អានតួអត្ថបទ
កម្ពុជា

សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត ​ដាក់​ញត្តិ​ប្រឆាំង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ រួម​ជា​មួយ​នឹង​បណ្តាញ​ព្រះសង្ឃ ​និង​ប្រជា​ពលរដ្ឋ​កម្ពុជា ​ប្រមាណ​ជាង​៣០០​អង្គ​-នាក់​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១៧​តុលា​នេះ ​បាន​ជួប​ជុំ​គ្នា​ ហែក្បួន​ ដាក់​ញត្តិ​ នៅ​តាម​ បណ្តា ​ស្ថាន​ទូត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ស្ថាប័ណ​ជាតិ​សំខាន់​ៗ​ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លុប​ចោល​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​មក​កាន់​ប្រទេស​កម្ពុជា។​ កិច្ច​ព្រម​ព្រៀង​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​អូស្ត្រាលី​ កាល​ពី​ខែ​មុន​ ដែល​នាំ​ទៅ​ដល់​ការ​ព្រួយ​បារម្ភ​ពី​ប្រជា​ពលរដ្ឋ​ម្ចាស់​ស្រុក។ ​ការ​ហែរ​ក្បួន​ ក៍​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិច​បន្តួច​ផង​ដែរ។

ក្រុម​ប្រជាពលរដ្ឋ​បាន​ដង្ហែរ​ក្បួន​ដាក់ញត្តិ​អំពី​ជនភៀស​ខ្លួន​ដែល​ប្រទេស​អូស្រ្តាលី​នឹង​បញ្ជូន​មក​ប្រទេស​កម្ពុជា​ ទៅកាន់​ស្ថាន​ទូត​អាមេរិក​ ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ និង​ស្ថានទូត​អូស្រ្តាលី​
ក្រុម​ប្រជាពលរដ្ឋ​បាន​ដង្ហែរ​ក្បួន​ដាក់ញត្តិ​អំពី​ជនភៀស​ខ្លួន​ដែល​ប្រទេស​អូស្រ្តាលី​នឹង​បញ្ជូន​មក​ប្រទេស​កម្ពុជា​ ទៅកាន់​ស្ថាន​ទូត​អាមេរិក​ ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ និង​ស្ថានទូត​អូស្រ្តាលី​ RFI/ វ៉ា​ សំណព្វ
ផ្សាយពាណិជ្ជកម្ម

ការ​តវ៉ា​សុំ​កិច្ច​អន្តរាគមន៍​បាន​ផ្តើម​ចេញ​ដំបូង​ពី​មុខ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​តាំង​ពីព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​ទី​១៧​តុលា ​ក្រោយ​ពី​បាន​ជួប​ជុំ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​បាន​បន្តិច។ នៅ​មុខ​ស្ថានទូត​ប្រទេស​មហា​អំណាច​នេះ​ ក្រុម​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​រួម​ជាមួយ​នឹង​បណ្តាញ​ព្រះសង្ឃ​ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ ប្រមាណ​ជា​៣០០​អង្គ​-នាក់​ បាន​ដាក់​ញត្តិ ​ ដោយ​ស្នើ​សុំ​អោយ​ស្ថានទូត​ប្រទេស​មហា​អំណាច​មួយ​នេះ​ ជួយ​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​អូស្ត្រាលី ​ផ្អាក​កិច្ច​ព្រមព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​អូស្ត្រាលី​មក​កាន់​ប្រទេស​កម្ពុជា។ ​នៅ​ក្នុង​ខ្លឹមសារ​ញត្តិ​នោះ​មាន​បី​ចំណុច​សំខាន់​ ទី​១​ សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ប្រទេស​អូស្ត្រាលី​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​រើស​អើង​ជាតិ​សាសន៍​ ទី​២ ​លើក​កម្ពស់​សិទ្ធិ​ជន​ភៀស​ខ្លួន​ និង​ទី​៣​ ប្រឆាំង​ការ​បញ្ជូន​ជនភៀស​ខ្លួន​ពី​អូស្ត្រាលី​ឲ្យ​រស់​នៅ​កម្ពុជា។

ក្រោយ​ពី​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​ហើយ ​ក្រុម​បាតុករ​ដែល​នាំ​មុខ​ដោយ​ព្រះសង្ឃ ​បាន​ដើរ​កាន់​បដា​ហែរ​ក្បួន​ជា​បន្ត​ទៀត ​ដើម្បី​ដាក់​ញត្តិ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី,​ សហគមន៍​អ៊ឺរ៉ុប ​តំណាង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ និង​មន្ទីរ​រដ្ឋសភា​ជាតិ​ជា​ដើម។ ​ខ្លឹមសារ​នៃ​ញត្តិ​មិន​ខុស​គ្នា​នោះ​ទេ​ គឺ​ធ្វើ​យ៉ាង​ណា​អោយ​បណ្តា​ស្ថាប័ណ​ជាតិ​និង​អន្តរជាតិ​សំខាន់​ៗ​ទាំង​នេះ អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ និង​អូស្ត្រាលី​ អោយ​បញ្ឈប់​កិច្ច​ព្រម​ព្រៀង​លើ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ (MOU)​ បញ្ជូន​ជន​ភៀស​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា។ ​ហើយ​គោល​ដៅ​ចុង​ក្រោយ​របស់​ក្រុម​បាតុករ​ គឺ​ជួប​ជុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​ប្រទេស​អូស្ត្រាលី ​ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ មុន​ពេល​រំសាយ។  

កិច្ច​ព្រម​ព្រៀង​លើ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ​(MOU)​ បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី ​ត្រូវ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី​២៦​កញ្ញា​ឆ្នាំ២០១៤ រវាង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ស្កុ​តម៉ូ​រី​សុន (Scott Morrison) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី។ កិច្ចព្រមព្រៀង​សាកល្បង ដែលមាន​រយៈពេល៤ឆ្នាំ។

សូមបញ្ជាក់ថា ការ​ហែរ​ក្បួន​នៅថ្ងៃនេះ ក៍មាន​ការប៉ះទង្គិច​គ្នា​ផងដែរ នៅពេលដែល​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ បាន​ព្យាយាម​ទំ​លុះ​របាំង​របស់​សមត្ថកិច្ច នៅពេល​ដាក់​ញត្តិ​នៅមុខ​ទីស្តីកា​រគណៈរដ្ឋមន្ត្រី។ ការប៉ះទង្គិច ដែល​ធ្វើអោយ​ព្រះសង្ឃ​មួយអង្គ​រងរបួស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ