អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សម្តី​បាតដៃ​ខ្នងដៃ ​របស់​លោកស្រី​ម៉ារីន ឡឺប៉ែន​ រឿង​ឈប់​ចាយ​ប្រាក់​អឺរ៉ូ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​ម៉ារីន ​ឡឺប៉ែន ​បេក្ខជន​ប្រធានាធីបតី​បារាំង​មក​ពី​បក្ស​ស្តាំនិយម​ជ្រុល ​កុំពុង​ធ្វើឲ្យ​គេ​ងឿង​ឆ្ងល់ ​ ទាក់ទិន​ទៅ​នឹង​គោល​ជំហរ​លោកស្រី ​ស្តីពី​ការ​ឈប់​ចាយ​ប្រាក់​អឺរ៉ូ។ កន្លង​មក ​លោក​ស្រី ​ឡឺប៉ែន ​តែងតែ​ស្រែក​ថា​ បើ​លោក​ស្រី​ជាប់​ឆ្នោត​ គឺ​លោកស្រី ​នឹង​ឈប់​ឲ្យ​បារាំង ​ចាយប្រាក់​អឺរ៉ូ​តទៅ​ទៀត ​ហើយ​រៀប​ចំ​ឲ្យ​មាន​រូបិយបណ្ណជាតិ​បារាំង​វិញ។ តែ​ស្រាប់តែ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ​ លោកស្រី​បែរ​ជា​និយាយ​ថា ​បារាំង​នឹង​មាន​រូបិយបណ្ណ​ជាតិ​របស់​ខ្លួន ​ តែ​ប្រាក់​អឺរ៉ូ​ នឹង​នៅ​តែ​បន្ត​ប្រើ ​សម្រាប់​ក្រុមហ៊ុន​សហគ្រាស ​ដែល​នាំ​ផលិតផល​ចេញ។ ការ​និយាយ​បាតដៃ​ខ្នងដៃ ​ស្តីពី​បញ្ហា​នេះ ​បង្ហាញ​ថា​លោកស្រី ​ឡឺប៉ែន ​កំពុង​តែ​ស្រវេស្រវា ព្យាយាម​ទាក់ទាញ ​អ្នក​បោះឆ្នោត ​ដែល​កន្លង​មក​មិន​សូវ​ពេញចិត្ត​លោកស្រី ​រឿង​គោល​ជំហរ​​ឈប់​ចាយ​ប្រាក់​អឺរ៉ូ​នេះ។

លោកស្រី ម៉ារីន ឡឺប៉ែន ថ្ងៃទី​២៧ មេសា ២០១៧
លោកស្រី ម៉ារីន ឡឺប៉ែន ថ្ងៃទី​២៧ មេសា ២០១៧ REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

ឈប់​ចាយ​ប្រាក់អឺរ៉ូ ​ហើយ​បង្កើតឲ្យ​មាន​រូបិយបណ្ណ​ជាតិ​វិញ

មួយ​ជំហាន​ទៅ​មុខ​ ពីរ​ជំហាន​ថយ​ក្រោយ ​ ម្តង​ឆ្វេង​ម្តង​ស្តាំ ​សម្តី​បាត​ដៃ​ខ្នង​ដៃ​របស់​លោកស្រី ​ ម៉ារីន ឡឺប៉ែន ​ ហាក់​កំពុង​ធ្វើ​ឲ្យ​គេស្គាល់ ​ពី​សារធាតុពិត​របស់​គោល​ជំហរ​នយោបាយ ​បែប​ប្រជាភិថុត​របស់​លោក​ស្រី។ យុទ្ធសាស្ត្រ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី ​ម៉ារីន ឡឺប៉ែន ​គឺ​វាយ​ប្រហារ​ សហភាព​អឺរ៉ុប ​ហើយ​ទំលាក់​កំហុស​ទៅ​លើ​ក្រដាស​ប្រាក់​អឺរ៉ូ ​ថា​ជា​អ្នក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​បារាំង​ធ្លាក់ចុះ ​និង​ធ្វើ​ឲ្យ​មាន​អតិផរណា។

កម្មវិធី​នយោបាយ​ធំ​បំផុត​របស់​លោកស្រី ​ម៉ារីន ឡឺប៉ែន​ គឺ​លោកស្រី​សន្យា​ថា ​នឹង​បោះឆ្នោត​ប្រជាមតិ ​​ដើម្បី​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ ហើយ​និង​សុខចិត្ត​ចុះចេញ​ពី​តំណែង​ប្រធានាធិបតី ​បើ​សិន​ជា​ប្រជាជន​បារាំង ​មិន​បោះឆ្នោត​យល់​ព្រម​ ដក​បារាំង ​ចេញ​ពី​សហភាព​អឺរ៉ុប​ទេ​នោះ។ ការ​សន្យា​មួយ​ទៀត​ នោះ ​គឺលោកស្រី ​ម៉ារីន ឡឺប៉ែន ​បាន​សច្ចា​ថា ​លោកស្រី​នឹង​បង្កើត​ឲ្យ​មាន​រូបិយបណ្ណជាតិ​បារាំង​ឡើង​វិញ ​ ហើយ​ឈប់​ប្រើប្រាស់​ក្រដាស​ប្រាក់​អឺរ៉ូ​តទៅ​ទៀត ​នៅ​ពេល​លោក​ស្រី​ជាប់ឆ្នោត។

តែរក្សាប្រាក់​អឺរ៉ូ ​សម្រាប់​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស

នៅក្នុង​បទ​សម្ភាសន៍​ ដែល​លោកស្រី​បាន​ផ្តល់​ឲ្យ​សារព័ត៌មាន ​Le Parisien ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ​ ទី​៣០​មេសា ​លោកស្រី ម៉ារីន ឡឺប៉ែន ​បាន​និយាយ​ថា​ ប្រាក់​អឺរ៉ូ​ស្លាប់​បាត់​ទៅ​ហើយ។ លោកស្រី​អះអាង​ម្តង​ទៀត ​ថា​បារាំង​នឹង​ត្រូវ​តែ​ឈប់​ចាយ​ប្រាក់​អឺរ៉ូ ​ហើយ​ងាក​មក​បង្កើត​រូបិយបណ្ណជាតិ​ ផ្ទាល់​ខ្លួន​វិញ។ ក៏​ប៉ុន្តែ ​ស្រាប់តែ​លោកស្រី ​បាន​បន្ថែម​ចំណុច​មួយទៀត​ ថា​ លោក​ស្រី​នឹង​បង្កើត​ឲ្យ​មាន​រូបិយបណ្ណជាតិ​មែន ​ តែ​សម្រាប់​តែ​ចាយ​ក្នុង​ស្រុក​បារាំង​តែ​ប៉ុណ្ណោះ ​ចំណែក​ប្រាក់​អឺរ៉ូ ​ នឹង​រក្សា​ទុក​ដដែល ​ឲ្យ​នៅ​ជា​រូបិយបណ្ណ​រួម ​ ជាមួយ​ប្រទេស​សមាជិក​ដទៃ ​ដើម្បី​ប្រើប្រាស់ ​សម្រាប់​ការ​នាំចេញ​ទំនិញ​ទៅ​បរទេស។

នៅ​ក្នុង​បទ​សម្ភាសន៍ ​លោកស្រី ​ឡឺប៉ែន ​មិន​ត្រឹម​តែ​បាន​ផ្លាស់ប្តូរ​សម្តី​ប៉ុណ្ណោះ​ទេ ​ តែ​ថែម​ទាំង​បាន​កែប្រែ​កាល​វិភាគ ​ក្នុង​ការ​ចរចា​ទៀត​ផង។ លោកស្រី​ធ្លាប់​បាន​សន្យា​ថា ​ក្នុង​រយៈពេល​៦ខែ ​ចាប់​ពី​លោកស្រី​ចូល​កាន់​តំណែង ​លោកស្រី ​នឹង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​រៀប​ចំ​ផែនការ​ឈប់​ចាយ​ប្រាក់​អឺរ៉ូ។ ក៏​ប៉ុន្តែ​ពេល​នេះ ​លោកស្រី​បែរ​ជា​និយាយ​ថា ​លោកស្រី​នឹង​ប្រើ​ពេល​១ឆ្នាំ ​ ឬ​មួយ​ឆ្នាំ​កន្លះ​ដើម្បី​ចរចា។

លើស​ពី​នេះ​ទៀត ​ កិច្ច​ព្រមព្រៀង​នយោបាយ​ដែល​លោកស្រី​ទើប​តែ​បាន​ចុះ​ ជាមួយ​លោក ​នីកូឡា ឌុយប៉ុងត៍ អេញ៉ង់ ​បាន​ធ្វើ​ឲ្យ​គេ​សង្កេត​ឃើញ​ថា ​គោល​នយោបាយ​ដើម​ ដែល​លោកស្រី​បាន​សន្យា ​ ហាក់​កំពុង​ប្រែប្រួល ​ព្រោះ​ដើម្បី​បំពេញ​ចិត្ត​បក្ស​ពួក​របស់​លោក ​ឌុយប៉ុងត៍ អេញ៉ង់។ យ៉ាង​ណាមិញ ​បន្ទាត់​នយោបាយ​ស្តី​ពី​ការ​វិល​ត្រឡប់ ​មក​ចាយ​រូបិយបណ្ណជាតិ​វិញ ​ មិន​ត្រូវ​បាន​គេ​ឃើញ​មាន​សរសេរ​ នៅ​ក្នុង​កម្មវិធី​នយោបាយ​ផ្លូវការ​ ​ដែល​ប្រគល់​ទៅ​ឲ្យ​គណកម្មការ​រៀបចំ​ការ​បោះឆ្នោត​ទេ។

ស្តោះផង លេបផង ឲ្យជឿ​ម្តេច​បាន!
 
តើ​លោកស្រី ​ម៉ារីន ឡឺប៉ែន ​ចង់ធ្វើ​អ្វី​ឲ្យ​ប្រាកដ? ​ចង់​ឈប់​ចាយ​ប្រាក់​ អឺរ៉ូ​ ឬ​ក៏​មិន​ឈប់? ឬ​មួយ​ក៏​គ្រាន់តែ​និយាយ​បង្អើល​បែប​ប្រជាភិថុត ​ បោក​ប្រាស់​ប្រជាជន​ដែល​មិន​យល់​ដឹង​វែងឆ្ងាយ ​ ​ពី​បញ្ហា​សេដ្ឋកិច្ច​ទេ? ​លោកស្រី​ ម៉ារីន ឡឺប៉ែន ​បាន​អួត​ប្រាប់​ប្រជាជន​បារាំង​ថា ​បើ​បោះឆ្នោត​ឲ្យ​លោកស្រី ​លោកស្រី​នឹង​នាំបារាំង​ឲ្យ​មាន​ឯករាជ្យ​ឡើងវិញ​ គឺ​ឯករាជ្យ​ក្នុង​វិស័យ​សេដ្ឋកិច្ច ​ពន្ធដា ​និង​ហិរញ្ញវត្ថុ ​ឈប់​ទទួល​ការ​បង្គាប់​បញ្ជារ ​ពី​សហភាព​អឺរ៉ុប ​ ហើយ​ឈប់​នៅ​ក្រោម​បង្គាប់​ ធនាគារ​កណ្តាល​អឺរ៉ុប​តទៅ​ទៀត។ លោកស្រី ​ បាន​ចោទ​ថា ​គឺ​ប្រាក់​អឺរ៉ូ ​ ដែល​បាន​ទាញ​សេដ្ឋកិច្ច​បារាំង​ឲ្យ​ទន់​ខ្សោយ​ អត្រា​អ្នក​អត់​ការងារ​ធ្វើ​កាន់​តែ​ច្រើន ​ ហើយ​ការ​នាំចេញ​បាន​ចុះថយ ​ និង​ជា​ពិសេស ​ទំនិញ​ឡើង​ថ្លៃ។

ប៉ុន្តែ​ សម្រាប់​អ្នក​ជំនាញ​ហិរញ្ញវត្ថុ ​និង​សេដ្ឋកិច្ច ​ គ្រប់គ្នា​សុទ្ធ​តែ​បាន​ប្រកែក​បដិសេធ ​ចំពោះ​ការ​លើក​ឡើង​មក​ពន្យល់​ បែប​ផ្លូវកាត់​នេះ ​របស់​លោកស្រី​ម៉ារីន ឡឺប៉ែន។ វិបត្តិ​សេដ្ឋកិច្ច​បារាំង ​មិន​មែន​ជា​កំហុស​របស់​ប្រាក់​អឺរ៉ូ​ទេ ​ហើយ​ការ​ចាកចេញ​ពី​តំបន់​ចាយ​លុយ​អឺរ៉ូ ​មក​ចាយ​ប្រាក់​ជាតិ​វិញ ​ក៏​មិន​អាច​ជួយ​សេដ្ឋកិច្ច​បាន​ដែរ។  ផ្ទុយ​ទៅ​វិញ​ វា​គឺ​ជា​គ្រោះថ្នាក់​ ព្រោះ​បារាំង​ នឹង​នៅ​ម្នាក់​ឯង ​ក្នុង​មហាសាគរ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម ​ ដែល​ត្រូវ​ការ​ជា​ចាំបាច់ ​នូវ​ក្រដាស​ប្រាក់​ ដែល​មាន​ឥទ្ធិពល​ខ្លាំង ​ ដូចជា​ប្រាក់​ដុល្លារ ​និង​ប្រាក់​អឺរ៉ូ​នេះ។

និយាយ​ត្រលប់​ត្រលិន​ ដើម្បី​ដណ្តើម​សំលេង​ឆ្នោត
 
ការ​និយាយ​ត្រលប់​ត្រឡិន ​បែប​ពាំ​ត្រណោត​ ដោយ​គ្មាន​មូលដ្ឋាន​របស់​លោកស្រី​ម៉ារីន ឡឺប៉ែន ​គឺ​ធ្វើ​ក្នុង​ន័យ​តែ​ម្យ៉ាងគត់​ គឺ​ដើម្បី​អូសទាញ​ការ​គាំទ្រ​របស់​ប្រជាជន ​ដែល​កំពុង​តែ​ស្ទាក់ស្ទើរ​ មិន​ហ៊ាន​បោះឆ្នោត​ឲ្យ​លោកស្រី។ ប្រជាជន​បារាំង​មួយ​ចំនួន​ធំ ​ មិន​គាំទ្រ​លោកស្រី​ម្នាក់​នេះ ​គឺ​ទាក់ទិន​ទៅ​នឹង​ការ​ឈប់​ចាយប្រាក់​អឺរ៉ូ​នេះ​តែម្តង​ ព្រោះ​ពួក​គេ​ដឹង​ពី​ផល​អាក្រក់​ផ្នែក​សេដ្ឋកិច្ច ​ បើ​សិន​ជា​បារាំង​ឈប់​ចាយ​ប្រាក់​អឺរ៉ូ។

តាម​ការ​ស្ទៀបស្ទង់​មតិ​របស់​វិទ្យាស្ថាន​ស្ថិតិ​បារាំង ​IFOP ​បាន​បង្ហាញ​ថា ​ប្រជាជន​បារាំង​៧២% ​មិន​ចង់​​ឲ្យ​បារាំង ​ឈប់​ចាយ​ប្រាក់​អឺរ៉ូ​ទេ។ គឺ​ប្រជាជន​បារាំង​៧២%​នេះ​ហើយ ​ដែល​លោកស្រី​ ម៉ារីន ឡឺប៉ែន ​​ខំប្រឹង​និយាយ ​ដើម្បី​អូស​ទាញ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ។ ក៏ប៉ុន្តែ ​ផ្ទុយទៅ​វិញ​ ភាព​ត្រលប់​ត្រលិន​ បែប​ប្រជាភិថុត​របស់​លោកស្រី ​ម៉ារីន​ ឡឺប៉ែន នា​ពេល​នេះ ​រឹងរឹត​តែធ្វើ​ឲ្យ​គេ​ឃើញថា ​គាត់​គ្មាន​ចេតនា​ជ្រោមជ្រែង​សេដ្ឋកិច្ច​បារាំង​ទេ ​គឺ​គាត់​មាន​ចេតនា​តែមួយ​គត់​ គឺ​ឈ្នះ​ឆ្នោត ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី នៅថ្ងៃទី​៧ឧសភា ​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ