អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បេឡារុស មិនចង់បាត់ទឹកដីខ្លួនដូចអ៊ុយក្រែនបាត់គ្រីមេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ការ​នេះ​ឆ្លុះ​ឲ្យ​ឃើញ​ដោយ​ច្បាប់​បេឡារុស ស្តី​អំពី ”ភាព​សង្គ្រាម” ដែល​នឹង​ចូល ជាធរមាន នៅ​ថ្ងៃ​ទី​១​កុម្ភៈ​ខាង​មុខ​ទៅ​ហើយ - ច្បាប់​ដែល​ខ្លឹមសារ​វា ​គឺ ដើម្បី​បញ្ចៀស កុំ​ឲ្យ​មាន កើត​ឡើង​នៅ​បេឡារុស ជា “ សេណារីយោគ្រីមេ “ ។ ប៉ុន្តែ ក្រុង​មិនស្ក៏​ជា​ផ្លូវការ ថ្លែង​ដោះសា​ថា មូលហេតុ គឺ​មក​ពី បេឡារុស​ព្រួយបារម្ភ ដោយ​ឃើញ​បក្ស​សម្ព័ន្ធ​អូតង់ ចេះ​តែ​ពង្រឹង ទីតាំង យោធា​នៅ​តាម​ប្រទេស​បាល់ទិក គឺ លីទុយអានី ឡេតូនី អេស្តូនី និងប៉ូឡូញ នៅ​ជិត​ខាង​ខ្លួន។ 

ប្រធានាធិបតីបេឡារុស​លោក លូកាឆេនកូ
ប្រធានាធិបតីបេឡារុស​លោក លូកាឆេនកូ REUTERS/Vasily Fedosenko
ផ្សាយពាណិជ្ជកម្ម

 

ជា​ការ​កត់សម្គាល់ នៅ​បេឡារុស ធ្លាប់​មាន​ទៅ​ហើយ” ច្បាប់​ស្តីអំពី​ភាព​សង្គ្រាម “ ប៉ុន្តែ ក្រោយពី​មាន​ព្រឹត្តិការណ៍​បោកកញ្ជ្រោក​នៅ​គ្រីមេ លុះទាល់តែ ចប់​ទៅ​ដោយការ​ផ្តាច់​ទឹកដី​នេះ ចេញ​ពី​អ៊ុយក្រែន ហើយ​ភ្ជាប់​វា​មក​នឹង​សហព័ន្ធ​រុស្ស៊ី កាលពី​ខែ​មិនា​ឆ្នាំ​ទៅ​មិញ លោក​ប្រធានាធិបតី បេឡារុស លូកាឆេនកូ បាន​បំផុស​មក​ជា​សំនើ ឲ្យ​តាក់តែង​ឡើង​អត្ថបទ​ថ្មី នៃ​ច្បាប​នេះ។

អត្ថបទ​ថ្មី នៃ​ច្បាប់​នេះ ដែល​ក្នុង​ខែ​ធ្នូ​កន្លង​ទៅ ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដាច់ស្រេច​ជា​ស្ថាពរ​ រួច បន្ទាប់​មក ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី ទាំង​កំណត់​ឲ្យ​វា​ចូល​ជាធរមាន​ចាប់ពី​ថ្ងៃ ទី១​កុម្ភៈ ខាង​មុខ​ទៅ ចែង​អំពី កាលៈទេសៈ​២ សម្រាប់​ប្រកាស​”ភាព​សង្គ្រាម” គឺ​ថា ៖ ទី១ - មកពី​មាន ការ​គម្រាម​យោធា លើ​បេឡារុស , ទី​២- មក​ពីមាន​ការវាយលុក​ លើ​បេឡារុស។

ចាប់​ពីអំណើះតទៅ ត្រូវ​ចាត់​ទុក ជា ការ​គម្រាម​យោធា គឺ៖
-ការ​ប្រកាស​សង្គ្រាម​ទល់​នឹង​បេឡារុស ពី​ខាង​រដ្ឋ​ឯទៀត ទោះបី ពុំទាន់​មាន​សកម្មភាព​យោធាក្តី
-ការ​ផ្តុំទ័ព របស់​រដ្ឋមួយ​ផ្សេង នៅ​តាម​បណ្តោយ​ព្រំដែន​បេឡារុស ដែល​រំលេច​ឲ្យ​ឃើញ​ពី ចេតនា​មែនពិត ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ ប្រឆាំង​នឹង​ឯករាជ្យ បូរណភាព​ដែនដី អធិបតេយ្យ​និង​រដ្ឋធម្មនុញ្ញ​របស់​បេឡារុស។

-ការ​លេច​ចេញ​មក​ជា​ភ្នក់​ជម្លោះ ដោយ​មាន​ប្រើ​អាវុធ ដែល​គម្រាម​ដល់ រដ្ឋបេឡារុស។
-ការ​កេណ្ឌ​ទ័ព​ក្នុង​រដ្ឋ​មួយ​ផ្សេង ក្នុង​គោលដៅ​វាយប្រហារ​លើ​បេឡារុស​តែ​ម្តង។
-សេចក្តី​ថ្លែងការណ៍​និង​ការ​សម្ញែង​កម្លាំងសឹក ដែល​ធ្វើ​ឡើង​ទាំង​រំលោភ​លើ ធម្មនុញ្ញ​អ.ស.ប.​និង​ដែល​ចង្អុល​ឲ្យ​ឃើញ​ពី​ភាព​ត្រៀម​វាយលុក។

ហើយ​ត្រូវ​ចាត់ទុក​ជា ការ​វាយលុក គឺ ៖
-ការ​វាយ​រុករាន​ចូល​បេឡារុស​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ ពី​ខាង​រដ្ឋ​ដ៏ទៃ ឫ ការ​កាន់កាប់​ដែនដី បេឡារុស ដោយ​កងទ័ព​រដ្ឋ​ផ្សេង ទោះបី​ការ​កានកាប់​នោះ មាន​លក្ខណៈ​បណ្តោះអាសន្ន​ក្តី។
-ការ​ភ្ជាប់ដែនដី​បេឡារុស ទៅ​ជាដែនដី​របស់​រដ្ឋ​ដ៏ទៃ ដោយ​កម្លាំងទ័ព។
-ការ​វាយប្រហារ​នៃ​កងអាកាស​នៃ​កាំជ្រួច​មីស្ស៊ីល ឫ​អាវុធ​ណា​ផ្សេង ប្រឆាំង​បេឡារុស។
-ការ​បញ្ជូន​ដោយ​រដ្ឋ​មួយ​ផ្សេង​ឲ្យ​ចូល​ក្នុង​ដែនដី​បេឡារុស បែប​យ៉ាង​ជា ក្រុម​ជនប្រដាប់​អាវុធ ជា​កងកម្លាំង​មិនមែន​ជា​ទ័ពសកម្ម ជា​ពួក​ទាហាន​ស៊ីឈ្នួល ឫ​ក៏​ជាអង្គភាព​ទ័ពសកម្ម​តែម្តង​ដែល​ប្រើ​អាវុធ​មែន​ពិត​ប្រឆាំង​បេឡារុស។

ដោយហេតុថា អត្ថបទ​ថ្មី​នៃ​ច្បាប់​បេឡារុស​ស្តីអំពី​ភាពសង្គ្រាម បាន​ពណ៏នា​ជា​ឧទាហរណ៍ គឺ បាតុភូត​ដែល​ហៅថា មនុស្ស​បៃតង ស្លៀកពាក់​ឯកសណ្ឋាន​ប៉ារ៉ា គ្មាន​សញ្ញា​សម្គាល់ ដែល​បាន វត្តមាន​មួយ​រយៈពេល នៅ​គ្រីមេ លុះទាល់តែ​ទឹកដី​គ្រីមេ របូត​ចេញ​ពី​អ៊ុយក្រែន ហើយ​ភ្ជាប់មក​នឹង​រុស្ស៊ី បាន​ជា ពួក​អ្នកវិភាគ សន្និដ្ឋាន​អំពី​ច្បាប់​នេះ ថា​រំលេច​ឲ្យ​ឃើញ “សេណារីយោគ្រីមេ”។

គួរនិយាយថា ដោយ​ថ្លែង​ក្នុង មហាសន្និសីទ​កាសែត​កាលពី​ខែ​ធ្នូ តប​នឹង​សំនួរ​ទាក់ទង​នឹង មនុស្សបៃតង នោះ លោកប្រធានាធិបតី​ពូទីន ហាក់បី​បាន​សារភាព​ថា ពួកគេ​ជាយោធា នៃ កង​នាវារុស្ស៊ី ប្រចាំ​ស្រាប់​នៅ​ទៀបកោះ​គ្រីមេ មាត់់​សមុទ្រ​ខ្មៅ ដែល​គ្រាន់តែ​ជួយ​ធានា​ឲ្យមាន​សណ្តាប់ធ្នាប់​និងសុវត្ថិភាព​ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ប្រជាមតិ​នៅ​ទីនោះ។

ដើម្បី​រំសាយការ​ចោទប្រកាន់ ដែល​អាច​ប៉ះពាល់​ដល់​រុស្ស៊ី ជា​សម្ព័ន្ធមិត្ត​ដ៏​ជំនិត ប៉ុន្តែ​ដែល​ត្រូវ បេឡារុស​នៅ​ខ្វះ​ជំនឿ​ទុកចិត្ត​នៅ​ឡើយ ​ទីក្រុង​មិនស្ក៏ សង្កត់​ធ្ងន់​ថា​ ចំណុច​មួយ​ជា​គន្លឹះ នៃ​ច្បាប់​ស្តី​អំពីភាព​សង្គ្រាម​នោះ គឺថា ៖
-ត្រូវចាត់​ទុក​ជា​ការវាយលុក​លើ​បេឡារុស ក៏​ទាំង​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ រដ្ឋណា​ផ្សេង ក៏ ដោយ ដែល​ជា​សមាជិក​នៃ “អង្គការ​សន្ធិសញ្ញា​ស្តីអំពី​សន្តិសុខរួម” គឺ​ រុស្ស៊ី អារមេនី កាហ្សាក់ ស្ថាន កៀហ្គីស៊ីស្ថាន តាដហ្ស៊ីគីស្ថាន។

ក្រសួង​ការពារជាតិ​បេឡារុស បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា ពេល​ដែល ច្បាប់​បេឡារុស ស្តីអំពី​ភាព​សង្គ្រាម ត្រូវ​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​១​កុម្ភៈ​ខាង​មុខ​ទៅ​ហើយ បក្សសម្ព័ន្ធអូតង់ ចេះតែ បន្ត​ពង្រឹង​ទីតាំង​ខ្លួន នៅ​តាម​ប្រទេស​សមាជិក​ខ្លួន បែបយ៉ាង លីទុយអានី ឡេតូនី អេស្តូនី និង ប៉ូឡូញ នៅជាប់​នឹង​ព្រំដែន​បេឡារុស​តែម្តង ហើយ​ពង្រឹង​នេះ មិនមែនគ្រាន់ តែ​ដោយ​កង អាកាស​ប៉ុណ្ណោះទេ តែ​ក៏​ទាំង​ដោយ​កងយានយន្ត​ពាសដែក​ទៅផង។

ទោះយ៉ាងណាក្តី ដោយ​វិភាគ​អំពី​ខ្លឹមសារ​ច្បាប់ថ្មី​នៅ​បេឡារុស កាសែត​មួយ​នៃ​ក្រុងម៉ូស្គូ កត់សម្គាល់​ថា បើកាលមុន សម្តី​លោក​ប្រធានាធិបតី​លូកាឆេនកូ តែង​បាន​វាយ​សំពង ទៅ​លើ​បស្ចិមលោក​សុទ្ធសាធ នោះ​ឥឡូវ ជា​ញឹកញយ​មាន​បន្ឡឺឡើង​នូវ​មតិ​ដែល​ថា សម្រាប់​បេឡារុស ស្រាប់តែមាន​លេចចេញ​មក​ជា​ខ្មាំង​ថ្មី ដែល​គ្រោះថ្នាក់ ខ្មាំង​នេះ គឺ​ប្រទេស​រុស្ស៊ី៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ