អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោយ​ភេរវកម្ម​នៅ​ព្រុចសែល អឺរ៉ុប​សំឡឹងចង់​មើល​​គំរូ​សន្តិសុខ​អ៊ីស្រាអែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

១០​ថ្ងៃ​ក្រោយភេរវកម្ម​ ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រុចសែល នៅ​តែ​បន្ត​បិទ​ទ្វារ​ទៀត។ ការធ្វើ​តេស្ត​សាកល្បង កាលពី​ថ្ងៃអង្គារ​ នៅ​តែ​មិន​ទាន់​អនុញ្ញាត​ឱ្យ​អាកាសយានដ្ឋាន​អាច​បើក​ទ្វារ​ទទួល​អ្នកដំណើរ​បាន។ នេះ​ជា​ផលវិបាក​ដែល​បន្សល់​ទុក​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃទី ២២​មីនា និង​ដែល​បាន​ជំរុញ​ឱ្យ​គ្រប់​អាកាសយានដ្ឋាន​អឺរ៉ុប​ទាំង​មូល ប្រឹង​ប្រែង​ពង្រឹង​សន្តិសុខ បង្កើន​កម្លាំង​ និង​កំពុង​សំឡឹង​រក​មើល​គំរូ​សន្តិសុខដែល​មាន​ប្រសិទ្ធិភាព។

ប៉ូលិសបែលហ្ស៊ិក​ត្រួតពិនិត្យ​នៅ​ច្រក​ចូល​អាកាសយានដ្ឋាន Bruxelles-Zaventem រូបថត​ថ្ងៃទី ២៩ មីនា ២០១៦
ប៉ូលិសបែលហ្ស៊ិក​ត្រួតពិនិត្យ​នៅ​ច្រក​ចូល​អាកាសយានដ្ឋាន Bruxelles-Zaventem រូបថត​ថ្ងៃទី ២៩ មីនា ២០១៦ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

បី​ថ្ងៃ​ក្រោយ​ភេរវកម្ម​នៅ​​ព្រុចសែល ការ​តស៊ូ​មតិ​ស្តីពី​ការ​ពង្រឹង​វិធានការ​ប្រឆាំង​ភេរវកម្ម​ នៅ​តាម​អាកាសយានដ្ឋាន និង​ស្ថានីយ៍​ចំណត​សាធារណៈ​ បានផុស​ផុល​ឡើង​យ៉ាង​ពេញ​ទំហឹង។ ការ​វាយប្រហារ​នៅ​បែលហ្ស៊ិក ​ដូច​ជា​បាន​ដាស់​សតិ ​ឱ្យ​ភ្ញាក់​ខ្លួន​ដឹង​ថា​​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​អឺរ៉ុបងាយ​រង​គ្រោះណាស់។

អ្នក​ឯកទេស​បាន​ដាក់​កម្មវិធី​រៀប​ចំ​សន្និសីទ​ស្តី​អំពី​ប្រធានបទ​នេះ រួច​ហើយ ! សន្និសីទ​ថ្នាក់​អឺរ៉ុប ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១ មីនា នៅ​ទីក្រុង​ព្រុច​សែល និង​ថ្នាក់​អន្តរជាតិ នៅ​ថ្ងៃ​ទី ២៧​កញ្ញា ក្នុង​ក្របខ័ណ្ឌ​​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ។​​ ប៉ុន្តែ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​អឺរ៉ុប​ជា​ច្រើន មិន​បាន​រង់ចាំ​សន្និសីទ​ដើម្បីពង្រឹង​សន្តិសុខ​ និង​សុវត្ថិភាព​ទេ។ ការពិចារណា​ស្វែង​រក​គំរូ​សន្តិសុខ​ ពិត​ប្រាកដ ​ក៏បាន​​ចាប់​ផ្តើម​ដែរ។

 
តើ​គំរូ​សន្តិសុខ​ណា ដែល​អឺរ៉ុប​ចាប់​អារម្មណ៍​ជាងគេ​ ? ថ្វី​បើ​បារាំង​ ដែល​បាន​បង្កើន​ និង​ពង្រឹង​សន្តិសុខ​តាម​អាកាសយានដ្ឋាន តាម​ស្ថានីយ៍​រថភ្លើង រថយន្តក្រុង បន្ថែម​ដោយ​មិន​បង្អង់​មែន និង​បាន​ឱ្យ​ដឹង​មុន​គេ ថា​នឹង​មិនយក​គំរូ​​ធ្វើ​តាម​រុស្ស៊ី និង​អ៊ីស្រាអែលមែន តែ​​ក្រុម​អ្នក​ជំនាញ​អ៊ីស្រាអែល​បាន​ឱ្យ​ដឹង​ថា អ្នកទទួល​ខុស​ត្រូវ​ផ្នែក​អាកាសយានដ្ឋាន​អឺរ៉ុប ជាច្រើន​បាន​ទាក់ទងទៅ​អ៊ីស្រាអែល​ កាន់​តែ​ញឹកញាប់​ឡើង​​ ព្រោះ​ចាប់​អារម្មណ៍​ខ្លាំង​នឹង​គំរូ​សន្តិសុខ​ក្នុង​ប្រទេសនេះ។

អ៊ីស្រាអែល​​មាន​បទ​ពិសោធន៍​ច្រើន និង​យូរយារ​ណាស់ ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម។ តាំង​ពី​បាន​កើត​ជា​ប្រទេស​មួយ​មក អ៊ីស្រាអែល​បាន​រងការវាយប្រហារ​ និង​ការ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម មិន​តិច​ជាង​៨០​ដង​ទេ។ ប៉ុន្តែ​តាំង​ពី​ឆ្នាំ​១៩៧៤​មក (ក្រោយភេរវកម្ម​បង្កឡើង​​ដោយ​ភេរវជន​ជប៉ុនអ្នក​​គាំទ្រ​ប៉ាឡេស្ទីន បាញ់​រះសម្លាប់​មនុស្ស​អស់​២៦​នាក់​និង​របួស​៨០​នាក់ ​នៅ​ពេល​យន្តហោះ​ចុះ​ដល់​ដី​អ៊ីស្រាអែល​ភ្លាម) អ៊ីស្រាអែល​បាន​ប្រើ​មធ្យោបាយ​ធំ​ និង​ក្តៅ រហូត​អាច​និយាយ​បាន​ គ្មាន​នរណា​អាច​ធ្វើ​ការ​វាយប្រហារ​ភេរវកម្ម​ប្រឆាំង​​អាកាសយានដ្ឋានអ៊ីស្រាអែល​បាន​ឡើយ​នៅ​ពេល​នេះ។  ​អាកាសយានដ្ឋាន ក្រុង​ទែលអាវីវ ជាប់​ឈ្មោះ​ល្បី​ខាង​​​មាន​សុវត្ថិភាព​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក !

មុន​នឹង​ចូល​ដល់​អាកាសយានដ្ឋាន​ គេ​ត្រូវ​ឆ្លង​កាត់​រនាំង​ត្រួត​ពិនិត្យ​រថយន្ត​​ បន្ទាប់​មក​ឆ្មាំ​សន្តិសុខ​​ឯកជន​នឹង​ត្រូវ​តាមដាន​គ្រប់​សកម្មភាព​ចូល​ព្រលាន ហើយ​ពួក​គេ​មិន​ញញើត​នឹង​ហៅ​អ្នក​ដំណើរ​មក​សួរ​ចម្លើយ​ទេ។ ម៉ាស៊ីន​ថត​មាន​ដាក់​នៅ​គ្រប់​ជ្រុង គ្រប់​ផ្លូវ​ដើរ​។ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ ស្លៀក​ពាក់​ជា​ស៊ីវិល​ ដើរ​ល្បាត​ពេញ​ព្រលាន។ បន្ថែម​ពី​លើ​នេះ​ទៀត អ៊ីស្រាអែល​បាន​អភិវឌ្ឍន៍​ដល់​កំរិត​អតិបរិមាណ​បច្ចេកវិទ្យា​យកការណ៍​គ្រប់ទម្រង់ គ្រាន់​បាន​ស្តាប់​ឮ​ការ​ជជែក​ពិភាក្សា​គ្នា គឺ​អាច​ដឹង​ស្គាល់​បុគ្គល​ក្រុម​នោះ​ហើយ។ បច្ចេកវិទ្យា​ខ្លះ​មាន​លក្ខណៈ​រើសអើង តែ​មាន​ប្រសិទ្ធិភាព​ ទើប​អាជ្ញាធរ​អ៊ីស្រាអែល​ត្រូវ​តែ​ប្រកាន់​យក។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​មាន​រនុក​ក្នុង​ អ៊ីស្រាអែល​មិន​ខ្លាច​នឹង​បញ្ជូន​ភ្នាក់ងារ​ទៅ​ត្រួតពិនិត្យ​អ្នកដំណើរ​ដល់​អាកាសយានដ្ឋាន​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ីស្រាអែល​ភ្ជាប់​ជើង​ហោះហើរ​ជាមួយ​ឡើយ។

ក្នុង​នាម​ប្រទេស​មាន​ពិសោធន៍​ច្រើន ធ្លាប់​ឆ្លងកាត់ និង​រស់​ប្រឈម​មុខ​ខ្លាំង​នឹង​ភេរវកម្ម អ៊ីស្រាអែល សម្គាល់​ឃើញ​វិធានការ​សន្តិសុខ​ ​​នៅ​អឺរ៉ុប​ធូរ​រលុង ចំណាយ​​ខ្លាំងអស់​​រាប់​ពាន់​លាន​ទៅលើ​​បច្ចេកវិទ្យា​  តែ​​ភ្លេច​អំពីគិត​គូរ​ពី​​កត្តា​មនុស្ស និង​រិះគន់​ភាព​ស្ពឹក​ស្រពន់របស់​អាជ្ញាធរ​​​បែលហ្ស៊ិក ក្នុង​វិស័យ​​សន្តិសុខ។ ការ​ដាក់​ទាហាន​ និង​យោធា​ឱ្យ​ពីរ​បី​នាក់ឱ្យ​ដើរ​ត្បាត​ ពិតជា​មិន​អាច​ការពារ​​​អាកាសយានដ្ឋាន និងតាម​​ស្ថានីយ៍ដឹកជញ្ជូន​​​ ឱ្យ​​មាន​សុវត្ថិភាព​ពិត​ប្រាកដបាន​ឡើយ។

​ប៉ូលិស​​អាកាសយាន​ដ្ឋានព្រុចសែល​ផ្ទាល់ ក៏​បាន​អះអាង​អំពី​កង្វះ​ខាត​ផ្នែក​សន្តិសុខ​នេះ​ដែរ និង​បាន​ដាក់​ពាក្យ​ ​នៅ​ថ្ងៃទី ១៨​មីនា ពោល​គឺ​មុន​ការ​ផ្ទុះ​ភេរវកម្ម​បួន​ថ្ងៃ សុំ​ធ្វើ​បាតុកម្ម។ ដូច្នេះ​ការព្រួយ​បារម្ភ​របស់​ពួក​គេ​​ពិត​ជា​សមហេតុផល​ ហើយ​ភេរវកម្ម​ថ្ងៃទី​២២​មីនា ពិត​ជា​មេរៀន​​ដែល​បែលហ្ស៊ិក​ត្រូវ​ចង​ចាំ​ និង​គិត​គូរ​ពង្រឹង​ឬ​​ប្តូរ​យុទ្ធសាស្ត្រ​ការពារ​សន្តិសុខ។ ចង់​ឬ​មិន​ចង់ អឺរ៉ុប​មួយ​រយៈ​នេះ​ត្រូវ​តែ​រឹត​បន្តឹង ឆែកឆេរ​ ដូច​អ៊ីស្រាអែល​តាំង​ពី​ច្រក​ចូល​អាកាសយានដ្ឋាន រហូត​ដល់​ច្រក​ចេញ​ឡើង​យន្តហោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ