វិបត្តិតំបន់ឈូងសមុទ្រ៖ អេមៀរប្រទេសកាតា ចូលជួបជាមួយប្រធានាធិបតីបារាំងនៅប៉ារីស
លោកអេមៀរ ប្រមុខរដ្ឋាភិបាលកាតា នឹងចូលទៅជួប លោកអាម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស នៅថ្ងៃសុក្រទី ១៥កញ្ញានេះ។ តាមការរំពឹងទុក ជំនួបនេះ នឹងផ្តោតសំខាន់ ដល់ការរិះរកមធ្យោបាយ ក្នុងការដោះស្រាយវិបត្តិនៅតំបន់ឈូងសមុទ្រពែក្ស បន្ទាប់ពីកាតា ត្រូវបានប្រទេសជិតខាង ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដាក់ទណ្ឌកម្ម និងផ្តាច់ចំណងការទូត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១១
ឆ្លៀតពេល មុននឹងធ្វើដំណើរទៅចូលរួមមហាសន្និបាទ នៃអង្គការសហប្រជាជាតិ ហើយបន្ទាប់ពី បានជួប ជាមួយនឹងលោកប្រធានាធិបតីតួកគី លោក អេមៀរ Tamim Ben Hamad Al-Thani ប្រមុខរដ្ឋាភិបាលរបស់កាតា ត្រូវបានលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អញ្ជើញឲ្យចូលជួប នៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃសុក្រទី ១៥ កញ្ញានេះ។
យោងតាមប្រភពពីវិមានអេលីហ្សេ បានឲ្យដឹងថា ជំនួបនេះ គឺជាឱកាស ឲ្យថ្នាក់ដឹកនាំទាំងពីរ បាននិយាយគ្នាអំពីវិបត្តិការទូត រវាងកាតា និងប្រទេសផ្សេងទៀត ក្នុងតំបន់ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ លោកប្រធានាធិបតីបារាំង មានការព្រួយបារម្ភជាពិសេស ជុំវិញបញ្ហានេះ។ បើតាមប្រភពដដែល បញ្ជាក់ថា សម្រាប់លោកប្រធានាធិបតីម៉ាក្រុង គឺបារាំងចាត់ទុកកាតា ក៏ដូចជាប្រទេសផ្សេងទៀត ក្នុងតំបន់ឈូងសមុទ្រពែក្ស ក្នុងនាមជាមិត្ត និងជាដៃគូ ដូចៗគ្នា ហើយបារាំងមានជំហរតែមួយគត់ គឺសូមឲ្យប្រទេសទាំងអស់យោគយល់គ្នា ចរចាគ្នា ដើម្បីដោះស្រាយវិបត្តិនេះ។ ក្នុងន័យនេះ រដ្ឋាភិបាលបារាំង សូមគាំទ្រ នូវកិច្ចប្រឹងប្រែងធ្វើជាអាជ្ញាកណ្តាលរបស់រដ្ឋាភិបាលកូវ៉េត។
ក្រៅពីបញ្ហាវិបត្តិនៅតំបន់ឈូងសមុទ្រពែក្ស លោកប្រធានាធិបតីម៉ាក្រុង ក៏មានបំណងនិយាយជាមួយលោកអេមៀររបស់កាតា ទាក់ទិននឹងសំណុំរឿងទប់ស្កាត់បណ្តាញហិរញ្ញវត្ថុជួយក្រុមជីហាតភេរវកម្ម ព្រមទាំងមធ្យោបាយនានា ដើម្បីពង្រឹងចំណងសេដ្ឋកិច្ច រវាងបារាំង និងកាតា។ យ៉ាងណាមិញ កាលពីដើមខែកញ្ញានេះ រដ្ឋាភិបាលកាតា បានបញ្ជាក់ឲ្យដឹងថា គេមានបំណង ធ្វើឲ្យចំណងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងកាតានិងបារាំង ឲ្យកាន់តែប្រសើរឡើង ថែមទៀត បើទោះបីជារាល់ថ្ងៃនេះ វាគ្មានបញ្ហាអ្វីចោទក៏ដោយ។
សូមរំលឹកថា កាលពីថ្ងៃទី ៥ ខែមិថុនា អារ៉ាប៊ីសាអូឌីត បានដឹកនាំប្រទេសអារ៉ាប់៤ផ្សេងទៀត ឲ្យផ្តាច់ចំណងការទូត បិទព្រំដែនជាមួយកាតា ដោយចោទថា កាតា បានគាំទ្រចិញ្ចឹមក្រុមភេរវកម្ម ហើយថាកាតា មានទំនោរគាំទ្រអ៊ីរ៉ង់។ ថ្វីបើត្រូវប្រទេសក្បែរខាងឡោមព័ទ្ធចោទប្រកាន់ ៣ខែមកនេះ កាតា បានខិតខំព្យាយាម បង្ហាញថាប្រទេសខ្លួន នៅតែមានទំនាក់ទំនងល្អ ជាមួយប្រទេសលោកខាងលិច ដដែលទេ។ រហូតមកទល់ពេលនេះ វិបត្តិនេះ នៅមិនទាន់មានដំណោះស្រាយនៅឡើយ ថ្វីបើមានការអំពាវនាវ ឲ្យមានការជួបប្រជុំចរចាគ្នា រវាងប្រទេសសាមី។ លោកប្រធានាធីបតីម៉ាក្រុង ក៏ធ្លាប់បានទូរស័ព្ទទៅនិយាយបញ្ចុះបញ្ចូល ព្រះអង្គម្ចាស់ទាយាទអារ៉ាប៊ីសាអូឌីត ដែរ កាលពីដើមខែសីហា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ