​សំរួល​ពលរដ្ឋ​ក្នុងការ​មករក​សេវា​របស់​រដ្ឋ​ នៅតាម​ស្ថាប័ន​នានា ច្រកចេញចូល​តែមួយ​ គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព។

ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋ​ក៏ត្រូវ​ចូលរួមចំណែក​ក្នុង​ការកសាង ភាព​ស្អាតស្អំ​ក្នុងសង្គម​ខ្មែរ​នេះដែរ តាមរយៈ​ការបញ្ឈប់​រក​សេវា​រត់ការ​ទាំងនេះ។ ប្រជាពលរដ្ឋ​ក៏​គួរតែ​សាកល្បង​អនុវត្ត​សិទ្ធិ​របស់ខ្លួន ដែល​ខ្លួន​ត្រូវ​ទទួលបាន ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា​កំពុង​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​​ស៊ីជម្រៅ​នោះ។ ពលរដ្ឋ​ត្រូវ​ហ៊ាន​តវ៉ា និង​ប្តឹង​មន្ត្រី​ពុករលួយ។ រីឯ​មន្ត្រី​វិញ ក៏​គួរតែ​យល់ថា កំណែទម្រង់​មានតម្លៃ​ធំធេង ធ្ងន់​ជាង​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ​ដែល​ធ្វើអោយ​អោយ​រដ្ឋាភិបាល​បាត់បង់​កិត្តិយស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ