អានតួអត្ថបទ
អាកាសធាតុ

ឧស្សាហកម្ម​លូតលាស់​របស់​មហាអំណាច​អាស៊ី​ជាអ្នក​បង្កើន​​ឧស្ម័ន​ផ្ទះកញ្ចក់​

នៅក្នុង​ពេល​ដែល​សន្និសីទ​ប្រចាំឆ្នាំ ​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ​កំពុង​ប្រព្រឹត្ត​ទៅ នៅទីក្រុង​ដូហា ប្រទេស​កាតា អង្គការ​តាមដាន​ពីផល​ប៉ះពាល់​អាកាសធាតុ​បាន​បញ្ចេញ​របាយការណ៍ ដែល​ចង្អុល ទម្លាក់​កំហុស​ដាក់​ប្រទេស​ចិន និង​ឥណ្ឌា។ ឧស្សាហកម្ម​​រីកចម្រើន​ខ្លាំង​របស់​ប្រទេស​មហាយក្ស​អាស៊ី​ទាំងពីរ បាន​ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​អាកាសធាតុ ដោយ​វា​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យឧស្ម័ន​ផ្ទះកញ្ចក់​កើនឡើង​ដល់ ៣,១ភាគរយ ក្នុង​ឆ្នាំ​២០១១​កន្លងទៅ។

ខ្យល់​ពុល​នៅក្នុង​ទីក្រុង​ប៉េកាំង
ខ្យល់​ពុល​នៅក្នុង​ទីក្រុង​ប៉េកាំង ©REUTERS
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ ២០១២នេះ ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​បញ្ចេញ​ដោយ​រោងចក្រ​ឧស្សាហកម្ម​មាន​កម្រិត ២,៦​ភាគរយ។ ជាសរុប នៅក្នុង​ពិភពលោក ឧស្ម័ន​ផ្ទះកញ្ចក់​សម្រាប់​ឆ្នាំ នេះ មាន​ទំហំ ៣៥​ពាន់ ៦​រយ​លានតោន។ បើសិន ចំនួន​ឧស្ម័ន​ពុល នៅតែ​បន្ត​កើនឡើង ក្នុង​កម្រិត​សព្វថ្ងៃនេះ នោះ​សីតុណ្ហភាព​ជាមធ្យម​របស់​ភព​ផែនដី នឹង​អាច​កើនឡើង ពី​៤ ទៅ ទៅ ៦​អង្សារ នៅ​ចុង​សតវត្សរ៍​ទី ២១​នេះ។ កំដៅ​ផែនដី​កើនឡើង នឹង​បង្ក​ឲ្យ​មាន​គ្រោះធម្មជាតិ ដូចជា​ទឹកជំនន់ ការកើនឡើង​នៃ​កម្រិត​កំពស់​ទឹកសមុទ្រ និង​ទឹកជំនន់​ជាដើម។ អ្នកសិក្សា​ស្រាវជ្រាវ​របស់​គម្រោងឧស្ម័ន​ពិភពលោក​ បាន​ទាញ​សញ្ញា​ប្រកាស​អាកាសអាសន្ន​បែបនេះ នៅក្នុង​របាយការណ៍​មួយ​ដែល​គេបាន​ចែក​ផ្សាយ កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ នៅក្នុង​អង្គ​សន្និសីទ​នៅក្នុង​ទីក្រុង​ដូហា។

ក្រុមអ្នកស្រាវជ្រាវ​ខាងលើ​បាន​អះអាងថា គេ​អាច​ប៉ាន់ស្មាន​ពី​ការកើនឡើង​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់ នៅក្នុង​ពិភពលោក ដោយគេ​សង្កេត​មើល​ទៅលើ​ស្ថានភាព​រីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​មួយចំនួន ដូចជា​ចិន និង​ឥណ្ឌា​ជាដើម។ ប្រទេស​មហាយក្ស​អាស៊ី​ទាំងពីរ​បាន​ប្រើប្រាស់​ធ្យូងថ្ម​ច្រើន​ជាងគេ ដើម្បី​ធ្វើ​ជា​ប្រភពថាមពល​ឧស្សាហកម្ម។

បើតាម​អ្នកជំនាញ ដើម្បី​ជំរុញ​ឧស្សាហកម្ម​ឲ្យ​រីកចម្រើន​លឿន​ឆាប់ ប្រទេស​ទើប​រីកលូតលាស់​ថ្មី ពេញនិយម​ប្រើ​ធ្យូងថ្ម ដែល​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិច ច្រើន ប៉ុន្តែ ប្រទេស​ទាំងនោះ មិនសូវ​ប្រើ​ប្រភពថាមពល​ថ្មី ដែល​ល្អ​សម្រាប់​បរិស្ថាន ដូចជា​កង្ហាល់ខ្យល់ ផ្ទាំង​ស្រូបកំដៅ​ព្រះអាទិត្យ ឬ​​ថាមពល​នុយដើរ​ដោយ​នុយក្លេអ៊ែរ។

នៅឆ្នាំ ២០១១ ប្រទេស​កំពុង​អភិវឌ្ឍ​ទទួល​ខុសត្រូវ​ក្នុង​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រមាណ ៥៨ភាគរយ គឺ​កើនឡើង​ខ្លាំង​បើប្រៀបធៀប​នឹង​ឆ្នាំ ១៩៩០ ដែល​មាន​ត្រឹម​ប្រមាណ ៣៥​ភាគរយប៉ុណ្ណោះ។ ចិន​តែម្នាក់ឯង ដែល​មាន​ឧស្សាហកម្ម​រីកចម្រើន​មិនឈប់ បាន​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ប្រមាណ ២៨ភាគរយ ក្នុង​ចំណោម​ចំនួន​សរុប​ក្នុង​ពិភពលោក។ បន្ទាប់​មក​ទៀត គឺ​អាមេរិក​ជា​ប្រទេស​ទីពីរ ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើនជាងគេ ក្នុង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ