អានតួអត្ថបទ
ថៃ

ទីប្រឹក្សា​របស់​ព្រះមហាក្សត្រ​ថៃ​មិន​សូវ​គាំទ្រ​ឲ្យ​ព្រះរាជបុត្រ​ឡើង​ស្នងរាជ្យ​បន្ត

ឯកសារ​កំណត់ទូត​សំងាត់​របស់​អាមេរិក ចុះផ្សាយ​ដោយ​វិបសៃត៍​ Wikileaks​បង្ហាញ​បន្តិចម្តងៗ​ពី​វិបត្តិ​ផ្ទៃក្នុង ស៊ីជម្រៅ​ក្នុង​ប្រទេស​ថៃ។ បន្ថែម​ពីថ្ងៃ​ម្សិលមិញ កាសែតក្នុង​ប្រទេស​​អង់គ្លេស បាន​ដក​យក​សម្រង់​ខ្លះ​របស់​ឯកសារ​ការទូត​អាមេរិក។ សម្រង់​កំណត់ទូត​អាមេរិក​ដែល​បង្ហាញ​ថា ទីប្រឹក្សា​សំខាន់ៗ​របស់​ព្រះមហាក្សត្រ មិន​សូវ​ចង់​ឲ្យ​ព្រះរាជបុត្រ​មហា​វិជ្ជរ៉ាឡុងកន ឡើង​សោយរាជ្យ​បន្ត​ព្រះមហាក្សត្រ​ភូមិបុល អាឌុលយ៉ាដេត។

ព្រះមហាក្សត្រ​ថៃ​ភូមិបុល ព្រះអគ្គមហេសី និង​ព្រះរាជបុត្រ​មហា​វិជ្ជរ៉ា​ឡុងកន (ស្តាំ)
ព្រះមហាក្សត្រ​ថៃ​ភូមិបុល ព្រះអគ្គមហេសី និង​ព្រះរាជបុត្រ​មហា​វិជ្ជរ៉ា​ឡុងកន (ស្តាំ) ©អាអេហ្វប៉េ
ផ្សាយពាណិជ្ជកម្ម

 

02:27

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

វិបត្តិ​ផ្ទៃក្នុង​ព្រះរាជវង្ស​ថៃ គឺ​រឿង​រកអ្នក​មក​ស្នងរាជ្យ​បន្ត​ពី​ព្រះមហាក្សត្រ​ភូមិបុល មិនមែន​ជារឿង​ថ្មី​ទេក្នុង​ប្រទេស​ថៃ។ ប៉ុន្តែ តាមរយៈ​ការផ្សព្វផ្សាយ​របស់​វិបសែត៍ Wikileaks គេ​បាន​មើលឃើញ​រឹតតែ​ច្បាស់​ពី​ការមិនចុះ​សម្រុងគ្នា រវាង​អ្នកធ្វើការ​បំរើ​រាជបល្ល័ង្កថៃ ជាមួយ​នឹង​គ្រួសារ​រាជវង្ស​តែ​ម្តង។

យោង​តាមច្បាប់ ព្រះរាជបុត្រ មហា​វិជ្ជរ៉ាឡុងកន ដែល​ជា​ព្រះរាជបុត្រ​ទោល នឹង​ឡើង​ស្នងរាជ្យ​បន្ត​ពី​ព្រះបិតា​របស់​ព្រះអង្គ។ ប៉ុន្តែ ទីប្រឹក្សា​ សំខាន់ៗ​បីរូប​របស់​ព្រះបាទ​ភូមិបុល បាន​បង្ហាញ​ពី​ជំហរ​អវិជ្ជមាន​របស់​ពួកគេ​ចំពោះ​ការប្រគល់​រាជបល្ល័ង្ក​ទៅឲ្យ​​ព្រះរាជបុត្រ​អង្គ​នេះ។ ក្នុង​កិច្ច​សន្ទនា​ជាមួយ​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុងបាងកក កាលពី​ខែ​មករា ដើមឆ្នាំ​នេះ ទីប្រឹក្សា​ទាំងបីរូប​នោះ ដែល​ដឹកនាំ​ដោយ​ប្រធាន​ទីប្រឹក្សា​ព្រះមហាក្សត្រ លោក​ប្រេម ទីនស៊ុនឡានន្ទដា​បាន​និយាយ​ថា ពួកគេ​មាន​ការបារម្ភ និងសង្ស័យ​ទៅ​លើ​សមត្ថភាព​ព្រះរាជបុត្រ ប្រសិនបើ​ព្រះអង្គ​ត្រូវឡើង​សោយរាជ្យ​បន្ត​ពី​ព្រះបិតា​របស់​ព្រះអង្គ​ពិតមែន។
 

ព្រះរាជបុត្រ​ដែល​ជា​បុត្រ​សំណព្វ​របស់​ព្រះរាជិនី​ ជា​បុត្រា​ទោល​ដែលនឹង​ត្រូវ​ឡើង​សោយរាជ្យ​បន្តពី​ព្រះបិតា​របស់ព្រះអង្គ​
ព្រះរាជបុត្រ​ដែល​ជា​បុត្រ​សំណព្វ​របស់​ព្រះរាជិនី​ ជា​បុត្រា​ទោល​ដែលនឹង​ត្រូវ​ឡើង​សោយរាជ្យ​បន្តពី​ព្រះបិតា​របស់ព្រះអង្គ​ ©Reuters

បារម្ភ​ទីមួយ​របស់​ទីប្រឹក្សា​ព្រះមហាក្សត្រថៃ គឺ​ព្រះរាជបុត្រ មហា​វិជ្ជរ៉ាឡុងកន​មិនមាន​ប្រវត្តិ និង​រូបភាព គួរ​ឲ្យ​កោត​សរសើរ​ពី​សំណាក់​ប្រជាជន​ថៃ។ បើតាម​ទីប្រឹក្សា​ដែល​និយាយ​របៀបឌឺដង ក្នុង​កំណត់ទូត​អាមេរិក ព្រះអង្គ​ មហា​វិជ្ជរ៉ាឡុងកន មិន​សូវ​មាន​វត្តមាន​ក្នុង​ប្រទេស និង​ឧស្សាហ៍​ទៅ​យាងកំសាន្ត​នៅ​ប្រទេស​អាល្លឺម៉ង់​ជាមួយ​នឹង​ស្រីស្នំ​របស់​ព្រះអង្គ និង​ទុក​ឲ្យ​ព្រះជាយា​នៅ​គង់​តែ​អង្គ​ឯង​ក្នុ​ងប្រទេស​ថៃ។ ទីពីរ​គឺ​ព្រះរាជបុត្រ​​ធ្លាប់​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ថាក់ស៊ីន។ ដូច្នេះ ព្រះអង្គ​អាច​នឹង​មិនមាន​សមត្ថភាព​ដឹកនាំ​ប្រទេស មាន​ទឹកមាត់ប្រៃ​ទៅលើ​ពួកយោធា ដូចជា​ព្រះបិតា​របស់​ព្រះអង្គ។ ជាពិសេស​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ពេល​ដែល​ប្រទេស​កំពុង​ជួប​ភាពបែកបាក់​រវាង​ប្រជាជន​ទីក្រុង និង​អ្នករស់នៅ​តាមជនបទ គេ​ខ្លាច​ថា ព្រះអង្គ​នឹង​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រទេស​បច្ចុប្បន្ន​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។

ទឹប្រឹក្សា​ម្នាក់​ក្នុង​ចំណោម​បីនាក់​បាន​និយាយ​ថា ប្រសិន​បើ​គេ​រកឃើញ​ជម្រើស​អ្វី​ផ្សេង​ទៀត នោះ​គឺ​ប្រទេសថៃ​នឹង​អាច​ចៀសផុត​ពី​វិបត្តិលើក​នេះ។ នោះ​គឺ​គេ​សំដៅ​ដល់​ការ​ប្រគល់​រាជ​បល្ល័ង្ក​ដល់​ព្រះរាជបុត្រី មហា​ចក្រី​សារិនថន ដែល​ប្រជាជន​ថៃ​ចូលចិត្ត គាំទ្រ​ជា​ទូទៅ។ សមាជិក​របស់​ក្រុមទីប្រឹក្សា​ម្នាក់​ចង់​ឲ្យ​ព្រះមហាក្សត្រ​ថៃ​កែប្រែ​ច្បាប់​ស្នងរាជ្យ។ ច្បាប់​ដែល​ហាមមិន​​ឲ្យ​មនុស្ស​ស្រី​មាន​សិទ្ធិ​ឡើង​សោយរាជ្យ។ ទាំងអស់​នេះ​គ្រាន់តែ​សំណូមពរ​ដែល​គេ​លើកឡើង​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក ប៉ុន្តែ រាល់​ជំហរ​ទាំងនេះ​មិន​ដែល​ត្រូវ​គេ​លើក​យក​​មក​និយាយ​ក្នុង​ចំណោម​គ្រួសារ​រាជវង្ស ឬនៅ​មុខ​​ព្រះមហាក្សត្រ​ឡើយ។ ក្នុងពេល​ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន​កាន់តែ​មាន​វ័យ​កាន់តែច្រើន ការស្វែងរក​បុគ្គល​មក​ស្នងរាជ្យ​បន្ត គឺជា​រឿងចាំបាច់។ ប៉ុន្តែ រឿង​បុគ្គល​ដែល​ត្រូវ​ស្នងរាជ្យ​បន្ត នៅ​តែ​ប្រធានបទ​ដ៏​រសើប​បំផុត ក្នុង​ប្រទេស​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ