អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រជា​ជន​និង​សង្គ្រោះ​ជាតិ​ជួប​គ្នា​ដើម្បី​ជជែក​រក​ដំណោះ​ស្រាយ

ស្ថានការណ៍​នយោបាយ​ហាក់​បាន​ឈាន​ទៅ​រក​​ភាព​​ធូរ​ស្រាល​​បន្តិច​​ឡើង​វិញ​​ហើយ ​នៅ​ពេល​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យល់ព្រម​អង្គុយ​ទល់មុខ​គ្នា​ដើម្បី​​ជជែក​គ្នា​រក​ដំណោះស្រាយ។ នៅ​ព្រឹក​មិញ​នេះ ក្រុមការងារ​គណបក្ស​ទាំង​ពីរ​​ដែល​មាន​សមាភាព​៣នាក់​​មក​ពី​​គណបក្ស​នីមួយៗ បាន​ជួបគ្នា​ដើម្បី​រក​ច្រក​ចេញពី​វិបត្តិ​ក្រោយ​ការបោះឆ្នោត។

លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង​​លោក​សម រង្ស៊ី
លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង​​លោក​សម រង្ស៊ី REUTERS/Khem Sovannara
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ចម្រុះ​ចំពោះ​កិច្ច​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​លេច​រូបរាង​​សាជាថ្មី​ហើយ​ បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ទាំង​ពីរបាន​ជួបប្រជុំគ្នា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៩ សីហា​នេះ នៅ​វិមាន​រដ្ឋសភា។

កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​សុក្រ៩សីហា​នេះ ​មាន​សមាសភាព៣នាក់​មកពី​គណបក្សម្ខាងៗ គឺ​លោក ជាម យៀប លោក ព្រុំ សុខា និង លោក អ៊ុក គឹម​ហាន មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សុន ឆ័យ លោក គួ​យ ប៊ុន​រឿន និង​លោក យ៉ែម បុញ្ញឫទ្ធិ មកពី​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រោយពី​កិច្ចប្រជុំ​រយៈពេល​ជាង​ពីរ​ម៉ោង លោក​យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​ទាំងពី​រ​បានសម្រេច​បង្កើត​គណៈកម្មកា​រ​​​ចម្រុះ​ចំពោះ​កិច្ច​ ដែល​នឹង​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នីតិកាល​ទី៥នេះ។

អ្នកនាំពាក្យ​រូបនេះ ​បាន​បន្តថា ​បើទោះបីជា​មិនទាន់​មានការ​ស​ម្រ​ច​ជាក់លាក់​ណាមួយ​ក៏ដោយ តែ​ជាគោលការណ៍ ក្រៅពី​សមាសភាព​មកពី​គណបក្សនយោបាយ​ទាំងពីរ ក៏មាន​ដែរ​​តំណាង​អង្គការសហប្រជាជាតិ​ជា​អ្នក​អង្កេត​ការណ៍ អង្គ​ការ​​សង្គម​ស៊ីវិល​ជា​អ្នកជំនួយ​ផ្នែក​បច្ចេកទេស ធ្វើ​របាយការណ៍ និង​ផ្តល់​អនុសាសន៍​ដល់​គណ​បក្សនយោបាយ​ទាំងពីរ។​ គណបក្ស​​​ទាំងពីរ​​ដែល​គ្រោង​បើក​កិច្ចប្រជុំ​ជាមួយគ្នា​ម្តងទៀត​ក្នុងពេលឆាប់ៗនេះ។

គួរ​កត់សម្គាល់ថា ការ​ឈានដល់​ការបើក​កិច្ចប្រជុំ​រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​នៅថ្ងៃនេះ បាន​កើតឡើង​បន្ទាប់ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បន្ទន់ឥរិយាបថ​​របស់ខ្លួន​ដោយ​ស្នើ​អង្គការសហប្រជាជាតិ​ត្រឹម​ជា​អ្នក​អង្កេត​ការណ៍​ក្នុង​គណៈកម្មការ​ចម្រុះ​តែប៉ុណ្ណោះ។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ពន្យល់ថា ការបន្ទន់​ឥរិយាបថ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ គឺជា​ការសម្របសម្រួល​ដើម្បី​បន្ធូរ​ភាព​តានតឹង​នយោបាយ និង​បានកើត​ចេញពី​ការជជែក​គ្នា​រវាង​គណបក្ស​ទាំងពីរ ។

ជំនួប​នេះ​ក៏បាន​កើតឡើង​ស្រប​ពេលដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បាន​កោះហៅ​គណបក្ស​ប្រជាជ​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ចូលរួម​ប្រជុំ​បង្កើត គណៈកម្មការ​ពិសេស​មួយ សម្រាប់​ដោះស្រាយ​ភាពមិនប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត​នីតិកាល​ទី៥នេះ។

កិច្ចប្រជុំ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​មិញ​នេះ គឺជា​សញ្ញាណ​ជា​វិជ្ជមាន​មួយ​ ឈានទៅរក​ការបង្កើត​គណៈ​កម្មការ​​ច​ម្រុះ​​ដើម្បី​អង្កេត​លើ​​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ ដែលជា​ដើមចម​នៃ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ