អានតួអត្ថបទ
កម្ពុជា

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ផ្សព្វផ្សាយ​ពី​ប្រកាស​អន្តរ​ក្រសួង

ប្រកាស​របស់​អន្តរក្រសួង ស្តីពី ការផ្តល់​សេវា​រដ្ឋបាល នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ស​ខេង និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ផ្សព្វផ្សាយ ជា​សាធារណៈ​តាម​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។ សេវា​រដ្ឋបាល ដែល​ផ្តល់​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅតាម​សាលាខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ រហូត​ដល់​តាម​ឃុំ និង​សង្កាត់ ត្រូវបាន​រៀបចំ​ជា​កម្រង​សេវា​រដ្ឋបាល ដែល​មាន​រាយ​លម្អិត​អំពី​តម្លៃ​សេវា រយៈពេល​នៃ​ការ​ផ្តល់​សេវា និង​សុពលភាព ទៅ​តាម​ប្រភេទ​សេវា​រដ្ឋបាល​នីមួយៗ ដូចជា ការបញ្ជាក់​លើ​ឯកសារ​​ថតចម្លង ការងារ​វិនិយោគ សំបុត្រ​បញ្ជាក់​កំណើត និង​លិខិតបញ្ជាក់​ទីលំនៅ ជាដើម​។

លោក ឱម​យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
លោក ឱម​យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

ប្រកាស​អន្តរក្រសួង ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣ មាន ១១ ប្រការ​។ ជា​សេចក្តីសម្រេច អនុញ្ញាត​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នៅ​ខេត្ត រាជធានី ក្រុង ស្រុក​ខណ្ឌ ឃុំ​សង្កាត់ អនុវត្ត​ការប្រមូល​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល​របស់​ខ្លួន ដើម្បី​ជា​គុណប្រយោជន៍​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

ប្រកាស​រួម ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទើបតែ​បាន​ផ្សព្វផ្សាយ ក៏​បាន​តម្រូវឲ្យ​រដ្ឋបាល​រាជ​ធា​នី ខេត្ត ក្រុង ស្រុក​ខណ្ឌ និង​រដ្ឋបាល​ឃុំ​សង្កាត់ ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ លើ​ក្តារ​ព័ត៌មាន នៅ​កន្លែង​ផ្តល់​សេវា​រដ្ឋបាល អំពី​តារាង​កម្រង​សេវា​រដ្ឋបាល ទម្រង់​ឯកសារ និង​នីតិវិធី​សម្រាប់​ការផ្តល់​សេវា​រដ្ឋបាល ពាក់ព័ន្ធ​នឹង​ការប្រមូល​ចំណូល​។​

ប្រកាស​អន្តរក្រសួង ក៏​បាន​កំណត់​ឲ្យ​រដ្ឋបាល​រាជ​ធា​នី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់ ត្រូវ​រៀបចំ​បង្កើតឲ្យមាន​ប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ វាយតម្លៃ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ ក្នុង​ការផ្តល់​សេវា​រដ្ឋ​បាល នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ក្នុងនោះ រាល់​ការប្រមូល​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល ត្រូវ​ប្រើប្រាស់​បង្កាន់ដៃ​បង់ប្រាក់ ដែល​បើក​ផ្តល់​ដោយ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រាជធានី​ខេត្ត​។​

រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ និង​ឃុំ​សង្កាត់ ក៏​ត្រូវ​រៀបចំ​ឲ្យមាន​យន្តការ នៃ​ការផ្តល់​សេវា​រដ្ឋបាល នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តាម​លក្ខណៈ​ជា​ច្រកចេញចូល​តែ​មួយ ដើម្បី​ទទួល​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ និង​ធុរជន ឲ្យបាន​ទាន់​ពេលវេលា​តាម​ការកំណត់​។​

ភ្ជាប់​នឹង​ប្រកាស​អន្តរក្រសួង ចុះ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣ ស្តីពី ការផ្តល់​សេវា​រដ្ឋបាល នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏​មាន​តារាង​ឧបសម្ព័ន្ធ ចំនួន ២៤ ទំព័រ​។ តារាង​ឧបសម្ព័ន្ធ​ទាំងនោះ បាន​កំណត់​ពី​ប្រភេទ​នៃ​ការបញ្ជាក់​លើ​ឯកសារ​ថតចម្លង និង​លិខិតបញ្ជាក់​អាជីវកម្ម រួម​ទាំង​តម្លៃ​សេវា រយៈពេល​ផ្តល់​សេវា និង​សុពលភាព​។​

ដោយ​អះអាង​ថា ការកំណត់​តម្លៃ និង​ពេលវេលា​ផ្តល់​សេវា​រដ្ឋបាល នៅ​សាលាខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់ ជា​ការចង់​បានយូ​រម​ក​ហើយ​របស់​សង្គម​ស៊ីវិល និង​មហាជន លោក សន ជ័យ តំណាង​ប្រចាំ​ប្រទេស​កម្ពុជា នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ស្នើ​ឲ្យ​រដ្ឋាភិបាល គួរតែ​កំណត់​ពី​ការដាក់ទោស​លើ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ណា ដែល​មិន​អនុវត្ត​តាម​ប្រកាស​រួម​ខាងលើ​។​

លោក​សន​ជ័យ រំពឹងថា បន្ទាប់ពី​មាន​ប្រកាស​រួម​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខាងលើ​រួច​ហើយ វប្បធម៌ ដែល​មន្ត្រី​ធ្លាប់​ជម្រិត​ទារលុយ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ ពី​ការបញ្ជាក់​លិខិតស្នាម នៅ​ឃុំ​សង្កាត់ ដូចជា សំបុត្រកំណើត និង​សំបុត្រអាពាហ៍ពិពាហ៍ ជាដើម នឹងត្រូវ​បញ្ចប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ