អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រៀបចំ​សន្តិសុខ និង​សណ្តាប់ធ្នាប់សង្គម ជា​អាទិភាពចម្បង​របស់​លោកស្រី​ប្រធានាធិបតីថ្មី​អាហ្រ្វិកកណ្តាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល លោកស្រី​ប្រធានាធិបតី​ថ្មី​កាទ្រីន សំបា ប៉ង់ហ្សា​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ មករា។ គឺ​ជា​តំណែង​មួយ​បណ្តោះអាសន្ន​ដែល​លោកស្រី​ប៉ង់ហ្សា​ទើប​បាន​ទទួល​កាល​ពី​ថ្ងៃចន្ទ ទី២០ មករា។ កិច្ចការ​បន្ទាប់​របស់​លោកស្រី​គឺ​ការស្វែង​រក​នាយករដ្ឋមន្រ្តី​ម្នាក់ មុន​នឹង​ការ​ប្រសូត្រ​ចេញ​នូវ​រដ្ឋាភិបាល​អន្តរកាល​មួយ។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ឡើង​កាន់​តំណែង​របស់​លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិនយោបាយ​យ៉ាង​ធ្ងន់ធ្ងរ។ ដូច្នេះ មាន​កិច្ចការ​ជា​ច្រើន​ដែល​កំពុង​ចំា​លោកស្រី ពិសេស​គឺ​ការ​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ។ តើ​លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា​មាន​ប្រវត្តិរូប​សង្ខេប​យ៉ាង​ដូច​ម្តេច​ខ្លះ?

លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា (Catherine Samba-Panza) ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​នៅ​ក្នុង​សភា ថ្ងៃទី២៣ មករា ឆ្នំា ២០១៤
លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា (Catherine Samba-Panza) ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​នៅ​ក្នុង​សភា ថ្ងៃទី២៣ មករា ឆ្នំា ២០១៤ REUTERS/Siegfried Modola
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៥៩ឆ្នំា លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា (Catherine Samba-Panza) ចាប់​កំណើត​នៅ​ក្នុង​ប្រទេស​ឆាដ​ដោយ​មាន​ឱពុក​ជា​ជនជាតិ​កាមេរូន និង​ម្តាយ​ជា​ជនជាតិ​អាហ្រ្វិកកណ្តាល។ លោកស្រី​ប៉ង់ហ្សា​ធ្លាប់​បាន​សិក្សា​ផ្នែកច្បាប់​ស្តីពី​មុខរបប​ធានារ៉ាប់រង​នៅ​អាហ្រ្វិកកណ្តាល និង​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង។ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​បារំាង លោកស្រី​ប៉ង់ហ្សា​ក៏​បាន​វិល​ត្រឡប់​ទៅ​កាន់​អាហ្រ្វិកកណ្តាល​វិញ រួច​ក៏​បាន​បង្កើត​ក្រុមហ៊ុនធានារ៉ាប់រង​មួយ​ដោយ​ខ្លួន​ឯង។ រៀបការ និង​មាន​កូន ៣នាក់ លោកស្រី​​ប៉ង់ហ្សា​បាន​ស្គាល់​អាជីព​ក្នុង​ផ្នែក​ច្បាប់​ធានារ៉ាប់រង ច្រើន​ជាង​អាជីព​ជា​អ្នកនយោបាយ។ ទន្ទឹម​គ្នា​នឹង​ការងារ​អាជីព​ជា​អ្នកច្បាប់ លោកស្រី​ក៏​ជា​សកម្មជន​ម្នាក់​នៅ​ក្នុង​សមាគម​ស្រ្តី​អាហ្រ្វិកកណ្តាល​ដែរ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ លោកស្រី​ប៉ង់ហ្សា​បាន​ធំដឹង​ក្តី​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ញំាញី​ដោយ​អំពើ​ពុករលួយ និង​អសន្តិសុខ។ ការ​កត់សម្គាល់​មួយ​ទៀត គឺ​ការ​មិន​លូកដៃ​របស់​លោកស្រី​ប៉ង់ហ្សា​នៅ​ក្នុង​រឿង​នយោបាយ និង​ការ​មិន​ចូលរួម​ជួយ​គំាទ្រ​គណបក្ស​នេះ ឬ​គណបក្ស​នោះ និយាយ​ឲ្យ​ស្រួល​យល់ លោកស្រី​ប៉ង់ហ្សា​​តែងតែ​បាន​ដើរ​គេច​ឆ្ងាយ​ពី​រឿងរ៉ាវ​ទំាងឡាយ​ណា​ដែល​មាន​ជាប់​ជំពាក់វាក់វិន​នឹង​នយោបាយ។ លោកស្រី​ប៉ង់ហ្សា​ជា​កាន់​សាសនាគ្រិស្ត តែ​មិន​ដែល​បាន​យក​រឿងសាសនា​មក​ដាក់​មុខ​ដើម្បី​ប្រឈម​មុខ​នឹង​សហគមន៍​អ្នកកាន់សាសនា​ផ្សេង​ទេ។ ផ្ទុយទៅ​វិញ លោកស្រី​បាន​បន្សំាខ្លួន​ដោយ​រួមរស់​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​ក្រុមអ្នកកាន់សាសនា​ផ្សេង​ដោយ​​គ្មាន​បញ្ហា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកស្រី​ប៉ង់ហ្ស​ថែម​ទំាង​បាន​ជួយ​សម្រុះសម្រួល​ឲ្យ​សហគមន៍​អ្នកកាន់សាសនា​ខុស​គ្នា រស់​នៅ​ជាមួយ​គ្នា​ដោយ​សុខសាន្ត​ទៀត​ផង។

ក្រោម​ភ្នែក ច្រមុះ​របស់​មិត្តភក្តិ ក៏​ដូច​អ្នក​ដែល​ស្គាល់​លោកស្រី​សុទ្ធ​តែ​បាន​បញ្ជាក់​ដូច​គ្នា​ថា លោកស្រី​ប៉ង់ហ្សា​មាន​លក្ខណៈ​សម្បត្តិ និង​បុគ្គលិក​លក្ខណៈ​ពិសេស​ដែល​គ្មាន​អ្នក​ដូច គឺ​ជា​ស្រី្តតស៊ូ និង​ចូលចិត្ត​ផ្សះផ្សា​តាម​រយៈ​កិច្ចចរចា ពោល​មិនមែន​តាម​រយៈ​ចុងកំាភ្លើង​ទេ។ គឺ​លក្ខណៈ​សម្បត្តិ និង​បុគ្គលិក​លក្ខណៈ​ពិសេស​របស់​លោកស្រី​ប៉ង់ហ្សា​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​លោកស្រី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្រួបបង្រួម​គូសត្រូវ​ស៊ីសាច់ ហុតឈាម​គ្នា​ពីរ​នាក់ គឺ​លោក​អតីតប្រធានាធិបតី​ដាវិត ដាកូ និង​លោក​នាយករដ្ឋមន្រ្តី​អាប៊ែល ហ្គូមបា​កាល​ពី​ដំណាច់​ឆ្នំា ២០០៣។ ១០ឆ្នំា ក្រោយ​មក ពោល​នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ បូហ្ស៊ីហ្សេ​ពី​សំណាក់​មេឧទ្ទាម​សេលេកា​លោក​មីសែល យ៉ូតូយ៉ា​ក្នុង​ខែ​មីនា ឆ្នំា ២០១៣ មក លោកស្រី​ប៉ង់ហ្សា​ក៏​ត្រូវ​បាន​លោក​យ៉ូតូយ៉ា​តែងតំាង​ជា​ចៅក្រុង​បង់ហ្គី។

ជាង​មួយ​ឆ្នំា​ក្រោយ​មក ពោល​នៅ​ថ្ងៃទី២០ មករា ឆ្នំា ២០១៤ លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា (Catherine Samba-Panza) ក៏​ត្រូវ​បាន​សភា​អន្តរកាល​ជ្រើសតំាង​ជា​ប្រធានាធិបតី​ជំនួស​កន្លែង​លោក​មីសែល យ៉ូតូយ៉ា​ដែល​ត្រូវ​បាន​សហភាពអាហ្រ្វិក​បង្ខំ​ឲ្យ​ចុះ​ចេញ និង​ដែល​កំពុង​ភៀសខ្លួន​រស់​នៅ​បរទេស​នា​ពេល​សព្វថ្ងៃ។ ពី​អ្នកច្បាប់​សាមញ្ញ​មួយ​រូប រហូត​ដល់​កាន់​តំណែងកំពូល លោកស្រី​ប៉ង់ហ្សា​បាន​ដឹង​យ៉ាង​ច្បាស់​ថា នេះ​ពិតជា​រឿង​មួយ​មិនមែន​ងាយស្រួល​ទេ ពិសេស​នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​សោយរាជ្យ​ដោយ​ភាព​អនាធិបតេយ្យ និង​ការ​កាប់សម្លាប់​គ្នា​យ៉ាង​បង្ហូរឈាម​រវាង​ក្រុមអ្នកកាន់​សាសនាគ្រិស្ត និង​អ្នកកាន់សាសនា​អ៊ីស្លាម។

ជា​ការ​ពិត​ណាស់ ទោះ​បី​ជា​តំណែង​របស់​លោកស្រី​ប៉ង់ហ្សា​ជា​តំណែង​មួយ​បណ្តោះអាសន្ន ដោយ​រង់ចំា​ការ​រៀបចំ​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​ក៏​ដោយ ក៏​ព្រឹត្តិការណ៍​មួយ​នេះ​ត្រូវ​បាន​គ្រប់​គ្នា​ចាត់​ទុក​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​មួយ​នៅ​អាហ្រ្វិកកណ្តាល។ ខុស​ពី​ឥស្សរជន​មួយ​ចំនួន លោកស្រី​ប៉ង់ហ្សា​បាន​ព្យាយាម​បង្ហាញ​ចេញ​នូវ​រូបភាព​អព្យាក្រឹត ដោយ​មិន​បែងចែក​បក្ខពួក​នយោបាយ​ទេ នោះ​បើ​ទោះ​បី​ជា​ស្វាមី​លោកស្រី​ជា​អតីត​រដ្ឋមន្រ្តី​ក៏​ដោយ។ គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា​បាន​ទទួល​ការ​គំាទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទំាងអស់ ទំាង​ពី​ប្រជាជន​សាមញ្ញ​រហូត​ដល់​ក្រុម​ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា គឺ​ក្រុម​អង់ទី បាឡាកា និង​ក្រុម​អតីតឧទ្ទាម​សេលកា។ ទំាង​នេះ មិន​ភ្លេច​ទេ ការ​គំាទ្រ​របស់​សហគមន៍​អន្តរជាតិ​ទូទៅ។

តំាង​តែ​ពី​បាន​ទទួល​តំណែង​ភ្លាម លោកស្រី​ប៉ង់ហ្សា​បាន​ដាក់ខ្លួន ដាក់កាយ​ជា​ម្តាយ​ម្នាក់​នៅ​ក្នុង​គ្រួសារ​មួយ​ ដោយ​បាន​អំពាវនាវ​ឲ្យ​កូនៗ​ទំាង​អស់ ពិសេស​ក្រុម​អង់ទី-បាឡាកា និង​ក្រុមអតីត​ឧទ្ទាម​សេលេកា​ឲ្យ​ឈប់​ឈ្លោះ​គ្នា និង​ដាក់​អាវុធ​ចុះ​រៀងៗ​ខ្លួន។ បន្ទាប់​មក លោកស្រី​ប៉ង់ហ្សា​ក៏​បាន​ទទួល​ជួប​ដាច់​ដោយឡែក​ពី​គ្នា​គូបដិបក្ខ​ទំាង​ពីរ ក្រុម​អង់ទី-បាឡាកា និង​ក្រុមអតីត​ឧទ្ទាម​សេលេកា។ អ្វី​ដែល​លោកស្រី​ប៉ង់ហ្សា​ត្រូវ​ធ្វើ​ឲ្យ​បាន និង​ដោយ​មាន​ការ​ទទួល​យក​ទំាង​អស់​គ្នា​នោះ គឺ​ការ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ជម្លោះ​ទំាង​អស់។ តែ​អាទិភាព​នៅ​ចំពោះ​មុខ គឺ​ការ​រៀបចំ​សន្តិសុខ និង​សណ្តាប់ធ្នាប់សង្គម​ឡើងវិញ ពិសេស​លក្ខខណ្ឌ​រស់នៅ​របស់​ជនភៀសខ្លួន​អាហ្រ្វិកកណ្តាល​ជាង​កន្លះលាននាក់​ដែល​រត់​ទៅ​រស់នៅ​ក្នុង​ប្រទេស​ជិតខាង និង​អ្នក​ផ្លាស់ប្តូរទីកន្លែង​ក្នុង​ស្រុក​គេច​ពី​សង្រ្គាម​ជិត​កន្លះលាននាក់​ផ្សេង​ទៀត។

តើ​បេសកកម្ម​ផ្សះផ្សាជាតិ​របស់​លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា​អាច​នឹង​ទទួល​បាន​ជោគជ័យ​ទេ នៅ​ក្នុង​ប្រទេស​មួយ​ដែល​ស្គាល់​តែ​ការ​ហែកហួរ​គ្នា​តំាង​ពី​ទទួល​បាន​ឯករាជ្យ​ពី​បារំាង​ក្នុង​ឆ្នំា ១៩៦០ មក​នោះ?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ