អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ប្រទេស​ស៊ូដង់ខាងត្បូង​កំពុង​ស្ថិត​មាត់ជ្រោះ​នៃ​សង្រ្គាមស៊ីវិល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ ដែល​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ស៊ូដង់ខាងត្បូង​បាន​ធ្លាក់​ដុនដាប​យ៉ាង​ខ្លំាង។ តំាង​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​នេះ​មក ការ​ប្រយុទ្ធ និង​ការ​កាប់​សម្លាប់​គ្នា​បាន​កើត​មាន​យ៉ាង​សាហាវ​រវាង​ក្រុម​អ្នកគំាទ្រ​លោក​ប្រធានាធិបតី​បច្ចុប្បន្ន​សាលវ៉ា គៀ និង​លោក​អតីត​អនុប្រធានាធិបតី​រៀក ម៉ាស្ហារ។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​គូបដិបក្ខ​ទំាង​ពីរ​ដែល​បណ្តាល​ឲ្យ​មាន​អ្នក​រត់ភៀសខ្លួន​រាប់សិប​ពាន់នាក់។ រីឯ​សហគមន៍​អន្តរជាតិ​ក៏​បាន​សម្តែង​ក្តីព្រួយបារម្ភ ព្រម​ទំាង​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទំាង​ពីរ​ផ្តើម​កិច្ចចរចា​ដោយ​សន្តិវិធី។ តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​បាន​ជម្រុញ​ឲ្យ​ស៊ូដង់ខាងត្បូង​ធ្លាក់​ក្នុង​អំពើហិង្សា​កាប់​សម្លាប់​គ្នា​យ៉ាង​ឃោរឃៅ​របៀប​នេះ?

លោកសាលវ៉ា គីអៀ (រូបឆ្វេង) ប្រធានាធិបតី​ស៊ូដង់ខាងត្បូង និងលោករៀក ម៉ាស្ហារ (រូបស្តំា) អតីត​អនុប្រធានាធិបតី
លោកសាលវ៉ា គីអៀ (រូបឆ្វេង) ប្រធានាធិបតី​ស៊ូដង់ខាងត្បូង និងលោករៀក ម៉ាស្ហារ (រូបស្តំា) អតីត​អនុប្រធានាធិបតី REUTERS/Goran Tomasevic/Files
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​យល់​ពី​ព្រឹត្តិការណ៍​ដែល​បាន និង​កំពុង​កើត​មាន​នៅ​ស៊ូដង់ខាងត្បូង​ពេល​នេះ គេ​គួរ​តែ​បក​ក្រោយ​មើល​ពី​ការ​ចាប់​កំណើត​របស់​ស៊ូដង់ខាងត្បូង​នេះ​បន្តិច​សិន។ ពី​ដំបូង​ឡើយ ប្រទេស​ស៊ូដង់​មាន​តែ​មួយ​គត់ គឺ​មិន​បាន​ពុះ​ចែក​ជា​ពីរ ស៊ូដង់ខាងជើង និង​ស៊ូដង់ខាងត្បូង​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា ប្រទេស​សូដង់​ត្រូវ​បាន​ញំញី​ដោយ​សង្រ្គាមស៊ីវិល​អស់​រយៈពេល ២ទសវត្សរ៍ គឺ​ជា​សង្រ្គាម​រវាង​រដ្ឋាភិបាល​ស៊ូដង់ និង​ក្រុមឧទ្ទាម​ទាមទារ​ផ្តាច់​ទឹកដីនិយម​នៅ​តំបន់​ប៉ែកខាងត្បូង។ ការ​ចរចា​រវាង​រដ្ឋាភិបាល និង​ក្រុមឧទ្ទាម​ធ្លាប់​បាន​ធ្វើ​ជា​ហូរហែរ ដោយ​នៅ​ទីបំផុត ស៊ូដង់​ក៏​ត្រូវ​បាន​កាត់ផ្តាច់​ជា​ពីរ​ជា​ផ្លូវការ​កាល​ពី​ឆ្នំា ២០១១ នៅ​ម្ខាង គឺ​ស៊ូដង់ខាងជើង​ដែល​មាន​ទីក្រុង​ឈ្មោះ កាតទូម ដឹកនំា​ដោយ​លោក​ប្រធានាធិបតី​អូម៉ា អ៊ែលបេឈៀរ និង​នៅ​ម្ខាង​ទៀត គឺ​ស៊ូដង់ខាងត្បូង​ដែល​មាន​ទីក្រុង​ឈ្មោះ យូបា ដឹកនំា​ដោយ​​លោក​ប្រធានាធិបតី​សាលវ៉ា គីអៀ។ គឺ​ចាប់​ពី​ឆ្នំា ២០១១ នោះ​មក ដែល​ស៊ូដង់ខាងត្បូង​ទទួល​បាន​ឯករាជ្យ​ពេញទី រស់នៅ​ខ្លួន​ទីពឹង​ខ្លួន ដោយ​មិន​ត្រូវ​ការ​អាណាព្យាបាល​របស់​ស៊ូដង់ខាងជើង​ទៀត​ឡើយ។

ប៉ុន្តែ​ស្រាប់​តែ ២ឆ្នំា​ក្រោយ​ការ​ទទួល​ឯករាជ្យ​មក ស៊ូដង់ខាងត្បូង​ដែល​ជា​រដ្ឋ​ដ៏​ក្មេង​ខ្ចី​មួយ​នេះ​បែរ​ជា​បាន​និង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សង្រ្គាមស៊ីវិល​ហែកហួរ​គ្នា​ទៅ​វិញ។ តាម​ពិត​ទៅ អ្វីៗ​បាន​ផ្តើម​ផ្ទុះ​ចេញ​ដំបូង​ពី​អធិករ​រវាង​លោក​ប្រធានាធិបតី​សាលវ៉ា គីអៀ និង​អនុប្រធានាធិបតី​របស់​គាត់ គឺ​លោក​រៀក ម៉ាស្ហារ។ លោក​រៀក ម៉ាស្ហារ​ដែល​ត្រូវ​បាន​លោក​សាលវ៉ា គីអៀ​ដក​ចេញ​ពី​តំណែង​ដូច​ដក​ស្មៅ។ ការ​បញ្ចប់​តំណែង​លោក​រៀក ម៉ាស្ហារ​ត្រូវ​បាន​លោក​សាលវ៉ា គីអៀ​លើក​យក​ហេតុផល​ថា មក​ពី​លោក​រៀក ម៉ាស្ហារ​មាន​បំណង​ចង់​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក ព្រម​ទំាង​មាន​មហិច្ឆតា​ចង់​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ដែល​គ្រោង​រៀបចំ​នៅ​ឆ្នំា ២០១៥ ខាង​មុខ។ តែ​ការ​ចោទ​ប្រកាន់​របស់​លោក​សាលវ៉ា គីអៀ​ត្រូវ​លោក​រៀក ម៉ាស្ហា​បដិសេធ និង​ថា អ្វី​ដែល​លោក​សាលវ៉ា គីអៀ​បាន​និយាយ​នោះ គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​កំចាត​លោក​ចេញ​ពី​អំណាច​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ​យោធា​មែន ឬ​ក៏​មិន​មាន​នោះ ក៏​សង្រ្គាម​រវាង​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​ទំាង​ពីរ​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ហើយ។ សូដង់​ដែល​ទើប​បាន​ពុះ​ចែក​ជា​ពីរ ជើង ត្បូង​ស្រាប់​ទៅ​ហើយ​នោះ ក៏​ស្រាប់​តែ​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ​ចំណែក​ទៀត​នៅ​ប៉ែកខាងត្បូង។ នៅ​ម្ខាង គឺ​ក្រុមបក្សពួក​របស់​លោក​ប្រធានាធិបតី​សាលវ៉ា គីអៀ​ដែល​បាន​ចូល​កាន់កាប់​តំបន់​យុទ្ធសាស្រ្ត​មួយ គឺ​ទីក្រុង បរ ស្ថិត​ក្នុង​រដ្ឋ ជុងឡេ​ដែល​គ្មាន​ស្ថិរភាព និង​នៅ​ម្ខាង​ទៀត គឺ​ក្រុមបក្សពួក​របស់​លោក​រៀក ម៉ាស្ហារ​ដែល​បាន​បាន​ចូល​កាន់កាប់​តំបន់​យុទ្ធសាស្រ្ត​មួយ​ទៀត​ដែល​សម្បូរប្រេងកាត គឺ​ទីក្រុង​បេនទូ ស្ថិត​ក្នុង​រដ្ឋ​ឯកភាព។

ជិត ២សប្តាហ៍​កន្លង​ទៅ ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​របស់​លោក​សាលវ៉ា គីអៀ និង​លោក​រៀក ម៉ាស្ហារ​បាន​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​រាប់រយ​នាក់ ព្រម​ទំាង​បាន​បង្ខំ​ឲ្យ​ជនស៊ីវិល​រត់ភៀសខ្លួន​ចេញ​តំបន់​រងគ្រោះ​រាប់សិប​​ពាន់នាក់​ផ្សេង​ទៀត។ តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លំាង​នោះ​នៅ​ត្រង់​ថា បន្តិច​ម្តងៗ ជម្លោះ​ប្រជែង​អំណាច​គ្នា​រវាង​លោក​សាលវ៉ា គីអៀ និង​លោក​រៀក ម៉ាស្ហារ​បាន​និង​កំពុង​រុញច្រាន​​ប្រទេស​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ជម្លោះ​រវាង​ក្រុមជនជាតិ​ពិន្ធុ​ឌីនកា​របស់​លោក​សាលវ៉ា គីអៀ និង​ក្រុម​ជនជាតិ​ពិន្ធុ​នូអេ​របស់​លោក​រៀក ម៉ាស្ហារ។ គួរ​បញ្ជាក់​ជូន​ថា ជម្លោះ​បង្ហូរ​ឈាម​រវាង​ក្រុម​ជនជាតិ​ពិន្ធុ​ទំាង​ពីរ​ធ្លាប់​បាន​កើត​មាន​ម្តង​ហើយ​នៅ​ក្នុង​សម័យ​ដណ្តើម​ឯករាជ្យ​ស៊ូដង់ខាងត្បូង និង​ជា​ដែល​ជាទូទៅ ជម្លោះ​នេះ​ត្រូវ​បាន​ក្រុមអ្នកនយោបាយ​ប្រើ​ជា​ហេតុផល​ដើម្បី​ទាញ​ចំណេញ​នយោបាយ​របស់​ខ្លួន។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ក្រុមប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​ដែល​ជា​ក្រុមជនជាតិ​ពិន្ធុ​ឌីនកា​បាន​ធ្វើ​ការ​សម្លាប់​ពួក​ជនជាតិ​ពិន្ធុ​នូអេ​របស់​លោក​រៀក ម៉ាស្ហារ។ ការ​សងសឹក​ភ្លាមៗ​ក៏​មាន​ដែរ ពី​សំណាក់​ពួក​នូអេ​លើ​ពួក​ឌីនកា។ គឺ​ជា​ទង្វើ​មួយ​ដែល​ត្រូវ​បាន​ឧត្តមក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បរិហារ​ជា​ទង្វើ​សម្លាប់​រង្គាល​នៅ​ក្រៅ​ក្របខ័ណ្ឌ​តុលាការ ដោយ​សំដៅ​លើ​មនុស្ស​ដែល​មិន​មែន​ស្ថិត​ក្នុង​ក្រុម​ជាតិ​ពិន្ធុ​របស់​ខ្លួន។ តើ​រូបភាព​ទំាង​នេះ មិន​មែន​ជា​ការ​ចាប់​ផ្តើម​សង្រ្គាមស៊ីវិល​នៅ​ស៊ូដង់ខាងត្បូង​ទេ ឬ​យ៉ាង​ណា?

ចូរ​កុំ​ភ្លេច​ថា នៅ​ស៊ូដង់ និយាយ​ជា​រួម និង​ស៊ូដង់ខាងត្បូង និយាយ​ដោយ​ឡែក មាន​រស់នៅ​ដោយ​ក្រុមជនជាតិ​ពិន្ធុ​ផ្សេងៗ​គ្នា និង​ដែល​ការ​រស់នៅ​ជាមួយ​គ្នា​មិន​សូវ​ជា​ល្អូកល្អឺន​ប៉ុន្មាន​ទេ។ តាម​ពិត​ទៅ ភាព​តានតឹង​រវាង​ក្រុមជនជាតិពិន្ធុ​បាន​កើត​មាន​តំាង​ពី​ស៊ូដង់ខាងត្បូង​បាន​ទទួល​ឯករាជ្យ​ម្ល៉េះ។ តែ​វា​ទើប​តែ​ធ្លាក់​ធ្ងន់ធ្ងន់ នៅ​ក្រោយ​ជម្លោះ​រវាង​លោក​សាលវ៉ា គីអៀ ដែល​ជា​ជនជាតិ​ពិន្ធុ​ឌីនកា និង​លោក​រៀក ម៉ាស្ហា ដែល​ជា​ជនជាតិ​ពិន្ធុ​នូអេ។ វា​ពិត​ណាស់​ថា ទោះ​បី​ជា​ចេញ​មក​ពី​ជនជាតិ​ពិន្ធុ​ខុស​គ្នា​ក៏​ដោយ ក៏​ឥស្សរជន​នយោបាយ​ទំាង​ពីរ​នៅ​មិន​អាច​ធ្វើ​ឲ្យ​មាន​ឯកភាពជាតិ​រវាង​ក្រុមជនជាតិ​ពិន្ធុ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​នេះ គឺ​អ្នក​ទំាង​ពីរ​នេះ​ហើយ​ដែល​ជា​អ្នក​អុជភ្លើង​សង្រ្គាម​រវាង​ជនជាតិពិន្ធុ​នៅ​ស៊ូដង់ខាងត្បូង​សព្វថ្ងៃ។

តើ​ដំណោះស្រាយ​ដោយ​សន្តិវិធី​រវាង​លោក​សាលវ៉ា គីអៀ និង​លោក​រៀក ម៉ាស្ហារ​ដែល​ជា​ឥស្សរជន​ដណ្តើម​ឯករាជ្យ​ស៊ូដង់ខាងត្បូង​ដូច​គ្នា​នោះ អាច​នឹង​កើត​មាន​ឡើង ឬ​ទេ?។ នៅ​ចំពោះ​មុខ និង​បើ​ប្រៀបធៀប​កម្លំាង​រវាង​អ្នក​ទំាង​ពីរ នេះ​ពិត​ជា​រឿង​មួយ​ដ៏​សែន​ពិបាក។ តែ​ច្រក​មួយ​ដែល​អាច​នឹង​ជួយ​សម្រាល​វិបត្តិ គឺ​អន្តរាគមន៍​ដាក់គំនាប​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​អាមេរិក​ដែល​ខ្លួន​ធ្លាប់​បាន​លូកដៃ​ចូលរួម​ជួយ​រកកិច្ចព្រមព្រៀង​សន្តិភាព​ឲ្យ​ស៊ូដង់​ក្នុង​ឆ្នំា ២០០៥ និង​ដែល ៦ឆ្នំា​ក្រោយ​មក ពោល​ក្នុង​ឆ្នំា ២០១១ បាន​ជួយ​ស៊ូដង់ខាងត្បូង​ឲ្យ​ទទួល​បាន​ឯករាជ្យ​ជា​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ