អានតួអត្ថបទ
ថៃ

វិបត្តិនយោបាយថៃ៖មេទ័ព​ប្រាយុទ្ធ ចាន់អូចា​ប្រកាស​ធ្វើ​រដ្ឋប្រហារទម្លាក់​រដ្ឋាភិបាល​ចំាផ្ទះ

នៅ​ក្នុង​ប្រទេស​ថៃ មេទ័ព​ប្រាយុទ្ធ ចាន់អូចា​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី២២ ឧសភា​នេះ​ត​ទៅ កងទ័ព​ជា​អ្នកកាន់​អំណាច​បណ្តោះអាសន្ន​ដោយ​រង់ចំា​ដំណោះស្រាយ​វិបត្តិ នយោបាយ​ នៅ​ថ្ងៃ​ខាង​មុខ។ លោក​ចាន់អូចា​បាន​លើក​យក​ហេតុផល​មក​ពន្យល់​ថា ការ​​ដែល​កងទ័ព​យក​អំណាច​មក​កាន់​ពេល​នេះ​គឺ​​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ និង​ផ្តើម​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​មួយ​ចំនួន។ ការ​សម្រេច​របស់​មេទ័ព​នេះ​បាន​ធ្វើ​ឡើង ២ថ្ងៃ​ក្រោយ​ពី​បាន​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ច្បាប់អាជ្ញាសឹក។

មេទ័ព​ថៃ​ដ៏​មាន​ឥទ្ធិពល​លោក ប្រាយុទ្ធ ចាន់អូចា (រូបកណ្តាល)
មេទ័ព​ថៃ​ដ៏​មាន​ឥទ្ធិពល​លោក ប្រាយុទ្ធ ចាន់អូចា (រូបកណ្តាល) capture d'écran TV thaïlandaise
ផ្សាយពាណិជ្ជកម្ម

ពិត​ជា​មិន​មាន​អ្វី​គួរ​ឲ្យ​ចម្លែក និង​ភ្ញាក់ផ្អើល​ឡើយ ដែល​ប្រទេស​ថៃ​បាន​ធ្លាក់​ក្នុង​រដ្ឋប្រហារ​យោធា​ជា​ថ្មី​នៅ​ពេល​នេះ។ មិន​ចម្លែក និង​មិន​ភ្ញាក់ផ្អើល​នៅ​ត្រង់ថា នៅ​ពេល​ណា​ដែល​វិបត្តិនយោបាយ​អូសបន្លាយ​គ្មាន​ច្រកចេញ គឺ​មាន​តែ​កងទ័ព​ទេ​ជា​អ្នក​ចេញ​មុខ​ដោះស្រាយ។ មេទ័ព​លោក​ប្រាយុទ្ធ ចាន់អូចា​ដែល​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ច្បាប់អាជ្ញាសឹក​កាល​ពី ២ថ្ងៃ​មុន ពោល​ក្នុង​ថ្ងៃទី២២ ឧសភា មិន​បាន​ប្រើ​ពាក្យ​រដ្ឋប្រហារ​យោធា​ចំៗ​ទេ តែ​បាន​និយាយ​ថា កងទ័ព​ត្រូវ​តែ​យក​អំណាច​មក​កាន់​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ និង​ផ្តើម​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​មួយ​ចំនួន។ ទង្វើ​របស់​កងទ័ព​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​វិបត្តិ​បាន​អូសបន្លាយ​រយៈពេល ៦ខែ​គ្មាន​ច្រកចេញ និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២៨នាក់។

អ្វី​ជា​ការ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា ការ​ប្រកាស​យក​អំណាច​មក​កាន់​របស់​លោក​ចាន់អូចា​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រូបលោក​ចាន់អូចា​ធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​កិច្ចប្រជុំ​បាន​រយៈពេល ២ម៉ោង​ដែល​ចូលរួម​ដោយ​ក្រុមអាវលឿង និង​ក្រុមអាវក្រហម។ កិច្ចប្រជុំ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ពុធ ទី២១ ឧសភា។ បើ​យោង​តាម​សាក្សី​មួយ​ចំនួន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេល​ដែល​លោក​ចាន់អូចា​ប្រកាស​ពី​ការ​យក​អំណាច​មក​កាន់​នោះ កងទ័ព​ក៏​បាន​នំា​យក​ក្រុមអ្នកតំណាង​ទំាង​ពីរ​ក្រុម​ចូល​ក្នុង​ឡាន​ទាហ៊ាន​ដោយ​មិន​ដឹង​យក​ទៅ​ទីណា​ទេ។ មួយ​វិញ​ទៀត គេ​ក៏​មិន​អាច​ដឹង​ពី​កន្លែង​ដែល​លោក​នាយករដ្ឋមន្រ្តី​ចំាផ្ទះ​កំពុង​ស្ថិត​នៅ​ដែរ។ សម្រាប់​ក្រុមបាតុករ​ទំាង​ពីរ​ក្រុម​វិញ ក៏​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាង​ណា​ជុំវិញ​រដ្ឋប្រហារ​យោធា​ជា​ថ្មី​នៅ​ពេល​នេះ​ទេ។

សូមជម្រាបជូន​ថា នៅ​ក្នុង​ប្រទេស​ថៃ កងទ័ព​ជា​អ្នក​ដែល​មាន​អំណាច​ខ្លំាង​ជាង​គេ។ គ្រាន់​តែ​ក្នុង​រយៈពេល ៨១ឆ្នំា ថៃ​បាន​ស្គាល់​រដ្ឋប្រហារ​យោធា ឬ​មួយ​ក៏​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​ចំនួន ១៩ដង។ ២ដង​ចុង​ក្រោយ គឺ​ការ​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នំា ២០០៦ និង​ថ្ងៃនេះ ទី២២ ឧសភា ឆ្នំា ២០១៤៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ