អានតួអត្ថបទ
G20

អឺរ៉ុប​ខិតខំ​ធ្វើឲ្យ​ក្រុម​ប្រទេស​ G20​ ទុកចិត្ត​លើខ្លួន​ក្នុងការ​ប្រយុទ្ធទល់នឹង​​វិបត្តិ​សេដ្ឋកិច្ច​

ក្រោយពីបាន​ជួប​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​ពីរថ្ងៃ​ ជំនួប​កំពូល​ G20​ បាន​ត្រូវ​បិទ​បញ្ចប់​នៅថ្ងៃ​ទី១៩​មិថុនា​ម្សិលមិញ​នៅ​ទីក្រុង​ឡូស​កាបូស​នៃ​ប្រទេស​ម៉ិកស៊ិក។​ ក្នុង​ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជួប​នឹង​វិបត្តិ​ដ៏​សែន​ធ្ងន់ធ្ងរ​ ​ ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ក្រុមប្រទេស​ G20​ បាន​សន្យាថា​ នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​មាន​សន្ទុះ​ឡើងវិញ​ ហើយ​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​គឺជា​ប្រធានបទ​ដែលគេ​លើកយក​មក​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល។

​ជំនួប​កំពូល​ G20 ​នៅ​ទីក្រុង​ឡូស​កាបូស​នៃ​ប្រទេស​ម៉ិកស៊ិក
​ជំនួប​កំពូល​ G20 ​នៅ​ទីក្រុង​ឡូស​កាបូស​នៃ​ប្រទេស​ម៉ិកស៊ិក Reuters
ផ្សាយពាណិជ្ជកម្ម

 

នាឱកាស​ជំនួប​កំពូល​ G20 ​នៅ​ទីក្រុង​ឡូស​កាបូស​នៃ​ប្រទេស​ម៉ិកស៊ិក​ អ្នកដឹកនាំ​អឺរ៉ុប​បាន​សន្យា​យ៉ាង​មុតមាំថា​ នឹង​ចាត់​វិធានការ​ធ្វើឲ្យ​មាន​សមាហរ័ណកម្ម​ថវិកា​និង​សមាហរ័ណកម្ម​សេដ្ឋកិច្ច​នៅ​អឺរ៉ុប។​ វិធានការ​ទាំងនោះ​មានដូចជា​ ការត្រួត​ពិនិត្យ​ទៅលើ​ធនាគារ​ ​ ការដំឡើង​មូលធន​របស់​ធនាគារ​ដែល​កំពុង​មាន​ការលំបាក​ ​ ការរៀបចំ​ឲ្យមាន​យន្តការ​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ធនក្ស័យ។​ ទាំងនេះ​សុទ្ធសឹង​ជា​កិច្ចសន្យា​និង​ជា​វិធានការ​ដែល​ក្រុមប្រទេស​អឺរ៉ុប​នៅ​ជំនួប​កំពូល​​ G20​ត្រូវ​អនុវត្ត​ឲ្យ​បាន​ឆាប់​រហ័ស​ ​ ដើម្បី​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ស្ថិរភាព​ ​ ហើយ​ភាព​បន្ទាន់​និង​ភាព​ចាំបាច់​នេះ​ លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​ក៏​យល់ដឹង​យ៉ាង​ជាក់ច្បាស់​ដែរ។

គួរកត់​សម្គាល់ថា​ ​ le Fonds européens de stabilité ​ឬ​ “មូលនិធិ​អឺរ៉ុប​សម្រាប់​ស្ថិរភាព”​ក៏​មាន​រួចហើយ​ ​ ហើយ​ le mécanisme européen de stabilité ​ឬ​ យន្តការ​សម្រាប់​ស្ថិរភាព​ ក៏​នឹង​ឈាន​មកដល់​ ​ ដូច្នេះ​អ្វីៗ​ក៏​មាន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប។​ មិនតែ​ប៉ុណ្ណោះ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ក៏​ដំឡើង​បរិមាណ​នៃ​មូលនិធិ​របស់​ខ្លួន​ ​ អ៊ីចឹង​គេ​ត្រូវតែ​ប្រើ​វិធានការ​និង​មធ្យោបាយ​ទាំងនេះ​ឲ្យបាន​ត្រឹមត្រូវ​និង​ឲ្យបាន​សមសួន​ ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដែលបាន​ធ្វើឲ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប​ទទួល​រងគ្រោះ​យ៉ាងសែន​ធ្ងន់ធ្ងរ។

នៅ​ថ្ងៃសុក្រ​ខាងមុខនេះ​ ​​ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អឺរ៉ុប​សំខាន់​ទាំងបួន​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ពោលគឺ​មាន​(អាល្លឺម៉ង់​ បារាំង​ អ៊ីតាលី​ និង​អេស្ប៉ាញ)​នឹង​ត្រូវ​ជួប​ពិភាក្សាគ្នា​ក្នុង​ជំនួប​កំពូល​តូចមួយ​នៅ​ទីក្រុងរ៉ូម​ ​ ដើម្បី​រិះរក​ជំហរ​រួមគ្នា​មួយ​ ​ មុននឹង​ជួប​ប្រជុំ​គ្នា​ជាចុងក្រោយ​នៅ​ក្នុង​ជំនួប​កំពូល​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល​នៅ​ថ្ងៃ​ទី២៨​និង២៩​ខែមិថុនា​ឆ្នាំ២០១២​នេះ​ ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កំពុង​គំរាម​ប្រទេស​អេស្ប៉ាញ​និង​ប្រទេស​អ៊ីតាលី។​ ដូច្នេះ​“ជំនួប​កំពូល​តូច”​នេះ​គឺ​ពិតជា​ឱកាស​មួយ​ប្រពៃ​សម្រាប់​អ្នកដឹកនាំ​នៃ​ប្រទេស​ធំៗ​ស្វែងរក​ការ​បង្រួប​បង្រួម​គ្នា​ ​ មុន​នឹង​មាន​ជំនួប​កំពូល​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល។

នាឱកាស​ជំនួប​កំពូល​ G20​ នៅ​ប្រទេស​ម៉ិកស៊ិក​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ខិតខំ​យ៉ាង​ក្រៃលែង​ ក្នុងការ​ជួយ​ជំរុញ​ឲ្យ​ប្រទេស​អឺរ៉ុប​សំខាន់ៗ​ដែល​បាន​ស្គាល់​ការ​បែកបាក់​គ្នា​មុន​ជំនួប​កំពូល​ G20​ ​ ឲ្យ​ខិតជិត​រួបរួមគ្នា​ ​ ដើម្បី​រិះរក​ដំណោះ​ស្រាយ​រួមគ្នា​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កំពុង​គំរាម​ប្រទេស​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។​ លោក​អូបាម៉ា​មាន​ក្តីបារម្ភ​ពុំតិចឡើយ​នៅ​ចំពោះ​មុខ​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់​នៃ​ប្រទេស​អឺរ៉ុប។

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ក៏​បាន​ផងដែរ​ធ្វើការ​សរសើរ​ដល់​ការប្តេជ្ញាចិត្ត​ហើយនិង​វិធានការ​ដ៏​មហិច្ឆតា​របស់​ក្រុម​ប្រទេស​អឺរ៉ុប​ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​និង​នៅ​លើ​ពិភពលោក​ទាំងមូល។

ជំនួប​កំពូល​ G20​ នៅ​ប្រទេស​ម៉ិកស៊ិក​នេះ​ គឺជា​ជោគជ័យ​សម្រាប់​អ្នកដឹកនាំ​នៃ​ប្រទេស​អឺរ៉ុប​សំខាន់ៗ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ ​ ទោះបីជា​មាន​សម្ពាធ​យ៉ាងណា​ក៏ដោយ​ ក៏​ក្រុម​ប្រទេស​អឺរ៉ុប​សំខាន់ៗ​បាន​ធ្វើឲ្យ​សមាជិក​នៃ​ក្រុម​ប្រទេស​ G20​ មាន​ទំនុកចិត្ត​កក់ក្តៅ​ឡើងវិញ។

ជំនួប​កំពូល​ G20​ នៅ​ទីក្រុង​ឡូស​កាបូស​នៃ​ប្រទេស​ម៉ិកស៊ិក​គឺជា​ឱកាស​មួយ​ដ៏​ប្រពៃ​សម្រាប់​ ប្រទេស​អឺរ៉ុប​សំខាន់ៗ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការ​ពន្លឿន​សមាហរ័ណកម្ម​អឺរ៉ុប​ ​ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ប្រាក់​បំណុល​នៅ​ក្នុង​តំបន់​អឺរ៉ូ។

គួរកត់​សម្គាល់ថា​ ​ ជំនួប​កំពូល​អឺរ៉ុប​នៅ​ថ្ងៃ​ទី២៨​និង២៩​ខែ​មិថុនា​ខាងមុខនេះ​នៅទីក្រុង​ព្រុចសែល​ ​ នឹង​ត្រូវ​ពិភពលោក​ទាំងមូល​ទន្ទឹង​រង់ចាំ​មើល​ក្រៃលែង​ ​ ដោយហេតុថា​ នេះពិត​ជា​ឱកាស​មួយ​សម្រាប់​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញថា​ ​ តើ​អ្នកដឹកនាំ​នៃ​ប្រទេស​អឺរ៉ុប​សំខាន់ៗ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ពិតជា​គោរព​ពាក្យសន្យា​របស់ខ្លួន​នៅ​មុខ​សហគមន៍​អន្តរជាតិ​ដែរឬទេ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ