សេដ្ឋកិច្ចវិនិយោគបារាំងអំឡុងពីរឆ្នាំក្រោមលោកម៉ាក្រុង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:២២
ក្រោមការដឹកនាំ កំលុងរយៈពេលពីរឆ្នាំ របស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បារាំងបានក្លាយជាប្រទេសនាំមុខលំដាប់ទីពីរនៅអឺរ៉ុបទាំងមូល តាមពីក្រោយអាល្លឺម៉ង់ ក្នុងនាមជាប្រទេសមួយដែលមានភាពទាក់ទាញបំផុត សម្រាប់ការវិនិយោគបរទេស។ នេះបើយោងតាម ការចេញផ្សាយផ្លូវការមួយ របស់រដ្ឋាភិបាលបារាំង។រដ្ឋាភិបាលបារាំងក្រោមការដឹកនាំរបស់ប្រធានាធិបតីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួន បានធ្វើកំណែទម្រង់យ៉ាងច្រើន តួយ៉ាង លើវិស័យអប់រំ ប្រព័ន្ធពន្ធដារ ប្រព័ន្ធការងាររដ្ឋបាល វិស័យបច្ចេកវិទ្យាចុងក្រោយ និងការបង្កើនភាពទាក់ទាញផ្សេងៗ សម្រាប់ការវិនិយោគបរទេស។
យោងតាមការចេញផ្សាយផ្លូវការរបស់រដ្ឋាភិបាលបារាំង តាមរយៈគេហទំព័រ gouvernement.fr បានឱ្យដឹងថា ប្រទេសបារាំងក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានបោះជំហានសេដ្ឋកិច្ចរបស់ខ្លួនមួយជំហានបន្ថែមទៀត ក្លាយជាប្រទេសខ្ពស់លំដាប់ទីពីរនៅអឺរ៉ុបទាំងមូល ដែលទាក់ទាញការវិនិយោគបរទេសល្អបំផុត ដោយប្រទេសអាល្លឺម៉ង់ស្ថិតនៅលំដាប់ទីមួយ ខណៈចក្រភពអង់គ្លេសតាមពីក្រោយបារាំង។
ចំណុចទាក់ទាញមួយដ៏ចម្បងរបស់បារាំងគឺ ពលរដ្ឋបារាំងភាគច្រើនមានការអប់រំខ្ពស់ និងមានគុណភាព។ បារំាងចាត់ទុកថា ការវិនិយោគលើវិស័យអប់រំជាកត្តាកំណត់នូវផលិតភាពនាពេលអនាគត។ ជាក់ស្ដែង រដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើនលើវិស័យអប់រំ ក្នុងចំនួនមួយស្មើនឹងប្រមាណជាង ៥,២ភាគរយនៃចំណូលជាតិសរុប។ គិតត្រឹមឆ្នាំ២០១៧ មានយ៉ាងហោចណាស់ ៣៥,២ភាគរយនៃប្រជាជនដែលមានអាយុចាប់ពី ២៥ទៅ៦៤ឆ្នាំ បានទទួលការអប់រំនៅថ្នាក់ឧត្តមសិក្សា។ ទោះជាយ៉ាងណា តួលេខនេះមានចំនួនតិចជាងបើធៀបទៅនឹងសហរដ្ឋអាមេរិក (៤៦,៤ភាគរយ) និងចក្រភពអង់គ្លេស (៤៥,៧ភាគរយ) តែខ្ពស់ជាងប្រទេសអាល្លឺម៉ង់(២៨.៦ភាគរយ)។
ថ្លៃផលិតកម្មទាបក៏ជាកត្តារួមចំណែកមួយផងដែរ ក្នុងការទាក់ទាញការវិនិយោគបរទេស។ យោងតាមរបាយការណ៍របស់ The Competitive Alternatives ប្រទេសបារាំងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានតម្លៃអគ្គិសនីទាប ធៀបនឹងបណ្តាប្រទេសដែលមានកម្រិតអភិវឌ្ឍខ្ពស់ផ្សេងទៀត។ លើសពីនេះ ថ្លៃជួលការិយាល័យក្នុងមួយម៉ែត្រការ៉េនៅទីក្រុងធំៗរបស់បារាំង មានតម្លៃទាបជាងទីក្រុងធំៗនៅក្នុងចក្រភពអង់គ្លេស អេស្ប៉ាញ ឬអាល្លឺម៉ង់។
ងាកមកមើលវិស័យបច្ចេកវិទ្យា បារាំងស្ថិតក្នុងចំណោមប្រទេសទាំងប្រាំមួយខ្ពស់បំផុតលើពិភពលោក ជាមួយសហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងរុស្ស៊ី និងស្ថិតក្នុងចំណោមប្រទេសទាំងពីរខ្ពស់បំផុតនៅអឺរ៉ុប ដែលមានការអភិវឌ្ឍវិស័យបច្ចេកវិទ្យាខ្ពស់បំផុត។ បារាំងបានវិនិយោគយ៉ាងខ្លាំងលើ ការស្រាវជ្រាវ និងការអភិវឌ្ឍ ជាពិសេសការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍបច្ចេកវិទ្យា។
នៅប៉ុន្មានឆ្នាំចុងក្រោយ ការធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារ ក៏បានចូលរួមចំណែកក្នុងការជំរុញការប្រកួតប្រជែងរបស់បារាំងផងដែរ។ អត្រាពន្ធដារលើការធ្វើពាណិជ្ជកម្មនឹងធ្លាក់ចុះជាបន្តបន្ទាប់ពី ៣៣,៣ភាគរយនៅឆ្នាំ២០១៨ មកត្រឹម២៥ភាគរយនៅឆ្នាំ២០២២។
កត្តាចម្បងចុងក្រោយ ពាក់ព័ន្ធយ៉ាងជិតស្និតលើ ប្រព័ន្ធការងាររដ្ឋបាល និងនិយតកម្ម (ឬក៏ការធ្វើឱ្យត្រឹមត្រូវតាមច្បាប់ពាណិជ្ជកម្ម) តួយ៉ាង ការងារពាក់ព័ន្ធនឹងការធ្វើកិច្ចសន្យា ការចាប់ផ្តើមអាជីវកម្ម ឬការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ជាដើម។ យោងតាមរបាយការណ៍ស្ដីពីការធ្វើពាណិជ្ជកម្មរបស់ធនាគារពិភពលោក បានឲ្យដឹងថា ប្រទេសបារាំងទទួលបានការវាយតម្លៃល្អលើបរិយាកាសអាជីវកម្ម ដោយស្ថិតក្នុងចំណាត់ថ្នាក់កណ្តាល ក្នុងចំណោមបណ្តាប្រទេសមានកម្រិតអភិវឌ្ឍខ្ពស់ផ្សេងទៀត។
សរុបជារួម កត្តាផ្សេងៗរួមមាន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យា កត្តាចំណាយថ្លៃផលិតកម្មទាប កំណែទម្រង់លើប្រព័ន្ធពន្ធដារ និងកំណែទម្រង់លើប្រព័ន្ធការងាររដ្ឋបាល សុទ្ធតែជាកត្តាចម្បងៗដែលបានរួមចំណែកបង្កើតភាពទាក់ទាញសម្រាប់ការវិនិយោគបរទេសនៅក្នុងប្រទេសបារាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ