អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សមភាពស្ត្រី​បុរស ​និ​ងការ​ប្រែប្រួល​អាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សល់​តែ​មិន​ដល់​ពីរ​ថ្ងៃ​ទៀតតែ​ប៉ុណ្ណោះដែល​ សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាស​ធាតុ​នៅ​ក្រុង​ប៉ារីស ត្រូវ​រក​ឱ្យ​ឃើញ​កិច្ចព្រមព្រៀង​ប្រកប​ដោយ​មហិច្ឆតា​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី។ នៅ​ក្នុង​ថ្ងៃ​ទី​៨ នៃ​អង្គ​សន្និសីទ ការ​តស៊ូ​មតិ​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ស្ត្រី ទៅ​លើ​សមភាព​រវាង​បុរស​និង​ស្ត្រី។ ហេតុអ្វីស្ត្រី​ ? ព្រោះ​ស្ត្រី​ជា​អ្នក​រង​គ្រោះ​ខ្លាំង​ជាង​គេ​ នឹង​ការ​ប្រែប្រួល​អាកាសធាតុ តែ​គឺ​មនុស្ស​ភេទ​​ស្ត្រីនេះឯង​ជា​អ្នកមាន​គំនិត​អាច​​ផ្តល់​ដំណោះស្រាយ​​បាន​ច្រើន។

លោកស្រី​ Ségolène Royal រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បារាង
លោកស្រី​ Ségolène Royal រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បារាង
ផ្សាយពាណិជ្ជកម្ម

សកម្មជន​បរិស្ថាន​ភេទ​ស្ត្រី មួយ​ក្រុម​តូច មក​ពី​គ្រប់​ជ្រុង​នៃ​ភព​ផែនដី បាន​នាំ​គ្នា​ធ្វើ​​បាតុកម្ម​តូច​មួយ​ នៅ​Bourget ស្រែក​ទាមទាររក​​យុត្តិធម៌ឱ្យ​អាកាសធាតុ និងមិន​រើស​ភេទ ពោល​គឺ​ស្ត្រី​ចង់​ឃើញ​សន្និសីទ​អន្តរជាតិ​​គិត​គូរ​អំពី សមភាព​ស្ត្រី​និង​បុរស​ មាន​ចែង​​ក្នុង​កិច្ចព្រមព្រៀង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី។

 
ពិភពលោក​បាន​ទទួល​ស្គាល់​ថា ជាញឹកញយ ស្ត្រី​ជា​ជន​រង​គ្រោះ​ដំបូង​គេពី​ការ​ប្រែប្រួល​អាកាសធាតុ​ ជាពិសេស​ស្ត្រី​​នៅ​តំបន់​អាហ្វ្រិក អាមេរិក​ឡាទីន និង​អាស៊ី។ តែ​ស្ត្រី​ក៏​អ្នក​មាន​គំនិត​ល្អ​ និង​ជំនួយ​មិន​អាច​ខ្វះ​បាន​ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃទី ៨ ធ្នូ សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ បាន​ផ្តល់​ឱកាស​ឱ្យ​​​ស្ត្រី​ បញ្ចេញ​មតិ​និង​យោបល់ ចំពោះផលិវិបាក​​ទាំង​ឡាយ​ដែល​បង្ក​ឡើង​ដោយ​​បម្រែ​បម្រួល​អាកាសធាតុ។

“សមភាព​ស្ត្រី និង​បុរស ជា​លក្ខខណ្ឌ​ចាំបាច់​នៃ​ការជ័យ​ជំនះ​លើ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ប្រែប្រួល​អាកាសធាតុ” ! នេះ​ជា​ប្រសាសន៍​ដាស់​តឿន​របស់​លោក​ស្រី​​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ សេហ្គោឡែន រ៉ូយ៉ាល់ ដែល​ជាប្រធាន​​ប្រតិភូ​បារាំង។

សំណើ​សុំ​ឱ្យ​គិត​គូរ​អំពី​សមភាព​ស្ត្រីបុរស​ ក៏​ត្រូវ​បាន​ធ្វើ​ឡើងដោយ​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អង្គការ​សហប្រជាជាតិ​ដែល យល់​ច្បាស់​អំពី​ចំណង​​ទំនាក់ទំនង​រវាង​ស្ត្រី​និង​ការ​ប្រែប្រួល​អាកាសធាតុ។

លោកស្រី​អតីត​ប្រធានាធិបតី​​អៀរឡង់ មិន​អាច​ទប់​សម្តី​បាន​ប្រកាស​ថា ទើប​មក​ដល់​មណ្ឌល​សន្និសីទ​បាន​មួយ​ថ្ងៃ​ តែ​ប្រៀប​ដូច​ជា​មួយ​ខែ ព្រោះ​ការ​ចរចា​ហាក់​ដូច​ជា​មាន​ដំណើរ​ការ​ទៅ​មុខ​ឱ្យ​សម​ចិត្ត​លោកស្រី​សោះ។ ប្រសិនបើ​អ្នក​ដឹកនាំ​នយោបាយ​ជា​ស្ត្រី​ភេទ នោះ​ពិត​ជា​មិន​ស្ថិត​ក្នុង​ស្ថានភាព​នេះ​ទេ ! នេះ​បើ​តាម​ប្រសាសន៍​បញ្ជាក់​បន្ថែម​របស់លោកស្រី រ៉ូបិនសិន ដែល​ជា​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ​ នៅ​ឆ្នាំ​២០១៤ និង​ដែល​បាន​បង្កើត​មូលនិធិមួយ​សម្រាប់​រក​យុត្តិធម៌​អាកាសធាតុ។ ហេតុ​អ្វី​ត្រូវ​និយាយអំពី​ការ​ទប់​ស្កាត់​ការ​ឡើ​ង​កម្តៅ​អាកាសធាតុ​ជាមួយស្ត្រី ?!

សម្រាប់​លោកស្រី​អតីតប្រធានាធិបតី ក៏ដូច​ជា​ស្ត្រី​ក្នុង​ប្រទេស​រងគ្រោះ​ផ្សេង​ទៀត ស្ត្រី​ត្រូវ​ចូល​រួម​ចំណែក​ទប់​ទល់​នឹង​អាកាសធាតុ ព្រោះ​ស្ត្រី ជា​អ្នក​មើល​កូន មើល​ថៃ​គ្រួសារ ជា​អ្នក​ដែល​ត្រូវ​ផ្តល់​ការ​អប់រំ ផ្តល់​សារ ថា​អ្វី​ជាភាព​ខ្ជះខ្ជាយ​ អ្វី​ដែល​យើង​ត្រូវ​ការ​ជ្រុល។
តំណាង​ស្ត្រី​អេក្វាទ័រ រំភើប​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ឮ​សំដី​អតីត​ប្រធានាធិបតី​អៀរឡង់ អំពាវនាវ​ឱ្យស្ត្រី​បញ្ចេញសកម្មភាពដើម្បី​អាកាសធាតុ​​​ ដាំ​ដុះ​ដើម​ឈើ​ឡើង​វិញ​ដើម្បីឱ្យ​ ​ដែនដី​កំណើត​ម្តាយ​មានខ្យល់​ដក។

COP២១​ មិន​អាច​ផ្តល់​គ្រប់​ដំណោះ​ស្រាយ​ទេ​ ! ការ​ប្រែប្រួល​អាកាសធាតុ​ ជះ​​ឥទ្ធិពល​អាក្រក់​លើ​ស្រ្តី​ច្រើន​ជាង​បុរស​ ! តំណាង​អង្គការ​ Wecan ចង់​ឃើញ​ស្ត្រី​ចូល​ប្រលូក​ខ្លាំង​នឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​កាប់​ព្រៃឈើ។ ស្ត្រី​នៅ​លើ​ពិភពលោក សុទ្ធ​តែ​មាន​ពាក្យ​ មាន​បណ្តាំ​សម្រាប់​កូន​ៗ​ជំនាន់​ក្រោយ ព្រមទាំង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​កូន។

ក្តីព្រួយបារម្ភ​និង​ការ​គិត​គូរ​អំពី​បញ្ហា​អាកាសធាតុ មិន​មែន​ត្រឹម​ជាភារៈ​របស់​ស្ត្រី​ក្នុង​ប្រទេស​រងគ្រោះ​ខ្លាំង​ទេ តំណាង​ស្ត្រីក្នុង​ប្រទេស​អភិវឌ្ឍន៍​ ក៏​ត្រូវ​បាន​ជំរុញ​ឱ្យ​ចូល​រួម​ចំណែក​ដែរ។ តំណាង​ស្រ្តី​អូស្ត្រាលី​បាន​បើក​យុទ្ធនាការ​ បញ្ចុះ​បញ្ចូលស្ត្រី ជា​​មេផ្ទះ​ខិតខំ​សន្សំ​សំចៃ​ រិត​ត្បិត​ការ​ចាយវាយ​ឥត​ប្រយោជន៍​ ដោយ​ផ្តើម​ជា​ដំបូង ពី​ការ​សន្សំ​សំចៃ​ថាមពល​​ភ្លើង​ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​បំពុល​បរិស្ថាន។

សកម្មភាព​របស់​ស្ត្រី​ ដើម្បី​អាកាសធាតុ​ច្រើន​តែ​ភ្ជាប់​សកម្មភាពការពារ​បរិស្ថាន​ទៅ​នឹង​ការ​គោរព​ព្រលឹង​​បុព្វបុរស។ ប្តូរ​គំនិត ចេះ​នឹង​គិត​ដល់​ដូនតា នោះ​នឹង​អាច​ប្តូរ​អាកាសធាតុ​បាន​ហើយ។

ប៉ុន្តែ​ក្រុម​ស្ត្រី​នៅ​តែ​សោកស្តាយ ! ស្តាយ​និង​ខ្លាច​ក្រែង​ទិវា​ដែល​បង្ហាញ​ពី​ភាព​សំខាន់​របស់​ស្ត្រី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​អាកាសធាតុ​ ជា​ចំណុច​​​បន្ទាប់​បន្សំ​​នៃ​ការ​ចរចា​រក​កិច្ចព្រមព្រៀង​អាកាសធាតុ​រួម​តែ​ប៉ុណ្ណោះ។ ព្រោះ​ក្រៅ​អំពី​វិសមភាព​របស់​ស្ត្រី​ក្នុង​សង្គម​ ក្នុង​នយោបាយ ការទូត និង​ក្នុង​ការ​ទទួល​ជំនួយ​មនុស្សធម៌​ផ្សេងៗ ពេល​រង​គ្រោះ​ នៅ​ក្នុង​កិច្ចចរចា​ស្តី​អំពីអាកាសធាតុ​នេះ គេ​សង្កេត​ឃើញ​មាន​គម្លាត​យ៉ាង​ខ្លាំង​រវាង​ស្ត្រី​និង​បុរស ដោយ​មាន​តំណាង​ភេទ​ស្ត្រី​ក្នុង​ជួរ​ប្រតិភូចូល​រួម​ចរចា​យ៉ាង​តិច​តួច​បំផុត ក្នុង​COP ២១ នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ