អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភេរវកម្ម​លើ​រថភ្លើងមិន​សម្រេច​​ កំពុង​បញ្ចេះសេវា​​សន្តិសុខ​​និង​សេរីភាព​ធ្វើ​ដំណើរ​ក្នុង​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​សំណួរ​ជា​ច្រើន​កំពុង​ចោទ​ឡើង ក្រោយហេតុការណ៍​​ភេរវកម្ម​មិន​បាន​សម្រេច​ កាលពី​​ចុង​សប្តាហ៍​កន្លង​ទៅ នៅ​ក្នុង​រថភ្លើង​ដឹក​អ្នក​ដំណើរ​Thalys អាំស្តែដាំ-ប៉ារីស។ ផលវិបាក​ទី​មួយ និង​ដោយ​ផ្ទាល់​ គឺ​ វិធានការ​រក្សា​សន្តិសុខ​​។ គោលការណ៍​​ធ្វើ​ដំណើរ​ដោយ​សេរី​ក្នុង​រង្វង់​ប្រទេសអឺរ៉ុប​​ជា​សមាជិក​តំបន់​Schengen ក៏​ត្រូវ​បាន​អ្នក​នយោបាយ​​ជាច្រើន​យកមក​​ចោទ​សួរឡើង​វិញ​ដែរ។ នាយក​រដ្ឋមន្ត្រី​ប៊ែលហ្សិក បាន​ស្នើ​រៀប​ចំ​ជំនួប​ប្រជុំ​បន្ទាន់​ចតុ​ភាគី បារាំង​ អាល្លឺម៉ង់​ ហូឡង់ និង​ប៊ែលហ្សិក។​​​ តើ​នឹង​មាន​ការ​បិទ​ព្រំដែន​​ក្នុង​រវាង​ក្រុម​ប្រទេស​ជា​សមាជិក​អឺរ៉ុប​វិញ​ឬ​យ៉ាង​ណា ? តើ​ភ្នាក់ងារ​សន្តិសុខ​អឺរ៉ុប​ធ្វើ​ការ​យ៉ាងដូចម្តេច ? អឺរ៉ុប​ធូរ​រលុង​ខ្លាំង​ឬ​បាន​ជា​ភេរវជន​អាច​ធ្វើ​សកម្មភាព​បាន ?!

Ayoub El Khazzani ភេរវជន​លើ​រថភ្លើង​Thalys មាន​ឈ្មោះ​ក្នុង​បញ្ជី​ S ជាជន​គំរាម​កំហែង​សន្តិសុខ​ជាតិ​
Ayoub El Khazzani ភេរវជន​លើ​រថភ្លើង​Thalys មាន​ឈ្មោះ​ក្នុង​បញ្ជី​ S ជាជន​គំរាម​កំហែង​សន្តិសុខ​ជាតិ​ DR
ផ្សាយពាណិជ្ជកម្ម

អាយុ​​២៥​ឆ្នាំ មាន​​កាំ​ភ្លើង​ខ្លី កាំភ្លើង​វែង គ្រាប់​ទាំង​ចង្កោម ដល់​ទៅ​២៧០​គ្រាប់ បញ្ចូល​រួច​ជា​ស្រេច និង​ដប​សាំង​មួយ​លីត្រ​ទៀត ក្នុង​វ៉ាលី​... មាន​ឈ្មោះ​ក្នុង​បញ្ជីរបស់​ភ្នាក់​ងារ​សំងាត់​​បារាំង​ អេស្ប៉ាញ​ទៀត ភេរវជន អាយូប អែលខាហ្សានី ​មាន​បំណង​ធ្វើ​សកម្មភាព​​ប្រហារ​ជីវិត​មនុស្ស​ឱ្យច្រើន​ ​តែ​សំណាង​ល្អមាន​អ្នក​ដំណើរ​៦​នាក់​អាច​បង្ក្រាប​សកម្មភាព​ភេរវជន បញ្ចៀស​គ្រោះ​សោកនាដកម្ម​​បានទាន់​ពេល​វេលា !

 

ក្រោយ​ហេតុការណ៍​ភេរវកម្ម​រថភ្លើង​ឆ្លង​ប្រទេស​មិន​បាន​សម្រេចភ្លាម រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង​ការពារ​សន្តិសុខ​បណ្តាញ​ផ្លូវ​ដែក បន្ថែម​ពី​លើ​វិធានការ​ដែល​​មាន​ស្រាប់​ ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម។ សំណើ​ជា​ច្រើន​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​លើក​ឡើង ដូច​ជា​ត្រូវ​ដាក់​ការ​ត្រួត​ពិនិត្យ​ឆែក​ឆេរ​ដូច​ជិះ​យន្តហោះ​ជា​ដើម ប៉ុន្តែ​សំណើ​ចុង​ក្រោយ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​អយស្ម័យយាន​បារាំង​ច្រាន​ចោល ដោយ​ខ្លាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ និង​បើ​យោល​ទៅ​លើ​ចំនួន​អ្នកដំណើរ​វាល់​លាន​ក្នុង​មួយ​ថ្ងៃៗ។

នាយក​រដ្ឋមន្ត្រីប៊ែលហ្សិក​ បាន​ធ្លោ​ប្រលយ​ពាក្យ​ចង់​ធ្វើ​វិសោធនកម្ម​សន្ធិសញ្ញា​ឆេនហ្កេន​Schengen បង្រួម​ការ​បើក​ព្រំដែន​ក្នុង​រង្វង់​ប្រទេស​ជាសមាជិក ដោយ​ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យ​តាម​ច្រក​ចូល​ ចាប់​ដៃ​​សហការ​ជាមួយ​ប៉ូលិស និង​ភ្នាក់ងារ​ស៊ើបការណ៍​ឱ្យ​បានកាន់​តែ​ខ្លាំង។ ​​
សេរីភាព​នៃ​ការ​ដើរ​ហើយ​ឆ្លង​ប្រទេស​ដែល​ជា​គោលការណ៍​គ្រឹះមួយ​​របស់​អឺរ៉ុប កំពុង​រង​​សម្ពាធ​ជាង​ពេល​ណាៗ​ទាំង​អស់។ សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ប៊ែលហ្សិក​ ទន្ទឹម​នឹង​សេរីភាព​​និង​ការ​អភិវឌ្ឍន៍ សិទ្ធិ​នេះ​ក៏​កំពុង​ត្រូវ​ជន​អាក្រក់​យក​មក​ធ្វើ​ជា​ឈ្នាន់​បំផ្លាញវិញ។

ប៉ុន្តែ​នៅ​មាន​ចំណោទ​ដ៏​ធំ​មួយ​ទៀត​ គឺ​វិធានការ​សន្តិសុខ ! ភេរវជន​ អាយូប អែលខាហ្សានី ជនជាតិ​ម៉ារ៉ុក មាន​បណ្ណ​រស់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ អាចធ្វើ​ដំណើរ​បាន​ដោយ​សេរី​ក្នុង​អឺរ៉ុប​ ធ្លាប់​រស់​នៅ​​បារាំង ប៊ែលហ្សិក​ អាល្លឺម៉ង់ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​គំរាមកំហែង​សន្តិសុខ​ជាតិ ឬ​ហៅ​ថា​ភាសា​បារាំង Fichier S របស់​អេស្ប៉ាញ និង​បារាំង ជន​​អ៊ីស្លាម​ជ្រុលនិយម​ ដែលបាន​បង្ក​ភេរវកម្ម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង មេរ៉ា ឬ​ភេរវជន ពីរនាក់​បង​ប្អួន​បាញ់​សម្លាប់​ក្រុម​អ្នកកាសែត​Charlie Hebdo ឬ​កូលីបាលី បាញ់​ផ្សារ​ជីហ្វ កណ្តាល​ក្រុង​ប៉ារីស កាលពី​ខែ​មករា​ដើម​ឆ្នាំ​ នៅ​ក្រុង​ប៉ារីស ​សុទ្ធ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ S​ ទាំង​អស់។ ភេរវជន​ កូលីបាលី ត្រូវ​បាន​​ប៉ូលិស​ឆែកឆេរ​១០​ថ្ងៃ​មុន​ធ្វើ​សកម្មភាព​សោះ។ តើ​មាន​ប្រយោជន៍អ្វី​ដែល​បង្កើត​បញ្ជី​ខ្មៅ​ហើយ តែ​បណ្តោយ​ឱ្យ​ពួក​នេះ​ធ្វើ​សកម្មភាព​បាន​ទៀត ?

បញ្ជី​S ជា​អ្វី ?

នៅ​ប្រទេស​បារាំង មាន​មនុស្ស​ប្រមាណ​ជាង​៥​ពាន់​នាក់ ជា​ជន​អ៊ីស្លាមជ្រុលនិយម​ជីហាត ឬ​ជា​សកម្មជន​ជ្រុលនិយម​ ជា​ចារកិច្ចបរទេស ជាពួក​ពាល... ជាប់​ក្នុង​បញ្ជី​Sដែល​មានកំរិត​គ្រោះ​ថ្នាក់​ដល់​ទៅ​១៦។ ​បញ្ជី​នេះត្រូវ​បាន​ភ្នាក់ងារ​បញ្ចូល​ព័ត៌មាន​ជា​រៀង​រាល់​ថ្ងៃ ដោយ​ភ្នាក់ងារ​សន្តិសុខ​ផ្ទៃក្នុង​ បញ្ជាក់​អំពី​សកម្មភាព​របស់​បុគ្គល​ជាប់ឈ្មោះ និងសម្រាប់​ពញ្ញាក់​ភាព​​អាសន្នភ្លាម ពេល​ឃើញ​មាន​សញ្ញា​សង្ស័យ​អ្វី​តូច​មួយ។

តាំង​ពី​​ពិភពលោក​ត្រូវ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ជីហាត​មក បញ្ជី​នេះ​ត្រូវ​ចម្លង​​ចូល​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​Schengen។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត​ជាទូទៅ ជាប់​ឈ្មោះ​ក្នុង​បញ្ជីS មិន​មែន​មាន​ន័យ​ថា​មាន​ការ​តាមដាន​ជាប់​ជា​ប្រចាំ​ឡើយ ឬ​តាមដាន​ម្តងម្កាល​ឡើយ។ គឺ​គ្រាន់​តែ ជា​ឧបករណ៍​តាម​ដាន​ចលនា​របស់​បុគ្គល​អាច​មាន​គ្រោះ​ថ្នាក់ ​ជា​ចំណុច​សម្គាល់​មួយ ដែល​តម្រូវ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​រហូត និង​បន្ថែម​ព័ត៌មាន​ ដើម្បី​បង្កើនប្រសិទ្ធិភាព។ ប៉ុន្តែ​បញ្ជី​នេះ​នឹង​រលុប​ចោល​ឯង​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ប្រសិន​បើ​គ្មាន​នរណា​ប៉ះពាល់​។

ចំណែក​ប៉ូលិស នរគបាល​ ឬ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ឆេកឆេរ​តាម​ផ្លូវ តាម​អាកាសយានដ្ឋាន តាម​រថភ្លើង ឬ​តាម​ប៉ុស្តិ​ត្រួត​ពិនិត្យ​ផ្សេងៗ មិន​អាច​ដឹង​ថា​បុគ្គល​ណា​ជាប់​ឈ្មោះ​អេស​ទេ រួច​ផ្តល​ព័ត៌មាន​ទៅ​ថ្នាក់​លើទេ បើ​មិន​ទៅ​បើក​មើល​សំណុំ​ឯកសារ​បុគ្គល​ដែល​តាម​ស្វែង​រក​​ទេ​នោះ និង​គ្មាន​សិទ្ធិ​ចាប់​ខ្លួន​បុគ្គល​ជាប់​អេស​ណា​ទាំង​អស់។ អញ្ចឹង​ហើយ​បាន​ជា​គ្មាន​ការ​ចាប់​ខ្លួន​ភេរវជន​អាយូប អែលខាហ្សានី ដែល​ជាប់​ចំណាត់​ថ្នាក់​S 3 មាន​សញ្ញា​លោត​រោ​ឡើង​កាលពី​ថ្ងៃទី ១០ ឧសភា នៅ​អាកាសយានដ្ឋាន​ប៊ែរឡាំង ពេល​ធ្វើ​ដំណើរ​ត្រលប់​មក​ពី​តួកគី។

យ៉ាងណា​ក៏​ដោយ ក៏​បញ្ជី​នេះ​ជា​ឯកសារ​ស៊ើបការណ៍​ដ៏​មាន​ប្រសិទ្ធិភាព​មួយ ដោត​បាន​ជន​ជ្រុលនិយម​មួយ​ចំនួន​ធំ​ជា​ដំណោត​បញ្ជីS ប៉ុន្តែ​ប្រព័ន្ធ​នេះ​នៅ​មានកំរិត​ ព្រោះ​ត្រូវ​រំពឹង​ខ្លាំងពេក​លើ​ញាណមនុស្ស ទៅ​លើ​ការ​គិត​ ភាព​វាងវៃ និង​រហ័ស​រហួន​របស់​បុគ្គល​​អ្នក​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ការណ៍។ ម្យ៉ាង​ទៀត គេ​ត្រូវ​ឆ្លង​កាត់​ច្បាប់ ដំណើរការ​តុលាការ​ដ៏​ស្មុគ​ស្មាញ​ទម្រាំ​​​អាច​តាមដាន​ចាប់​ខ្លួន​បាន បុគ្គល​សង្ស័យ​ណា​ម្នាក់បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ