អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី អស់៣ថ្ងៃជាប់ បានធ្វើម្ចាស់ផ្ទះ ទទួលជំនួបកំពូលអន្តរជាតិ ពីរតែម្តង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​៨​និង​៩​កក្កដា គឺ​ជំនួប​កំពូល​ក្រុម​៥​ប្រទេស​ធំៗ ហៅថា BRICS ហើយ​ថ្ងៃ​១០ កក្កដា​នេះ គឺ​ជំនួប​កំពូល​នៃ “អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ” OCS ដែល​ទាំងពីរ សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​រុស្ស៊ី អ៊ូហ្វា ចម្ងាយ ប្រមាណ​១.២០០​គ.ម. ប៉ែក​ខាង​កើត​ពី រដ្ឋធានី ម៉ូស្គូ។ លោក​ប្រធានាធិបតី​ពូទីន ជា​ម្ចាស់​ផ្ទះ បាន​ទទួល​នៅ​ទីនោះ គឺ​ប្រមុខ​រដ្ឋ​បរទេស ដល់ ទៅ​១៤ រូប អម​ដោយ​គណៈប្រតិភូ​សរុប​ទៅ ចំនួន​១​ម៉ឺន​៥​ពាន់​នាក់។ គ្រាន់តែ​អ្នកកាសែត​ដែល តាមដាន​យកការណ៍ មាន​ដល់​១.៥០០​នាក់ ដែល​ច្រើន​ជាង​គេ គឺ​អ្នកកាសែត​ចិន​និង​រុស្ស៊ី ដ្បិត​ទាំង​ចិន ​ទាំង​រុស្សី ជា​សមាជិក​អង្គការ​ទាំងពីរ។

លោក​ពូទីនថ្លែង​សុន្ទរកថា​ស្វាគមន៍​បើក​ជំនួប​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ
លោក​ពូទីនថ្លែង​សុន្ទរកថា​ស្វាគមន៍​បើក​ជំនួប​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ © Reuters
ផ្សាយពាណិជ្ជកម្ម

បញ្ហា​មួយ​ជា​គោល​នៃ​ជំនួប​កំពូល “អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ” OCS​នៅថ្ងៃ​១០​កក្កដា​នេះ គឺ​ការទទួល​ឥណ្ឌា និង ប៉ាគីស្ថាន ដែល​ជា​សមាជិក-​សង្កេតការណ៍​អស់ ១០​ឆ្នាំ​មក​ហើយ ឲ្យ​ក្លាយ​ទៅ​ជា​សមាជិក​ពេញ​លក្ខណៈ របស់​អង្គការ​នេះ ទៅ​តាម​សំណូមពរ ប្រទេស​ទាំងពីរ។  

 
លោកប្រធានាធិបតីរុស្ស៊ី ពូទីន ក្នុង​ជំនួប​ទ្វេ​ភាគី​ដាច់​ដោយ​ឡែក ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ឥណ្ឌា Narendra Modi បាន​ថ្លែង​ឲ្យ​ដឹង​ថា ពិត​ជា​ក្នុង​ជំនួប​កំពូល​លើក​នេះ ដែល OCS​ នឹង ចាប់ផ្តើម​របៀប​របប​ទទួល​តាម​នីតិវិធី ឲ្យ​រដ្ឋឥណ្ឌា ក្លាយ​ទៅ​ជា​សមាជិក​ពេញ​សិទ្ធិ​មែន។ លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ពីចំណែក​ខ្លួន បាន​ថ្លែង​អំណរគុណ ទៅ​កាន់​លោក​ពូទីន ដោយ​គូស​បញ្ជាក់​ថា ពិត​ជា​ក្រោម​អធិបតីភាព​ប្រមុខ​រដ្ឋ​រុស្ស៊ី ដែល OCS ​ដោះស្រាយ​បញ្ហា​នេះ បាន​រួច ដូចក្តី​ប្រាថ្នា​ចង់​បាន​របស់​ឥណ្ឌា។

ដំណឹងនេះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ធ្វើ​អត្ថាធិប្បាយ​ថា ការទទួល​ឥណ្ឌា​និង​ប៉ាគីស្ថាន ដែល​សុទ្ធ​តែ​ជា​ប្រទេស​មាន​អាវុធ​បរមាណូ ឲ្យ​ចូល​ជា​សមាជិក​ថ្មី​របស់​ OCS​ ជាទី ដែល​មាន មហាអំណាច​បរមាណូ​ពីរ​ស្រាប់​ទៅ​ហើយ គឺ​រុស្ស៊ី និង ចិន ពិតជា​នឹង​បង្កើន​សក្តានុពល មិន​គ្រាន់​តែ​នយោបាយ​ប៉ុណ្ណោះ​ទេ តែ​ជា​ពិសេស គឺ​សក្តានុពល​យោធា របស់​អង្គការ​តំបន់​នេះ លុះ​ទាល់​តែ​បង្ខំ​បស្ចិមលោក ឲ្យ​ផ្តោត​ការយកចិត្ត​ទុកដាក់។

ឥណ្ឌា និង​ប៉ាគីស្ថាន ដែល​មើល​មុខ​គ្នា​មិន​សូវ​ចំ​ពេល​វត្តមាន​ក្នុង​បរិវេណ OCS តាម យោបល់​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​ស៊ែរហ្គៃ ឡាវ្រ៉ូវ គឺ​នឹង​ទទួល​លទ្ធភាព​សម្រាប់​សន្តិសហវិជ្ជមាន ពុំ​ខាន។

ទាក់ទង​នឹង​ករណី​ប្រទេស​អ៊ីរ៉ង់ ដែល​ក៏​ជា​សមាជិក​សង្កេតការណ៍ របស់ OCS តាំងពី​ឆ្នាំ ២០០៥ ដែរ ហើយ​ក៏ចង់​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​ដែរ នោះ​គឺ​ត្រូវ​លោក​ប្រមុខ​ការទូត​រុស្ស៊ី ថ្លៃង​ក្នុង​សន្និសីទ​កាសែត​ថា ក្រុង​ម៉ូស្គូ​ចេញ​មុខ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដោយ​អនុគ្រោះ។ គាត់​លំអិត​ថា ស្រប​នឹង​ធម្មនុញ្ញ OCS ប្រទេស​ណា​ដែល ជាប់​ក្នុង​ទណ្ឌកម្ម​អ.ស.ប. គឺ​មិន​អាច ក្លាយ​ជា​សមាជិក​ពេញ​លក្ខណៈ​របស់ OCS ឡើយ។ ប៉ុន្តែ​លោក ឡាវ្រ៉ូវ កត់​សម្គាល់​ថា កិច្ចព្រមព្រៀង​រវាង ៦​ប្រទេស​អន្តរការី​អន្តរជាតិ និង អ៊ីរ៉ង់ ត្រៀម​បាន ៩៨%​ហើយ រួច​ក្រោយពី ឯកសារ​នេះ​បាន​ទទួល​ការចុះ​ហត្ថលេខា ទណ្ឌកម្ម​នោះ នឹង​ត្រូវ​ដក​ចេញ​ពី​អ៊ីរ៉ង់ បន្តិច​ម្តងៗ។ 

ជាការរំលឹក “អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ” OCS ដែល​ប្រសូត​មក​ក្នុង​ឆ្នាំ​២០០១ មាន​៦​ប្រទេស​ជា​សមាជិក​ស្ថាបនិក គឺ ម្ខាង ចិន​ប៉េកាំង ម្ខាងទៀត គឺ រុស្ស៊ី និង ៤​ប្រទេស​តំបន់ អាស៊ី​កណ្តាល​និយាយ​ឲ្យ​ចំ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន ប្រសិនបើ បូក​នឹង​ឥណ្ឌា និង ប៉ាគីស្ថាន នៅ​អាស៊ី​ខាងត្បូង និង អ៊ីរ៉ង់ នៅ​អាស៊ី​និរតី គឺ​នឹង​លាត​សន្ធឹង លើ​លំហ​ធំ​សំបើម​នៃ​ទ្វីប​អាស៊ី និង សឹង​មួយ​ចំហៀង​ទ្វីប​អឺរ៉ុប។

មាន​លក្ខន្តិកៈ​ជា​សមាជិក​សង្កេតការណ៍​ដែរ ក៏​ទាំង​អាហ្វហ្កានីស្ថាន និង ម៉ុងហ្គោលី។

នៅមាន៣ប្រទេស​ទៀត ត្រូវបាន​ទទួល​ស្គាល់​ជា ដៃ​គូសន្ទនា របស់ OCS​ គឺ បេឡារុស តួកគី ស្រីលង្កា។ ប៉ុន្តែ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ក្នុង​ក្របខ័ណ្ឌ​ជំនួប​កំពូល​នេះ បាន​ប្រកាស​ថា បេឡារុស ចាប់​ពី​អំណើះ​តទៅ នឹង​ក្លាយ​ទៅ​ជា​សមាជិក​-​សង្កេតការណ៍ របស់​អង្គការ​នេះ។

ពេលថ្មីៗ ប្រទេស អេហ្ស៊ីប បាន​ដាក់​ពាក្យ​ទៅ​កាន់​លេខាធិការដ្ឋាន OCS​ ចង់​ក្លាយ​ជា ដៃ​គូ​សន្ទនា របស់​អង្គការ​តំបន់​នេះ។ 

ទាក់ទងនឹង​រឿង​នេះ ថ្លែង​ថ្ងៃ​១៧​មេសា​កន្លង​ទៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ម៉ូស្គូ តំណាង​របស់ ប្រធានាធិបតី​រុស្ស៊ី​ខាង​កិច្ចការ OCS លោក Bakhtier Hakimov បានឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា បាន​ដាក់​ពាក្យ ដើម្បី​ក្លាយ​ជា ដៃគូ​សន្ទនា របស់ OCS ផងដែរ។ មកពី​មូលហេតុ​នេះ បានជា ស្ថានទូត​ខ្មែរ​នៅ​ម៉ូស្គូ នៅ​រង់ចាំ​អ៊ុត​មើល​សេចក្តី​សម្រេច របស់​ជំនួប​កំពូល OCS​ ថ្ងៃនេះ។

គោលដៅ​មួយ​ជា​គន្លឹះ​ចោទ​ដោយ​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ OCS​ គឺ ទ្រទ្រង់​និង​ពង្រឹង​សន្តិភាព​សន្តិសុខ និង​ស្ថិរភាព​នៅ​តំបន់ តាមផ្លូវ​ប្រយុទ្ធ​រួមគ្នា​ទល់​នឹង​ភេរវនិយម ទល់​នឹង​និន្នាការ​ផ្តាច់​ទឹកដី​និយម​ជ្រុលនិយម​ប្រឈម នឹង​ចរាចរណ៍​ខុស​ច្បាប់​នៃ​គ្រឿង​ញៀន​និង​អាវុធ ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ល។

រីឯជំនួបកំពូល BRICS លើក​នេះ​ជា​លើក​ទី​៧ ចប់​ទៅ​ល្ងាចមិញ បាន​អនុម័ត យុទ្ធសាស្ត្រនៃភាព​ជា​ដៃគូ​សេដ្ឋកិច្ច​រហូត​ដល់​ឆ្នាំ ២០២០ រវាង ៥​ប្រទេស​ធំៗ​ជា​សមាជិក ដែល​មាន​សេដ្ឋកិច្ច កំពុង​លូតលាស់​ដោយ​ចង្វាក់​លឿន គឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិក​ខាង​ត្បូង ឆ្ពោះទៅ ពន្លឿន​ការអភិវឌ្ឍន៍​សង្គម-​សេដ្ឋកិច្ច និង បង្កើន​សមត្ថភាព​ប្រកួតប្រជែង​នៅក្នុង​លោក របស់ BRICS ក្រុម​ប្រទេស​ដែល​មាន​បណ្តាជន​សឹង​ពាក់​កណ្តាល​នៃ​បណ្តាជន​លើ​ផែនដី និង​មាន ទំហំ​ផលិតផល​សរុប​ក្នុង​ស្រុក ហៅថា GDP ស្មើ​នឹង ៣០% នៃ​GDP ក្នុង​លោក​ទាំងមូល។

ជាការកត់សម្គាល់ ខុសពី អង្គការ OCS​ ធម្មនុញ្ញ​របស់ BRICS មិន​អនុញ្ញាត​ឲ្យ​ពង្រីក​ក្រុម ៥​ប្រទេស​នេះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ