អានតួអត្ថបទ
ឡាវ

ស្លាប់​៤៤នាក់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ឡាវ

យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ បាន​ធ្លាក់​នៅ​ក្នុង​ទន្លេមេគង្គ កាល​ពីល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ បណ្តាល​ឲ្យ​មនុស្ស​ទាំង ៤៤នាក់ ដែល​ជិះ​នៅលើ​នោះ​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ទាំងអស់។ នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង ៤៤នាក់​នោះ ក្រៅពី​អ្នកដំណើរ​ជនជាតិឡាវ ក៏មាន​ជនបរទេស​ជាច្រើន​នាក់​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

​​ក្រុមហ៊ុន​អាកាសចរណ៍​​ឡាវ ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ បាន​ឲ្យដឹង តាម​រយៈទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា យន្តហោះ​មួយគ្រឿង​របស់​ខ្លួន​ពិតជា​បាន​ធ្លាក់មែន ដោយ​មក​ពី​បញ្ហា​អាកាសធាតុ។

យន្តហោះ​ដែល​ធ្លាក់​នេះ គឺ​ជា​យន្តហោះ​​ ​ធុន ATR ផលិត​នៅ​ប្រទេស​បារាំង  មាន​ដឹកអ្នកដំណើរ ៣៩នាក់ ព្រមទាំង​អ្នកបើកបរ និង​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ ៥នាក់ ហោះ​ចេញ​​​ពី​ទីក្រុង​វៀងចន្ទន៍ ឆ្ពោះទៅ​ខេត្ត​ប៉ាក់សេ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏សំខាន់​មួយ​របស់​ឡាវ។ ក៏ប៉ុន្តែ នៅពេល​ជិត​ទៅដល់​គោលដៅ​ គឺ​នៅសល់តែ ៨គីឡូម៉ែត្រ​ទៀត​ដល់​ព្រលាន​យន្តហោះ​ប៉ាក់សេ យន្តហោះ​នេះ​ក៏​បាន​ធ្លាក់​ទៅក្នុង​ទន្លេមេគង្គ។

បើ​យោងតាម​មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ មនុស្ស​ទាំង ៤៤នាក់ ដែល​ជិះ​នៅលើ​យន្តហោះ​នេះ សុទ្ធតែ​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ទាំងអស់ ដោយ​មិនមាន​អ្នកណា​ម្នាក់​រួចជីវិត​នោះទេ ហើយ​នៅ​ក្នុង​នោះ ក៏​មាន​ជនជាតិ​ថៃ​ ៥នាក់​ផងដែរ។

​មន្រ្តី​ទូត​កូរ៉េ​ខាង​ត្បូង ប្រចាំ​ទីក្រុង​បាងកក​ បាន​អះអាងថា​​ នៅ​ក្នុង​ចំណោម​​អ្នកដែល​ស្លាប់​​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ មាន​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ ៣នាក់។ ចំណែក​នៅ​ទីក្រុង​ប៉ារីស​ឯណេះ​វិញ មន្រ្តីរដ្ឋាភិបាល​បារាំង​បាន​អះអាង​ថា ពលរដ្ឋ​បារាំង​យ៉ាងតិច ៧នាក់ ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ដែរ។

រដ្ឋមន្រ្តី​ការបរទេស​បារាំង លោក​ ឡូរ៉ង់ ហ្វាប៊្យូស បាន​ថ្លែង​ថា លោក​​មាន​ក្តីរន្ធត់ និង​សោកសង្វេគ​ជាពន់ពេក នៅ​ពេល​​ដឹង​ពី​រឿង​ធ្លាក់​យន្តហោះ​នេះ ហើយ​ថា លោក​បាន​ចាត់​មន្រ្តី​ទូត​បារាំង​ឲ្យ​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​ទៅកន្លែង​កើតហេតុ​នោះហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ