អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្នុងសប្តាហ៏នេះ​ នៅម៉ូស្គូ មានប្រព្រឹត្តទៅ ជំនួបកំពូលដល់ទៅពីរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គឺតែ​ក្នុង​មួយ​ថ្ងៃ​ទី ២៣ធ្នូ​កន្លងទៅ ដែល​រុស្ស៊ី ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ បាន​ទទួល នៅក្នុង​ក្រុងម៉ូស្គូ រដ្ឋធានី​ខ្លួន ជំនួបកំពូល នៃ​អង្គការ​ពីរ តែ​ម្តង ៖ មួយមាន​ន័យ​សេដ្ឋកិច្ច គឺ” សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី” មួយទៀត មានន័យ​សម្រាប់​វិស័យ​សន្តិសុខ​រួម ក្នុង​លំហ នៃ​អតីត​សហភាព​សូវៀត គឺ “អង្គការ​សន្ធិសញ្ញា​ស្តី​អំពី​សន្តិសុខរួម”។  

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​និង​មេដឹកនាំ​របស់​បណ្តា​ប្រទេស​អតីត​សមាជិក​សហភាព​សូវៀត​ប្រជុំគ្នា​ដើម្បី​និយាយ​ពី​សន្តិសុខ​ក្នុង​តំបន់
ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​និង​មេដឹកនាំ​របស់​បណ្តា​ប្រទេស​អតីត​សមាជិក​សហភាព​សូវៀត​ប្រជុំគ្នា​ដើម្បី​និយាយ​ពី​សន្តិសុខ​ក្នុង​តំបន់ ©REUTERS/Maxim Shipenkov
ផ្សាយពាណិជ្ជកម្ម

ជាបឋម អំពីគោលដៅ ជំនួបកំពូល “សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី” ហៅកាត់​ជា​ភាសា រុស្ស៊ី​ថា Evrazess គឺ ទទួល​ជាផ្លូវការ​សមាជិក​ថ្មី​ពីរ អាមេនីនិង កៀហ្ស៊ីស៊ីស្ថាន ឲ្យចូល​ទៅក្នុង សហភាព​នេះ ដែលមាន ៣ប្រទេស ទៅហើយ​ជា​សមាជិក​ស្ថាបនា គឺ រុស្ស៊ី , បេឡារុស កាហ្សាក់ស្ថាន។ ឯកសារ​ស្តី​អំពី​ការទទួល​នេះ ត្រូវបាន​ចុះ​ហត្ថលេខា ដោយ​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី ជា​ប្រទេស​ម្ចាស់ផ្ទះ បំពាក់​ទៅ​ដោយ​សិទ្ធិ​បែបនេះ។

 
តាម​ប្រសាសន៍​មេដឹកនាំ​រុស្ស៊ី ៖ ការដែល​សមាជិក​ថ្មី​ទាំងពីរ បាន​ភ្ជាប់ខ្លួន​មក​នឹង សហភាព សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី គឺ​ឆ្លើយស្រប​នឹង​ផលប្រយោជន៍​ជាតិ​គេផ្ទាល់ និង​បើក​ជា​លំហ​ទូលំទូលាយ សម្រាប់​ការអភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច​របស់គេ។

លោកពូទីន​ចង្អុល​ឲ្យ​ឃើញ​ថា ដូច្នេះ ចាប់​ពី​អំណើះ​តទៅ សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី Evrazess ត្រូវ​សន្មត់​ថា បង្កើត​បាន​រួច​ស្រេច​បាច់ ដើម្បី ដំណើរការ​ជាផ្លូវការ ចាប់​ពី​ថ្ងៃទី ១​មករា ឆ្នាំ​២០១៥ ខាងមុខ​តែម្តង ពោល​គឺ​តែ​ក្នុង ប៉ុន្មាន​ថ្ងៃទៀត​សោះ។ សហភាព​សេដ្ឋកិច្ច​ថ្មី ជា ទីផ្សារ​រួម ក្តោប​ក្នុង​លំហ​ខ្លួន គឺ បណ្តាជន ឬ ក្នុង​ន័យ ពាណិជ្ជកម្ម គឺ​អ្នកប្រើប្រាស់ ចំនួន​ដល់ ១៧១ លាននាក់។ ចំណែក​ទំហំ​សរុប នៃ​ផលិតផល​សរុប ក្នុង​ប្រទេស​ទាំង​៥នោះ ហៅថា PIB  គឺ​មាន​ទឹកប្រាក់​ដល់ ៤លាន ៥សែន​លាន​ដង​ដុល្លារ ឬ ៤៥០​ម៉ឺន​លានដុល្លារ។

តាម​លោក​ពូទីន ទីផ្សារ​នេះ​ដែល​លាត​សន្ធឹង​លើ​ដែនដី​អាស៊ីផង អឺរ៉ុប​ផង ធានា​នូវ ចរាចរណ៍​ដោយ​សេរី នៃ​ទំនិញ ដើមទុន សេវា និង​កម្លាំង​ការងារ។ល។ ធុរកិច្ច ក្នុង​បរិវេណ Evrazess នឹង​ប្រព្រឹត្ត​ទៅ តាមក្បួនខ្នាត​សាកល​ប្រកប​ដោយ​តម្លាភាព នៃ​ច្បាប់​ពាណិជ្ជកម្ម អន្តរជាតិ បូក​ទាំង គោលការណ៍​របស់ “អង្គការ​ពាណិជ្ជកម្ម​ពិភពលោក” OMC។ Evrazess ជា​ទីផ្សារ​រួម​ដ៏​ធំមួយ នៅក្នុង​លោក ខាងផ្នែក ហិរញ្ញវត្ថុ ថាមពល​អគ្គិសនី ព្រម​ទាំង​ថ្នាំ​ឱសថ។

ប្រមុខ​រដ្ឋរុស្ស៊ី​ តាង​នាម​ឲ្យ ៥ប្រទេស Evrazess ថ្លែង​ថា សហភាព​សេដ្ឋកិច្ច​នេះ បើកចំហ សម្រាប់​ធ្វើ​សហប្រតិបត្តិការ ជាមួយ​គ្រប់​រដ្ឋ​ជិតខាង ទាំង​ក្នុងបរិវេណ​នៃសហគមន៍​រដ្ឋឯករាជ្យ CEI ទាំង​ជាមួយ ពួកប្រទេស​ដៃគូ នៅឯ លោក​ខាងលិច និង​លោក​ខាងកើត។

បន្ទាប់ពី កិច្ចប្រជុំកំពូល​នេះ លោក​ពូទីន បាន​ផ្ទេរ​ជូន​លោក លូកាឆេនកូ ប្រធានាធិបតី បេឡារុស នូវ តំណែង​ជា​ប្រធាន​ផ្លាស់វេន របស់​សហភាព​សេដ្ឋកិច្ច Evrazess សម្រាប់ ឆ្នាំ​ក្រោយ ឆ្នាំ២០១៥។

រីឯ ប្រធាន​បទចម្បង នៃ​ជំនួបកំពូល “អង្គការ​សន្ធិសញ្ញា​ស្តីអំពី​សន្តិសុខរួម” ហៅកាត់ថា ODKB ដែលមាន ៦ប្រទេស ជាសមាជិក គឺ អាមេនីនិង កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន រុស្ស៊ី , បេឡារុស កាហ្សាក់ស្ថាន។ តាមដែល​លោកប្រធានាធិបតី​រុស្ស៊ី ពូទីន ក្នុង​ឋានៈ​ជា​ប្រធាន បាន​ប្រកាស​ឲ្យដឹង គឺ ៖​ បញ្ហា​ពង្រឹង​ព្រំប្រទល់​ខាងក្រៅ របស់​អង្គការ​នេះ។ មូលហេតុ មកពី ទន្ទឹម​នឹង​បញ្ហាចាស់ៗ ដែលនៅសល់ ក្នុងលោក ស្រាប់តែ មាន​លេចចេញ​មក ជា​ចំណោទថ្មីៗ ដោយ​ស្ថានការណ៍ អន្តរជាតិ បាន​ប្រែប្រួលខ្លាំង​មែនទែន នា​ពេល​ចុងក្រោយ​ ដ្បិត ប្រព័ន្ធ​សន្តិសុខ​ពិភពលោក ខូច​ទ្រង់ទ្រាយ​ទៅហើយ។

ម៉្លោះហើយ បានជា​តាមប្រសាសន៍​លោកពូទីន ស្ថានការណ៍ថ្មី​ទាមទារ​ពី​គ្រប់​ប្រទេស ODKB ឲ្យ​ចាត់វិធានការ​សម្រប​យោបល់គ្នា ឆ្ពោះ​ទៅធានា​សន្តិសុខប្រទេសខ្លួន និង​សន្តិសុខ​តំបន់ ជា ទូទៅ។ ជំហានមួយ​នៅ​លើផ្លូវ​នេះ គឺ​បង្កើន ចំនួន​កងអាកាសរួម ហើយ​បន្ត​ប្រកាន់​ខ្ជាប់ គោលជំហរ​រួមតែមួយ នៅលើ​ឆាក​អន្តរជាតិ។

លោកពូទីន​រំលឹក​ថា ពិតជា​តាមគំនិត​ផ្តួចផ្តើម របស់ ODKB ដែលអង្គការ​សហប្រជាជាតិ   បាន​ប្រកាស​តំបន់ អាស៊ី​កណ្តាល ជា​តំបន់​ដែល​សេរី​ពី​អាវុធ​បរមាណូ។

ដោយ​ហេតុថា ឆ្នាំក្រោយ លក្ខន្តិកៈ​ជា​ប្រធាន​ផ្លាស់វេន ឆ្លងពី​រុស្ស៊ី ទៅ តាហ្ស៊ីគីស្ថាន បានជា ប្រធានាធិបតីប្រទេសនេះ លោក អេម៉ូម៉ាលី រ៉ាក់ម៉ូន ថ្លែងថា ៖ ធ្លាក់លើស្មា តាហ្ស៊ីគីស្ថាន ដែល មាន​ព្រំដែន​ជាប់ អាហ្វហ្កានីស្ថាន ផ្ទាល់ គឺបេសកកម្ម​ដ៏ស្មុគស្មាញ ដើរ​តួជា តំបន់​ទ្រនាប់  នៅ​លើ ផ្លូវ នៃ​ចរាចរណ៍​ចេញពី អាវហ្វហ្កានីស្ថាន មក​លើ​លំហ​នៃ​អតីត​សហភាព​សូវៀត គឺ ទាំង​ពួក​ភេរវជន ទាំង​ពួកជ្រុលនិយម ទាំង​គ្រឿងញៀន ទាំង​អាវុធ ក្រោយពី​កងកម្លាំង​អន្តរជាតិ ដកចេញ​ពី​ប្រទេសនោះ។ ម៉្លោះហើយ បានជា​គាត់សង្ឃឹម ទាំងលើ​ជំនួយ ពី​ខាង​សហគមន៍ អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ