អានតួអត្ថបទ
បារាំង-ចិន

​បារាំង​ពួតដៃ​ជាមួយ​ចិន​​ផ្នែក​​ស្រាវជ្រាវ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេបូឡា

ប្រទេស​បារាំង​និង​ចិន ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រាត​ត្បាត​នេះ​ជំងឺអេបូឡា នៅ​​​អាហ្វ្រិក ទ្វីប​ដែល​ប្រទេស​ទាំង​ពីរ​ស្រូប​ទាញ​ប្រយោជន៍​សំខាន់ៗ​បាន​ដូចគ្នា។ នេះ​ជា​ការប្រកាស​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ការបរទេស​បារាំង​នា​ឱកាសជួប​ជា​មួយ​សមភាគី​ចិន លោក វង់ យី ​នៅទី​ក្រុង​ប៉េកាំង​ ដោយ​បាន​សន្យា​ពង្រឹង​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេបូឡាជាមួយ​ចិន ជាពិសេស​ក្នុង​វិស័យ​ស្រាវជ្រាវ​ និង​ជំនួយ​មនុស្សធម៌ សុខាភិបាល។

រដ្ឋមន្ត្រីការបរទេស​បារាំង លោក Laurent Fabius និង​សមភាគី​ចិន លោក Wang Yi នៅ​ក្រុង​ប៉េកាំង​ថ្ងៃ​ទី ១៩ តុលា ២០១៤
រដ្ឋមន្ត្រីការបរទេស​បារាំង លោក Laurent Fabius និង​សមភាគី​ចិន លោក Wang Yi នៅ​ក្រុង​ប៉េកាំង​ថ្ងៃ​ទី ១៩ តុលា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ទី ១៩​តុលា​នេះ ប៉ារីស និង​ប៉េកាំង​បាន​សម្រេច​​លើក​ស្ទួយ​​ការងារ​ផ្នែក​ស្រាវ​ជ្រាវ ដើម្បី​កម្ចាត់​មេរោគ​អេបូឡា ដោយ​សង្ឃឹម​លើ​ទីពិសោធន៍​P4​ នៅ​ក្រុង​លីយ៉ុង​ប្រទេស​បារាំង និង​មន្ទីរពិសោធន៍​ វ៉ូហាន់ នៅ​ភាគ​កណ្តាល​ ប្រទេស​ចិន ដែល​អាច​ដំណើរ​ការ​បាន​នៅ​ដើម​ឆ្នាំ​២០១៥។ វ៉ូហាន់​​​ជា​មន្ទីរពិសោធន៍​P4ជីវចម្រុះ​ក្នុង​កំរិត​សុវត្ថិភាព​ខ្ពស់ ទី​មួយ​របស់​ចិន ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​​​បារាំង Mérieux។

 
Mérieux  ជាវិទ្យាស្ថាន​ស្រាវជ្រាវ​ និង​ជា​ស្ថាប័ន ដ៏​កម្រ​បំផុត​មួយ​នៅ​លើ​ពិភពលោក​​ មាន​សិទ្ធ​ចាត់ចែង​ជីវ៉ាណូ ដើមហេតុ​មេរោគ​ដែល​ងាយ​បង្ក​ជំងឺ​បំផុត។ បារាំង​និង​ចិន ធ្លាប់​បាន​​​ផ្តោះប្តូរ​​ការងារ​គ្នា​​ ទាក់ទង​នឹង​​អេបូឡា ជំងឺគ្រុនឈាម​នៅអាហ្វ្រិក​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​៤ពាន់​៥រយនាក់ មាន​ជាអាទិ៍​រវាង​​​​មជ្ឈមណ្ឌល​ការពារ​និង​ត្រួត​ពិនិត្យ​​ជំងឺ​ចិន និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​ INSERM និង​មូលនិធិ​Mérieux បារាំង។ កិច្ចព្រមព្រៀង​រវាង​វិទ្យាស្ថានជាតិ​តាមដាន​សុខភាព​បារាំង​ក៏​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ជាមួយ​មជ្ឈមណ្ឌល​ការពារ​ជំងឺចិន នៅ​ពេល​ឆាប់ៗ​ខាង​មុខនេះ។

ចំពោះ​សកម្មភាព​នៅ​ផ្ទាល់​កន្លែង​រង​គ្រោះ​អេបូឡា​វិញ បារាំង​និង​ចិន​បាន​សន្យា​នៅ​ថ្ងៃ​អាទិត្យ​នេះ ថា​ក្រុមទទួល​បន្ទុក​​ជំនួយមនុស្សធម៌​និង​សុខាភិបាល​បារាំង​ចិន នឹង​ធ្វើ​ការ​ផ្តោះប្តូរ​និង​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញមក​ដើម្បី​ការពារ​និង​ត្រួត​ពិនិត្យ​ការ​រាត​ត្បាត។ ប៉ារីស​និង​ប៉េកាំង នឹង​សិក្សា​អំពី​មធ្យោបាយ​ធ្វើ​ប្រតិបត្តិការ​ត្រីភាគី​ ពង្រឹង​និង​សហការ​ លើក​ស្ទួយ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ប្រទេស​ក្នុង​តំបន់ដោយ​មាន​ការព្រមព្រៀង​យ៉ាង​ពេញ​ទំហឹង​ពីប្រទេស​ពាក់ព័ន្ធ។

ការ​ពង្រឹង​សកម្មភាព​ប្រឆាំង​នឹង​ជំងឺ​អេបូឡា​នេះ បាន​ប្រកាស​ឡើង​ក្នុង​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ទើប​បាន​ធ្វើ​ការ​រិះគន់​ប៉េកាំង​ថា​មាន​ភាព​កំខ្សោយ​ខ្លាំង​​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត ព្រោះ​តែ​ចិន​ផ្តល់​ជំនួយ​​ ដោយ​ផ្អែក​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច។ កាលពី​ថ្ងៃ​សុក្រ​ ចិន​ទើប​បាន​ការ​ពារ​នយោបាយ​ប្រឆាំង​នឹង​វីរ៉ុស​អេបូឡា​របស់​ខ្លួន ដោយ​​ផ្សព្វផ្សាយ​លម្អិត​ផែនការ​ជំនួយ​បន្ទាន់ និង​សន្យា​បញ្ជូន​អ្នក​ឯកទេស​ជាង​១០​នាក់​ទៅ​បំពាក់​បំប៉ន​ភ្នាក់ងារ​សុខាភិបាល​នៅអាហ្វ្រិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ