អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុបរក​ឃើញ​កិច្ចព្រមព្រៀង​ទប់​​​អង់គ្លេសកុំ​ឱ្យ​​ដើរ​ចេញ​ពី​សហភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​កុំ​ឱ្យ​អង់គ្លេស​ដើរ​ចេញពី​សហភាពអឺរ៉ុប ? គឺ​អឺរ៉ុប​ត្រូវ​ធ្វើកំណែទម្រង់ ! សំណើ​កំណែទម្រង់​​​មួយ​ខ្សែ​ធំ ត្រូវ​បានលោក​ Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បង្ហើប​បង្ហាញ ​នៅ​ថ្ងៃ​អង្គារ​ទី ២​កុម្ភៈ២០១៦ ដែល​អឺរ៉ុប​និង​អង់គ្លេស​បានសម្របសម្រួល​​គ្នា​ទទួល​យក​ទាំង​សងខាង។ ​អឺរ៉ុប​និង​អង់គ្លេស​កំពុង​ឈាន​ការ​ចុះ​កិច្ចព្រមព្រៀង​ បញ្ចៀស​បាន​នូវ​ការ​ដើរ​​ចេញរបស់​អង់គ្លេស​​ពី​សហភាព​អឺរ៉ុបហើយ​ឬ ?​ តើ​កំណែទម្រង់​ដែល​ត្រូវ​រ៉ូវ​គ្នា​នេះ​មាន​ខ្លឹមសារ​យ៉ាង​ណា​ខ្លះ ?

លោក​David Cameron និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Jean-Claude Juncker (ស្តាំ) នៅ​ក្រុង​ព្រុចសែល
លោក​David Cameron និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Jean-Claude Juncker (ស្តាំ) នៅ​ក្រុង​ព្រុចសែល EMMANUEL DUNAND / AFP
ផ្សាយពាណិជ្ជកម្ម

សំណើ​កំណែទម្រង់​​ដែលបាន​ទទួល​ការ​​ព្រមព្រៀងបឋម​ ​នៅ​ថ្ងៃ​អង្គារ​កន្លង​មក​នេះ មាន១៦​ទំព័រ​ ត្រូវ​បាន​ប្រគល់​ទៅ​ដល់​ដៃ​រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨​ហើយ ដើម្បី​អនុម័ត​សម្រេច​នៅ​ថ្ងៃ​ទី ១៨​កុម្ភៈ។ ជា​សំណើ​​កំណែទម្រង់​អឺរ៉ុបនេះ​ ប៉ុន្តែ​ក៏​ជា​ការ​សម្របសម្រួល​មួយ ក្នុង​កម្មវត្ថុបញ្ចៀស​ឱ្យ​បាន​​ដំណើរ​ចង់​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​​​អាច​និយាយ​បាន​ថា កិច្ចព្រមព្រៀង​បឋម​នេះ ជា​ជោគជ័យ​មួយ​ដំណាក់​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ព្រោះ​​បន្ទាប់ពី​ការ​តស៊ូបញ្ចុះ​បញ្ចូល​អស់​រយៈ​ពេល​បី​ខែ សហភាព​អឺរ៉ុបបាន​ព្រមធ្វើ​សម្បទាន​ច្រើន​ តាម​​សំណូមពរ​សំខាន់ៗ​របស់​លោក​ ដេវីត កាមឺរោន​ សឹង​ចាត់​ទុក​បាន​ថា​ជា​ការ​​សម្រិត​សម្រាំង​ ដើម្បី​តម្រូវ​ចិត្ត​​​អង់គ្លេស​ផង។

 

មាន​តែ​ចំណុច​មួយ​ប៉ុណ្ណោះ ដែល​អឺរ៉ុប​មិន​បណ្តោយ​តាម​ គឺ​ការ​គ្រប់គ្រង​តំបន់​អឺរ៉ូ ដែលអង់គ្លេស ចង់​លូក​ដៃ​​ចូល​ដែរ។ ក្នុង​ករណី​នេះ​ អឺរ៉ុប​បាន​ឆ្លើយ​ព្រម​ទាំង​ចុង​មាត់​ចុង​ក ធានា​រ៉ាប់​រង​ថា នឹង​គ្មាន​ការ​រើសអើង​ពាណិជ្ជកម្ម​​រវាង​​សមាជិក​សហភាព​អឺរ៉ុប ដែល​​មិន​ស្ថិត​ក្នុង​តំបន់​ចាយ​ប្រាក់អឺរូ​ទេ។ នៅ​ក្នុង​យន្តការ​​នៃ​កិច្ចព្រមព្រៀង​ថ្មី​នេះ អង់គ្លេស​ ក្នុង​នាម​​ក្រុមប្រទេស​មិន​ចាយ​ប្រាក់​អឺរ៉ូ​ (ត្រូវ​កំណត់សមាជិក​ក្រុម​​តាមក្រោយ)​ អាច​មាន​សិទ្ធិ​ចូល​ជជែក​ពិភាក្សា​ជា​ក្រុមប្រទេស​តំបន់​អឺរ៉ូ​ ក្នុង​ការ​សម្រេច​ចិត្ត​ផ្សេងៗ ដើម្បីកុំ​ឱ្យ​ប៉ះពាល់​​ប្រយោជន៍​ជាតិនី​មួយៗខ្លាំងពេក។

ផ្ទុយ​ទៅ​វិញ ស្តី​ពី​បញ្ហា​​អធិបតេយ្យភាព​ ដែល​អង់គ្លេស​ការពារ​បំផុត​នោះ​ សហភាព​អឺរ៉ុប​បាន​សម្រេច​ជូន​តាម​សំណូមពរ។ អំណើះ​តទៅ សភា​ជាតិ​នីមួយៗ​ មាន​សិទ្ធិ​ទាមទារ​ឱ្យ​បិទ​ខ្ទប់​គម្រោង​ច្បាប់​អឺរ៉ុបបាន​ ប៉ុន្តែសភា​​ត្រូវ​ស្វែង​រក​សំឡេង​ប្រឆាំង​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​៥៥%។

ចំពោះ​ប្រធានបទ​​ដ៏​ក្តៅគគុក និង​​លំបាក​បំផុត​ទាក់ទង​នឹង​ការបែង​ចែក​​ជំនួយសង្គម​​ដល់​អន្តោប្រវេសន៍​មក​ពី​សហគមន៍​អឺរ៉ុប​ដូច​គ្នាក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ដំបូង ដែល​អង់គ្លេស​ចង់​លុប​ចោល​​​វិញ​ គណៈកម្មាការ​​អឺរ៉ុប​បាន​ព្រមព្រៀង​ឱ្យ​អង់គ្លេស​ព្យួរ​មួយ​រយៈ​ ប្រសិន​បើ​មើល​ឃើញ​មាន​ហានិភ័យ​ប៉ះពាល់​ដល់​ស្ថិរភាព​ទីផ្សារ​ការងារ​និង​ប្រព័ន្ធ​ធានារ៉ាប់​រង​សង្គម ដោយ​ស្នើ​ដាក់​ជំនួស​មក​វិញ “យន្តការ​ការពារ” ដែល​បើ​តាម​អឺរ៉ុប​នឹង​ផ្តល់​លទ្ធផល​ដូច​គ្នា។

យន្តការ​នេះ ត្រូវ​បាន​ប្រើ​ជា​ហ្វ្រាំង​ទប់​ ក្នុង​ស្ថានការណ៍​មាន​​លំហូរ​អន្តោប្រវេសន៍​​ខ្លាំង​ប្លែក។ ​នៅក្នុង​សេចក្តី​ថ្លែងការណ៍ កាលពី​ថ្ងៃអង្គារ គណៈកម្មការ​អឺរ៉ុប​បានពន្យល់​អំពីស្ថានភាព​​​ពិសេសនៅ​អង់គ្លេស​ ទើប​ព្រមព្រៀង​ជាមួយ​អង់គ្លេស​យ៉ាង​ដូច្នេះ។ រដ្ឋ​ផ្សេង​ទៀត ដែល​ ខុស​ពី​ឡុង​ដ៍​ មាន​ប្រព័ន្ធ​សង្គម​បែប​ពន្ធ​ជំនួយ (រំពឹង​ការ​បង់​វិភាគទាន មិន​មែន​ឈរ​លើ​ការ​ប្រមូល​ពន្ធ) មិន​អាច​ទាមទារ​សុំ​ប្រើ​យន្តការ​ការពារ​នេះ​បាន​ឡើយ។

បើ​ដូច្នេះ​ ​សមាជិក​អឺរ៉ុប​២៧​ប្រទេស​ផ្សេង​ទៀត អាច​ប៉ះបោរ​​​ច្រណែន​នឹង​អង់គ្លេស​ ? ឬ​ក៏ទាមទារ​ ​ដូច​អង់គ្លេស​ដែរ​ហើយ ?! នេះ​ជា​សំណួរ​ដែល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​គណៈកម្មការ​អឺរ៉ុប​មិន​ចង់​ឮ​ និង​ខ្លាច​រអា​បំផុត។ ​បើ​ធ្វើ​តាម​សំណូម​ពរ​គ្រប់​គ្នា​ នោះ​​​អឺរ៉ុបប្រែ​ពី​​សហភាពទៅ​ជា​សហភាគ​ហើយ។

ប៉ុន្តែ​ពេល​នេះ ក្រុមប្រឹក្សា​និង​គណៈកម្មការ​អឺរ៉ុប​មាន​ទំនុក​ចិត្ត​ខ្លាំង ព្រោះ​កិច្ចព្រមព្រៀង​ជាមួយ​ឡុងដ៍​ ជា​កិច្ចព្រមព្រៀង​ដ៏​ត្រឹមត្រូវ​ស្មើ​ភាគ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​សមាជិក​ទាំង​២៨។ គ្មាន​ការ​ប្តូរ​ផ្លាស់​សន្ធិសញ្ញា​ ដែល​គ្មាន​នរណា​ចង់​បាន គឺ​មាន​តែ​ដំណោះស្រាយ។ ​គោលការណ៍​គ្រឹះទាំង​ពីរ​​របស់​សហភាព​អឺរ៉ុប ៖ ចរាចរណ៍​ដោយ​សេរី គ្មានការ​រើសអើង ត្រូវ​គោរព​បាន​ទាំង​ស្រុង​។

​ការ​រារាំង​កិច្ចព្រមព្រៀង​ជាមួយ​អង់គ្លេស​ គឺ​ជា​​ការរុញ​ ​ប្រទេស​នេះ​ឱ្យ​ចេញ​ពី​អឺរ៉ុប ហើយ​បើ​មាន​អង់គ្លេស​ចេញ​ នោះ​អឺរ៉ុប​នឹង​រង្គើ។ ថ្ងៃ​នេះ​អាច​ចាត់​ទុក​ជា​ជោគជ័យ​មួយ​ដំណាក់​ដំបូង​របស់​អង់គ្លេស ប៉ុន្តែ​សម្រាប់​លោក​ដេវីត កាមឺរោន គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ។ ប្រសិន​បើ​កិច្ចព្រមព្រៀង​​បឋម​ត្រូវ​បាន​អនុម័ត​ដោយ​សមាជិក​អឺរ៉ុប​តាំង​២៨ នៅ​សប្តាហ៍​ក្រោយ នោះ​អង់គ្លេស​ត្រូវ​ធ្វើ​ប្រជាមតិ​នៅ​ខែ​មិថុនា។ លោកដេវីត​កាមឺរោន ត្រូវ​ចេញ​ស្វែង​រក​គ្រប់​ហេតុផល​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​ឱ្យ​បោះឆ្នោត​គាំទ្រ​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ