អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អន្តោប្រវេសន៍ ៖ បាល់កង់​ផ្លូវ​ថ្មី​សម្រាប់​រត់​ទៅ​​ (អឺរ៉ុបខាង) លិច

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​គ្រោះថ្នាក់​តិច​ជាង​តាម​ផ្លូវ​សមុទ្ទ​មេឌីទែរ៉ាណេ ផ្លូវ​គោក​បាល់កង់ បាន​ទទួ​ល​ចំណាប់​អារម្មណ៍ ​ពី​​ក្រុម​​មេ​ខ្យល់​​​រក​ស៊ី​ជួញ​ដូរ​អន្តោប្រវេសន៍​មក​អឺរ៉ុប​​កាន់​តែ​ខ្លាំងឡើង។ ចំនួន​អន្តោប្រវេសន៍​មក​ពី​ស៊ីរី អ៊ីរ៉ង់ អាហ្វហ្កានីស្ថាន បាន​ធ្វើ​ដំណើរ មក​ដល់​ទឹក​ដី​អឺរ៉ុប ទាំងរយៗ​នាក់​ ជា​រៀង​រាល់​ថ្ងៃ។ បន្ទាប់​ពី​អ៊ីតាលី ឥលូវ​ដល់​វេន​ ក្រិក ហុងគ្រី អាល្លឺម៉ង់ ដែល​ត្រូវ​ទប់​ទល់​នឹង​ចរន្ត​អន្តោប្រវេសន៍​ដ៏​គំហុក​ មក​ពី​ខាង​កើត។

អន្តោប្រវេសន៍​ស៊ីរី ដេក​រង់ចាំ​ជំនួយ​នៅ​មុខ​ទីស្នាក់ការ​សុខាភិបាល​និង​សង្គម​កិច្ច​ក្រុង​បែរឡាំង
អន្តោប្រវេសន៍​ស៊ីរី ដេក​រង់ចាំ​ជំនួយ​នៅ​មុខ​ទីស្នាក់ការ​សុខាភិបាល​និង​សង្គម​កិច្ច​ក្រុង​បែរឡាំង REUTERS/Stefanie Loos
ផ្សាយពាណិជ្ជកម្ម

 

ចរន្ត​អន្តោប្រវេសន៍​​មក​អឺរ៉ុប​ក៏​មិន​ខុស​អ្វី​ពី​​ទឹក​បាក់​ទំនប់ ទប់​ខាង​កើត​ធ្លាយ​ខាង​លិច ! បន្ទាប់​ពី​ពុះ​កញ្ជ្រោល​ខ្លាំង នាំ​គ្នា​ឆ្លង​​សមុទ្ទ​មេឌីទែរ៉ាណេ ឥលូវ​មេខ្យល់​បាន​រក​ឃើញ​ផ្លូវមួយ​ទៀត ហើយមាន​សកម្មភាព​កាន់​តែ​ខ្លាំងឡើងៗជា​លំដាប់ ! ​​ គឺ​ផ្លូវ​គោក​កាត់​តាម​តំបន់​បាល់កង់។ ជា​ផ្លូវ​ដែល​អន្តោប្រវេសន៍​ ភាគ​ច្រើន​ជា​ជនជាតិ​ស៊ីរី និង​អ៊ីរ៉ាក់ ព្រមទាំង​អាហ្វហ្កានីស្ថាន ប្រកាន់​យក​ដើម្បី​ឆ្លងមក​សហភាព​អឺរ៉ុប (អឺរ៉ុបខាង​លិច) និង​​ អឺរ៉ុប​ខាង​ជើង។

គន្លង​ផ្លូវនេះមិន​មែន​ថ្មី តែ​ទើប​ត្រូវបាន​ពួក​មេខ្យល់​ចាប់​អារម្មណ៍​ និង​បង្កើន​សកម្មភាព​​​រត់​ពន្ធ​អន្តោប្រវេសន៍​​ខ្លាំង។ ជា​ដំណើរ​ផ្លូវ​ដែល​ត្រូវ​ឆ្លង​កាត់ជា​ដំបូង ប្រទេស​តួកគី ក្រិក ម៉ាសេដ្វាន សែរប៊ី ហុងគ្រី ដើម្បី​ភ្ជាប់​ទិសដៅ​ចុងក្រោយ គឺ​អាល្លឺម៉ង់​ឬ​ស៊ុយអែត។ ហេតុអ្វី​មេខ្យល់​ប្តូរ​ទម្លាប់ មិន​ប្រើ​ផ្លូវ​ខាង​ត្បូង ឆ្លង​កាត់​សមុទ្ទ​មេឌីទែរ៉ាណេ ? មូលហេតុ​ចម្បង​ដែលងាយ​ឆ្លើយ​ជាង​គេ​ គឺ​ទំនង​មក​ពី​ផ្លូវ​គោក​នេះ​​​មិន​សូវ​មាន​គ្រោះថ្នាក់​ខ្លាំង និង​ខ្លី​​ជាង។ មិន​ចាំបាច់​ឆ្លង​​កាត់​ប្រទេសអេហ្ស៊ីប ដែល​អាច​ជួប​ពួក​ជីហាត ឬ​មិន​បាច់​ទៅ​លីប៊ី ដែល​មាន​វិបត្តិ​នយោបាយ​ និង​ជាពិសេស​មិន​ប្រថុយ​ជីវិត​ ក្នុង​មហា​សាគរ​មេឌីទែរ៉ាណេ ដែល​បាន​សម្លាប់​អន្តោប្រវេសន៍​អស់​ជាង​២០០០​នាក់ ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៥នេះ។

ជន​អន្តោប្រវេសន៍​សុខចិត្ត​ប្រឈម​មុន​នឹង​ត្រួត​ពិនិត្យ​របស់​ប៉ូលិស​អឺរ៉ុប លើ​ដី​គោក ជា​ជាង​រត់​តាម​ទូក​កញ្ចាស់​ឆ្លង​សមុទ្ទ។ បើ​តាម​ឧត្តមស្នងការ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន មាន​ជន​ភៀស​ខ្លួន​១សែនពីរ​ម៉ឺនបួន​ពាន់​នាក់ បាន​ជ្រើសរើស​រត់​តាម​ប្រទេស​ក្រិក ឯ​តាម​អ៊ីតាលី​មាន​ត្រឹម​៩ម៉ឺន៨ពាន់​នាក់​ប៉ុណ្ណោះ។

ហុងគ្រី ជញ្ជាំង​ប្រឆាំង​អន្តោប្រវេសន៍

ច្រក​ទ្វារ​ចូល​អឺរ៉ុប​ថ្មី​នេះ មាន​ឈ្មោះ​ថា​ កូស ! ជា​កូនកោះ​តូច​មួយ​របស់​ក្រិក ស្ថិត​នៅ​ចម្ងាយ​តែ ៦​គីឡូមែត្រ​​ពី​ត្រើយ​តួកគី គឺ​ខ្លី​ជាង​ការ​ឆ្លង​ពី​ត្រើយ​លីប៊ី មក​កោះ​ឡំប៉េដូសា អ៊ីតាលី​ឆ្ងាយ​ណាស់​ដែល​មាន​ប្រវែង​ដល់​ទៅ​៣៣០ឝ.ម.។ មួយថ្ងៃៗ​មាន​ជនភៀសខ្លួន​ជាង​២០០​នាក់​បាន​ឆ្លង​ដល់។ ចំពេល​ដែល​​ អាជ្ញាធរ​ក្រិក​​ខ្វះ​សព្វ​ខ្វះ​គ្រប់​ មិន​ខ្វល់​ខ្វាយ​នឹង​​​ទទួល​ និង​ឱ្យ​អាហារ​ អន្តោប្រវេសន៍​បន្ត​ដំណើរ​ទាំង​ត្រដាប​ត្រដួស ជា​ដំណាក់កាលទីពីរ​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​ម៉ាសេដ្វាន។ គេច​ពី​ពួក​បងធំ​បន​ឧក្រិដ្ឋ ម៉ាហ្វីយ៉ា ​ក្រុម​ចាប់​ជំរិត​ហើយ ជន​ភៀស​ខ្លួន​ទាំងនោះ​ត្រូវ​តោង​ឡើង​របង​កម្ពស់​៤​ម៉ែត្រ​ ប្រវែង​១៧៥គីឡូម៉ែត្រ​សង់​ខ័ណ្ឌ​ចែក​សែរប៊ី​និង​ហុងគ្រី ជា​រនាំង​​ទប់​អន្តោប្រវេសន៍។

វិញ្ញាសា​ចុងក្រោយ គឺ​រាល់​គ្រប់​ដំណាក់កាល​ គេ​ត្រូវ​យក​ឈ្នះ​បរិយាកាស​​ស្អប់​ខ្ពើម​​អន្តោប្រវេសន៍។ ឧទាហរណ៍ នៅ​ប្រទេស​ហុងគ្រី នាយក​រដ្ឋមន្ត្រី​ជាតិ​និយម​ វិច័រ អ័របង់ មាន​នយោបាយ​ជ្រុល​និយម​ប្រឆាំង​នឹងអន្តោប្រវេសន៍ ចាត់​ទុក​ “​​ជន​ភៀស​ខ្លួន​ជា​ភេរវជន មក​ដណ្តើម​ការងារ ដណ្តើម​បាយ​ និង​ជំនួយ​ពេល​រដ្ឋ​ហុងគ្រី។ នៅ​ឆ្នាំ​២០១៥​នេះ​ ចំនួន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​បាន​កើន​ឡើង​៥០​ដង​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១២ និង​៥​ដង​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៤។

​ជំរំ​លត់ដំ​ណាហ្សី​ក្លាយ​ជា​ជំរក​​អន្តោប្រវេសន៍

សម្រាប់​អ្នក​មាន​សំណាង​បាន​ទៅ​ដល់​អាល្លឺម៉ង់ ដំណើរ​ផ្សង​ព្រេង​មិនប្រាកដ​ថា​ចប់​ទេ។ ប្រឈម​មុខ​​នឹង​កំណើន​យ៉ាង​គំហុក​នៃ​ចរន្ត​អន្តោប្រវេសន៍ កន្លែង​ទទួល​សង្គ្រោះ​បន្ទាន់​​ពេញ សន្ទុះ​ប្រកាន់​ពូជសាសន៍​បាន​ស្តែង​ឡើង​កាន់​តែ​ខ្លាំង វិបត្តិ​មនុស្សធម៌ កំពុង​ក្លាយ​ជា​ល្បែង។ អាល្លឺម៉ង់​នៅ​ឆ្នាំ​នេះ បាន​ទទួល​អន្តោប្រវេសន៍​ច្រើន​បំផុត​មិន​ដែលជួប​ប្រទះ​ពី​មុន​ឡើយ។ ជំរំ​លត់​ដំ​របស់​ពួក​ណាហ្ស៊ី បាន​កែ​ទៅ​ជា​ជម្រក​ទទួល​ជន​ភៀស​ខ្លួន។ សម្រាប់​លោកស្រី អង់ហ្គឺឡា មែរកិល ស្ថានការណ៍​នេះ គឺ​អាទិភាព​នយោបាយ​ចំបង​របស់អាល្លឺម៉ង់ សំខាន់​ជាង​វិបត្តិ​​ក្រិក ឬ​ស្ថិរភាព​អឺរ៉ូ​ទៅ​ទៀត។

ម្យ៉ាង​ទៀត​ ក្រៅ​ពី​បង្ខំ​ចិត្ត​ត្រូវ​ជួយ​អន្តប្រវេសន៍​មក​ស៊ីរី ឬ​អ៊ីរ៉ាក់ ដែល​គេច​សង្គ្រាម អាល្លឺម៉ង់ ព្រួយ​បារម្ភ​នឹង​ការ​ឆ្លៀត​ឱកាស​របស់​ជនពនេចររ៉ូមានី ឬ​រ៉ូម នៅ​កូសូវូ ឬ​សែរប៊ី មក​ធ្វើ​ជា​ជន​ភៀស​ខ្លួន សុំសិទ្ធិ​ជ្រក​កោន​នយោបាយ​។ ក្នុង​ពេល​រង់​ចាំ​សន្និសីទ​ជាន់​ខ្ពស់ ដោះស្រាយវិបត្តិ​អន្តោប្រវេសន៍ នៅ​ខែ​តុលា​ខាង​មុខ លោកស្រី​មែរកិល បាន​អំពាវនាវ​ឱ្យ​អឺរ៉ុប​អនុវត្ត​នយោបាយ​អន្តោប្រវេសន៍​រួម។ ចំណែក​សហភាព​អឺរ៉ុប បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ប្រទេស​នៅ​តំបន់​បាល់កង់​ ពង្រឹង​ការ​ត្រួត​ពិនិត្យ​ព្រំដែន​ របស់​ខ្លួន ប៉ុន្តែ​ស្ថានការណ៍​ហាក់​គ្រប់​គ្រង​លែង​បាន​ទៅ​ហើយ បើ​មើល​ទៅ​លើ​ទំហំ​នៃ​វិបត្តិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ