អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុដូចម្តេច ​បាន​ជា​ពួក​ពីឡុត​រុស្ស៊ី ​ចាកចេញ​ទៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​អាកាសចរ​បរទេស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការភាពរដ្ឋ​​និង​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី ​ខិតខំ​ទប់​ពួក​ពីឡុត​ ដែល​មាន​បំណង​ចាកចេញ​ទៅ​ ធ្វើការ​នៅ​បរទេស ​ប៉ុន្តែ ​មិន​បាន​សម្រេច​ដូច​ចិត្ត​ឡើយ ​ពី​ព្រោះ​ពួក​ពីឡុត​រុស្ស៊ី​ មិន​ជឿ​ពាក្យ​សន្យា​ថា​ ដំឡើង​ ប្រាក់​ខែ​ឲ្យ​គេ ​ចំណែក​វិធានការ​រឹត​ត្បឹត​ថ្មីៗ​ នៅតែ​មិន​អាច​ខា​ឃាំង​ រាល់​នរណា ​ដែល​បាន​តាំង​ចិត្ត​ទៅ​ហើយ ​ទៅ​បម្រើ ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ណា ​ដែល​ផ្តល់​ប្រាក់​ឈ្នួល​ការងារ​យ៉ាង​ក្រាស់ក្រែល​ដល់​គេ។  ត្បិត​ថ្មីៗ ​នៅ​តែ​មិន​អាច​ខា​ឃាំង​រាល់​នរណា ​ដែល​បាន​តាំងចិត្ត​ទៅ​ហើយ ​ទៅ​បម្រើ ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ណា ​ដែល​ផ្តល់​ប្រាក់​ឈ្នួល​ការងារ​យ៉ាង​ក្រាស់ក្រែល​ដល់​គេ។

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot
យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot REUTERS/Luke MacGregor
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពីរឆ្នាំ​ចុង​ក្រោយ ​មាន​មេក្រុម​បើក​បរយន្តហោះ​ស៊ីវិល​ និង​ គ្រូ​បង្ហាត់​រុស្ស៊ី​ជាង ​៣០០​នាក់ ​បាន ​ចាក​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស ​ហើយ ​៤០០​នាក់​ទៀត ​កំពុង​ត្រៀម​ដើរ​តាម​ផ្លូវ​នេះ​ដែរ​-តួលេខ​នេះ ​ចុះ ​ផ្សាយ ​ក្នុង​សប្តាហ៏​កន្លង​ទៅ ​ដោយ​កាសែត​ក្រុង​ម៉ូស្គូ ​Kommersant ​យោង​ទៅ​លើ​ប្រភព​របស់​ខ្លួន​ផ្ទាល់ ​គឺ​ សហជីព​ពីឡុត ​ប្រចាំ​អាកាស​យានដ្ឋាន​អន្តរជាតិ​ដ៏​ធំ​បំផុត​នៃ​ក្រុង​ម៉ូស្គូ​ឈ្មោះ ​Sheremetievo។ ពីឡុត​រុស្ស៊ី ​ភាគច្រើន​ដែល​បាន​ចាកចេញ​ទៅ ​សព្វថ្ងៃ​ធ្វើការ​ នៅ​ប្រទេស​ចិន​ ហើយ​ក៏​ក្នុង​ចំនួន​ច្រើន​ដែរ​ ធ្វើការ​នៅតាម​ ប្រទេស​អាស៊ី​អាគ្នេយ៏ ​និង ​តំបន់​ដើម​បូព៏ា។

ចំណែក​អ្នក​ឆ្លើយឆ្លង​របស់ ​BBC ​ទាក់​ទងនឹង​រឿង​នេះ​ បាន​ទៅ​ជីក​សួរ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ ៣ ​ធំៗ ​ នៅ​រុស្ស៊ី ​គឺ​ក្រុមហ៊ុន ​Sibi​r ​ ​Utair ​និង ​Ural Lines ​ដែល​ក្នុង​ចម្លើយ​របស់​គេ ​មិន​បញ្ជាក់​អំពី ​លំហូរ​រង្គាល ​ទៅ​ក្រៅ ​នៃ​ពួក​ពីឡុត​របស់​គេ​ឡើយ។

ជា​ការ​កត់​សម្គាល់ ​តាម​ស្ថិតិ ​ទី ​ភ្នាក់ងារ​សហព័ន្ធ​ខាង​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស ​ហៅ​កាត់​ថា ​RosAviatsia ​នៅ​រុស្ស៊ី ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​​ធំៗ ​ចំនួន​ ១៥ ​ក្នុង​នោះ​នាំមុខ​គេ ​គឺ​ ក្រុមហ៊ុន​រដ្ឋ ​Aeroflot ​ដែល​ធំ​ជាង​គេ​ នៅ​អឺរ៉ុប​ខាង​កើត ​ហើយ​ដែល​ប្រដាប់​ទៅ​ដោយ​យន្តហោះ​ដឹកអ្នក​ដំណើរ​ទៅ​ឆ្ងាយៗ​និង​ទៅ​ចម្ងាយ​មធ្យម​ គិត ​មក​ទល់​ថ្ងៃ​១​សីហា​ឆ្នាំ​នេះ ​មាន ​១៩៨ ​គ្រឿង​ច្រើន​តែ​ថ្មីៗ ​ដែល​វ័យ​មធ្យម​របស់​វា ​គឺ ​៤,៣​ឆ្នាំ។

ក្នុង​ RosAviatsia ​គេ​ចាត់​ទុក​ចំនួន​លើក​យក​មក​បង្ហាញ​ដោយ​កាសែត ​Kommersant ​ថា​ជា​តួលេខ​ពន្លើស ​ដ្បិត​ស្រប​នឹង​ទិន្នន័យ​ផ្តល់​ដោយ ​សមាគម​ចិន​ខាង​ដឹក​ជញ្ជូន​ផ្លូវ​អាកាស ​ មាន​ពីឡុត​រុស្ស៊ី ​តែ​ ៨១ ​នាក់​ ប៉ុណ្ណោះ ​ធ្វើការ​នៅ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ចិន។ RosAviatsia​ មិន​ចាត់​ទុក​ស្ថានការណ៍​ដែល​កើត​ ឡើង​ ថា​ជា​វិបត្តិ​ឡើយ ​ពីព្រោះ​នៅ​រុស្ស៊ី ​ពីឡុត​ពាណិជ្ជ ​មាន​ចំនួន​ច្រើន​ហូរហៀរ ​ដល់​ទៅ ​១២.០០០​ នាក់។ រីឯ​ ពីឡុត​ដែល​បាន​ចាកចេញ​ទៅ​ស៊ីឈ្នួល​នៅ​បរទេស ​គិត​ពី​ដើម​ឆ្នាំ​២០១៥​មក​ គឺ​ តែ​ក្នុង​ចំនួន ​២០០ ​នាក់ ​ឫ ​តែ ​១,៧% ​ប៉ុណ្ណោះ ​នៃ​ចំនួន​ពីឡុត​ទាំង​អស់​នៅ​រុស្ស៊ី។

ប៉ុន្តែ ​តាម​ការ​វាយ​តម្លៃនៃ​ទីភ្នាក់ងារ​ក្របខ័ណ្ឌ​អាកាសចរ ​ហៅ​ថា ​Aviapersonal​ ពី​ក្នុង​ចំណោម​ពីឡុត​ ពាណិជ្ជ ​១២.០០០ ​នាក់​នោះ ​មាន​តែ​ ៣.៥០០​ នាក់ ​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ ​ជា​ មេក្រុម​បើកបរ​ ហៅ ​ថា ​អ្នក​កាច់​ចង្កូត​យន្តហោះ​ក្នុង​ឋានៈ​ជា​ ពីឡុត​ទី១ ​និង​ ពីឡុត​ទី២។ ដូច្នេះ ​តាម​កាសែត ​Kommersant ​បើគេ​បាន​ចាក​ចេញ​ទៅ ​៣០០​នាក់​ ហើយ​ត្រៀម​ចាក​ចេញ​ ៤០០​នាក់​ទៀត​ លុះ​ដល់​ ៧០០ ​នាក់​ ​គឺ​ជា ​តួលេខ​ មិន​អាច​ធ្វើ​ព្រងើយ​កន្តើយ​ឡើយ។

ប្រាក់ខែតិច?

-តាម​ដែល​ BBC​ ចេះ​ជីក​យក​បាន​ពី ​សហជីព​ពីឡុត​ប្រចាំ​អាកាសយានដ្ឋាន ​Sheremetievo ៖ ​ក្នុង​ ក្រុម​ ហ៊ុន ​Aeroflot ​ពីឡុត​ទទួល​ ក្នុង​១ខែ ​គឺ​ខ្ទង់​ ៦.៥០០ ​ដុល្លារ ​រួច​នៅតាម​ ក្រុមហ៊ុន​ជា​សាខា ​របស់​ Aeroflot​ គេ ​ទទួល​តែ​ម្តុំ ​២.០០០​ ដុល្លារ។ ប៉ុន្តែ ​តំណាង​របស់​ Aeroflot​ ផ្ទាល់ ​បាន​រៀបរាប់​ថា ​មេក្រុម​បើក​បរយន្ត ​ហោះ ​ទទួល​បាន​ ៧.៨៥៨ ​ដុល្លារ​ឯណោះ ​ក្នុង​១ខែ។

-តាម​ទិន្នន័យ​សហជីព​អាកាសយានដ្ឋាន​ Sheremetievo ​មេ​ក្រុម​បើកបរ​នៅ​តាម​ក្រុមហ៊ុន ​អឺរ៉ុប​ខាង​កើត ​ទទួល​ក្នុង​១ខែ ​គឺពី​ ៤.០០០ ​ដល់ ​៧.៥០០ ​ដុល្លារ។ នៅ​សរអា ​និង​ ប្រទេស​ចិន​ ពីឡុត​ទទួល ​ដល់​ជាង ​១៤.០០០​ ដុល្លារ​ក្នុង១ខែ។ នៅ​ប្រទេស​ចិន​ តាម​តួលេខ​សហជីព ​ពួក​ពីឡុត​ជំនាញ​ទទួល​ពី​ ១៧.០០០​ ដល់ ​២៥.០០០ ​ដុល្លារ ​ក្នុង​១ខែ។

មិនតែ​ប៉ុណ្ណោះ ​សំខាន់​ណាស់​ដែរ​សម្រាប់​ពីឡុត​រុស្ស៊ី ​ក៏ទាំង​ល័ក្ខខ័ណ្ឌ​ការងារ ​បែបយ៉ាង ​ការ​បង់ថ្លៃ​លំនៅ ​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ ថ្លៃ​ធានា​រ៉ាប់រង ​បូក​ទាំង​សម្រាប់​គ្រួសារ​ពីឡុត​ផង​ គឺ​ ដោយ​ក្រុមហ៊ុន​បរទេស។

នៅ​ទីបំផុត​ កត្តា​សំខាន់ ​គឺ​ តារាង​កំណត់​ពេល​ធ្វើការ ។ នៅតាម​ក្រុមហ៊ុន​បរទេស ​ជា​អាថទិ៍​​ក្រុមហ៊ុន​អាស៊ី ​តារាង​នេះ ​គឺងាយ​ស្រួល​សម្រាប់​ពីឡុត​រុស្ស៊ី​បំពេញ​ការងារ។ ក្នុង​សម្ភាសន៏​ច្រើន​ឥតគណនា ​ពួក​ពីឡុត​រុស្ស៊ី ​ដែល​បាន​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស ​ដំណាល​ថា ​តារាង​នោះ​មិន​ផ្ញុក​ទៅ​ដោយ​បន្ទុក​ច្រើន​ជ្រុល ​ចំណែក ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​បរទេស ​តែង​ខិតខំ​បង្ក​លក្ខណៈល្អ​ប្រសើរ ​ដើម្បីឲ្យ​ការងារ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន។

ទាក់ទង​នឹង​ប្រាក់ខែ​ពីឡុត ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី ​Russian​ Business ​Consulting RBC ​ថ្ងៃ ​២៣​ សីហា ​យោង​ទៅ​លើ ​សមាគម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ ​Airline Pilot Central​ និង ​CNN ​Money ​បាន​លើក ​យក​មក​បង្ហាញ​ស្ថិតិ​ប្រាក់​ឈ្នួល​ការងារ​ពីឡុត ​ឆ្នាំ​ ២០១៦ ​នៅតាម​ក្រុមហ៊ុន​អាកាសចរ​ធំៗ​ក្នុង​លោក ៖

-ក្នុង​ក្រុមហ៊ុន ​Air France ​ពីឡុត​ទទួល​ប្រាក់​ឈ្នួល​បើកបរ ​ក្នុង​១ម៉ោង ​២២០ ​ដុល្លារ ​ឫ​ ២២.០០០ ​ដុល្លារ ​ក្នុង​១ខែ។ ក្នុង​ក្រុមហ៊ុន​អាល្លឺម៉ង់ ​Lufthansa ​ពីឡុត​ទទួល​ជា​មធ្យម​ ប្រាក់​ឈ្នួល​ការងារ ​ក្នុង​១ម៉ោង ​២៤០ ​ដុល្លារ ​ឫ ​២៤.០០០ ​ដុល្លារ​ក្នុង​១ខែ ​ហើយ​អាស្រ័យ​នឹង​ភាព​ជំនាញ ​និង​ បទ​ពិសោធន៍​របស់​គេ​ ប្រាក់​ឈ្នួល ​នេះ​មាន​កម្រិត​ពី​ ១១៧ ​ដល់​ ៣៦០ ​ដុល្លារ​ក្នុង​១ម៉ោង​ ឫ​ ១២.០០០​ ដល់ ​៣៦​.០០០​ ដុល្លារ ​ក្នុង​ ១ ខែ។

-ក្នុង​ក្រុមហ៊ុន​អាមេរិកាំង​ Unted Airlines ​ប្រាក់​ឈ្នួល​ការងារ​ពីឡុត ​ជា​មធ្យម ​គឺ​ ២៧០ ​ដុល្លារ​ក្នុង​១ម៉ោង ​ឫ ​២៧.០០០​ ដុល្លារ​ក្នុង​១ខែ។ ក្នុង​ក្រុមហ៊ុន ​Americain Airlines ​ប្រាក់​ឈ្នួល​ការងារ​ពី​ឡុត​ ជា​មធ្យម ​គឺ ​២៤៩ ​ដុល្លារ​ក្នុង​១ម៉ោង ​ឫ ​២៥.០០០ ​ដុល្លារ​ក្នុង​១ខែ​ ដូច​គ្នា​បេះបិទ​ និង​ក្រុមហ៊ុន​អាមេរិក​មួយ​ទៀត ​ក្រោម​ឈ្មោះថា​ Delta Air Lines។

-ក្នុង​ក្រុមហ៊ុន​ចិន ​Chengdu Airlines ​គេ​ស្នើ​ដល់​ពួក​ពីឡុត ​គឺ​ប្រាក់ខែ​ក្នុង​១ឆ្នាំ ​ប្រមាណ ​៣០០.០០០ ​ដុល្លារ ​ឫ ​២៥.០០០​ ដុល្លារ​ក្នុង​១ខែ​-នេះ ​គឺ​ក្រោយ​ពី​បង់​ពន្ធ​ចប់​សព្វ​គ្រប់​ មិន​តែ​ប៉ុណ្ណោះ ​ក្រុមហ៊ុន​ ធានា​ ផ្តល់​ប្រាក់​រង្វាន់ ​ទំហំ​ ៣៦.០០០​ ដុល្លារ ​ដរាប​ណា ​ដែល​ ពីឡុត​បំពេញ​កុងត្រា​បាន​ ៣​ឆ្នាំ​ជាប់។ បន្ថែម​លើ ​នេះ ​ក្រុមហ៊ុន​ចិន​ ទាក់​ទាញ​ពីឡុត ​ដោយ​បង្ខើច​ពេល​ហោះ​ហើរ​របស់​គេ ​ឲ្យ​ចុះ​ពី​ ៨០ ​ម៉ោង ​តាម​ស្តង់ដារ​ មកនៅ​ ត្រឹម​ ៥០​ ម៉ោង ​ក្នុង​១ខែ ​លុះ​ទាល់តែ ​ប្រាក់​ឈ្នួល​ការងារ ​ឡើង​ដល់​ ៥០០​ ដុល្លារ​ ក្នុង​ ១ ​ម៉ោង ​សម្រាប់​​ពីឡុត​ណាដែល ​សម្បូណ៏​បទពិសោធន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ