អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​បារាំង ប្រឈម​នឹង​​ហានិភ័យ​ជួប​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរយ៉ាងណា ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា ​កាលពី​ខែ​មីនា ២០១១មក បទ​ដ្ឋាន​សុវត្ថិភាព​នុយក្លេអ៊ែរ​បាន​​រឹត​បន្តឹង​​ជា​ច្រើន​កំរិត ដើម្បី​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ឬ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ជា​យថាហេតុ​ណា​មួយ។ ​ប៉ុន្តែ​ហានិភ័យ​នៅ​មាន​ខ្ពស់ អាជ្ញាធរ​បារាំង​មិន​ហ៊ាន​ច្រាន​ចោល​ទាំង​ស្រុង​​គ្រោះហានិភ័យ​នុយក្លេអ៊ែរ​ទេ ព្រោះ​បើ​មើល​ទៅ​អាយុ​កាល​របស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បារាំង សុទ្ធ​តែ​មាន​វ័យ​ចំណាស់ ក្រុមហ៊ុន​គ្រប់គ្រង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក៏​មានបញ្ហា​ហិរញ្ញវត្ថុទៀត។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរTricastin ដ៏​ធំជាង​គេ​មួយ​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​
មជ្ឈមណ្ឌល​នុយក្លេអ៊ែរTricastin ដ៏​ធំជាង​គេ​មួយ​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​ AFP
ផ្សាយពាណិជ្ជកម្ម

តើ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ ដូច​នៅ​ឈែរណូប៊ីល ឬ ​នៅ​ហ្វូគូស្ហ៊ីម៉ា ​អាច​កើត​មាន​បាន​ដែរ នៅប្រទេសបារាំងមែនឬ ? ៣០​ឆ្នាំ​ក្រោយ​មហន្តរាយ​ឈែរណូប៊ីល ក្រុម​អ្នក​ប្រឆាំង​នឹង​នុយក្លេអ៊ែរ​ សង្ស័យ​លើ​​​សុវត្ថិភាព​នុយក្លេអ៊ែរ​បារាំង​កាន់​តែ​ខ្លាំង​ឡើង ៗ។ ​ប្រធាន​អាជ្ញាធរ​សុវត្ថិភាព​នុយក្លេអ៊ែរ​បារាំងផ្ទាល់​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា សុវត្ថិភាពប្រាកដ​​​១០០%​ពិត​ជា​គ្មាន​ឡើយ ! គេ​ត្រូវ​តែ​គិត​ពី​អ្វី​ដែល​មិន​អាច​គិត​ដល់ ព្រោះគេ​មិន​អាច​ច្រាន​ចោល​ទាំង​ស្រុង​ថា​គ្មាន​សោះ​គ្រោះថ្នាក់​នុយក្លេអ៊ែរទេ មិន​ថា​នៅ​ជប៉ុន​ឬ​នៅអឺរ៉ុប និង​បារាំង​ឡើយ។

 
បារាំង​ប្រឈម​ខ្លាំង​នឹង​ហានិភ័យ​នុយក្លេអ៊ែរ

ប្រសិន​បើ​មាន​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​ផ្ទុះ​ឡើង​នៅ​លើ​ទឹក​ដី​បារាំង​មែននោះ​ពិត​ជា​មហន្តរាយធ្ងន់ធ្ងរ​ខ្លាំង​ក្រៃ​ជា​មិន​ខាន។ ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​​ឈែរណូប៊ីល ស្ថិត​នៅ​ក្នុង​តំបន់ ស្ទើរ​ដាច់​ស្រយ៉ាល​​​មួយ​ មាន​ប្រជាជន​រស់​នៅ​តិច​តួចណាស់​។ ប៉ុន្តែ​នៅ​បារាំង​ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទាំង​​៥៨​កន្លែង ភាគច្រើនសុទ្ធ​តែ​មាន​ទីតាំង​នៅ​ជិត​ទី​ប្រជុំ​ជន មាន​មនុស្សរស់​នៅ​​ច្រើន​កុះករ។ តាមការ​ពិត​​អាជ្ញាធរ​បារាំង​មាន​ត្រៀម​សំណុំ​បែបបទដំណើរ​ជម្លៀស​ និង​ចែកចាយ​ថ្នាំ​អ៊ីយ៉ូត​ជូន​ប្រជាជន​ក្នុង​ករណី​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ​មែន តែ​បន្ទាប់​មក​​តើ​ត្រូវ​ធ្វើ​ដូចម្តេច? ការ​ជម្លៀស​ពលរដ្ឋ​ជា​ទ្រង់ទ្រាយ​ធំ​យក​ទៅ​ណា ? បើ​ដី​ឆ្លង​ជាតិ​វិទ្យុ​សកម្ម​ហើយ​ត្រូវ​រង់ចាំ​ដល់​ទៅ​មួយ​សតវត្សរ៍​ ទម្រាំ​បន្សាប​អស់​យ៉ាង​ដូច្នោះ ?! យោលទៅ​តាម​ទំហំ​ និង​ប្រភេទ​នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ ព្រមទាំង​ទីតាំង​របស់​មជ្ឈមណ្ឌល ប្រទេស​លុចសំបួរ​ បែលហ្សិក ឬ​ស្វីស អាច​នឹង​លុប​បាត់​ពី​ផែនទី​ពិភពលោក​តែ​ម្តង !
ប៉ុន្តែ​ថ្វី​បើ​បទ​ដ្ឋាន​សុវត្ថិភាព​នុយក្លេអ៊ែរ​ ត្រូវ​បាន​ពង្រឹង​ តាំង​ពី​ក្រោយ​មហន្តរាយ​នៅ​ឈែរណូប៊ីល និង​ហ្វូគូស្ហ៊ីម៉ាក្តី ក៏​ស្ថានភាព​នៅ​ប្រទេស​នៅ​តែ​មាន​លក្ខណៈ​ផុយស្រួយ​ដដែល។ ហេតុអ្វី ?

​មជ្ឈមណ្ឌលនុយក្លេអ៊ែរ កាន់​តែ​ចាស់ កាន់​តែងាយ​បង្ក​គ្រោះថ្នាក់

ជា​បឋម មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បារាំង សុទ្ធ​តែ​ចាស់ៗ (ម៉ាស៊ីនប្រតិករ​ពីរភាគបី​មាន​អាយុ​ជាង​៣០​ឆ្នាំ)​។ ភាព​ចាស់​ជរានៃ​រោង​ចក្រ​និង​​ ការ​សឹក​រិចរិល​ គឺ​ជា​មូលហេតុ​ចំបង​នាំ​ឱ្យ​ងាយ​ខូច ងាយ​មាន​គ្រោះ​ថ្នាក់ណាស់។ ហើយ​នៅ​ក្នុង​ក្របខ័ណ្ឌ​អន្តរកាល​ថាមពល មុន​នឹង​អាច​ឈាន​ដល់​ការ​កាត់​បន្ថយ​ឬ​ការ​លុប​ចោលថាមពល​នុយក្លេអ៊ែរ ដោយ​ងាក​ទៅប្រើ​ថាមពល​មិន​ចេះ​រីង​ស្ងួត​វិញ គេ​ត្រូវ​ប្រើ​មជ្ឈមណ្ឌល​ចាស់ៗ​នេះ​សិន។ ដូច្នេះ​​អាយុកាល​នៃ​ម៉ាស៊ីនប្រតិករ​បារាំង​ទាំង​ឡាយ​នេះ អាច​នឹង​ត្រូវ​ពន្យារ​ពេល​ឱ្យ​ប្រើប្រាស់​ផលិត​អគ្គីសនី​បន្ត​ ២០​ឬ​៣០​ឆ្នាំទៀត។

សម្ពាធ​ហិរញ្ញវត្ថុ

បន្ទាប់​មក​ ក្រុមហ៊ុនអគ្គិសនី​បារាំង​ដែល​ជា​អ្នក​​គ្រប់គ្រង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ សុំ​គ្រលំ​ជាមួយ​រដ្ឋ និង​ងុបងុល​ចង់​តែ​ពន្យារ​​ប្រើ​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​ ច្រើន​ជាង​ចំណាយ​ពេល​រៀប​ចំ​ផែនការ​ដើរ​ចេញ​ពី​នុយក្លេអ៊ែរ។ បូក​ផ្សំ​នឹង​មាន​បញ្ហា​ហិរញ្ញវត្ថុ​​ដែល​បណ្តាល​មក​ពី​សម្រូប​ទីផ្សារ​អន្តរជាតិ​ផ្នែក​នុយក្លេអ៊ែរ​ផង តម្លៃ​អគ្គីសនី​ទាប​ផង ក្រុម​ហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​រឹត​ត្បិត​ថវិកា​ ជម្រុះ​បុគ្គលិក​ជិត​បីពាន់​នាក់។ សម្ពាធ​លើ​បុគ្គលិក លើ​កត្តា​មនុស្ស​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​វប្បធម៌​សុវត្ថិភាព​ក្នុង​វិស័យ​នុយក្លេអ៊ែរ។ នេះ​មិន​រាប់​បញ្ជូល​អំពី​ការ​គំរាម​កំហែង​ភេរវកម្ម​​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ពី​សំណាក់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម ដែល​អឺរ៉ុប​ ជាពិសេស​បារាំង​ បែលហ្សិក​ កំពុង​ប្រឈម​នា​ពេល​នេះ​ផង។

ជា​ចុង​ក្រោយ​ បើយើង​សំឡឹង​មើល​ផលវិបាក​បន្សល់​ទុក​ដោយ​ហ្វូគូស្ហ៊ីម៉ា។ ក្រោយ​គ្រោះថ្នាក់​នុយក្លេអ៊ែរ សារធាតុ​វិទ្យុ​សកម្ម​សាយ​ភាយ​ក្នុង​រង្វង់​អង្កត់​ផ្ចឹត​ ១០០​គីឡូម៉ែត្រ។ ប្រសិន​បើ​គេ​យក​រង្វាស់​នេះ មកអនុវត្ត​គ្រប់​គ្នា​ជា​បទ​ដ្ឋាន​សុវត្ថិភាព នោះ​ពិត​ជា​អាច​ត្រូវ​ប៉ះពាល់​ដល់មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ​ច្រើន​ណាស់ មិន​ថា​នៅ​អឺរ៉ុប ឬ​នៅ​ប្រទេសផ្សេង​ទេ។ នៅ​ប្រទេស​បារាំង បារាំង​កំណត់​រង្វង់​សុវត្ថិភាព​តែ​ត្រឹម​១០គ.ម. និង​ដំឡើង​ដល់​២០​គ.ម. ក្រោយ​ហ្វូគូស្ហ៊ីម៉ា។ ពោល​គឺ​ពុំ​ទាន់​មាន​​ការ​អនុម័ត​ច្បាប់​វិធាន ឬ​បទ​ដ្ឋាន​សុវត្ថិភាព​​ការ​ពារ​ពលរដ្ឋ​ពី​ហានិភ័យ​នុយក្លេអ៊ែរ​ទេ។

អ្វី​ដែល​សាមញ្ញ និង​ប្រាកដ​បំផុត​ ថា​គ្មាន​អ្វី​អាច​បង្ក​គ្រោះថ្នាក់ធ្ងន់ធ្ងរ​បាន គឺ​មាន​តែ​ការ​ដើរ​ចេញ​​ទាំង​ស្រុង​ និង​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​ ឈប់​រំពឹង​លើ​ថាមពល​អាតូមិក ដែល​ថ្នាំពុល​​របស់​មនុស្សជាតិ បរិស្ថាន និង​ភពផែនដី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ