អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បោះឆ្នោត​ប្រធានាធិបតី​នៅ​ស៊ីមបាវ៉េ៖ សេដ្ឋកិច្ច គឺ​ជា​ប្រធានបទចម្បង​សម្រាប់​រូប​ប្រធានាធិបតី​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជន​ស៊ីមបាវ៉េ​ប្រមាណ​ជា​ជាង ៦លាននាក់​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​កាល​ពី​ថ្ងៃពុធ ទី៣១ កក្កដា។ មាន​បេក្ខជន​សំខាន់​តែ​ពីរ​នាក់​គត់​ដែល​បាន​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ គឺ​លោក​ប្រធានាធិបតី​ផុតអាណត្តិ Robert Mugabe និង​នាយករដ្ឋមន្រ្តី​របស់​គាត់​គឺ​លោក Morgan Tsvangirai។ ខណៈនេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​​ផ្លូវការ​នៅ​ឡើយ​ទេ តែ​គណបក្ស​របស់​លោក Robert Mugabe បាន​ប្រកាស​ពី​ជោគជ័យ​របស់​ខ្លួន។ អ្វី​ជា​ការ​កត់សម្គាល់ យុទ្ធនាការ​បោះឆ្នោត​ឆ្នំា​នេះ​ត្រូវ​បាន​បេក្ខជន​នីមួយៗ​ផ្តោត​សំខាន់​លើ​ប្រធានបទ​សេដ្ឋកិច្ច។

Hotunan 'Yan takarar zaben shugaban kasar Zimbabwe Robert Mugabe da Morgan Tsvangirai,
Hotunan 'Yan takarar zaben shugaban kasar Zimbabwe Robert Mugabe da Morgan Tsvangirai, REUTERS/Philimon Bulawayo
ផ្សាយពាណិជ្ជកម្ម

ពិត​ជា​មិន​មែន​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ឡើយ ដែល​លោក​ប្រធានាធិបតី​ផុតអាណត្តិ Robert Mugabe និង​នាយករដ្ឋមន្រ្តី​របស់​គាត់​គឺ​លោក Morgan Tsvangirai បាន​ប្រឈម​មុខ​ដាក់​គ្នា​ដើម្បី​ដណ្តើម​កៅអី​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នំា​នេះ។ មិន​ភ្ញាក់ផ្អើល​ព្រោះ​ថា ទីមួយ ឥស្សរជន​ទំាង​ពីរ​នាក់​គឺ​ជា​តួអង្គសំខាន់​នៅ​ក្នុង​ជីវិត​នយោបាយ​របស់​ប្រជាជន​ស៊ីមបាវ៉េ​ទូទៅ និង​ទីពីរ លោក Robert Mugabe និង​លោក Morgan Tsvangirai គឺ​ជា​គូប្រជែង​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នា​ពេល​កន្លង​មក ក្នុង​ឆ្នំា ២០០២ និង ២០០៨។ តែ​បញ្ហា​នៅ​ត្រង់​ថា លោក Robert Mugabe តែងតែ​ទទួល​បាន​ជ័យជំនះ​លើ​លោក Morgan Tsvangirai ជានិច្ច។ មិនមែន​ជា​ជ័យជំនះ​ដែល​លោក Mugabe ទទួល​បាន​តាម​សម្លេង​ឆ្នោត​ត្រឹមត្រូវ​ឡើយ តែ​ដោយ​ការ​លួចបន្លំ និង​ការ​ប្រើ​កម្លំាង​បាយ​លើ​ដៃគូ​របស់​ខ្លួន។

នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នំា​នេះ គូប្រជែង​ទំាង​ពីរ​នាក់​បាន​វិល​មក​កាន់​ឆាកប្រយុទ្ធ​ជាថ្មី​ដោយ​លើក​នេះ ម្នាក់ៗ​បាន​នំា​គ្នា​ផ្តោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស។ នេះ​ក៏​មិនមែន​ជា​រឿង​ចៃដន្យ​ដែរ ព្រោះ​ថា ជាមួយ​នឹង​អត្រា​អ្នកអត់​ការងារធ្វើ​រហូត​ដល់​ទៅ ៨០% និង​ចំនួន​អ្នកបោះឆ្នោត​ថ្មី​វ័យក្មេង​ជិត ១លាននាក់​ដែល​កំពុង​សម្លឹង​ឃើញ​អនាគត​របស់​ខ្លួន​ស្រពេចស្រពិល​នោះ លោក Mugabe និង​លោក Morgan ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​រឿង​សេដ្ឋកិច្ច​នោះ​ទេ។ តែ​សំណួរ​ដែល​កំពុង​ចោទ​នោះ​គឺ​ថា តើ​លោក Mugabe ឬ​មួយ​ក៏​លោក Morgan ដែល​នឹង​ត្រូវ​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស៊ីមបាវ៉េ ?

គួរ​ជម្រាប​ជូន​ថា ជា​វីរជន​រំដោះ​ប្រទេស​ស៊ីមបាវ៉េ លោក Robert Mugabe បាន​ដឹកនំា​ប្រទេស​ស៊ីមបាវ៉េ​តំាង​ពី​បាន​ទទួល​ឯករាជ្យ​ក្នុង​ឆ្នំា ១៩៨០ មក​ម្ល៉េះ មាន​ន័យ​ថា លោក Mugabe បាន​អង្គុយ​លើ​កៅអី​ប្រធានាធិបតី​តំាង​ពី ៣៣ឆ្នំា​មក​ហើយ។ ៣៣ឆ្នំា​ដែល​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ស៊ីមបាវ៉េ​បាន​ស្គាល់​ភាព​រុងរឿង​ផង និង​វិបត្តិ​ផង។ ជាក់ស្តែង​វិបត្តិ​រំាងស្ងួត​ក្នុង​ឆ្នំា ១៩៩២ និង ១៩៩៥ ដែល​ធ្វើ​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប​យ៉ាង​ខ្លំាង។

ដើម្បី​រំងាប់​ភាព​ក្តៅក្រហាយ​កាន់​តែ​ខ្លំាង​ឡើងៗ​របស់​ប្រជាជន លោក Mugabe បាន​ផ្តើម​ធ្វើ​កំណែទម្រង់​ដីធ្លី​ក្នុង​ដំណាច់​ទសវត្ស​ឆ្នំា ៩០។ គោលដៅ​គឺ​ដើម្បី​កាត់​បន្ថយ​គម្លាត​ដែល​នៅ​សេសសល់​ពី​សម័យ​អាណានិគមនិយម។ នៅ​ក្រោម​សម័យ​អាណានិគម ប្រជាជន​ស្បែក ស តំណាង​ឲ្យ ១% នៃ​ប្រជាជន​ស៊ីមបាវ៉េ​ទំាង​អស់ ក៏​ប៉ុន្តែ បាន​កាន់កាប់​ដីធ្លី​ដំាដុះ​រហូត​ដល់​ទៅ ៧០% ឯណោះ។ ចាប់​ពី​ខែ​កុម្ភៈ ឆ្នំា ២០០០ មាន​ដីធ្លី​ដំាដុះ​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​ស្បែក ស ប្រមាណ​ជា ៤ ០០០ម្ចាស់​ត្រូវ​បាន​រដ្ឋអំណាច​រឹបអូស និង​យក​ទៅ​ចែកចាយ​ឲ្យ​ម្ចាស់​ស្រុក​ស្បែក ខ្មៅ​វិញ។

តែ​បញ្ហា​នៅ​ត្រង់​ថា កង្វះ​ចំណេះដឹង​របស់​ពួកស្បែក ខ្មៅ​ក្នុង​ការ​បន្ត​ធ្វើ​អាជីវកម្ម​លើ​ដីដំាដំណំា​ទំាង​នោះ បាន​ធ្វើ​ឲ្យ​ផលិតកម្ម​កសិកម្ម​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ផលិតកម្ម​កសិកម្ម​ធ្លាក់​ចុះ​ខ្លំាង បូក​ផ្សំ​ជាមួយ​នឹង​អំពើ​ពុករលួយ​របស់​មន្រ្តីជាន់ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​លើ​អាជីវកម្ម​ធនធាន​សម្បូរ​បែប​របស់​ប្រទេស​ផង​នោះ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដំា​ក្បាល​ចុះ​រហូត​ដល់​ទៅ ៤០% និង​អត្រា​អតិផរណា​កើន​រហូត​ដល់​ទៅ ២៣១% ក្នុង​ឆ្នំា ២០០៨។ គឺ​ទើប​តែ​នៅ​ក្រោយ​ការ​ប្រសូត្រ​ចេញ​នូវ​រដ្ឋាភិបាល​ឯកភាពជាតិ​មួយ​ក្រោម​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​ដែល​ចូល​រួម​ដោយ​គណបក្ស​របស់​លោក Robert Mugabe និង​លោក Morgan Tsvangirai ក្នុង​ឆ្នំា ២០០៩ ទេ ទើប​ប្រទេស​ស៊ីមបាវ៉េ​បាន​ងើប​ចេញ​បន្តិច​ម្តងៗ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ។

ក៏​ប៉ុន្តែ ការ​ងើប​ចេញ​បន្តិច​ម្តងៗ​ពី​វិបត្តិ​សេដ្ឋកិច្ច​ហាក់​ដូច​ជា​នៅ​មាន​លក្ខណៈ​ផុយស្រួយ​នៅ​ឡើយ។ ជាក់ស្តែង និង​បើ​យោង​តាម​តួលេខ​ផ្តល់​ដោយ​ក្រសួង​ហិរញ្ញវត្ថុ កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នំា ២០១៣ មាន​ប្រមាណ​តែ ៣,៤% ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​ការ​គ្រោង​ទុក​ដែល​មាន ៥%។

សម្រាប់​លោក Morgan Tsvangirai ដែល​ជា​អតីត​អ្នកសហជីព និង​ដែល​មាន​ប្រជាប្រិយភាព​ខ្លំាង​ក្នុង​ចំណោម​អ្នកបោះឆ្នោត​រស់​ក្នុង​ទីក្រុង លោក Morgan បាន​សន្យា​ថា បើ​លោក​ជាប់​ឆ្នោត លោក​នឹង​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​តាម​រយៈ​ការ​បង្កើត​វិនិយោគ​បរទេស និង​ការ​បង្កើត​ការងារ​ឲ្យ​បាន​ចំនួន ១លាន​ការងារ​ចាប់​ពី​អណត្តិ​ទីមួយ​ទៅ។ ចំណែក​លោក Robert Mugabe ដែល​មាន​ប្រជាប្រិយភាព​ខ្លំាង​ក្នុង​​ចំណោម​អ្នកបោះឆ្នោត​រស់​នៅ​តាម​ជនបទ លោក​បាន​បន្ត​ការពារ​តុល្យការ​នៃ​នយោបាយ​កំណែទម្រង់​ដីធ្លី​ដែល​បាន​ជួយ​លើក​តម្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​ជនបទ។

សរុប​មក​វិញ ក្រោម​ភ្នែក ច្រមុះ​របស់​ប្រជាជន​ស៊ីមបាវ៉េ​ទូទៅ ទោះ​បី​ជា​រូប​ប្រធានាធិបតី​ថ្មី​មាន​ឈ្មោះ Robert Mugabe ឬ​មួយ​ក៏ Morgan Tsvangirai វា​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់ ប្រធានាធីបតី​ថ្មី​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​អត់ការងារ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ