អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ៖ សហគមន៍​អន្តរជាតិ​កំពុង​ចាញ់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម

នៅ​ថ្ងៃ​ទី ២ មិថុនា​នេះ ក្រុម​សម្ព័ន្ធមិត្ត ២៤ប្រទេស ដែល​ចូល​រួម​ក្នុង​ប្រតិបត្តិការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ តាំង​ពី​មួ​យឆ្នាំ​​មុន​ ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​ប៉ារីស។ ជាមួយ​​វត្តមាន​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​តាន​តឹង​ជា​ពិសេស ព្រោះ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម មួយ​រយៈ​ចុងក្រោយ​នេះ មាន​សន្ទុះ​ខ្លាំង ដណ្តើម​កាន់​កាប់​ក្រុង​បូរាណ​ប៉ាល់មៀររបស់​ស៊ីរី​ផង និង​ក្រុង​យុទ្ធសាស្ត្រ​រ៉ាម៉ាឌី​របស់​អ៊ីរ៉ាក់​ផង។

ទាហាន​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ បោះ​ទង់ជាតិ​ កាន់កាប់​ក្រុង​ Ramadi របស់​អ៊ីរ៉ាក់
ទាហាន​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ បោះ​ទង់ជាតិ​ កាន់កាប់​ក្រុង​ Ramadi របស់​អ៊ីរ៉ាក់ AFP PHOTO / HO / AAMAQ NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

នា​ឱកាស​ធ្វើ​សន្និសីទ​កាសែត លោក​នាយក​រដ្ឋមន្ត្រី​​អ៊ីរ៉ាក់ បាន​ធ្វើការ​បរិហារ​និង​​ចង្អុល​មុខ​​សហគមន៍​អន្តរជាតិ​ ​ ថាកំពុង​តែ​ចាញ់​ក្នុង​សង្គ្រាម​​​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម។ មាន​តែ​ពាក្យ​ តែ​សកម្មភាព​ជាក់​ស្តែង​​​តិច​តួច គាំទ្រ​អ៊ីរ៉ាក់​ចុង​ដៃ​ចុង​ជើង​។ បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ ទាហាន​ដែលអ៊ីរ៉ាក់​កំពុង​ប្រយុទ្ធ​ជាមួយ​រាល់​ថ្ងៃ​ជា​បរទេស​ (៦០%) ! ជា​ពួក​ភេរវជន​មក​ពី​អារ៉ាប៊ីសាអ៊ូឌី ពី​តំបន់​ឈូង​សមុទ្ទ​ពែក្ស ពី​អេហ្ស៊ីប ស៊ីរី តួកគី និង​អឺរ៉ុប។ ហេតុអ្វី​ជា​បាន​ដូច្នេះ ?! នេះ​​​បញ្ហា​អន្តរជាតិ ដែល​ត្រូវ​ដោះស្រាយ​រួម​ ! សម្ព័ន្ធមិត្ត​ផ្តល់​ជំនួយ​និ​ងព័ត៌មាន​វាយប្រហារ​អាកាស​ ព្រមទាំង​ការ​គាំទ្រ​ទាហាន​ថ្មើ​រជើងអ៊ីរ៉ាក់ មិន​គ្រប់​គ្រាន់។​

 

ការ​បរិហារ​នេះ ធ្វើ​ឡើង​​តែ​ប៉ុន្មាន​នាទី​មុន​ការ​បើកជា​ផ្លូវការ​ ​ជំនួប​ប្រជុំ​នៅ​ទីក្រុង​ប៉ារីស ដែល​បារាំង និង​ក្រុម​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ផ្សេង​ទៀត ត្រូវ​ចោទ​សួរ​អំពី​យុទ្ធសាស្ត្រ​​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។ ប៉ុន្តែ​បើ​តាមប្រភព​ការទូត​បារាំង ​ គ្មាន​ទេ​ការ​សើរើ​មូលដ្ឋាន​គ្រឹះ​នៃ​កម្លាំង​សម្ព័ន្ធមិត្ត​ទេ ! ​ ឬ​អាច​បក​ស្រាយ​បាន​ថា បើ​ទោះ​បី​ជា​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ រុល​ទៅ​មុខ​ដណ្តើម​​ទឹក​ដី​បាន​ច្រើន​ជាង​មុន​ក៏​ដោយ​ ក៏​យុទ្ធសាស្ត្រ​របស់​សម្ព័ន្ធមិត្ត​នៅ​ពេល​នេះ​គឺដដែល ​វាយប្រហារ​​តាម​ផ្លូវអាកាស​ ហើយ​កម្លាំង​ទាហាន​អ៊ីរ៉ាក់​និង​គួដប្រយុទ្ធ​លើ​ដី។

​ការ​កើន​ឡើង​នៃ​ចំនួន​ជន​ជីហាត​បរទេស​ ទៅ​ក្នុង​ជួរ​អង្គការ​រដ្ឋ​អ៊ីស្លាម​ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​ហិរញ្ញវត្ថុ​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយម​ និង​អំពី​សង្គ្រាម​ចិត្តសាស្ត្រ ដោយ​ត្រូវធ្វើ​ការ​​​ឃោសនា​ប្រឆាំង​នឹង​មនោគមវិជ្ជា​អូសទាញ​របស់អង្គការ​រដ្ឋ​អ៊ីស្លាម ក៏​ជា​ប្រធានបទ​សំខាន់​ដែល សម្ព័ន្ធមិត្ត​ ត្រូវ​ពិចារណារួម​គ្នា។ ជា​ចុងក្រោយ ​ក្រុម​ប្រទេស​​សម្ព័ន្ធមិត្ត​ ទំនង​ត្រូវ​បន្ទន់​ខ្លួន​មើល​នយោបាយ​គាំទ្រ​រដ្ឋាភិបាល​​​អ៊ីរ៉ាក់ ដោយ​ស្នើ​សុំ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​រវាង​សហគមន៍​ឈីអ៊ីត និង​ស៊ុននីត។

សូម​បញ្ជាក់​ថា​ តាំង​ពី​ពួក​អង្គការរដ្ឋ​អ៊ីស្លាម​ដណ្តើមកាន់​កាប់​ក្រុង​ប៉ាល់មៀរ​ស៊ីរី និង​រ៉ាម៉ាឌី​អ៊ីរ៉ាក់​មក ទំនាក់ទំនង​អ៊ីរ៉ាក់​-បស្ចឹមលោក​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង។​ វ៉ាស៊ីនតោន​ ចោទ​តេអេរ៉ង់​ថា​គ្មាន​ឆន្ទៈពិត​ប្រាកដ​ក្នុង​ការ​ប្រយុទ្ធ។ ឯ​អឺរ៉ុប យល់​ថា​ភាព​​​ប្រេះឆា​សហគមន៍របស់​អ៊ីរ៉ាក់​​​បាន​សម្រួល​​ឱ្យ​អង្គការ​រដ្ឋ​អ៊ីស្លាម​​​ចំណេញ​អំណាច​ នយោបាយ​បង្រួបបង្រួម​សហគមន៍​អារ៉ាប​ ជា​គន្លឹះ​នៃ​ការ​យក​ឈ្នះ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ