អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាហ្សង់ទីន​ប្តឹង​អាមេរិក​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជម្លោះ ប្តឹងផ្តល់​នៅមិនទាន់​ចប់​រវាង​តុលាការ​ក្រុង​ញូវយ៉ក និង​រដ្ឋាភិបាល​អាហ្សង់ទីន។ នៅ​ថ្ងៃ​សុក្រ កន្លងទៅ ចៅក្រម​ញូវយ៉ក​ដែល​បាន​សម្រេច​​បញ្ជា​ឲ្យ​​ប្រទេស​អាហ្សង់ទីន​សង​បំណុល​ទាំងអស់​ទៅ​ក្រុមហ៊ុន​អាមេរិក​ពីរ បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​ធ្ងន់​ជាងនេះ​ប្រឆាំង​ទីក្រុង​ប៊ុយណូស៊ែរ ប្រសិន​បើ អាហ្សង់ទីន​មិន​ព្រម​ឈប់​ចេញ​​ព័ត៌មាន​ខុស និង​បោកប្រាស់។ ដោយសារ​សាលក្រម​របស់​តុលាការ​ញូវយ៉ក រដ្ឋាភិបាល​អាហ្សង់ទីន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​​ដាក់​ពាក្យ​ប្តឹង​អាមេរិក​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ប្រធានាធិបតី​អាហ្សង់ទីន លោកស្រី ​Cristina Kirchner
ប្រធានាធិបតី​អាហ្សង់ទីន លោកស្រី ​Cristina Kirchner REUTERS/Marcos Brindicci
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពាក្យ​បណ្តឹង​របស់ខ្លួន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ អាហ្សង់ទីន​ចង់​សុំ​ឲ្យ​តុលាការ​​របស់​អង្គការ​សហប្រជាជាតិ​ចោទប្រកាន់​ សហរដ្ឋអាមេរិក​ពី​បទ​រំលោភ​ដែន​អធិបតេយ្យភាព​​ និង​អភ័យឯកសិទ្ធិ​តុលាការ​របស់​ប្រទេស​​អាហ្សង់ទីន។ អាហ្សង់ទីន​បាន​ដាក់​ពាក្យ​ប្តឹង​សហរដ្ឋ​អាមេរិកនៅថ្ងៃ​ព្រហស្បតិ៍ គឺ​នៅមួយថ្ងៃ​ក្រោយ​​តុលាការ​ក្រុង​ញូវយ៉ក​បានចេញ​បញ្ជា​មិន​ឲ្យ​អាហ្សង់ទីន ​ប្រើប្រាស់​​ទីភ្នាក់ងារ​ហិរញ្ញវត្ថុ​នៅទីក្រុង​ញូវយ៉ក​ដើម្បី​សង​ ប្រាក់បំណុល​ទៅ​ក្រុមហ៊ុន​ដទៃ​ទៀត។

នៅ​ខែ​កក្កដា កន្លងទៅ តុលាការ​​ញួវយ៉កធ្លាប់​ចេញ​សាលក្រម​ថា បើ​អាហ្សង់ទីន​មិន​ ​​សង​ប្រាក់​បំណុល​១០០​ភាគរយ​ទៅឲ្យ​​ក្រុមហ៊ុន​អាមេរិក​ពីររ​ដែល​ធ្លាប់​ជា​ ​ម្ចាស់បំណុល​របស់​អាហ្សង់ទីន​ទេ អាហ្សង់ទីន​មិន​អាច​ប្រើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ធនាគារ​អាមេរិក ដើម្បី​សង​ម្ចាស់​បំណុល​ផ្សេងទៀតបាន​ទេ។ សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ញូវយ៉ក​បាន​ធ្វើ​ឲ្យ​អាហ្សង់ទីន​ខកខាន​ មិន​អាច​គោរព​ករណីយកិច្ច​របស់ខ្លួន ពោល គឺ​អាហ្សង់ទីន​មិន​អាច​សង​ទាន់ពេល​វេលា​​ទឹកប្រាក់​ប្រមាណ​​៥៣៩​លាន​ដុល្លារ ទៅ​ម្ចាស់​បំណុល ដែល​ធ្លាប់​សុខចិត្ត​កាត់បន្ថយ​បំណុល​ជាង​៧០ភាគរយ​ ហើយ​នៅ​សល់​៣០​ភាគរយ​ដែល​អាហ្សង់ទីន​​បាន​សន្យា​សង​រហូត​ដល់​ឆ្នាំ ២០៣៣។

សូម​រំលឹក​ឡើងវិញ​បន្តិចថា ដោយសារ​តែវិបត្តិក្ស័យធន នៅឆ្នាំ ២០០១ អាហ្សង់ទីន​បាន​ចរចា​ជាមួយ​ម្ចាស់​បំណុល​ដែល​ជាង​៩០​ភាគរយ​បាន​សុខចិត្ត​កាត់បន្ថយ​បំណុល​៧០​ភាគរយ​ជាមួយ​អាហ្សង់ទីន។ ប៉ុន្តែ នៅ​មាន​ម្ចាស់​បំណុល​១០​ភាគរយ​ដែល​មិន​សុខចិត្ត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​អាហ្សង់ទីនសង​​ខ្លួន​វិញ ១០០​ភាគរយ។ ក្នុង​ចំណោម​ម្ចាស់បំណុល​ទាំងនោះ មាន​ក្រុម​ហ៊ុន​អាមេរិក​ពីរ​ដែល​បាន​ប្តឹង​ទៅ​តុលាការ​ញូវយ៉ក ដែល​១៣​ឆ្នាំ​ក្រោយ បាន​កាត់​ក្តី​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ទាំងពីរ​ឈ្នះ និង​បាន​តម្រូវ​ឲ្យ​រដ្ឋអាហ្សង់ទីន​សង​ប្រាក់បំណុល​១០០​ភាគរយ។

តាមតុលាការ​ញូវយ៉ក អាហ្សង់ទីន​អាច​សង​បំណុល​ទៅ​​ក្រុម​ហ៊ុន​ទាំងពីរដែល​ជាម្ចាស់​ដើម​បណ្តឹង ប៉ុន្តែ អាហ្សង់ទីន​មិនចាំបាច់​ត្រូវ​សងបំណុល​១០០​ភាគរយ​ទៅក្រុមហ៊ុន​ផ្សេងទេ ដរាបណា​ក្រុមហ៊ុន​មិនប្តឹង​ឲ្យ​អាហ្សង់ទីន​សង​បំណុល​១០០​ភាគរយនោះ។ ប៉ុន្តែ អាហ្សង់ទីន​នៅ​តែ​​​បដិសេធ​មិន​ទទួល​យក​ការសម្រេច​របស់​តុលាការ​ញូវយ៉ក​ ដោយ​សំអាង​ហេតុផល​ថា បើ​ខ្លួន​យល់ព្រម​សង​បំណុល​ដល់​ក្រុមហ៊ុន​អាមេរិក​ទាំងពីរ១០០​ភាគរយ នោះ​អាហ្សង់ទីន​នឹង​ធ្វើ​ខុស​កិច្ច​សន្យា ដែល​នៅក្នុង​នោះ​អាហ្សង់ទីន​ និង​ម្ចាស់​បំណុល​ជាង​៩០​ភាគរយ​យល់​ព្រមព្រៀង​​គ្នា​ពីការ​​កាត់​បន្ថយ​​បំណុល ​ ដោយសារ​វិបត្តិ​ក្ស័យធន​របស់​អាហ្សង់ទីន នៅឆ្នាំ​២០០១។ និយាយ​ក្នុងន័យ​ម្យ៉ាងទៀត គឺ​​បើ​អាហ្សង់ទីនយល់​ព្រម​​សង​ប្រាក់​បំណុល​១០០​ភាគរយ ទៅឲ្យ​​ក្រុមហ៊ុន​អាមេរិក​ទាំងពីរ​ទៅតាម​ការសម្រេច​របស់​តុលាការ​ ក្រុងញូវយ៉ក នោះ​ម្ចាស់​បំណុល​ដទៃ​ទៀត ដែលព្រមព្រៀង ​សុខចិត្ត​កាត់បន្ថយ​បំណុល​៧០ភាគរយរួចហើយ ​កាលពេល​ដែល​​អាហ្សង់ទីន​ក្ស័យធន ក៏​នឹង​អាច​កម្រើក​ចិត្ត ទាមទារ​ឲ្យ​អាហ្សង់ទីន​សង​បំណុល​​១០០​ភាគរយ​វិញដែរ។ បើ​ម្ចាស់បំណុល​ទាមទារ​ឲ្យ​អាហ្សង់ទីន​សង​បំណុល​១០០​ភាគរយ នោះ​អាហ្សង់ទីន​ត្រូវ​វ័ណ្ឌក ព្រោះ​ប្រាក់​បំណុល​ដែល​អាហ្សង់ទីន​ជំពាក់​គេ​មានរហូត​ដល់​ជាង​១០០​ពាន់​លាន ​ដុល្លារ ក្នុង​ពេល​ដែល​​​អាហ្សង់ទីន​មាន​ប្រាក់​បម្រុង​ប្រមាណ​២៨​ពាន់​លាន​ដុល្លារ​ ប៉ុណ្ណោះ​សម្រាប់​សង​បំណុល។

​អាហ្សង់ទីន​ខកខាន​មិន​អាច​សង​ការប្រាក់ ដល់​ម្ចាស់បំណុលដោយសារ​តែ​ចៅក្រម​ញូវយ៉ក​បញ្ជា​ហាមឃាត់​​ធនាគារ​អាមេរិក​នៅ​ ទីក្រុង​ញូវយ៉ក​មិន​ឲ្យ​ផ្ទេរ​ទឹកប្រាក់​របស់​រដ្ឋាភិបាល​អាហ្សង់ទីន​ទៅ​ឲ្យ ​ម្ចាស់បំណុល។ សេចក្តីសម្រេច​នេះ​បាន​ធ្វើ​ឲ្យ​ទីភ្នាក់ងារវាយតម្លៃ​ហានិភ័យ​Standard and Poor ដាក់​អាហ្សង់ទីន​ឲ្យ​ស្ថិតនៅក្នុង​ដំណាក់កាល​ក្ស័យធន​ពាក់កណ្តាល។ តុលាការ​ញូវយ៉ក​ក៏​បាន​ប្រកាស​ដាក់​អាហ្សង់ទីន​ឲ្យ​ស្ថិតនៅក្នុង​ស្ថានភាព​ក្ស័យធន ដែល​អាហ្សង់ទីន​បាន​បដិសេធ​រុញច្រាន​ចោល ក្នុង​មូលហេតុ​ថា ខ្លួន​នៅ​តែ​គោរព​ករណីយកិច្ចបន្ត​សងប្រាក់​ទៅ​ម្ចាស់​បំណុល។

ក្ស័យធន ​ជា​លើកទីពីរ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អាហ្សង់ទីន​ដែល​ទើប​តែ​ ងើប​ចេញ​វិបត្តិ​ក្ស័យធន​ចាស់។ ដោយសារ​តែ​ចង់​ជៀសផុត​ពី​វិបត្តិ​ក្ស័យធន​ជាថ្មី អាហ្សង់ទីន​​បាន​ប្តឹង​អាមេរិក​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​មានតួនាទី​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស សមាជិក​របស់​អង្គការ​សហប្រជាជាតិ។ តាម​​អាហ្សង់ទីន រដ្ឋាភិបាល​អាមេរិក​ជាម្ចាស់​មាន​សិទ្ធិ​អំណាច​លើ​តុលាការ​អាមេរិក។ នេះ​អាច​ជាការយល់ខុស ព្រោះថា តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​បំផុត មិន​ស្ថិតនៅក្រោម​អំណាច​ប្រតិបត្តិរបស់​រដ្ឋាភិបាល​ឡើយ។ មួយវិញទៀត ពាក្យបណ្តឹង​របស់​អាហ្សង់ទីន​ប្តឹង​អាមេរិក​ទៅ​តុលាការ​អន្តរជាតិ​ មិន​ប្រាកដ​ថា នឹង​អាច​ធ្វើឲ្យ​អាហ្សង់ទីន​ឈ្នះ​ទៅ​លើ​អាមេរិក​ដែរ។ តាម​សេចក្តី​ថ្លែងការណ៍​របស់​​តុលាការយុត្តិធម៌​អន្តរជាតិ​ដែល​មាន​ទីតាំង​ នៅ​ទីក្រុង​ឡាអេ តុលាការ​បាន​បញ្ជូន​ពាក្យ​បណ្តឹង​អាហ្សង់ទីន​ទៅ​រដ្ឋាភិបាល​អាមេរិក​រួចហើយ។ លើសពីនោះទៀត សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​អាច​មាន​សុពលភាព លុះណា​អាមេរិក​ទទួល​យក​យុត្ថាធិការ​របស់​តុលាការ​អន្តរជាតិ។

ក្នុង​អតីតកាល អាមេរិក​ធ្លាប់​ទទួល​ស្គាល់​ម្តង សាល​ក្រមដែល​ពិន័យ​អាមេរិក​ពីរឿង​មិន​គោរព​សិទ្ធិ​អ្នកជាប់ទោស​ជនជាតិ​ម៉ិកស៊ិច នៅ​ឆ្នាំ ២០០៤។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន ​អាហ្សង់ទីនបាន​បញ្ជាក់ហើយ​ថា បើសិន​រដ្ឋាភិបាល​អាមេរិក​មិន​ព្រមទទួល​ស្គាល់​យុត្ថាធិការ​របស់​តុលាការ​ក្រុង​ឡាអេ នៅក្នុង​ជម្លោះ​រវាង​តុលាការ​ញូវយ៉ក និង​រដ្ឋាភិបាល​អាហ្សង់ទីន ប៉ុន្តែ អាមេរិកត្រូវមាន​កាតព្វកិច្ច​រក​វិធានការ​ណាមួយ​ ដើម្បីរក​ដំណោះស្រាយ​សន្តិភាព​បញ្ចប់​​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ ទៅតាម​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ។ យ៉ាងណា​ក៏ដោយ រហូត​មក​ដល់​​ថ្ងៃ​នេះ​ គេ​នៅមិនទាន់​ឃើញ​មាន​អន្តរាគមន៍​ណាមួយ​របស់​ទីក្រុង​វ៉ាស៊ីនតោន នៅក្នុង​ជម្លោះ​រវាង​តុលាការ​ក្រុង​ញូវយ៉ក និង​រដ្ឋាភិបាល​អាហ្សង់ទីន​នៅឡើយទេ។ ចំណែក​អាហ្សង់ទីន​កំពុង​រត់​ស្រវេស្រវ៉ា​ ​​រក​មធ្យោបាយ​សង​ប្រាក់​បំណុលឲ្យ​ទាន់​ពេល ដើម្បី​កុំ​ឲ្យ​ធ្វើ​ឲ្យ​ម្ចាស់បំណុល​អន់ចិត្ត លែង​ចង់​ឲ្យ​អាហ្សង់ទីន​ខ្ចីលុយ​តទៅទៀត៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ