អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វប្បធម៌ឃុបឃិតគឺជារបាំងរារាំងការអភិវឌ្ឍន៍​ប្រទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ចំណោម​បញ្ហា​រាប់រយ​ជំពូក​ដែល​កំពុង​ចាក់ស្រេះ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ​បញ្ហា​ភាគច្រើន​មាន​ប្រភព​ចេញ​ពី​ការ​ឃុបឃិត។ ​ការ​ឃុបឃិត​មាន​ច្រើន​សណ្ឋាន ​និង​ច្រើន​ដំណាក់កាល ​ដូចជា​ការ​ឃុបឃិត​រវាង​ឈ្មួញ​និង​អាជ្ញាធរ​ដែនដី ​រវាង​បុគ្គល​ដែល​ចង់​បាន​ផលប្រយោជន៍​ជាមួយ​មន្ត្រី​ថ្នាក់​លើ ​ឬ​ក៏​រវាង​មន្ត្រី​ថ្នាក់​ក្រោម ​និង​មន្ត្រី​ថ្នាក់​លើ។ ​ជាទូទៅ​ បញ្ហា​ដែល​កើត​ចេញ​ពី​ការ​ឃុបឃិត​បែប​នេះ​ ពិបាក​នឹង​ដោះស្រាយ​ពីព្រោះ​អ្នក​ដែល​ដោះស្រាយ​បញ្ហា​គឺ​ជា​អ្នក​បង្កើត​បញ្ហា ​និង​ទទួល​ប្រយោជន៍​ពី​បញ្ហា។ និយាយ​ជារួម​ វប្បធម៌​ឃុបឃិត​គ្នា​ជា​ឧបសគ្គ​ដ៏ធំ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​។

សាលារៀន​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​កំពុង​រង់ចាំ​ការ​អភិវឌ្ឍន៍​។
សាលារៀន​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​កំពុង​រង់ចាំ​ការ​អភិវឌ្ឍន៍​។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​សង្គម​បច្ចុប្បន្ន ​មាន​បញ្ហា​ជាច្រើន​ណាស់​ដែល​ហាក់​គ្មាន​អ្វី​គួរ​ឲ្យ​ពិបាក​ដោះស្រាយ​ ​ប៉ុន្តែ ​វា​បាន​អូស​បន្លាយ​រាប់​ខែ​ឬ​រាប់​ឆ្នាំ​នៅ​តែ​មិន​ទាន់​ចប់​ លើក​លែង​តែ​មាន​បញ្ជា​ផ្ទាល់​ពី​នាយក​រដ្ឋមន្ត្រី។ ​ប្រសិន​បើ​គេ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ​មែន​ទែន​ បញ្ហា​ទាំង​នោះ​ភាគ​ច្រើន​សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា​ជាខ្សែ​​បណ្តាញ​​​ដូច​សម្ល​កំពឹស។ ​មាន​បញ្ហា​ច្រើន​យ៉ាង​ដែល​មាន​ដើម​ហេតុ​ចេញ​ពី​ការ​ឃុបឃិត៖

នៅ​ពេល​ដែល​បុគ្គល​អ្នក​មាន​ប្រាក់​ឬ​អ្នក​មាន​អំណាច​ចង់​ទិញ​ដី​មួយ​កន្លែង ​ពួកគេ​តែង​រត់ការ​តាម​រយៈ​អាជ្ញាធរ​ដែនដី​ដើម្បី​ទទួល​បាន​ឯកសារ​ស្របច្បាប់​ជាថ្នូរ​នឹង​កម្រៃ​ជើងសារ។ ​កម្រៃ​ជើងសារ​នេះ​ឯង​ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ដែនដី​ខ្លះ​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រត់ការ​ឯកសារ​ឲ្យ​បាន​បើ​ទោះបី​ជា​ពេល​ខ្លះ​ត្រូវ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ក៏ដោយ។ ​អ៊ីចឹង​ហើយ​បាន​ជា​គេ​តែង​លឺ​ករណី​ដី​មួយ​កន្លែងមាន​ប្លង់​ជាន់​គ្នា ​ឬ​ក៏​សុខៗ​ស្រាប់​តែ​មាន​អ្នក​មក​ប្តឹង​ប្រជាពលរដ្ឋ​យក​ដី​ដោយ​សម្អាង​លើ​ប្លង់​កម្មសិទ្ធិ​ដែល​ជួនកាល​កើត​ចេញ​ពី​ការ​ឃុបឃិតគ្នាសោះ។ ទំនាស់​ដីធ្លី​ទាក់ទង​នឹង​ដីសម្បទាន​មួយ​ចំនួន​ក៏មាន​ប្រវត្តិ​ស្រដៀង​គ្នានេះ​ដែរពោល​គឺ​ការ​ឃុបឃិតគ្នា​ក្នុង​បណ្តាញ​រត់ការឯកសារ​នេះ​ឯង។

និយាយ​ជារួម​ វប្បធម៌​ឃុបឃិត​គ្នា​ជា​បណ្តាញ​នេះ​បាន​បង្កលក្ខណៈ​ងាយ​ស្រួល​យ៉ាង​ខ្លាំង​ដល់​អ្នក​រកស៊ី​មិន​ស្មោះត្រង់។ ​វា​ក៏បើក​ឱកាស​ឲ្យ​មន្ត្រី​មាន​បុណ្យ​ស័ក្តិ​ខ្លះ​ឆ្លៀត​ធ្វើខ្នង​បង្អែក​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយចំនួន​ជា​ថ្នូរ​នឹង​កម្រៃ​ជើងសារ​ផងដែរ។​ ក្រុមហ៊ុន​ទាំងនោះ​ច្រើន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ ហើយ​នៅ​ពេល​មាន​បញ្ហា​គេ​មិន​ងាយ​នឹង​ដោះស្រាយ​បាន​ឡើយ។ ​ការ​ឃុបឃិត​ក៏​ជាមូលហេតុ​ដែល​ធ្វើឲ្យ​សេវាកម្ម​របស់​រដ្ឋ​គ្មានប្រសិទ្ធភាពផងដែរ។ ​ជាក់ស្តែង​ ការ​ត្រួត​ពិនិត្យ​គុណភាព​ទំនិញ​ ការងារ​អធិការកិច្ច​ក្នុង​វិស័យ​មួយចំនួន​ ឬ​ការងារ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ផ្ទះ ​អគារ​ រហូត​ដល់​សំណង់​ផ្លូវស្ពាន​ជាដើម។

ការ​ឃុបឃិត​ក៏​ជា​ប្រភព​នៃ​អំពើ​ពុករលួយ​ដែល​ពិបាក​នឹង​លុប​បំបាត់។ ​វា​មិន​មែន​គ្រាន់​តែ​ជាប្រភព​នៃ​ការកិបកេង​ថវិកា​ជាតិ​ប៉ុណ្ណោះ​ទេ ​សូម្បីតែ​ម្ចាស់​ជំនួយ​ខ្លះ​ក៏​ត្រូវ​បាន​គេ​កិបកេង​ប្រាក់​នៅ​ក្នុង​ប្រព័ន្ធ​ឃុបឃិត​គ្នា​ជា​ខ្សែ​បណ្តាញ​នេះ​ដែរ។ ​គម្រោង​មួយចំនួន​ដែល​ផ្តល់​ថវិកា​ដោយម្ចាស់​ជំនួយ​និង​បាន​ឆ្លងកាត់​ការដេញ​ថ្លៃ​នៅ​ចំពោះមុខ​ក៏ដោយ ​ក៏មិន​អាច​គេច​ផុត​ពី​អំពើ​ពុករលួយ​ដែរ​ពីព្រោះ​ដោយសារ​ការឃុបឃិត ​ការដេញ​ថ្លៃ​ខ្លះ​គ្រាន់​តែ​ជា​ការរៀបចំ​ឆាក​បន្លំ​ភ្នែកម្ចាស់​ជំនួយ​តែ​ប៉ុណ្ណោះ។ ។ អំពើ​ពុករលួយ​ក្នុង​គម្រោង​សុខាភិបាល​ដែល ​ Global Fund ​បាន​រក​ឃើញ​ថ្មី​ៗ​នេះជា​ឧទាហរណ៍​ស្រាប់។

ជំនួញ​ឈើ​មាន​តម្លៃ​ដែល​នៅ​តែ​កើត​មាន​ជា​ហូរហែរ​បង្ក្រាប​មិន​ចេះ​អស់​​ក៏​មាន​ប្រភព​ចេញ​ពី​ការ​ឃុបឃិត​គ្នា​នេះ​ដែរ។ ​ប្រសិន​បើ​គ្មាន​ការ​ត្រូវរូវគ្នារវាងឈ្មួញនិង​សមត្ថកិច្ច​ដែនដី ឬពេលខ្លះការត្រូវរូវជាមួយតុលាការផងនោះ ​ឈើ​ក៏មិន​អាច​ចេញ​ពីព្រៃ​បានដែរ។ ​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ខ្លះៗ​ប៉ុណ្ណោះដែល​រំលេច​ឲ្យ​ឃើញ​ពីផលវិបាកដ៏ធំធេងនៃ​ការ​ឃុបឃិត​គ្នា​។ សូម្បីតែបទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ក៏អស់ប្រសិទ្ធភាពដោយសារវប្បធម៌ឃុបឃិត​គ្នានេះ​ដែរ។ ​

ជាការ​ពិត​ណាស់​ ការ​ឃុបឃិត​គ្នា​ដើម្បី​ផ​លប្រយោជន៍​ហាក់​បាន​ក្លាយ​ជា​ទម្លាប់​ធម្មតា​មួយ​ទៅ​ហើយ​នៅ​ក្នុង​បណ្តាញ​រដ្ឋបាល​សាធារណៈ ​រាប់តាំង​ពី​កិច្ចការ​តូចតាច​ រហូត​ដល់​កិច្ចការ​ធំៗ។ ​ អំពើ​ឃុបឃិត​បែបនេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​​ស្ថាប័នជាតិ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ វា​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​រដ្ឋាភិបាល​ជាពិសេស​ប៉ះពាល់​​កិត្តិយស​ប្រទេស​ជាតិ​​ទាំងមូល ​នៅ​ពេល​ដែល​ក្រសែភ្នែក​សហគមន៍​អន្តរជាតិ​និង​អ្នក​វិនិយោគទុន​បរទេស​សម្លឹង​មក​កម្ពុជា​ជា​ទីកន្លែង​ដ៏ស្មុគស្មាញ គ្មានតម្លាភាព​សម្រាប់មុខ​ជំនួញ។ ​បើ​ស្ថានភាព​នេះ​នៅ​តែ​បន្ត កម្ពុជា​មិន​អាច​ទាក់ទាញ​អ្នកវិនិយោគទុន​ធំៗ​ដែល​រកស៊ី​ត្រឹមត្រូវ​បាន​ទេ។

ដូច្នេះ ​ ការគាស់​រំលើង​វប្បធម៌​ឃុបឃិត​គ្នា​មានន័យ​ស្មើនឹង​ការដកចេញ​នូវ​របាំង​ដែល​រារាំង​ការអភិវឌ្ឍ​ប្រទេស។ ​ពិតណាស់​ថា​ វា​មិនមែន​ជាកិច្ចការ​ងាយ​ស្រួល​ទេ​ពីព្រោះ​ផ្នត់គំនិត​ឃុបឃិត​ដើម្បី​លាភ​សក្ការៈ​ផ្ទាល់ខ្លួន​បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅ​ក្នុង​មនុស្ស​ខ្មែរ​យ៉ាងច្រើន​រួច​ទៅ​ហើយ​។ ​ប៉ុន្តែ ​ប្រសិន​បើ​គេ​ទុក​បណ្តោយ​ឲ្យ​វប្បធម៌​នេះ​នៅ​មាន​អត្ថិភាព ​កម្ពុជា​ពិបាក​នឹង​ស្គាល់​ការអភិវឌ្ឍ​ពិតប្រាកដ​ណាស់។​ ជាពិសេស​ ផលវិបាក​នឹង​ធ្លាក់​ទៅ​លើ​រដ្ឋាភិបាល​គណបក្ស​កាន់អំណាច​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត​សម្រាប់​ការបោះឆ្នោត​ខាង​មុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ