អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង់គ្លេស៖​តើ​លោកស្រី​នាយករដ្ឋមន្រ្តី​ថ្មី​តេរ៉េហ្សា ម៉េ​មាន​ប្រវត្តិរូបសង្ខេប​អ្វី​ខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ថ្ងៃ​ពុធ ទី១៣ កក្កដា​មក ប្រទេស​អង់គ្លេស​មាន​នាយករដ្ឋមន្រ្តី​ថ្មី​ជា​ស្រ្តីភេទ​ដែល​មាន​ឈ្មោះ​ថា តេរ៉េហ្សា ម៉េ (Theresa May)។ លោកស្រី​តេរ៉េហ្សា​បាន​ចូល​ជំនួស​កន្លែង​លោក​ដាវីដ កាមេរ៉ូន​ដែល​បាន​លា​ចុះ​ពី​តំណែង ក្រោយ​ពី​ប្រជាជន​អង់គ្លេស​បាន​បោះឆ្នោត​ផ្តាច់​ខ្លួន​ចេញ​ពី​សហភាពអឺរ៉ុប។ លោកស្រី​តេរ៉េហ្សា ម៉េ​ជា​ស្រ្តីអង់គ្លេស​ទី២ ដែល​បាន​ឡើង​កាន់​តំណែងកំពូល​នៅ​ក្នុង​ប្រទេស​អង់គ្លេស បន្ទាប់​ពី​លោកស្រី​ម៉ាហ្ការីត ថាច់ឆឺ​ពី​ខែ​ឧសភា ​ឆ្នាំ ១៩៧៩ ដល់​ខែ​វិច្ឆិកា ​ឆ្នាំ ១៩៩០។ តើ​លោកស្រី​នាយករដ្ឋមន្រ្តី​ថ្មី​តេរ៉េហ្សា ម៉េ​ជា​នរណា​ដែរ?

អង់គ្លេស៖តើលោកស្រីនាយករដ្ឋមន្រ្តីថ្មីតេរ៉េហ្សា ម៉េមានប្រវត្តិរូបសង្ខេបអ្វីខ្លះ?
អង់គ្លេស៖តើលោកស្រីនាយករដ្ឋមន្រ្តីថ្មីតេរ៉េហ្សា ម៉េមានប្រវត្តិរូបសង្ខេបអ្វីខ្លះ? REUTERS/Andrew Yates/File Photo
ផ្សាយពាណិជ្ជកម្ម

ចាប់​កំណើត​ក្នុង​ថ្ងៃទី១ តុលា ឆ្នាំ ១៩៥៦ និង​មាន​ឱពុក​ជា​គ្រូគង្វាល ស្ថានភាព​គ្រួសារ​របស់​លោកស្រី​តេរ៉េហ្សា ម៉េ​ក៏​មិន​ខុស​គ្នា​នឹង​ស្ថានភាព​គ្រួសារ​របស់​ពលរដ្ឋ​អង់គ្លេស​ភាគ​ច្រើន​ដែរ គឺ​មាន​ស្ថានភាព​មធ្យម និង​សាមញ្ញ។ លោកស្រី​តេរ៉េហ្សា ម៉េ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឥស្សរជន​នយោបាយ​ម្នាក់​ដែល​មិន​សូវ​មាន​អំណោយទាន តែ​ទទួល​ស្គាល់​ជា​មនុស្ស​ដែល​មាន​អំណាច មាន​សមត្ថភាព និង​មាន​បុគ្គលិក​លក្ខណៈ​ម៉ឹងម៉ាត់ មធ្យ័ត និង​រឹងប៉ឹង។

គឺ​បុគ្គលិក​លក្ខណៈ​ម៉ឹងម៉ាត់ មធ្យ័ត និង​រឹងប៉ឹង​របស់​លោកស្រី​តេរ៉េហ្សា ម៉េ​នេះ​ហើយ​ដែល​ត្រូវ​បាន​គេ​ប្រដូច​លោកស្រី​ទៅ​នឹង​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស​ម៉ាហ្ការីត ថាច់ឆឺ។ លោកស្រី​ថាច់ឆឺ​ដែល​បាន​កាន់​តំណែង​ពី​ខែ​ឧសភា ​ឆ្នាំ ១៩៧៩ ដល់​ខែ​វិច្ឆិកា ​ឆ្នាំ ១៩៩០ និង​ដែល​គ្រប់​គ្នា​ដាក់ងារ​លោកស្រី​ជា​ស្រ្តីកណ្តាប់ដៃដែក។ ក៏​ប៉ុន្តែ លោកស្រី​តេរ៉េហ្សា ម៉េ​មិន​បាន​យល់​ឃើញ​ដូច​នេះ និង​បាន​ប្រដូច​ខ្លួន​ឯង​ទៅ​នឹង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្គឺឡា មែរកិល​ទៅ​វិញ។ លោកស្រី​តេរ៉េហ្សា​គិត​ថា លោកស្រី​មាន​ចំណុចរួម​ដូច​លោកស្រី​មែរកិល​ច្រើន​ជាង​លោកស្រី​ថាច់ឆឺ។ ចំណុច​រួម​ទាំង​នោះ​មាន ជា​កូនស្រី​គ្រូគង្វាល​ដូច​គ្នា រៀងសូត្រ​ជំនាន់ដូច​គ្នា និង​មាន​ស្វាមី​តែ​អត់​កូន​ដូច​គ្នា។

លោកស្រី​តេរ៉េហ្សា ម៉េ​បាន​រៀបការ​ក្នុង​ឆ្នាំ ១៩៨០ ជាមួយ​លោក​ហ្វីលីប ចន ម៉េ​ដែល​ជា​បុគ្គលិក​បម្រើការងារ​ក្នុង​ធនាគារ។ តែ​លោកស្រី​ចូលចិត្ត​លាក់លៀម ឬ​ក៏​ថា​មិន​សូវ​បាន​បង្ហាញ​ជា​សាធារណៈ​នូវ​ជីវិតឯកជន និង​ជីវិតគ្រួសារ​របស់​លោកស្រី​ទេ។ លោកស្រី​តេរ៉េហ្សា​បាន​ផ្តើម​អាជីព​នយោបាយ​ក្នុង​ឆ្នាំ ១៩៨៦ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ភូមិវិទ្យា​នៅ​សកលវិទ្យាល័យ Oxford។ ក្នុង​ឆ្នាំ ១៩៨៦ ដដែល លោកស្រី​តេរ៉េហ្សា​បាន​ជាប់​ឆ្នោត​ជា​ទីប្រឹក្សា​ក្នុង​សង្កាត់​មួយ​ក្នុង​ទីក្រុង​ឡុងដ៏។ ក្នុង​ឆ្នាំ ១៩៩៤ លោកស្រី​ក៏​បាន​លា​ឈប់​ពី​តំណែង​ទីប្រឹក្សា​នេះ​ដើម្បី​ឈរ​ឈ្មោះ​បោះឆ្នោត​សភា តែ​បាន​ទទួល​បរាជ័យ​ចំនួន ២ដង។

លោកស្រី​តេរ៉េហ្សា​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ១៩៩៧ ទើប​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​សម្រាប់​គណបក្ស​អភិរក្សនិយម។ ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៣ លោកស្រី​តេរ៉េហ្សា​បាន​ក្លាយ​ជា​ស្រ្តីទី១ ដែល​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​អអភិរក្សនិយម។ តែ​នៅ​ចន្លោះ​ឆ្នាំ ១៩៩៩ និង ២០១០ លោកស្រី​បាន​ទទួល​តួនាទី​ជា​ច្រើន​នៅ​ផ្ទៃក្នុង​បក្ស​ក្នុង​ពេល​ដែល​បក្សអភិរក្សនិយម​ស្ថិត​ជា​បក្សប្រឆាំង​នៅ​ក្នុង​សភា។ ក្នុង​ឆ្នាំ ២០០៥ លោកស្រី​តេរ៉េហ្សា​បាន​ចេញ​មុខ​គាំទ្រ និង​ជួយ​លោក​ដាវីដ កាមេរ៉ូន​រហូត​ទទួល​បាន​តំណែង​ជា​ប្រធាន​គណបក្ស​អភិរក្សនិយម។ នៅ​ពេល​ដែល​លោក​ដាវីដ កាមេរ៉ូន​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្រ្តី​ក្នុង​ឆ្នាំ ២០១០ ជោគវាសនា​របស់​លោកស្រី​តេរ៉េហ្សា​ក៏​បាន​វិវត្តន៍​ទៅ​មុខ​យ៉ាង​រហ័ស​ដែរ។

ដើម្បី​ជា​ការ​សងគុណ លោក​កាមេរ៉ូន​ក៏​បាន​តែងតាំង​លោកស្រី​តេរ៉េហ្សា​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​ដែល​លោកស្រី​បាន​កាន់​តំណែង​មួយ​នេះ​រហូត​ដល់​ការ​ជាប់​ឆ្នោត​អាណត្តិថ្មី​របស់​លោក​កាមេរ៉ូន​ក្នុង​ឆ្នាំ ២០១៥។ ក្នុង​រយៈពេល​កាន់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ចំនួន ៦ឆ្នាំ លោកស្រី​តេរ៉េហ្សា​បាន​ប្រកាន់​យក​នយោបាយ​តឹងរឹង​ចំពោះ​ក្រុម​ជនពាល និង​ក្រុម​ជនអន្តោប្រវេសន៍​ខុស​ច្បាប់។ ថ្មីៗ​កន្លង​ទៅ​នេះ ពោល​ក្នុង​ពេល​ដែល​អឺរ៉ុប​ជួប​វិបត្តិ​ជនអន្តោប្រវេសន៍ លោកស្រី​តេរ៉េហ្សា​ចេញ​មុខ​ប្រឆាំង​នឹង​អឺរ៉ុប​ដែល​កំណត់​ឲ្យ​សមាជិក​ខ្លួន​ទទួល​យក​កូដតា​ជនភៀសខ្លួន។ ក្នុង​នាម​ជា​រដ្ឋមន្រ្តី​មហាផ្ទៃ លោកស្រី​តេរ៉េហ្សា​បាន​បង្កើត​ច្បាប់​ស្តីពី​សន្តិសុខ និង​ប្រឆាំង​ភេរវនិយម។

តែ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ខ្លាំង​នោះ គឺ​ការ​ផ្លាស់ប្តូរ​ជំហរ​របស់​លោកស្រី​ពី​ការ​គាំទ្រ Brexit ឲ្យ​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ទៅ​ជា​ជំហរ​គាំទ្រ​ឲ្យ​អង់គ្លេស​បន្ត​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​ដូច​លោក​កាមេរ៉ូន​ទៅ​វិញ។ តែ​ទន្ទឹម​គ្នា​នេះ លោកស្រី​តេរ៉េហ្សា​ក៏​បាន​ព្យាយាម​ស្ថិត​ឆ្ងាយ​ពី​សង្រ្គាម​បាក់កា​ជុំវិញ Brexit នេះ។ បន្តិច​ម្តងៗ និង​ដោយ​ឃើញ​ប្រជារាស្រ្ត​អង់គ្លេស​ជ្រើសរើស​ផ្លូវចេញ​ជាជាង​ផ្លូវ​បន្ត​រស់នៅ លោកស្រី​តេរ៉េហ្សា​បាន​ដើរ​នយោបាយ​សម្របសម្រួល​ដោយ​ផ្តើម​បំភ្លេច​ជំហរ​ដើម​របស់​លោកស្រី​ដែល​ចង់​ឲ្យ​អង់គ្លេស​បន្ត​រួមរស់​ជា​មួយ​អឺរ៉ុប។

អ្វីៗ​កាន់​តែ​ច្បាស់​តាម​រយៈ​ការ​ប្រកាស​របស់​លោកស្រី​តេរ៉េហ្សា​ជា​សាធារណៈ​ថា គ្មាន​ផ្លូវ​ដែល​អង់គ្លេស​វិលចូល​អឺរ៉ុប​វិញ​ទេ ហើយ​ថា​មុន​នឹង​ចេញ​ជា​ស្ថាពរ​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​នោះ លោកស្រី​នឹង​ព្យាយាម​ចរចា​ដើម្បី​ទទួល​បាន​កិច្ចព្រមពៀង​ល្អៗ​ពី​អឺរ៉ុប និង​ប្តេជ្ញា​កសាង​ប្រទេស​អង់គ្លេស​ឆ្ពោះ​ទៅ​កាន់​អនាគត​ដ៏​រុងរឿង។ Good Bye លោក​ដាវីដ កាមេរ៉ូន Welcome លោកស្រី​តេរ៉េហ្សា ម៉េ​សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី នេះ​ជា​សារ​ចេញ​មក​ពី​បបូរ​មាត់​ប្រជារាស្រ្ត​អង់គ្លេស​គ្រប់​រូប​នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​នៅ​ថ្ងៃ​ពុធ ទី១៣ កក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ