អានតួអត្ថបទ
កម្ពុជា

សិទ្ធិ​ទទួល​ព័ត៌មាន​ទំនងជា​អាច​ក្លាយ​ទៅជា​ច្បាប់​ក្នុង​អាណត្តិ​ទី៥​នេះ

«ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន» ​ឬ ​«ច្បាប់​ស្តីពី​សេរីភាព​ក្នុង​ការទទួលបាន​ព័ត៌មាន‍»​ ទំនង​ជា​លេចចេញ​ជា​រូបរាង ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៥នេះ។ រាជរដ្ឋាភិបាល​កម្ពុជា គណបក្សប្រឆាំង មន្ត្រី អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នៅ​កម្ពុជា​បាន​លើក​យក​ប្រធានបទ​នេះ​មក​ជជែក​ពិភាក្សា​ តាំងពី១០ឆ្នាំ​មកហើយ។ ទើបតែ​ក្នុង​អាណត្តិ​ថ្មីនេះ ការជំរុញ​ឱ្យ​បង្កើត​ច្បាប់​ទាក់ទង​នឹង​សិទ្ធិ​ទទួល​ព័ត៌មាន​ផុសផុល​ខ្លាំង ។

លោក ខៀវ កាញារីទ្ធ ជា​​រដ្ឋមន្ត្រី​​ក្រសួង​​ព័ត៌មាន ទទួលបន្ទុកធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន​
លោក ខៀវ កាញារីទ្ធ ជា​​រដ្ឋមន្ត្រី​​ក្រសួង​​ព័ត៌មាន ទទួលបន្ទុកធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ពន្លឺ​នៃ​ការបង្កើត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ បាន​លេចចេញ​ជា​រូបរាង​ហើយ​នៅពេល នេះ។ ទាំង​រដ្ឋាភិបាល​កម្ពុជា ទាំង​សង្គម​ស៊ីវិល និង​ដៃគូ​អភិឌ្ឍន៍​អន្តរជាតិ បាន​យល់​ស្របគ្នា​ថា ច្បាប់​និង​និតិ​វិធី​អនុវត្ត​​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ គឺជា​ឧបករណ៍​ជំនួយ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍន៍​​របស់​កម្ពុជា។

សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​បាន​បើក​ធ្វើ​នៅ​ថ្ងៃ​ពុធ​ទី៤​ធ្នូនេះ​ នៅ​ឯ​សណ្ឋាគារ​អាំងទែ​កុងទីណង់​តាល់​ ដើម្បី​ពិភាក្សា​អំពី​ការបង្កើត​ច្បាប់​ដ៏​មាន​សារៈសំខាន់​នេះ។ ភាគី​ពាក់ព័ន្ធ​ជាច្រើន​បាន​ចូលរួម​ពិភាក្សា​ដើម្បី​ជំរុញ​ឲ្យ​ច្បាប់​នេះ​ឆាប់​លេចចេញ​ជា​រូបរាង។ លោក ណែប ស៊ីនថៃ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោលនយោបាយ ដែល​ដឹកនាំ​ក្រុមការងារ​សិទ្ធិ​ទទួលបាន​ព័ត៌មាន សង្ឃឹមថា​រដ្ឋាភិបាល​នឹង​ដុតដៃដុតជើង​ធ្វើឱ្យ​«ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌​មាន​»​ចេញ​​ជា​ផ្លែផ្កា​ក្នុង​អាណត្តិ​ទី៥នេះ។

លោក Jean-François Cautain ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​​នោះ​ថា ការទទួលបាន​ព័ត៌មាន​ជា​សិទ្ធិ​មូលដ្ឋាន​មួយ​របស់​មនុស្ស​ដែល​ត្រូវតែ​លើកស្ទួយ មិន​មែន​តែ​ក្នុង​ស្ថាប័ន​រដ្ឋ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ត្រូវ​ធ្វើ​ក្នុង​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​ដែរ ដើម្បី​ធានា​​តម្លាភាព និង​ពង្រឹង​អភិបាលកិច្ច​ល្អ​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ។

សូម​បញ្ជាក់​ថា ការផ្តួចផ្តើម​បង្កើត​ច្បាប់​ទាក់ទង​នឹង​សិទ្ធិ​ទទួល​ព័ត៌មាន​បាន​កើត​ឡើង​តាំងពី​ឆ្នាំ២០០៤ មកម្ល៉េះ។ ជា​បន្តបន្ទាប់ អង្គការ​មិនមែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​បាន​ជជែក​​ពិភាក្សា​អំពី​រឿងនេះ​ជា​ច្រើនលើក ប៉ុន្តែកិច្ច​ពិភាក្សា​ទាំងនោះ​មិន​ទទួលបាន​ផល​ច្រើន​ទេ​ក្នុង​រយៈពេល​១០ឆ្នាំ​កន្លងទៅ។

ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ ដើម្បី​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ ក្នុងនោះ​ក៏មាន​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជា​សមាជិក​ដែរ។ គម្រោង​បង្កើត​ក្រុមការងារ​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​កាលពី​ថ្ងៃ​ទី០៨ ខែវិច្ឆិកា ឱ្យ​បង្កើត​ច្បាប់​នេះ​ឲ្យ​បាន​នៅក្នុង​អាណត្តិ​ទី៥។

លោក អ៊ុក គឹម​សេង ទីប្រឹក្សា​ក្រសួង​ព័ត៌មាន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ក្រសួង​ព័ត៌មាន ដោយ​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការលើកស្ទួយ​សេរីភាព​ទទួល​ព័ត៌មាន។ កិច្ច​ខិតខំ​ប្រឹងប្រែងនេះ​បាន​ស្តែងឡើង​តាមរយៈ​ការបង្កើត​ឱ្យមាន​អ្នកនាំពាក្យ​ខេត្ត ក្រុង រាជធានី ដើម្បី​ផ្តល់​ព័ត៌មាន​ឱ្យ​អ្នកកាសែត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​ដល់​ប្រជាជន​ឱ្យបាន​ទូលំ​ទូលាយ​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ