វិបត្តិស៊ីរី ៖ ជំនួបប្រជុំនៅស្វីសគ្មានលទ្ធផល អាមេរិកបន្តពិភាក្សាជាមួយអឺរ៉ុបនៅអង់គ្លេស
មិនខុសពីការរំពឹងទុក ជំនួបចរចានៅប្រទេសស្វីស ស្តីពីវិបត្តិស៊ីរី រវាងសហរដ្ឋអាមេរិក រុស្ស៊ី និង បណ្តាប្រទេសសំខាន់ៗក្នុងតំបន់ បានបិទបញ្ចប់នៅយប់ថ្ងៃសៅរ៍ម្សិលមិញ ដោយគ្មានអ្វីជឿនលឿនគួរឱ្យកត់សម្គាល់ទេ។ តែកិច្ចខិតខំប្រឹងប្រែងការទូតនៅតែបន្ត ដោយនៅថ្ងៃអាទិត្យនេះរដ្ឋមន្ត្រីការបរទេសអាមេរិក ត្រូវជួបពិភាក្សាជាមួយដៃគូអឺរ៉ុបនៅទីក្រុងឡុងដ៍។ ឯនៅក្នុងទឹកដីស៊ីរីវិញ សង្គ្រាមនៅតែបន្តដោយគ្មានធូរស្បើយសោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៣
ក្រុមប្រទេសអ្នកគាំទ្ររបបក្រុងដាម៉ាស និងពាក់កណ្តាលទៀត គាំទ្រពួកឧទ្ទាមស៊ីរី បានបំបែកជួរចេញពីតុប្រជុំ រយៈពេលជាង៤ម៉ោង នៅប្រទេសស្វីសល្ងាចម្សិល ដោយបានត្រឹមព្រមព្រៀងគ្នា “បន្តរក្សាចំណងទាក់ទងគ្នា”។ នេះបើតាមប្រសាសន៍របស់ប្រមុខការទូតរុស្ស៊ី។ ចំណែកឯប្រមុខការទូតអាមេរិក បានគូសបញ្ជាក់ថា មានការផ្តោះប្តូរគំនិតថ្មីៗ មានភាពតានតឹងខ្លះ តែម្នាក់ៗនិយាយដោយត្រង់ៗដោយគ្មានការគុំគួនឡើយ។ តែប្រទេសផ្សេងទៀត ដូចជាតួកគី ការតា អារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជាអ៊ីរ៉ាក់ អេហ្ស៊ីប អ៊ីរ៉ង់ មិនបានធ្វើសេចក្តីថ្លែងការណ៍អ្វីទាំងអស់។
តាមការពិតគ្មាននរណារង់ចាំលទ្ធផលប្រសូតចេញពីជំនួបនៅប្រទេសស្វីសនេះទេ ព្រោះ បរិបទបច្ចុប្បន្ននេះមានលក្ខណៈតានតឹងបំផុត រវាងរុស្ស៊ីនិងបស្ចឹមលោក ៖ រុស្ស៊ីជាប់ចោទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ ម៉ូស្គូនិងវ៉ាស៊ីនតោនដែលធ្លាប់ចាប់ដៃគ្នាស្វែងរកបទឈប់បាញ់ បានពីរបីថ្ងៃ ខ្លះបានពីរបីអាទិត្យ ក៏លែងស្តីរកគ្នាតាំងពីពីរបីសប្តាហ៍មកហើយ ដោយហេតុតែរុស្ស៊ីនិងរដ្ឋាភិបាលស៊ីរី បើកប្រតិបត្តិការសម្រុកក្រសោបយកក្រុងអាឡិប មិនខ្វល់ពីការបាត់បង់ជីវិតជនស៊ីវិល។
ដូច្នេះការអាចផ្សារភ្ជាប់ទំនាក់ទំនង តាមផ្លូវចរចាវិញ ចាត់ទុកថាមានលក្ខណៈស្ថាបនាខ្លាំងហើយ។ បើតាមលោកចន ឃែរី ប្រមុខការទូតអាមេរិក គំនិតថ្មីៗដែលលោកសុំមិនបង្ហើបបង្ហាញនៅពេលនេះ ជាពន្លឺនៃក្តីសង្ឃឹមជាថ្មី អាចចូលរួមចំណែកដោះស្រាយបញ្ហាមួយចំនួនទាក់ទងនឹងបទឈប់បាញ់ពីមុនៗ។
លោកប្រមុខការទូតអាមេរិក បានបន្តកិច្ចខំប្រឹងប្រែងនយោបាយនេះទៀត នៅប្រទេសអង់គ្លេស ដោយត្រូវជួបជជែកជាមួយដៃគូអឺរ៉ុប មានជាអាទិ៍សមភាគីអង់គ្លេស និងសមភាគីនៃបណ្តាប្រទេសជាសមាជិកសហភាពជាច្រើននាក់ផ្សេងទៀត។ អឺរ៉ុបដែលគ្មានវត្តមាននៅក្នុងជំនួបប្រជុំនៅប្រទេសស្វីសម្សិលមិញទេ ព្រោះអាមេរិកយល់ថា សម្ព័ន្ធអន្តរជាតិដើម្បីស៊ីរី ដែលបារាំង អង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី ជាក្រុមធំ មានអំណាចខ្លាំង មិនអាចសម្រេចចិត្តអ្វីៗលឿនបានទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ