អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អេហ្ស៊ីប៖ការបោះឆ្នោត​ប្រធានាធិបតី​ដែល​គេ​បាន​ដឹង​លទ្ធផល​មុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ត្រូវ​បាន​រៀបចំ​ឡើង​រយៈពេល​២ថ្ងៃ គឺ​ថ្ងៃ​ចន្ទ ទី២៦ និង​ថ្ងៃ​អង្គារ ទី២៧ ឧសភា​នេះ។ មាន​ប្រជាជន​អេហ្ស៊ីប​ចំនួន ៥៣លាននាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​តែ ២នាក់​គត់ គឺ​លោក​ហំាឌីន សាបាហ៊ី (Hamdeen Sabahi) និង​លោក​អាប់ដែល ហ្វាតតា អាល់-ស៊ីសស៊ី (Abdel Fattah al-Sissi)។ ក្រុម​ភាតរៈអ៊ីស្លាម​បាន​អំពាវនាវ​សកម្មជន​របស់​ខ្លួន​មិន​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​អាប់ដែល ហ្វាតតា អាល់-ស៊ីសស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បេក្ខជន​ដែល​នំា​មុខ​ដាច់​ឆ្ងាយ​គូប្រជែង​របស់​ខ្លួន​ខ្លំាង​ណាស់។

បេក្ខជន​​ Abdel Fattah al-Sissi (រូបឆ្វេង) និង​បេក្ខជន Hamdine Sabahi នា​ការបោះឆ្នោត​ប្រធានាធិបតី​អេហ្ស៊ីប
បេក្ខជន​​ Abdel Fattah al-Sissi (រូបឆ្វេង) និង​បេក្ខជន Hamdine Sabahi នា​ការបោះឆ្នោត​ប្រធានាធិបតី​អេហ្ស៊ីប Montage REUTERS/Al Youm Al Saabi Newspaper
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​អភូតការណ៍​ចៃដន្យ​ណា​មួយ​កើត​ឡើង​ទេ ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​អេហ្ស៊ីប គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី (Abdel Fattah al-Sissi) នោះ​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា​មតិ​ភាគច្រើន​បាន​យល់​ឃើញ​ថា ការ​ប្រកួត​ដណ្តើម​កៅអី​ប្រធានាធិបតី​រវាង​ លោក​ហំាឌីន សាបាហ៊ី (Hamdeen Sabahi) និង​លោក​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី (Abdel Fattah al-Sissi) គឺ​ជា​ការ​ប្រកួត​មួយ​មិន​ស្មើ​ភាព​គ្នា​ទាល់​តែ​សោះ។ លោក​ហំាឌីន សាបាហ៊ី និង​លោក​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី គឺ​ជា​ឥស្សរជន​នយោបាយ​ដែល​ប្រជាជន​អេហ្ស៊ីប​ស្គាល់​ដូច​គ្នា។ លោក​ហំាឌីន សាបាហ៊ី​ជា​ឥស្សរជន​នយោបាយ​ឆ្វេងនិយម និង​ដែល​រូប​លោក​ធ្លាប់​បាន​ឈរ​ឈ្មោះ​ម្តង​ហើយ​នា​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​កាល​ពី​ឆ្នំា ២០១២។ កាលណោះ ជោគជ័យ​បាន​ធ្លាក់​ក្នុង​កណ្តាប់​បេក្ខជន​ភាតរៈ​អ៊ីស្លាម លោក​ម៉ូហាម៉េដ ម័រស៊ី និង​ដែល​លោក​ហំាឌីន សាបាហ៊ី​ទទួល​បាន​សម្លេង​គំាទ្រ​លំដាប់​ទី៣។

ចំណែក​លោក​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី​វិញ លោក​មិនមែន​ជា​ឥស្សរជន​នយោបាយ​ចំ​តួ​ទេ តែ​ជា​ឥស្សរជន​ម្នាក់​ចេញ​មក​ពី​ប្រភព​យោធា និង​ដែល​កំពុង​ទទួល​បាន​ការ​គំាទ្រ​ច្រើន​ណាស់​ពី​សំណាក់​ប្រជាជន​អេហ្ស៊ីប​ទូទៅ។ មុន​នឹង​ដោះ​ខោ អាវ​ទាហាន​ដែល​លោក​បាន​ពាក់​ជា​ប្រចំា​រយៈពេល ៤៤ឆ្នំា​ចេញ និង​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​នេះ លោក​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី​បាន​សុខចិត្ត​លះបង់​នូវ​ឋានន្តរសក្តិ​​ជា​សេនាប្រមុខ តួនាទី​ជា​រដ្ឋមន្រ្តី​ការពារជាតិ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ម័រស៊ី និង​ឋានៈ​ជា​ឧត្តមសេនីយ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គឺ​លោក​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី​រូប​នេះ​ឯង​ដែល​បាន​កំចាត់​លោក​ម័រស៊ី​ចេញ​ពី​អំណាច​កាល​ពី ១១ខែ​មុន គឺ​រូប​លោក​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី​នេះ​ហើយ​ដែល​បាន​តាម​កំចាត់​ក្រុម​ភាតរៈអ៊ីស្លាម​មក​ដល់​សព្វថ្ងៃ។

ទំាង​បេក្ខជន​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី និង​បេក្ខជន​ហំាឌីន សាបាហ៊ី​សុទ្ធ​តែ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា សាធារណៈរដ្ឋ​ថ្មី​របស់​អេហ្ស៊ីប​មិន​បាន​ព្រៀង​កន្លែង​ទុក​សម្រាប់​ក្រុម​ភាតរៈអ៊ីស្លាម​ទេ និយាយ​ឲ្យ​ស្រួល​យល់ គេ​ត្រូវ​តែ​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ទំាង​អស់​ដើម្បី​ទប់ស្កាត់​ការ​វិល​ចូល​ឆាកនយោបាយ​អេហ្ស៊ីប​ជា​ថ្មី​របស់​ក្រុមភាតរៈអ៊ីស្លាម។ អ៊ីចឹង​ហើយ​ជា​ចលនា​មួយ​នេះ​បាន​អំពាវនាវ​សកម្មជន​របស់​ខ្លួន​កុំ​ឲ្យ​ចូលរួម​បោះឆ្នោត។ មួយ​វិញ​ទៀត ក្រុម​ភាតរៈអ៊ីស្លាម​បាន​យល់​ឃើញ​ថា លោក​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី ជា​បេក្ខជន​ដែល​មាន​បំណង​កប់​ចោល​ទំាង​ស្រុង​នូវ​ឧត្តមគតិ​នៃ​បដិវត្តន៍​រំលំ​របប​របស់​លោក​ហូស្ន៊ី មូបារ៉ាក់​កាល​ពី​ឆ្នំា ២០១១។ តែ​បញ្ហា​នៅ​ត្រង់​ថា នេះ​មិន​មែន​ជា​ការ​យល់ឃើញ​របស់​ប្រជាជន​អេហ្ស៊ីប​ទូទៅ​ឯណា។

ក្រោម​ភ្នែក ច្រមុះ​របស់​ប្រជាជន​អេហ្ស៊ីប​ភាគច្រើន លោក​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី ជា​អ្នកស្រោចស្រង់ជាតិ និង​ជា​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​នំា​ស្ថិរភាព​នយោបាយ​ឲ្យ​ប្រទេស​ដែល​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​រុំារ៉ៃ​ក្នុង​រយៈពេល ៣ឆ្នំា​កន្លង​ទៅ ពោល​តំាង​ពី​ក្រោយ​បដិវត្តន៍​ផ្តួលរំលំ​លោក​ប្រធានាធិបតី​ហូស្ន៊ី មូបារ៉ាក់​ក្នុង​ឆ្នំា ២០១១។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ លោក​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី​ដែល​មាន​អាយុ ៥៩ឆ្នំា គឺ​ជា​បេក្ខជន​ដែល​ប្រជាជន​អេហ្ស៊ីប​ទូទៅ​ចង់​ឃើញ និង​ចង់​បាន​ជា​ប្រធានាធិបតី​របស់​ខ្លួន ពោល​គឺ​មិនមែន​បេក្ខជន​ហំាឌីន សាបាហ៊ី​ទេ។

ពិត​ណាស់​ថា ជម្រើស​បេក្ខជន​មួយ​ណា​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី វា​ជា​សិទ្ធិ​របស់​ប្រជាជន​អេហ្ស៊ីប​ខ្លួន​ឯង។ ការ​ដែល​ប្រជាជន​អេហ្ស៊ីប​បាន​ចូល​រួម​បោះឆ្នោត​យ៉ាង​ច្រើន​កុះករ និង​នំា​គ្នា​ឲ្យ​តម្លៃ​ខ្លំាង​លើ​បេក្ខជន​អាល់ ស៊ីសស៊ី​នា​ពេល​នេះ ក៏​មក​ពី​ពួក​គេ​ចង់​បាន​របបមួយ​ថ្មី​ខុស​ពី​របប​ផ្តាច់ការ​ដឹក​នំា​ដោយ​លោក​ហូស្ន៊ី មូបារ៉ាក់។ តែ​អ្វី​ក៏​ពួក​ហាក់​ដូច​ជា​មិន​បាន​គិត​ដល់​នោះ​នៅ​ត្រង់​ថា បេក្ខជន​អាល់ ស៊ីសស៊ី​ជា​ឥស្សរជន​មាន​ប្រភព​ចេញ​ពី​កងទ័ព និង​ដែល​លោក​គ្រាន់​តែ​ដោះខាវ អាវ​ទាហាន រួច​ពាក់​ស៊ីវិល​ដើម្បី​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ប៉ុណ្ណោះ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​មួយ​ចោទ​ឡើង​ថា តើ​អេហ្ស៊ីប​ក្រោម​ការ​ដឹកនំា​របស់​លោក​អាប់ដែល ហ្វាតតា អាល់ ស៊ីសស៊ី មិនមែន​ជា​អេហ្ស៊ីប​នៅ​មុន​បដិវត្តន៍​ផ្តួលរំលំ​របប​លោក​មូបារ៉ាក់​ទេ ឬ​យ៉ាង​ណា ព្រោះ​ចូរ​កុំ​ភ្លេច​ថា ប្តូរ​សម្លៀកបំពាក់​ពី​ទាហាន​ទៅ​ស៊ីវិល ឬ​ពី​ស៊ីវិល​ទៅ​ទាហាន គឺ​នៅ​តែ​មាន​គំនិត​ជា​ទាហាន​តែ​ដដែល។

ណ្ហើយ​ចុះ វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​វាយតម្លៃ​សមត្ថភាព​របស់​លោក​អាល់ ស៊ីសស៊ី​យ៉ាង​ម៉េច​នោះ។ តើ​ស្ថានការណ៍​អេហ្ស៊ីប​ក្រោម​អំណាច​របស់​លោក​អាល់ ស៊ីសស៊ី​នឹង​ក្លាយ​ជា​យ៉ាង​ណា​នោះ គឺ​មាន​តែ​លោក​អាល់ ស៊ីសស៊ី​ខ្លួន​ឯង​ទេ​ដែល​អាច​ឆ្លើយ​បាន ព្រោះ​ថា ជោគវាសនា អនាគត​របស់​ប្រទេស​ជាតិ​ត្រូវ​បាន​ប្រជាជន​ផ្តល់​ឲ្យ​លោក​រួច​ហើយ។ ខកចិត្ត ឬ​ពេញ​ចិត្ត​ចំពោះ​ការងារ​របស់​លោក​អាល់ ស៊ីសស៊ី នៅ​ថ្ងៃ​ខាង​មុខ គឺ​មាន​តែ​ប្រជាជន​អេហ្ស៊ីប​មួយ​គត់​ជា​អ្នក​កាត់សេចក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ